www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 16, 2012

កម្ពុជា-​វៀតណាម​ចុះ​ហត្ថលេខា​រួមគ្នា



មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​​យោគយល់ ​ស្តី​ពី​ការ​ដោះដូរ​ចំណែក​ដី​មួយ​ចំនួន​នៅ​តាម​បណ្តោយ​ព្រំដែន។ ការ​ចុះ​ហត្ថលេខា​នេះ​ធ្វើ​ឡើង​រវាង​លោក​ទេសរដ្ឋមន្ត្រី​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង និង​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម​លោក​ Ho Xuan Son កាល​ពី​ថ្ងៃ​ទី​១៤​មីនា​ ក្នុង​រាជធានី​ភ្នំពេញ។

ការ​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់ ​ស្តី​ពី​ការ​ដោះដូរ​ចំណែក​ដី​នៅ​កន្លែង​ខ្លះ​តាម​បណ្តោយ​ព្រំដែន​នេះ គឺ​ជា​នីតិវិធី​មួយ​នៃ​ការ​ពន្លឿន​កិច្ចការ​ព្រំដែន​ផងដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ វ៉ា គឹមហុង​ ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ លោក​ទេសរដ្ឋមន្ត្រី​ពន្យល់​ថា ក្រោយ​ពី​បាន​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​ហើយ ទើប​គេ​ឃើញ​ថា មាន​ភូមិ​របស់​កម្ពុជា​ខ្លះ​បាន​ស្ថិត​នៅ​ខាង​ដី​នៃ​ប្រទេស​វៀតណាម ហើយ​ក៏​មាន​ភូមិ​របស់​វៀតណាម​ខ្លះ​បាន​ស្ថិត​នៅ​លើ​ទឹកដី​កម្ពុជា​វិញ​ដែរ។ ដូច្នេះ​អនុស្សារណៈ​យោគយល់​គ្នា​នេះ​បាន​ចែង​អំពី​ការ​កាត់​កង​ទំហំ​ដី​ស្មើ​គ្នា​ដើម្បី​សង​គ្នា​ទៅវិញ​ទៅ​មក។ បើ​តាម​ការ​បញ្ជាក់​របស់​លោក ​វ៉ា គឹមហុង ការ​ដោះដូរ​ចំណែក​ដី​នេះ មាន​ច្រើន​ករណី​នៅ​ក្នុង​ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង និង​ខេត្ត​តាកែវ។

កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​រួម​ប្រវែង​១២៧០​គីឡូម៉ែត្រ ដែល​ត្រូវ​ការ​បោះបង្គោល​ព្រំដែន​ចំនួន​៣១៤​បង្គោល។ បង្គោល​ទី​មួយ​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ​ដោយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០០៦។ រហូតដល់​ពេល​នេះ ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ប្រមាណ​២៣០​បង្គោល​ហើយ។ រដ្ឋាភិបាល​ហាណូយ​និង​ភ្នំពេញ​បាន​សន្យា​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​អោយ​ចប់​នៅ​ចុង​ឆ្នាំ​២០១២​នេះ។ ប៉ុន្តែ​លោក​ទេសរដ្ឋមន្ត្រី​ វ៉ា គីមហុង​ បាន​អះអាង​ថា នៅ​មាន​តំបន់​ខ្លះ​ដែល​ជួប​បញ្ហា​ស្មុគស្មាញ​ទាំង​ផ្នែក​ច្បាប់ និង​បច្ចេកទេស។ កន្លងមក​យ៉ាង​ហោច​ណាស់​មាន​តំបន់​ដែល​ត្រូវ​បោះបង្គោល​ចំនួន​១៥​កន្លែង​ដែរ ​ដែល​បាន​រាំង​ស្ទះ ដោយសារ​តែ​ភាព​ស្មុគស្មាញ​ទាំងនេះ៕​

0 មតិ:

Post a Comment