www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 2, 2012

មន្ត្រី​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ចំនួន​១៧៥​នាក់​ ប្រកាស​ផ្ទេរភារកិច្ច​ និង​បំពាក់​ឋានន្តរសកិ្ត​


បន្ទាយ​មានជ័យ​៖  កាលពី​ថ្ងៃទី០១​ ខែកុម្ភៈ​ ឆ្នាំ​២០១២កន្លងទៅថ្មីៗនេះ​ មាន​ការរៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​ដល់​មន្ត្រី​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ចំនួន​១៧៥​នាក់​ដែលមានស្នាដៃ ក្រោម​អធិបតីភាព​ ឯកឧត្តម​ អ៊ុង​ អឿន​ ទីប្រឹក្សា​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ជា​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ និងមាន​ការ​ចូល​រួម​ពី​លោក​ឧត្តមសេនីយ៍​ទោ​ ដូង​ សារឿន​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ជា​អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​ ព្រម​ទាំង​អស់​លោក​ជា​ប្រធាន​សាលា​ដំបូង​ខេត្ត​ ព្រះរាជ​អាជ្ញារង​ លោក​ស្នងការ​ ស្នងការង​ តំណាង​ថ្នាក់​ដឹកនាំ​ សឹក​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មានជ័យ​ យ៉ាង​ច្រើន​កុះករ​។

លោក​ឧត្តមសេនីយ៍​ត្រី​ ខេង​ ស៊ុម​ ស្នងការដ្ឋាន​គរបាល​ខេត្ត​បន្ទាយ​មានជ័យ​ មាន​មតិ​ស្វាគមន៍​ និង​ធ្វើ​សេចក្តី​រាយការណ៍​ ពី​សភាពការណ៍​សន្តិសុខ​ សុវត្ថិភាព​ នៅ​ក្នុង​មូលដ្ឋាន​ ដែល​ស្នងការដ្ឋាន​នគរបាល​ខេត្ត​អនុវត្ត​ទទួល​បាន​ជោគ​ជ័យ​ និង​មាន​លទ្ធផល​ល្អ​ប្រសើរ​ទាំង​ការងារ​សន្តិសុខ​ផ្ទៃ​ក្នុង​ និង​ការងារ​សន្តិសុខ​តាម​ខែ្ស​បន្ទាត់​ព្រំដែន​ គឺ​អនុវត្ត​តាម​គោល​នយោបាយ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ និង​ផែនការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ បទ​បញ្ជា​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ការ​ចង្អុល​ណែនាំ​ផ្ទាល់​ពី​គណៈបញ្ជាការ​ឯករដ្ឋបាល​ខេត្ត​។​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​ជំរុញ​គ្រប់​ជំនាញ​ឲ្យ​យក​ចិត្ត​ទិក​ដាក់​ ក្នុង​តួនាទី​ភារកិច្ច​របស់​ខ្លួន​លើ​កិច្ច​ការងារ​ការពារ​សន្តិសុខ​ រក្សា​សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​សង្គម​ បង្រ្កាប​លើ​បទ​ល្មើស​ចោរ​លួច​ចោរ​ប្លន់​ ព្រម​ទាំង​ស្រាវ​ជ្រាវ​ចាប់​ជន​ប្រព្រឹត្ត​ល្មើស​រត់​គេច​ខ្លួន​ យក​ទៅ​ផ្តន្ទាទោស​ជា​បន្ត​បន្ទាប់​។ ក្នុង​នោះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​បាន​កាត់​បន្ថយ​នូវ​បទ​ល្មើស​ជា​ច្រើន​។
លោក​ឧត្តមសេនីយ៍​ ស្នងការ​បាន​គូស​បញ្ជាក់​ទៀត​ថា​ ទន្ទឹម​នឹង​ការងារ​សម្រេច​បាន​កន្លង​មក​ លើ​វិស័យ​ការងារ​កសាង​កង​ជួរ​នគរបាល​ក្នុង​ជ្រុង​មួយ​នៃ​យុទ្ធសាស្រ្ត​ ចតុកោណ​របស់​រាជ​រដ្ឋាភិបាល​។​ ស្នងការដ្ឋាន​ បាន​នឹង​កំពុង​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ កែ​លំអរ​ពង្រឹង​គុណភាព​ការងារ​គ្រប់​អង្គភាព​ ដែល​ចំណុះ​អធិការដ្ឋាន​ឲ្យ​បាន​ល្អ​ ទាំង​របៀប​របប​ធ្វើ​ការងារ​ ការ​គោរព​វិន័យ​ ការ​អនុវត្ត​ច្បាប់​ ព្រម​ទាំង​ពង្រីក​សមត្ថភាព​ជំនាញ​ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​នគរបាល​ជាតិ​។ ជាង​នេះ​ទៀតថ្មីៗ​ នេះ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ការពារ​សន្តិសុខ​ សុវត្ថិភាព​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​កន្លង​មក​នេះ​។
ក្នុង​ប្រកាស​ផ្ទេរ​ភារកិច្ច​ តែង​តាំ​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសកិ្ត​នេះ​ តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ និង​សេចក្តី​សម្រេច​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ត្រូវ​បាន​សម្រេច​ផ្ទេរ​ភារកិច្ច​មន្ត្រី​នគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ចំនួន​១៧៥​នាក់​ ក្នុង​នោះ​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ តែង​តាំង​មុខ​តំណែង​ចំនួន​២៦​នាក់​ និង​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​បំពាក់​ឋានន្តរសកិ្ត​ចាប់​ពី​វរសេនីយ៍​ទោ ​ ដល់​ពលបាល​ឯក​ ចំនួន​១៤៩នាក់​។
មាន​ប្រសាសន៍​នា​ឱកាស​នោះ​ លោក​ឧត្តមសេនីយ៍​ទោ​ ដូង​ សារឿន​ អនុប្រធាន​នាយកដ្ឋាន​បុគ្គលិក​ និង​ឯកឧត្តម​ អ៊ុង​ អឿន​ អភិបាល​ខេត្ត​បន្ទាយ​មានជ័យ​ មាន​ប្រសាសន៍​កោត​សរសើរ​ចំពោះ​ស្មារតី​យក​ចិត្ត​ទុក​ដាក់​ខិត​ខំ​ប្រឹង​ ប្រែង​របស់​កង​កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ ដែល​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​បំរើ​ផល​ប្រយោជន៍​សង្គម​ជាតិ​ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​។ ជាង​នេះ​ទៀត​ បាន​អនុវត្តតាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​អនុវត្ត​នូវ​គោល​នយោបាយ​ភូមិ​ ឃុំ​ សង្កាត់​ មាន​សុវត្ថិភាព​ ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ប្រជាពលរដ្ឋ​មាន​ជំនឿ​ជឿ​ជាក់​ និង​មាន​កិច្ច​សហការ​ជាមួយ​សមត្ថកិច្ច​ ដែល​ធ្វើ​ឲ្យ​សភាពការណ៍​បទ​ល្មើស​នៅ​តាម​មូលដ្ឋាន​ មាន​ការ​ថយ​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​។ ជាមួយ​គ្នា​នេះ​ដែរ​ ជោគ​ជ័យ​ដែល​យើង​ទទួល​បាន​ថ្មីនេះ​ គឺ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ គឺ​យើង​ការពារ​សន្តិសុខ​ សុវត្ថិភាព​ ដោយ​ពុំ​មាន​បាតុភាព​អ្វី​ មក​ធ្វើ​វិទ្ធង្សនា​ ក្នុង​ដំណើរការ​បោះ​ឆ្នោត​នោះ​ឡើយ​។
ឯកឧត្តម​ អ៊ុង​ អឿន​ បាន​បញ្ជាក់​ថា​ អស់​លោក​ដែល​ត្រូវ​បាន​តែង​តាំង​មុខ​តំណែង​ និង​បំពាក់​ឋានន្តរសក្តិ​នា​ពេល​នេះ​ គឺ​ដោយ​មាន​ទំនុក​ទុក​ចិត្ត​ពី​រាជ​រដ្ឋាភិបាល​ ក្រសួង​មហាផ្ទៃ​ និង​អគ្គស្នងការ​នគរបាល​ជាតិ​ ដូច្នេះ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នូវ​ទំនុក​ទុក​ចិត្ត​នេះ​ សូម​ឲ្យ​អស់​លោក​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​ លើ​កាតព្វកិច្ច​របស់​ខ្លួន​ជៀស​វាង​ការ​យក​តួនាទី​ និង​ភារកិច្ច​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​ខុស​ពី​ច្បាប់​ និង​ត្រូវ​បន្ត​ពង្រឹង​ការ​អនុវត្តន៍​គោល​នយោបាយ​ភូមិ​ ឃុំ​មាន​សុវត្ថិភាព​ ផ្សព្វ​ផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ និង​ផ្សព្វ​ផ្សាយ​ពី​ការ​ហាម​ប៉ះ​ពាល់​នូវ​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ ផ្ទុះ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ បាន​យល់​ដឹង​ដើម្បី​បញ្ចៀស​ការ​គ្រោះ​ថ្នាក់​។
ជាចុង​ក្រោយ​ឯកឧត្តម​ អ៊ុង​ អឿន​ បាន​ផ្តាំ​ផ្ញើ​ដល់​មន្ត្រី​នគរបាល​ជាតិ​នៃ​ខេត្ត​បន្ទាយ​មានជ័យ​ ទាំង​អស់​ត្រូវ​មាន​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឲ្យ​បាន​ល្អ​ សហការ​ឲ្យ​បាន​ជិត​ស្និត​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​ និង​គ្រប់​សមត្ថកិច្ច​ក្នុង​ខេត្ត​៕

0 មតិ:

Post a Comment