www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 19, 2012

ស្វែងយល់​ពី​ប្រពៃណី​ចិន



ភ្នំពេញ: ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយនៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និងប្រជាជន​វៀត​ណាម​។ ពិធី​សែន​ដក​ជើងធូប​នេះ ត្រូវបាន​ធ្វើឡើង​ចន្លោះ​ពី​ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំ​ពីរ​​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិននិង​វៀតណាម​។ នេះ​បើ​តាម​ការលើកឡើង​របស់លោក សុខ មាន អ្នក​នៅ​ព្រះវិហារ​ចិន វង់ ផេង ស្ថិតនៅ​ខាងលិចសាលា​វិទ្យាល័យ ព្រះយុគន្ធរ ក្នុងរាជធានី​ភ្នំពេញ​។​

​មុន​ពេល​ដក​ជើងធូប ឬ​រុះរើ​បោសសម្អាត និង​រៀបចំ​សាជាថ្មី​ឡើងវិញ ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ប្រកាន់​នូវ​ប្រពៃណី​ដ៏​ខ្ជាប់ខ្ជួន​មួយ គឺ​ត្រូវតែ​មាន​រៀបចំ​ពិធី​សែន​ព្រេន​។ ពិធីសែនព្រេន​នេះហើយ ដែល​គេ​ហៅថា “​សែន​ដក​ជើងធូប​” ពោល​គឺ​ជា​​ពិធី​សែនដើម្បី​សុំ​ដក​ជើងធូប និង​រៀបចំ​កំប៉ុង ជើង​ពាន ឬ​ផើង សម្រាប់​ដោត​ធូប​សាជាថ្មី​ឡើងវិញ ដែល​នឹង​ទុក​សម្រាប់​ប្រើប្រាស់​រយៈពេល​ពេញ​មួ​យឆ្នាំ​ត​ទៅ​មុខ​។

​លោក សុខ មាន បាន​លើកឡើង​ថា ពិធី​សែន​ដក​ជើងធូប ជា​ពិធី​សែន​មួយក្នុង​ចំណោម​​ពិធីសែនព្រេន​នានា នៅក្នុង​ប្រពៃណី​ប្រជាជន​ចិន និង​ប្រជាជន​វៀតណាម ដែល​គេ​ធ្វើ​នៅ​រយៈពេល ប្រាំ​ថ្ងៃ ប្រាំ​មួយថ្ងៃ និង​ប្រាំពីរ​ថ្ងៃ មុន​ថ្ងៃ​ចូលឆ្នាំថ្មី រៀងរាល់​ឆ្នាំ​។ ពោល​គឺ​ថ្ងៃ​ទី​២៣ ( ប្រតិទិន​ចិន​-​វៀតណាម ) សម្រាប់​ប្រជាជន​វៀតណាម នៅ​ថ្ងៃ​ទី​២៤ សម្រាប់​ចិន​កន្តាំង សម្រាប់​ចិន​ទា​ជីវ គេ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥ នៃ​ប្រតិទិន​ចិន​-​វៀត​ណាម ដែល​ឆ្នាំ​នេះត្រូវ​នឹង​ថ្ងៃទី​១៦ ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១២ នៃ​ប្រតិ​ទិន​​ឆ្នាំ​សកល​។

​លោក សុខ មាន ជា​អ្នក​ស្នង​រូប​នៅ​ព្រះវិហារ វង់ ផេង ខាងលិច​សាលា​ព្រះ​យុគន្ធរ ដែល​មាន​ក្បូរ​ក្បាច់រចនា​តាម​បែប​ចិន​-​វៀតណាម បាន​លើកឡើង​ថា “​ការ​ដែល​យើង​ទៅ​ប៉ះពាល់ រើ​រុះ លើក ដាក់ ពា​ន ឬ​ផើង​ជើង​ធូប​នោះ ម្ចាស់​ជើងធូប ( ទេវតា និង កុង ម៉ា … ) មិន​សប្បាយ​ចិត្ត​ទេ​!”​។​

​លោក សុខ មាន បាន​លើកឡើង​ថា “​ការ​ដែល​គេ​មិន​ហ៊ាន​ដក​ជើងធូបនៅ​ថ្ងៃ​ណា​មួយ មុន​ពេល​បាន​ធ្វើ​ពិធី​សែន​ដក​ជើង​ធូប​នោះ មក​ពី​គេ​មិន​ហ៊ានប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប​។ មិន​ហ៊ាន​ប៉ះពាល់​ពាន ឬ​ផើង​ជើង​ធូប ព្រោះតែ​គេ​ខ្លាច​ទេវតា ឬ កុង ម៉ា មិន​សប្បាយចិត្ត​។ ប្រជាជន​ចិន ក៏ដូចជា​ប្រជាជន​វៀតណាម និង​ពលរដ្ឋ​ខ្មែរ ដែល​កាត់​សែ​ស្រឡាយ​ចិន​-​វៀតណាម មិន​ហ៊ាន​បំពាន​ប្រពៃណី ឬ​ធ្វើឱ្យ​ទេវតា កុង ម៉ា អាក់​អន់ ឬ​ឃ្នើសចិត្ត​ឡើយ ត្បិត​គេ​ខ្លាច​អ្នក​ទាំងនោះ ( ទេវតា កុង ម៉ា​… ) មិន​ជួយ​ថែរក្សា ចម្រុងចម្រើន​ដល់​ពួកគេ​”​។​

​អ្នក​នៅ​វិហារ​ចិន លោក សុខ មាន បាន​រៀបរាប់​ដោយ​សំដី​ប៉ៃ​ឡាំ ជា​ភាសា​ខ្មែរ​ថា “​ពិធី​សែន​ដក​ជើងធូប ដើម្បី​ដក​ជើងធូប និង​រៀបចំ​ពាន ឬ​ផើង​ជើងធូប​ឡើងវិញ ដើម្បី​ដឹង​គុណ​ដល់​ទេវតា កុង ម៉ា ដែល​បាន​ថែរក្សា និង​ឲ្យ​យើង​ចម្រុងចម្រើន​អស់​ពេញ​មួយ​ឆ្នាំ​កន្លងមក​។ ពិធី​នេះក៏​ដើម្បី​ជូន​ដំណើរ​ទេវតា កុង​ម៉ា ត្រឡប់​ទៅ​ឋាន​ទេវលោក ឬ​ឋាន​លើ​”​។

​នៅពាន កំប៉ុង ឬ​ផើង​ជើងធូប​ទាំងនោះ គេ​រក្សាទុក​ជើងធូប​ប្រាំ​សរសៃនៅ​កន្លែង​ទេវតា​។ ចំណែក​នៅ​កុងម៉ា គេ​រក្សាទុក​ជើងធូប​បី​សរសៃ​។ អ្នក​កាត់​ចិន​-​វៀតណាម​ខ្លះ ក្រោយ​ពី​ដក​ជើងធូប​ហើយ ត្រូវ​អុចធូប​សាជាថ្មី​នោះ ដោយ​នៅ​កន្លែង​ទេវតា អុច ៥ សរសៃ និង​នៅ​កន្លែង​កុងម៉ា ៣ សរសៃ ដែល​ជា​ការទទួល​ស្វា​គន៍​ទេវតា និង​កុង ម៉ា ដែល​នឹង​ចុះ​មក​បីបាច់​ថែរក្សា​ចម្រុងចម្រើន​ដល់​ប្រជាជន​ចិន​-​វៀតណាម នៅ​ថ្ងៃ​សែនសម្រាប់​ឆ្នាំ​ថ្មី​។​

​លោក សុខ មាន ក៏​បាន​បន្ថែមថា ប្រពៃណី​ដែលជា​ត្រណម​របស់​ប្រជាជន​ចិន ក៏ដូចជាប្រជាជន​វៀតណាម សម្រាប់​រយៈពេល​មួយ​ឆ្នាំ ជើង​ធូប ឬ​កន្ទុយ​ធូប ត្រូវ​គេ​ដក​តែ​ម្តង​ប៉ុណ្ណោះពី​កំប៉ុង​ផើង ឬ​ពាន​សម្រាប់​ដោត​ធូប​។ ពោល​គឺ​ចាប់ពី​ដើមឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ ទើប​គេ​ហ៊ាន​រុះរើ និង​ដក​ជើងធូប និង​រៀបចំ​ឡើង​វិញ​។​

​នៅ​ប្រទេស​កម្ពុជា ជាពិសេសនៅតាម​ទីប្រជុំជន នៃ​បណ្តា​ខេត្ត​ក្រុង​នានា ក៏ដូចជា​នៅរាជធានី​ភ្នំពេញ មិន​ថា​តែ​អ្នកដែល​មាន​សាច់ឈាម​ជា​ចិន និង​វៀតណាម​សុទ្ធសាធ ឬ​អ្នក​ជាប់សែស្រឡាយ​ចិន​បន្តិចបន្តួច​ឡើយ សូម្បី​អ្នក​ខ្លះដែល​មាន​ឈាមជ័រ​ជា​ខ្មែរ សព្វថ្ងៃក៏​ធ្វើ​ពិធី​សែន​ដក​ជើងធូប និង​សែន​ពេល​ចូលឆ្នាំ​ចិន​ផង​ដែរ​។

ប៉ុន្តែ​នៅពេល​សួរថា តើ​អ្នក​បាន​ចេះ ឬ​យល់​ដឹង​អំពី​ប្រពៃណី​សែន​ដក​ជើងធូប ដែរឬទេ​?​។ ចម្លើយ​ស្ទើរតែ​មួយរយ​ភាគរយ សុទ្ធតែ​ឆ្លើយថា “​មិន​ដឹង​ដែរ​! តែ​ធ្វើ​នេះ ( សែន​ដក​ជើងធូប ) តាម​គេ តាម​ឯង ដែល​ជា​ទម្លាប់​តៗ​គ្នា​មក​”​។​

​យ៉ាងណាក៏ដោយ ប្រពៃណី​សែន​ដក​ជើងធូប ត្រូវបាន​ប្រជាជន​ចិន វៀតណាម និង​ប្រជាជន​កម្ពុជា មាន​សែស្រឡាយ​ចិន និង​ជនជាតិ​វៀតណាមនៅ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ នៅ​ប្រាំ ឬ​ប្រាំ​មួយថ្ងៃ ឬក៏ប្រាំពីរថ្ងៃមុន​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន​។ ឆ្នាំនេះ សែន​ចូល​ឆ្នាំ​ចិន​-​វៀតណាម ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០១២​។ ចំណែក​ថ្ងៃ​សែន​ដក​ជើងធូប ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១២ ហើយ​អ្នកខ្លះ​គេ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ឬក៏​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១២៕
19.Jan.2012/02:05PM

0 មតិ:

Post a Comment