www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, January 21, 2012

ពិធីសំណេះសំណាល រវាងលោក លឹម គានហោ ជាមួយកងកម្លាំងដែលចុះប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ


នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញាធរទន្លេសាប បានជួបសំណេះសំណាល ជាមួយកងកម្លាំង មកពីអង្គភាពង៧០ និងកងកម្លាំងអន្តរាគមន៍ របស់អគ្គស្នងការនគរបាលជាតិ ប្រមាណ១០០នាក់ នៅសាលប្រជុំក្រសួងធនធានទឹក។

ការជួបសំណេះសំណាលនេះ បានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការ បង្រ្កាបបទល្មើសនេសាទ ក្នុងជំហានទី២ របស់រាជរដ្ឋាភិបាល បានសម្រេចដោយជោគជ័យយ៉ាងខ្លាំង ក្នុងការលុបបំបាត់ឧបករណ៍នេសាទខុសច្បាប់ នៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ហើយប្រតិបត្តិការដ៏ជោគជ័យនេះ ក៏មានការចូលរួមចំណែកពីកងកម្លាំងប្រដាប់អាវុធ មកពីអង្គភាពង៧០ និងអគ្គស្នងការនគរបាលជាតិ។
លោក លឹម គានហោ បានមានប្រសាសន៍ថា បើទោះបីការបង្រ្កាបបទល្មើស នេសាទមិនបាន១០០ភាគរយ ប៉ុន្តែវាបានសម្រេចស្ទើរតែទាំងស្រុង ដោយមានការចូលរួមពីកម្លាំងទាំងអស់ គឺមានកម្លាំងក្រសួងធនធានទឹក កម្លាំងអាជ្ញាធរទន្លេសាប កម្លាំងនគរបាល កម្លាំងយោធា កម្លាំងនិស្សិត និងប្រជាពលរដ្ឋជាច្រើន។
លោក លឹម គានហោ បន្តថា កត្តាជោគជ័យទាំងនេះ ដោយសារតែមានបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងការប្តេជ្ញាចិត្ត កម្លាំងសរុបទាំងអស់ ហើយទង្វើរបស់យើង សកម្មភាពរបស់យើង បានទទួលការអបអរសាទរពីប្រជាពលរដ្ឋ សឹងទូទាំងប្រទេសប្រមាណ៩៩ភាគរយ។ ត្រង់ចំណុចនេះ លោក លឹម គានហោ បានលើកឡើងពីប្រសាសន៍របស់សម្តេចតេជោថា សម្តេចសុខចិត្តឲ្យមនុស្ស១ភាគរយ មិនបោះឆ្នោតឲ្យសម្តេច ប៉ុន្តែ៩៩ភាគរយ អបអរសាទរ និងគាំទ្របទបញ្ជារបស់សម្តេច។
លោក លឹម គានហោ បានបញ្ជាក់ថា អាជ្ញាធរទន្លេសាប បានដកខ្លួនថយជាបណ្តោះអាសន្នសិន ហើយអាចអនុវត្តន៍ជំហានទី៣ នៅពេលខាងមុខ ហើយពេលនោះប្រសិនបើរកឃើញនៅតែមានបទល្មើស នោះអាជ្ញាធរនឹងធ្វើរបាយការណ៍ ហើយដាក់ពាក្យបណ្តឹងទៅតុលាការតែម្តង។ បើយោងតាមលោក លឹម គានហោ អាជ្ញាធរទន្លេសាប នឹងធ្វើការត្រួតពិនិត្យឲ្យបានតឹងរឹង ចំពោះសកម្មភាពនាំត្រីចេញទៅកាន់បរទេស តាមច្រកចេញចូលនានា។
ជាចុងបញ្ចប់លោក លឹម គានហោ បានផ្តល់ថវិកាផ្ទាល់របស់លោក ជាការលើក ទឹកចិត្តដល់កម្លាំងទាំងអស់ ដែលបានចូលរួមប្រតិបត្តិការបង្រ្កាប បទល្មើសនេសាទនាពេលកន្លងមក៕​21.Jan.2012/09:30AM

0 មតិ:

Post a Comment