www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 20, 2012

អាស៊ី​នាំចូល​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​បំផុត​នៅ​ឆ្នាំ២០០៧-២០១១

ទីផ្សារ​សព្វាវុធ​​ពិភពលោក​មាន​ការ​កើនឡើង ២៤% ហើយ​អាស៊ី​​ គឺ​ជា​អ្នក​នាំចូល​​អាវុធ​ច្រើន​ជាងគេ​បង្អស់​​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន SIPRI (Stockholm International Peace Research Institute) ចេញផ្សាយ កាលពីថ្ងៃ​ចន្ទ​នេះ។ កាល​ពី​ដើមខែ​មីនា​កន្លងទៅនេះ វិទ្យាស្ថាន​​មួយទៀត ឈ្មោះ IISS ក៏​បាន​ចេញផ្សាយ​របាយការណ៍​មួយដែរ​បង្ហាញថា អាស៊ីចាយលុយ​ច្រើន​ជាងគេ​ខាង​វិស័យ​យោធា។
របាយការណ៍​របស់​វិទ្យាស្ថាន SIPRI គ្របដណ្តប់​លើ​ចន្លោះ​ពេល ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១។ ក្នុងរយៈពេល​ ៥ឆ្នាំ​នេះ ទីផ្សារ​សព្វាវុធ​ពិភពលោក​ កើនឡើង ២៤% ធៀប​នឹង​ ៥ឆ្នាំមុន គឺ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៦។
ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី និង​អូសេអានី គឺ​ជា​អ្នក​​នាំ​អាវុធ​ច្រើន​ជាងគេ​បំផុត ពោល​គឺ ៤៤% នៃ​ទីផ្សារ​ពិភពលោក ធៀប​នឹង​អឺរ៉ុប (១៩%) មជ្ឈិមបូព៌ា (១៧%) អាមេរិក​ខាងជើង និង​ខាងត្បូង (១១%) និង​អាហ្វ្រិក (៩%)។
ប្រទេស​​​នាំ​ចូល​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​បំផុត​ទាំង ៥ គឺ​សុទ្ធតែ​មក​ពី​អាស៊ី។ ក្នុងនោះ ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​លេខ១ (១០% នៃ​ទីផ្សារ​ពិភពលោក) បន្ទាប់​មក​មាន​កូរ៉េ​ខាង​ត្បូង (៦%) ប៉ាគីស្ថាន (៥%) ចិន (៥%) និង​សិង្ហបុរី (៤%)។ ចិន ដែល​កន្លងមក​ធ្លាប់​តែ​ជាប់លេខ​​​ ១ បាន​បង្កើន​សមត្ថភាព​ផលិត​អាវុធ​ដោយ​ខ្លួនឯង ហើយ​​កាត់បន្ថយ​​ការនាំចូល​គ្រឿង​សព្វាវុធ​ពី​បរទេស។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលនេះ ចិន​បាន​​ក្លាយ​ជា​ប្រទេស​នាំចេញ​អាវុធ លំដាប់​លេខ ៦ នៅលើ​ពិភពលោក បន្ទាប់​ពី​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស។
នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ការ​នាំចូល​គ្រឿង​សព្វាវុធ បាន​កើនឡើង​រហូតដល់ ១៨៥% គឺ​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ចាប់តាំង​ពី​ក្រោយ​​ការ​បញ្ចប់​សង្រ្គាម​វៀតណាម ឆ្នាំ​១៩៧៥។ គេ​សង្កេតឃើញ​ថា ​គ្រឿង​សព្វាវុធ​ដែល​នាំចូល​​ទៅ​អាស៊ីអាគ្នេយ៍​ ភាគច្រើន​ជា​​នាវា​ចម្បាំង យន្តហោះ​ចម្បាំង និង​គ្រឿង​សព្វាវុធ​ផ្សេងទៀត ដែល​អាច​ប្រើ​សម្រាប់​ទ័ព​ជើងទឹក។ នេះ​ទំនង​ជា​ដោយសារ​តែ​​បញ្ហា​តានតឹង​ជុំវិញ​ជម្លោះ​ព្រំដែន​សមុទ្រ នៅ​ក្នុង​តំបន់ ជាពិសេស នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សុទ្ធតែ​បាន​នាំគ្នា​បង្កើន​ការ​ទិញ​គ្រឿង​សព្វាវុធ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១​នេះ។ ការ​នាំចូល​គ្រឿង​សព្វាវុធ​ទៅ​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​កើនឡើង ៣០០% ឥណ្ឌូណេស៊ី​កើន ១៤៤% និង​វៀតណាម​កើន ៨០%៕ ​​ RFI

0 មតិ:

Post a Comment