www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, January 17, 2012

​សម័យ​ប្រជុំ​លើកទី៧ នីតិកាល​ទី៤របស់រដ្ឋសភា​ជាតិ​ប្រកាស​បិទដោយជោគជ័យ



ភ្នំពេញ:កាល​ពី​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១២​កន្លង​ទៅថ្មីៗនេះរដ្ឋសភា​នៃ​ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហេង សំរិន បាន​ប្រកាស​បិទ​សម័យ​ប្រជុំ​លើក​ទី៧ ក្នុង​នីតិកាល​ទី៤ របស់​ខ្លួនដោយផ្លែផ្កា ។
តាម​សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា សម័យ​ប្រជុំ​លើក​ទី៧ នីតិកាល​ទី៤ ដែល​ចាប់​ផ្តើម​ពី​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០១១ ដល់​ថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០១២ របស់​ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ បាន​សម្រេច​អនុម័ត​លើ​ច្បាប់​ចំនួន​៩ ដែល​ស្នើ​ដោយ​រដ្ឋាភិបាល ក្នុង​នោះ​មាន​ ១.ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រដ្ឋាភិបាល ឲ្យ​ក្រុមហ៊ុន​ខេមបូឌា អ៊ិនធើណេស្យូណល អ៊ិនវេស្តមែន ឌីវើឡុបមែន​គ្រុប, ២.​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​អាស៊ីត​ខ្លាំង, ៣.ច្បាប់​ស្តីពី​ពន្ធនាគារ, ៤.ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១២, ៥.​ច្បាប់​ស្តីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន, ៦.​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ និង​រុក្ខជាតិ​ព្រៃវែង​កំពុង​រងគ្រោះ​ថ្នាក់, ៧.ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជីកសិកម្ម, ៨.ច្បាប់​ស្តីពី​ការ​កំណត់​ចំនួន​អសនៈ​រដ្ឋសភា​សម្រាប់​នីតិកាល​ទី៥ និង​ ៩.​ច្បាប់​ស្តីពី​លទ្ធកម្មសាធារណៈ។
ជាមួយ​គ្នា​នេះ រដ្ឋសភា​ក៏​បាន​ធ្វើ​ការ​បោះឆ្នោត​ទុក​ចិត្ត​លើ​ការ​កែ​សម្រួល​សមាភាព​រាជរដ្ឋាភិបាល​ចំនួន​១រូប គឺ​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី​ប្រចាំការ ជា​រដ្ឋមន្រ្តី​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច, បោះឆ្នោត​ទុក​ចិត្ត​លើ​ការ​តែងតាំង​លោកស្រី សោម គឹមសួគ៌ ជា​អគ្គសវនករ, លោក ឆាយ គឹម ជា​អគ្គសវនកររង, លោក សួន សុធី ជា​អគ្គសវនកររង នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ, បោះឆ្នោត​ជ្រើស​តាំង​លោក ម៉ែន កួន ជា​សមាជិក​គណៈកម្មការ​កិច្ច​ការ​បរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា និង​ព័ត៌មាន នៃ​រដ្ឋសភា, ទទួល​ស្គាល់​តំណាង​រាស្រ្ត​ថ្មី គឺ​លោក សុក ប៊ន ជា​តំណាង​រាស្រ្ត​ខេត្ត​កំពង់ស្ពឺ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​លោក សំរិត ប៉ិច ដែល​បាន​សុំលាលែង​ពី​តំណែង, ទទួល​ស្គាល់​លោកស្រី អ៊ុន សុគន្ធា ជា​តំណាង​រាស្រ្ត​ខេត្ត​កំពត​ពី​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​លោកស្រី សោម គឹមសួគ៌ ដែល​បាន​សុំ​លាលែង​ពី​តំណេង, ទទួល​ស្គាល់​លោក សាន សាង ជា​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​តាកែវ ពី​គណបក្ស​សមរង្ស៊ី​ជំនួស​លោក តុ វ៉ាន់ចាន់ ដែល​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណបក្ស, ទទួល​ស្គាល់​លោក មែន កួន ជា​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ចាម ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជំនួស​លោកស្រី អ៊ឹម រុន ដែល​បាន​ទទួល​មរណភាព។
សម័យ​ប្រជុំ​រដ្ឋសភា​នីតិកាល​ទី៤​នេះ ក៏​បាន​ប្រកាស​ពី​ការ​អនុម័ត​លើក​អភ័យ​ឯកសិទ្ធិ​សភា​របស់​លោក ចាន់ ចេង សមាជិក​សភា​មណ្ឌល​ខេត្ត​កណ្តាល​មក​ពី​គណបក្ស​សមរង្ស៊ី​ផង​ដែរ៕
17 Jan 2012(11:10AM)By: Neak Toch

0 មតិ:

Post a Comment