www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 17, 2012

​កង​រាជ​អាវុធហត្ថ​កំពតទទួល​បទ​ពិសោធន៍​សង្គ្រោះ​​បឋម​​ពីកងទ័ព​អាមេរិក​

កំពតៈកងទ័ព​ជំនាញ​សហរដ្ឋ​អាមេរិក​មក​ពី​តំបន់​ប៉ាស៊ីហ្វិក ចុះ​ផ្ដល់​ជំនាញ​សង្គ្រោះ​បឋម ដល់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពត ដើម្បី​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​ជន​រងគ្រោះ មុន​ទៅ​ដល់​មន្ទីរពេទ្យ។
វគ្គ​ហ្វឹកហ្វឺន​នេះ ទទួល​បាន​ការ​ពេញចិត្ត​ពី​សិក្ខាកាម ដែល​បាន​ចូលរួម។

លោក​វរសេនីយ៍ឯក ចន្ទ ចាន់ធឿន ជា​មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពត។ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​សុក្រ ទី ១៦ ខែ​មីនា​ថា ការ​ផ្ដល់​ជំនាញ​សង្គ្រោះ​បឋម​មក​ដល់​មន្ត្រី​លោក ពី​សំណាក់​កងទ័ព​អាមេរិក ក្នុង​យុទ្ធនាការ​ធ្វើ​លំហាត់​សម​យុទ្ធ មាន​ឈ្មោះ​ថា «ឆ្មាំ​អង្គ» ឆ្នាំ ២០១២ នេះ បាន​ផ្ដល់​នូវ​ចំណេះ​ដឹង​ជាក់លាក់​មួយ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ពេល​ជួប​គ្រោះថ្នាក់​អ្វី​មួយ មុន​ជន​រងគ្រោះ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

លោក​បន្ត​ថា ជំនាញ​សង្គ្រោះ​បឋម ដែល​កងទ័ព​អាមេរិក​ផ្ដល់​ជូន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពត​ពេល​នេះ គឺ​មាន​ដូចជា វិធីសាស្ត្រ​សង្គ្រោះ​ជន​រង​គ្រោះ​ពេល​បាក់​ដៃ ឬ​បាក់​ជើង​ជាដើម។ វគ្គ​បណ្ដុះបណ្ដាល​សង្គ្រោះ​បឋម មាន​រយៈ​ពេល ៤ ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៧ ខែ​មីនា ឆ្នាំ ២០១២ ហើយ​ថា វគ្គ​ហ្វឹកហ្វឺន​នេះ មាន​សិក្ខាកាម​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពត ចូលរួម​ហ្វឹកហាត់​ជាង ៤០ នាក់។

កញ្ញា អេង ខន្តី ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​នៃ​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​ខេត្ត​កំពត។ កញ្ញា​បាន​ឲ្យ​ដឹង​ថា វិធីសាស្ត្រ​សង្គ្រោះ​បន្ទាន់ ពិត​ជា​មាន​សារៈសំខាន់ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ មុន​នឹង​ជន​រង​គ្រោះ​បាន​ទទួល​ការ​ព្យាបាល​ពី​គ្រូពេទ្យ។

ចំណែក​លោក ឡុង វណ្ណៈ ដែល​ជា​សិក្ខាកាម​ម្នាក់​ដែរ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល លោក​បាន​យល់​ដឹង​ច្រើន​ពី​វិធីសាស្ត្រ ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ពេល​ជួប​ឧបទ្ទវហេតុ​អ្វី​មួយ មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ឲ្យ​ជួយ​សង្គ្រោះ។

លោក​វរសេនីយ៍ឯក ដន ប្លាំង (Don Blunck) ជា​មេ​បញ្ជាការ​ទទួល​បន្ទុក​វគ្គ​បណ្ដុះបណ្ដាល​សង្គ្រោះ​បឋម នៃ​កងទ័ព​សហរដ្ឋ​អាមេរិក។ លោក​បាន​ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា សិក្ខាកាម​ទាំង​អស់ បន្ទាប់​ពី​បាន​ឆ្លង​កាត់​វគ្គ​សង្គ្រោះ​បឋម ពួក​គេ​ពិត​ជា​មាន​វិធីសាស្ត្រ​ច្បាស់លាស់ ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ មិន​ថា​ជន​រង​គ្រោះ​ជួប​គ្រោះថ្នាក់ នៅ​លើ​ទី​លាន​ប្រយុទ្ធ ឬ​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវ​នោះ​ទេ។

លោក​បាន​ឲ្យ​ដឹង​ថា កងទ័ព​អាមេរិក ក្រៅ​ពី​បាន​ផ្ដល់​ជំនាញ​វិធីសាស្ត្រ​សង្គ្រោះ​បឋម ដល់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កំពត កងទ័ព​សហរដ្ឋ​អាមេរិក ក៏​បាន​ផ្ដល់​ជា​សម្ភារៈ​បរិក្ខារ​ពេទ្យ​មួយ​ចំនួន ដល់​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពត​ថែម​ទៀត​ផង៕

កំណត់​ចំណាំ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 មតិ:

Post a Comment