www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

កម្ពុជានឹងប្រឈមកាន់តែខ្លាំង នៅពេលអាស៊ាន បង្កើតសហគមន៍រួម?

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន គ្រោងនឹងបង្កើតសហគមន៍រួម នៅក្នុងឆ្នាំ ២០១៥ ខាងមុខនេះ។ ការបង្កើតសហគមន៍រួមនេះ នឹងបើកផ្លូវអោយប្រទេស ជាសមាជិកទាំងអស់ អាច ចរាចរទំនិញដោយគ្មានពន្ធគយ ហើយប្រជាជន អាចធ្វើដំណើរពីប្រទេសមួយ ទៅប្រទេសមួយផ្សេងទៀត ដោយសេរី និង អាចធ្វើការក្នុងប្រទេសណាក៏បាន ដែរ។ ប៉ុន្តែ សំណួរដែលកំពុងចោទសួរឡើង គឺថា តើប្រទេសកម្ពុជានឹងអាចទទួល បានផលច្រើនពី សហគមន៍ រួមនេះ ឬ ផ្ទុយទៅវិញ កម្ពុជាខាតច្រើនជាង ចំណេញ?
សមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ ឬ ហៅកាត់ថា អាស៊ាន ត្រូវបានបង្កើតឡើង នៅឆ្នាំ ១៩៦៧ នៅក្នុងប្រទេស ថៃ។ សមាជិកចាស់ របស់អាស៊ានមាន 0៦ ប្រទេសក្នុងនោះមាន៖ ប្រទេសថៃ ប៊្រុយណេ ឥណ្ឌូនេស៊ី សិង្ហបុរី ម៉ាឡេស៊ី និង ហ្វីលីពីន។ រីឯសមាជិក 0៤ ថ្មីមាន ៤ប្រទេស ដូចជា ៖វៀតណាម ឡាវ ភូមា និង ប្រទេសកម្ពុជា។ កម្ពុជា គឺជាកូនពៅរបស់អាស៊ាន ដែលបានសម្រេច ចិត្តចូលជាសមាជិក ក្រោយគេនៅឆ្នាំ១៩៩៩។

រហូតមកដល់ឆ្នាំ២០១២នេះ មានរយៈពេល ១៣ ឆ្នាំហើយ ដែលប្រទេសក្រីក្រកម្ពុជា បានក្លាយជាសមាជិក ពេញសិទ្ធិរបស់សមាគម អាស៊ាន។ ក្នុងរយៈពេល ១៣ឆ្នាំនេះ ប្រទេសកម្ពុជាបានធ្វើជា ប្រធានអាស៊ានពីរដង។ លើកទីមួយនៅឆ្នាំ ២០០២ និង លោកទីពីរនៅ ឆ្នាំ២០១២នេះ។ ឆ្នាំ២០១២ គឺជាឆ្នាំដែលប្រទេសកម្ពុជា ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ម្តងទៀត នៅខែមេសាខាងមុខនេះ។ កិច្ចប្រជុំកំពូល មេដឹកនាំអាស៊ាន មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីនានារបស់អាស៊ាន បានចាប់ផ្តើមឡើងជាបន្តបន្ទាប់។

កិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាននៅឆ្នាំ ២០១២នេះ គឺជារឿងសំខាន់ មួយប៉ុន្តែអ្វីដែលសំខាន់ ជាងនេះទៅទៀតនោះ គឺសមាគមអាស៊ានទាំងមូល គ្រោងនឹងបង្កើតសហគមន៍អាស៊ានរួម នៅឆ្នាំ២០១៥ខាងមុខនេះ។ មានន័យថា ពេលនោះ ការចរាចរណ៍ទំនិញ និងមនុស្សអាចប្រព្រឹត្តឡើង ដោយគ្មានពន្ធគយ និង ដោយគ្មានទិដ្ឋាការរវាង ប្រទេសជាសមាជិក។ គំនិតបង្កើតសហគមន៍អាស៊ានរួមនេះ គឺជាគំនិតល្អប៉ុន្តែសំណួរជា ច្រើនបានលើកឡើងថា តើកម្ពុជា ដែលជាប្រទេសក្រីក្រជាងគេមួយ នៅអាស៊ានអាចទាញប្រយោជន៍ បានច្រើន ឬក៏ខាតប្រយោជន៍ច្រើន ទៅវិញពីសហគមន៍ អាស៊ានរួមនេះ?

ទាក់ទងទៅនឹងសំណួរនេះ អ្នកវិភាគសង្គមមួយចំនួនបានពន្យល់ថា ប្រទេសកម្ពុជា ប្រឈមនឹងការខាតបង់ច្រើនជាងការទាញបានផលប្រយោជន៍មក វិញ។ ខាតបង់ច្រើនពីព្រោះប្រទេសក្រីក្រកម្ពុជា មិនទាន់មានសមត្ថភាព គ្រប់គ្រាន់ក្នុងការផលិត។ ពេលនោះ ទីផ្សារកម្ពុជាអាចក្លាយ ទៅជាទីផ្សាររបស់ផលិតផល នៃប្រទេសជាសមាជិក អាស៊ាន។ រីឯផលិតផលខ្មែរ ប្រហែលជាពិបាកឈរជើង នៅលើទីផ្សាររបស់ខ្លួនថែម ទៀត។ ហើយនេះមិនទាន់ទាំងនិយាយ អំពីការនាំចេញទៅក្រៅផង។ អ្នកវិភាគនានា និយាយថា ដោយសារតម្លៃថ្លៃ និង ស្តង់ដារផ្សេងៗនៅមាន កម្រិត ផលិតផលខ្មែរ ពិតជាពិបាក នាំចេញទៅកាន់ ទីផ្សារនៃសមាជិកអាស៊ាន ដទៃទៀត។

ងាកមកនិយាយពីបញ្ហា លំហូរធនធានមនុស្សវិញ នៅឆ្នាំ២០១៥ខាងមុខនេះ ប្រជាជនក្នុងសមាគមអាស៊ាន ទាំងមូលជាគោលការណ៍ នឹងអាចធ្វើដំណើរដោយ គ្មានទិដ្ឋាការ រវាងប្រទេស និងប្រទេស។ លើសពីនេះទៅទៀត លំហូរពលកម្មពី ប្រទេសមួយទៅប្រទេសមួយ នឹងអាចធ្វើឡើងដោយសេរី។ ចំណុចនេះ គឺជាក្តីកង្វល់របស់ប្រជាជនកម្ពុជា។

អ្នកវិភាគជាច្រើនបាននិយាយថា កម្លាំងពលកម្មខ្មែរ ពិតជាមិនអាចប្រកួតប្រជែង ជាមួយកម្លាំងពលកម្មនៃ ប្រទេសថៃ ម៉ាឡេស៊ី សិង្ហបុរី ប្រទេសឥណ្ឌូនេស៊ី វៀតណាម ឬប៊្រុយណេបានទេ។ ពីព្រោះអ្នកជំនាញនៃប្រទេសទាំងនោះ មានចំណេះដឹងជំនាញ ខ្ពស់ជាងធនធានមនុស្សខ្មែរ។ អ៊ីចឹង នៅពេលអាស៊ាន មានសហគមន៍រួម ពេលនោះ អ្នកជំនាញបរទេសទាំងនោះ នឹងមានឳកាសកាន់តែច្រើន មានន័យថា ពួកគេអាចមកដណ្ដើមការងារ នៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ រីឯ អ្នកជំនាញខ្មែរប្រហែលជាពិបាក នឹងទៅដណ្តើមការងារនៅក្នុងប្រទេសគេ ណាស់។ ចំណេះដឹងជំនាញរបស់ខ្មែរ នៅមានកម្រិតជារឿងម្យ៉ាង ប៉ុន្តែរឿង ម្យ៉ាងទៀត គឺដោយសារតម្លៃសញ្ញាបត្រខ្មែរ នៅមិនទាន់ត្រូវបានគេអោយ តម្លៃនៅឡើយ។

សរុបសេចក្តីមកវិញ ក្នុងរយៈពេលខ្លី ប្រទេសកម្ពុជា ពិតជាបាត់បង់ប្រយោជន៍ខ្លះ ពីការបង្កើតសហគមន៍រួមនេះ ប៉ុន្តែអ្នកវិភាគនានា អត្ថាធិប្បាយថា ក្នុងរយៈពេលវែង ប្រទេសក្រីក្រកម្ពុជា ពិតជានឹងទទួលបានផលត្រលប់មកវិញ។ ផលត្រលប់មកវិញនោះ គឺកើតឡើងតាមរយៈ ការខិតខំប្រឹងប្រែងរបស់ ប្រទេសកម្ពុជាក្នុងបរិបទ ការប្រកួតប្រជែង ជាសកល។

ការប្រកួតប្រជែងកាត់តែខ្លាំង នឹងជំរុញអោយប្រទេសទន់ខ្សោយកម្ពុជា កាន់តែមានទឹកចិត្ត រត់តាមគេ។ ម្យ៉ាងទៀត កម្ពុជានឹងទទួលបានបទពិសោធន៍ ពីលំហូរធនធានមនុស្សពីប្រទេសដទៃ ក្នុងអាស៊ាន។ ទាំងអស់នេះ គឺជាចំណុចវិជ្ជមានរបស់កម្ពុជាក្នុងរយៈ ពេលវែង៕

ប្រភពៈ​ Radio Free Asia

0 មតិ:

Post a Comment