www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

និស្សិត​ខ្មែរ​៥​នាក់​នឹង​ទៅ​ប្រកួត​មុខវិជ្ជា​ច្បាប់​អន្តរជាតិ​​ នៅ​សហរដ្ឋ​អាមេរិក


សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នឹង​បញ្ជូន​និស្សិត​ច្បាប់​ទៅ​ប្រកួត​ប្រជែង​មុខវិជ្ជា «ច្បាប់​អន្តរជាតិ» នៅ​សហរដ្ឋ​អាមេរិក​នា​ពេល​ខាង​មុខ។
និស្សិត​ពូកែ​មួយ​ក្រុម​នេះ នឹង​ត្រូវ​រួម​គ្នា​ល្បង​សមត្ថភាព​ជាមួយ​នឹង​និស្សិត ១០០​ក្រុម​ដែល​មក​ពី ៨០​ប្រទេស​ផ្សេង​ទៀត។
និស្សិត​សាលា​ច្បាប់​ចំនួន ៥​នាក់ នឹង​ទៅ​ចូល​រួម​ប្រកួត​ប្រជែង​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នៃ​កម្មវិធី The Jessup International Moot Court នៅ​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ អាមេរិក នៅ​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១២ ខាង​មុខ។
បេក្ខជន​មួយ​រូប​ក្នុង​ចំណោម ៥​រូប ឈ្មោះ អន ប៊ុនណារិទ្ធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ថា ក្រុម​ពួកគាត់​មាន​គ្នា​ចំនួន ៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់ នឹង​ទៅ​ប្រកួតប្រជែង​នឹង​និស្សិត​បរទេស​ផ្សេងៗ​ទៀត ដែល​មក​ពី​ចំនួន ៨០​ប្រទេស​នៅ​លើ​សាកលលោក។
ប៊ុនណារិទ្ធ បញ្ជាក់​ថា ការ​ប្រកួតប្រជែង​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នេះ គឺ​ផ្ដោត​លើ​បញ្ហា​មួយ​ចំនួន ដូចជា​ការ​វាយ​កម្ទេច​ប្រាសាទ​បុរាណ កិច្ច​អន្តរាគមន៍​លើ​បញ្ហា​មនុស្សធម៌ និង​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ជាដើម។
កញ្ញា ម៉ែន វុឌ្ឍិការណ៍ ដែល​នាង​គ្រោង​នឹង​ទៅ​ចូលរួម​ប្រកួត​ប្រជែង​ដែរ​នោះ មាន​ប្រសាសន៍​ថា ការ​ប្រកួត​ប្រជែង​នៅ​សហរដ្ឋ​អាមេរិក​នោះ គេ​នឹង​រៀបចំ​សវនាការ​ប្រឌិត​មួយ​ដើម្បី​ឲ្យ​ក្រុម​នីមួយៗ ដែល​មាន​ប្រមាណ​ជាង ១០០​ក្រុម ធ្វើ​ជា​ដើម​បណ្ដឹង និង​ចុង​ចំលើយ ដើម្បី​តតាំង​គ្នា​រវាង​ភាគី​ដើម​បណ្ដឹង និង​ភាគី​ចុង​ចំលើយ​នៅ​ក្នុង​សវនាការ​អំពី​នីតិ​អន្តរជាតិ​សាធារណៈ​នោះ។
បេក្ខជន​ទាំង ៥​នាក់ មាន​ឈ្មោះ អន ប៊ុនណារិទ្ធ អន ប៊ុណា វណ្ណ យុវទេព កញ្ញា ម៉ែន វុឌ្ឍិការណ៍ និង​កញ្ញា ង៉ូវ ម៉ុយស៊ឺ។ និស្សិត​ច្បាប់​ទាំង ៥​នាក់​នេះ ជា​និស្សិត​ដែល​គេ​ជ្រើសរើស​ក្នុង​ចំណោម​និស្សិត ៨០​នាក់​ផ្សេង​ទៀត ដែល​ក្រសួង​យុត្តិធម៌​បាន​រៀបចំ​ប្រលង​កាល​ពី​ខែ​សីហា ឆ្នាំ​២០១១ បន្ទាប់​ពី​គេ​បាន​បង្កើត​តុលាការ​សិប្បនិម្មិត​មួយ ដើម្បី​ធ្វើ​ការ​ប្រកួតប្រជែង​អំពី​ការ​យល់​ដឹង​ច្បាប់​អន្តរជាតិ​ទាក់ទង​ នឹង​ច្បាប់​សង្គ្រាម​ជាដើម។
កញ្ញា ម៉ែន វុឌ្ឍិការណ៍ និង​និស្សិត អន ប៊ុណារិទ្ធ អ្នក​ទាំង​ពីរ ក្រៅ​ពី​សិក្សា​ច្បាប់​ជា​ភាសា​អង់គ្លេស​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ពួកគេ​ក៏​សិក្សា​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស ហៅ​ថា (IFL)។ អ្នក​ទាំង​ពីរ​មាន​គោល​បំណង​ចង់​ធ្វើ​ជា​មេធាវី​នៅ​ពេល​អនាគត។
ទោះ​ជា​យ៉ាង​ណា ពួក​គេ​បាន​សម្ដែង​សុទិដ្ឋិនិយម​ចំពោះ​ការ​ទៅ​ចូល​រួម​ប្រលង​ប្រកួតប្រជែង​ នៅ​សហរដ្ឋ​អាមេរិក​នោះ​ថា ពួកគេ​នឹង​ទទួល​បាន​ជោគជ័យ​លើ​គូប្រជែង​ជាង ១០០​ក្រុម ដែល​មក​ពី ៨០​ប្រទេស​ផ្សេង​ទៀត៕ 



ប្រភព ៖​ វិទ្យុអាស៊ីសេរី

0 មតិ:

Post a Comment