www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 10, 2012

កម្ពុជា​ ​ជូនដំណឹង​ទៅ​តុលាការ​ឡាអេ​ អំពី​សកម្មភាព​​យោធា​ថៃ​នៅ​ភ្នំ​ទ្រព្យ

កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ផ្ញើទៅ​ រដ្ឋាភិបាល​ថៃ​ហើយ​ នៅ​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​នេះ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​យោធា​ថៃ ​ដែល​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ ដើម្បី​សាងសង់​ព្រះវិហារ​ នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ។ កំណត់​ទូត​តវ៉ា​នេះ​ ក៏​ត្រូវ​បាន​ចម្លង​ជូន​ទៅ​ តុលាកា​ឡាអេ​ផងដែរ​ ដើម្បី​បង្ហាញ​ថា យោធា​ថៃ​កំពុង​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា និង​រំលោភ​ដីកា​បញ្ជា ​របស់​តុលាការ​ក្រុង​ឡាអេ​ ថ្ងៃ​ទី​១៨​កក្កដា ​ឆ្នាំ​២០១១។

 រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ បាន​ផ្ញើ​កំណត់ទូត​តវ៉ា​ ប្រឆាំង​សកម្មភាព​យោធា​ថៃ ​នៅ​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​នេះ ទៅ​រដ្ឋាភិបាល​ក្រុង​បាងកក​ហើយ។ ​កំណត់ទូត​ស្តី​បន្ទោស​យោធា​ថៃ​នេះ​ ក៏​ត្រូវ​បាន​ថតចម្លង និង​ផ្ញើ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ដូច​គ្នា​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា ​លោក កុយ គួង បាន​អះអាង​ប្រាប់ ​វិទ្យុបារាំង​អន្តរជាតិ​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ អំពី​ខ្លឹមសារ​នៃ​កំណត់​ទូត ​ដែល​ពិពណ៌នា​អំពី​ ការ​រំលោភ​បំពាន​របស់​យោធា​ថៃ ​ដែល​កាល​ពី​ថ្ងៃ​អង្គារ បាន​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ ឡើង​លើ​ភ្នំ​ទ្រព្យ​ដែល​កម្ពុជា​ អះអាង​ថា​ស្ថិត ​នៅក្នុង​បូរណភាព​ទឹកដី​ខ្លួន។

យោង​តាម​ការ​បញ្ជាក់ ​របស់​មន្ត្រី​ជាន់​ខ្ពស់​ នៃ​ក្រសួង​ការបទេស​រូប​នេះ នៅក្នុង​កំណត់ទូត​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ថា សកម្មភាព​របស់​យោធា​ថៃ​បាន​រំលោភ​ទៅលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​​​ក៏​កំពុង​រំលោភ​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​ ដែល​ចែង​អំពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ​ដែរ។

បើយោងតាម​ការ​បញ្ជាក់​របស់​មេបញ្ជា​កងពល​ធំ​អន្តរាគម​ន៍លេខ​៣ លោក​ឧត្តមសេនីយ​ឯក​ ស្រី ឌឹក ស្ថានភាព​នៅ​តំបន់​ភ្នំទ្រព្យ​នៅ​ថ្ងៃ​នេះ ស្ងប់ស្ងាត់​ធម្មតា​ទេ បន្ទាប់​ពី​កម្ពុជា​បាន​ហាម​ប្រាម​មិន​អោយ​កងទ័ព​ថៃ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ ​ទ្រព្យ។

កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​វិលត្រឡប់​ពី​​ប្រទេស​ចិន​មកដល់​កម្ពុជា​​វិញ លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដែល​សួរ​លោក​អំពី​សកម្មភាព​របស់​យោធា​ថៃ​ នេះ​ថា ភ្នំទ្រព្យ​គឺ​ស្ថិត​នៅក្នុង​បូរណភាព​ទឹកដី​កម្ពុជា ដែល​កម្ពុជា​ត្រូវ​ការពារ៕



ប្រភព៖​  ​វិទ្យុបារាំង​អន្តរជាតិ

0 មតិ:

Post a Comment