www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 3, 2012

​​សង្វៀន​បាយ័ន​បឹង​ស្នោរ​ និងសង្វៀន​កោះ​ពេជ្រ​មានអ្វីរំជើបរំជួល​​នៅថ្ងៃអាទិត្យនេះ?

​វង្ស​ណ​យ​អ្នក​ប្រដាល់​ក្លិប​កង​ពល​តូច​លេខ​៣១ ​នឹង​ជួប​ប្រកួត​ជាមួយ​ស៊ីវ​ ឌី​ណា ​អ្នក​ប្រដាល់​ក្លិប​កងពល​ទ័ព​ឆ័ត្រ​យោង​៩១១ ​នា​ថ្ងៃ​អាទិត្យ​ទី​៥​ ខែ ​កុម្ភៈ ​ឆ្នាំ​២០១២ ​នៅ​លើ​សង្វៀន​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ ។​

អ្នក​ប្រដាល់​ជើងចាស់​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ម្តង​ណា​នៅឡើយ​ទេ​កន្លងមក ។ ដោយសារ​ពីមុន ​ពួកគេ​មាន​ទម្ងន់​ខុសគ្នា ​តែ​ឥឡូវ​វង្ស​ណ​យ​គេ​មាន​ទម្ងន់​ដល់​ស្មើ​ជាមួយ​ស៊ីវ ឌី​ណា​ហើយ គឺ៦៣,៥០០គ.ក្រ ។





ស៊ីវ ឌី​ណា ថ្វីត្បិតតែ​គេ​រាង​ចាស់​ជាង​វង្ស​ណ​យ​បន្តិច​ក្តី ប៉ុន្តែ​មិន​ងាយ​បង្ក្រាប​គេ​នោះទេ ព្រោះ​ស៊ីវ​ឌី​ណា​គេ​វ៉ៃ​ស៊ូ​ណាស់ និង​មាន​ប្រដាល់​ធំ​ថែមទៀត ម្ល៉ោះហើយ​ពិបាក​នឹង​យកឈ្នះ​គេងាយៗ​នោះទេ ។ កម្លាំង​ស៊ុ​ហ្វ​របស់​គេ រឹងមាំ​ទៀត​ផង ។ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​មៀ​ច សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ក្រសួងមហាផ្ទៃ​ក្នុង​ទឹក​ទី៣ ។

ចំណែក​វង្ស​ណ​យ​វិញ គេ​មានការ​ឈានឡើង​ខ្លាំង​ណាស់​ក្នុង​ក្បាច់​ប្រដាល់​ខ្មែរ​នេះ ។ ឡើង​ប្រកួត​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ វង្ស​ណ​យ​វ៉ៃ​ឈ្នះ​រហូត ដែល​ប្រកួត​ចុងក្រោយ​គេ គឺ​វាយ​ឈ្នះ​ហេង លាភ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ក្នុង​ទឹក​ទី៤ ។

ស៊ីវ ឌី​ណា គេ​វាយ​ល្អ កណ្តាប់ដៃ​ខ្លាំង សន្ទុះ​ជើង​ទាត់​ខ្លាំង ។ ប្រសិនបើ​គេ​ហាត់​ដិតដល់​លើក​នេះ ច្បាស់​ជា​មិន​ចាញ់​វង្ស​ណ​យ​ឡើយ ។តែ​ទោះជា​យ៉ាងណាក្តី ការចង់​ឈ្នះ​លើ​វង្ស​ណ​យ​នោះ គឺជា​រឿង​ពិបាក​បំផុត ព្រោះ​គេ​មាន​ផ្លែ​ល្អ​ណាស់ ។

ហុន គី​រី អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ​បង្ក្រាប​គ្រឿងញៀន នឹងត្រូវ​ជួប​ជម្រះបញ្ជី ជាមួយ ចាន់ សុខ​ហួន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ជួបគ្នា​លើក​មុន​គឺ​ប្រកួត​ស្មើគ្នា ។

ចាន់ សុខ​ហួន ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ទេ តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ចិត្ត​ប្រដាល់​ធំ និង​ស៊ូ​ចំពោះ​ការប្រកួត​ថែមទៀត ។ សុខ​ហួន ប្រកួត​ចាញ់​ពីរ​ប្រកួតជាប់ៗគ្នា​ចុង​ក្រោយនេះ ដែល​ចុងក្រោយ​គេ​នេះ​គេ​វាយ​ស្មើ​ជាមួយ​ហុន​គី​រី​នេះ ។

គី​រី ថ្វីត្បិតតែ​ស្គាល់​រេញ​មុន​សុខ​ហួន ប៉ុន្តែ​មិន​ប្រាកដ​ថា​ងាយ​យកឈ្នះ​សុខ​ហួន​បានឡើយ ។ គី​រី​អត់​មាន​ផ្លែ​ល្អ​ទេ​គ្រាន់តែ​បាន​សំដែង​បានល្អ​ក្នុងការ​ប្រកួត​តែប៉ុណ្ណោះ ។ យ៉ាងណាៗ គេ​ពុំ​មាន​ជំនឿថា​ហុន​គី​រី​ឈ្នះ​ចាន់​សុខ​ហួន​នោះឡើយ​សំរាប់​ការជួបគ្នា​លើក​នេះ ។

យុគ​យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​ក្រុង​ប៉ោយប៉ែត នឹង​ជួប​ជាមួយ​ជុន​សាវុធ អ្នក​ប្រដាល់​ក្លិប​អូ​ដឹ​ម​កីឡា ។ អ្នក​ទាំងពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។​ ជុន ​សាវុធ​ មាន​កាយសម្បទា​មិនជា​រឹងមាំ​ប៉ុន្មាន​ទេ បើ​ប្រៀបធៀប​ជាមួយ យុគ​យក្ស​ផ្លែ ប៉ុន្តែ​គេ​ខ្ពស់​ជាង​និង​មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​ជាង​យក្ស​ផ្លែ ។ការ ប្រកួត​ចុងក្រោយ សាវុធ​វាយ​ឈ្នះ​ឈិន​ ធារ៉ា ​អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ដោយ​ពិន្ទុ ។

ចំណែក យុគ យក្ស​ផ្លែ​វិញ គេ​វាយ​រាង​ឆេវឆាវ អាង​កម្លាំងបាយ គេ​វ៉ៃ​ប្តូរ​កែង​និង​កណ្តាប់ដៃ យក​ម៉ា​ឈ្នះ​ដៃ​តែម្តង ត្រង់​វ៉ៃ​ចំ​គោលដៅ​ឬ​មិន​ចំ​នោះ​គេ​មិន​គិត​ទេ ។ ប្រកួត​ចុងក្រោយ គេ​វាយ​ឈ្នះ​ពុទ្ធ​ខុន​ណាត​ដោយ​ពិន្ទុ ។សំរាប់​ការជួបគ្នា​រវាង​យក្ស​ផ្លែ​និង​ជុន​សាវុធ​នេះ ​មិន​ដឹង​ថា​អ្នកណា​ជា​អ្នកឈ្នះ​ទេ ? ។​

កីឡាការិនី គិ​ន ស្រី​យ័ន ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ​ខេត្តបន្ទាយមានជ័យ នឹង​ឡើង​សងសឹក កីឡាការិនី ធី កន្និកា ក្លិប​ឥន្ទ្រីយ៍​កីឡា ។​ កាលពី​ប្រកួត​គ្នា​លើក​មុន ស្រី​យ័ន​វាយ​ចាញ់​កន្និកា​ដោយ​ពិន្ទុ ។

គិ​ន ស្រី​យ័ន ធ្លាប់​ជួប​កន្និកា៥ដង​ហើយ ប៉ុន្តែ​មិនដែល​វាយ​ឈ្នះ​កន្និកា​ទេ គឺ​បាន​ត្រឹម​ស្មើ​ម្តង​និង​ចាញ់៤ដង ។ លើក​នេះ ស្រី​យ័ន​មិន​ដឹង​ថា​អាច​សងសឹក​បា​សំរេច​ឬ​អត់​ទេ ព្រោះ​កន្និកា​នាង​ខ្ពស់​ជាង ​កណ្ដាប់ដៃ​វ៉ៃ​ចេញ​ត្រង់​ជាង ហើយ​ចំ​គោលដៅ​ល្អ​ជាង ។

*​សង្វៀន​កោះ​ពេជ្រ​

សុខ​សុវណ្ណ​ង ជួប ភី​រម្យ ភក្តី ខ​ណះ ម៉ន សា​ម៉េ​ត ជួប អ៊ឹង បូរ៉ា សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​​​កង​ពលតូច​លេខ៣១ នឹង​ជួប​សងសឹក​ជាមួយ ភី​រម្យ​ភក្តី អ្នក​ប្រដាល់​ក្លិប​រការ​ខ្នុរ​បង្ក្រាប​គ្រឿងញៀន ។ ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា ហើយ​ជួបគ្នា​លើក​មុន​សុវណ្ណ​វាយ​ចាញ់​ភក្តី​ដោយ​ប្រផិតប្រផើយ​តែប៉ុណ្ណោះ គឺ​ចាញ់​ដោយ​ពិន្ទុ ។

សុវណ្ណ​សព្វថ្ងៃ​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ម្នាក់ ។ កណ្តាប់​ដៃ ​សន្ទុះ​ជើង​ទាត់​និង​ជង្គង់ កែង គឺ​ខ្លាំង និង​ល្អ​រហ័ស​ណាស់។ គេ​ប្រកួត​មិនដែល​សូវ​ចាញ់​នោះទេ ។ការប្រកួត​ចុងក្រោយ សុវណ្ណ​វាយ​ឈ្នះ​ជឹម ដា​រ៉ា​អ្នក​ប្រដាល់​ក្លិប​សិ​ង្ហៈ​កីឡា ដោយ​ពិន្ទុ ។

ភី​រម្យ​ភក្តី ក៏​ជា​អ្នក​ប្រដាល់​ជើងចាស់​ដែលមាន​ស្នៀត​ប្រដាល់​មិន​អន់​នោះទេ គ្រាន់តែ​គេ​យ៉ាប់​ខាង​កម្លាំង​ស៊ុ​ហ្វ​បន្តិច ដោយសារ​គេ​រាង​ជ្រេ​បន្តិច​ទៅហើយ ។ សូម្បីតែ​ប្រកួត​ជាមួយ​ខុម​ពិសិដ្ឋ​អ្នក​ប្រដាល់​ក្លិប​អូ​ដឹ​ម​កីឡា​និង​អ៊ឹង​បូរ៉ា​អ្នក​ប្រដាល់​ក្លិប​គុជ​សារ​កីឡា​ដែល​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ក៏​ភក្តី​វ៉ៃ​ចាញ់​ដែរ គឺ​ទើបតែ​មក​ឈ្នះ​សុខ​សុវណ្ណ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ មិនអាច​មើលស្រាល​គ្នា​បាន​ឡើយ ។ ​ប្រសិន​អ្នកណា​ហ៊ាន​ប្រហែស មុខជា​ចាញ់​មិន​ខាន ។ សំរាប់​ការជួប​សងសឹក​នេះ គេ​សង្ឃឹមថា​សុខ​សុវណ្ណ​អាច​សងសឹក​បាន​សំរេច ។​

អ៊ឹង បូរ៉ា អ្នក​ប្រដាល់​ក្លិប​គុជ​សារ​កីឡា នឹង​ជួប​ប្រកួត​ជាមួយ ម៉ន សា​ម៉េ​ត អ្នក​ប្រដាល់​ក្លិប​ព្រែក​ឯង​កីឡា ។ ពីរ​នាក់​នេះ មិនដែល​ជួបគ្នា​ទេ​កន្លងមក ។

អ៊ឹង បូរ៉ា​នេះ គេ​មាន​ស្នៀត​ប្រដាល់​ល្អ កាយសម្បទា​រឹងមាំ និង​មាន​ល្បិច ច្រើន​ក្នុង​ការប្រកួត ។ អ្នក​ប្រដាល់​រូបនេះ មាន​ផ្លែ​ល្អ​ណាស់ ព្រមទាំង​មាន បច្ចេកទេស​នៅក្នុងពេល​ប្រកួត​ល្អ​ថែមទៀត។

បូរ៉ា​វ៉ៃ​ភាគច្រើន​ឈ្នះ​គេ​រហូត និង​បាន​ផ្ដួល​ដៃគូ​ប្រកួត​អោយ​សន្លប់ និង​ចុះចាញ់​មុន​ចប់​ទឹក​ទី​ប្រាំ​ថែមទៀត ។ គេ​ប្រកួត​ចុងក្រោយ វាយ​ឈ្នះ​ជិន រ៉ា អ្នក​ប្រដាល់​ក្លិប​ក្រសួងការពារជាតិ​ដោយ​ពិន្ទុ។

ម៉ន សា​ម៉េ​ត ជា​ជើង​ខ្លាំង​ស្រករ​មុន ។ គេ​មាន​ផ្លែ​ល្អ​និង​មាន​ល្បិចកល​ប្រកួត​ខ្ពស់​ជាង​ឆៃ​ដែន។ កណ្តាប់ដៃ​របស់​សា​ម៉េ​ត ក៏​ខ្លាំង​និង​ធ្ងន់​ជាង​សា​ម៉េ​ត​ដែរ ។ ការប្រកួត​ចុងក្រោយ​របស់​ម៉ន សា​ម៉េ​ត គឺ​វាយ​ឈ្នះ​ឈឿន ឆៃ​ដែន អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ​ដោយ​ពិន្ទុ ។

សំរាប់​ការ​ជួបគ្នា​រវាង​ជិន​រ៉ា និង អ៊ឹង បូរ៉ា នេះ មិនមាន​អ្នកណា​ហ៊ាន ទាយ​មុន​ថា អ្នកណា​ជា​អ្នកឈ្នះ​នោះ​ឡើយ ? ។ ដោយសារ តែ​អ្នក​ប្រដាល់ ទាំងពីរ មាន​ស្នៀត​ប្រដាល់​ល្អ និង​បទពិសោធន៍​ជោគជាំ​លើស​ង្វៀន​ដូចគ្នា ។ ទោះជា​យ៉ាងណា គេ​នៅ​តែ​មាន​ជំនឿ​ទុកចិត្ត​លើ​អ៊ឹង​បូរ៉ា​ច្រើន​ក្នុង​ការ​ឈ្នះ​នេះ ។ចាំមើល តើ​ម៉ន​សា​ម៉េ​ត ឬ អ៊ឹង​បូរ៉ា ដែល​ឈ្នះ​ការប្រកួត​នេះ ? ។

ព្រំ វី អ្នក​ប្រដាល់​ក្លិប​សាមគ្គី​ស្រុក​ស្ទោង​ខេត្តកំពង់ធំ នឹង​ជួប​ជាមួយ​អ៊ុំ ចំរើន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ។ ពួកគេ​មិនដែល​ជួបគ្នា​ទេ​ពីមុនមក។ ព្រំ វី មាន​ស្នៀត​ប្រដាល់​ល្អ និង ស៊ូ​ចំពោះ​ការប្រកួត ។

កីឡាការិនី សុខ ស្រី​ទូច ក្លិប​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នឹង​ជួប​ប្រកួត​ជាមួយ កីឡាការិនី គង់ សារី ក្លិប​ឃុំ​ជ្រៃ​ខេត្តបាត់ដំបង ។ កាល​មុន គង់​សារី មិនមែនជា​ដៃគូ​ជាមួយ​សុខ​ស្រី​ទូច​នោះទេ ដោយសារ​មាន​ទម្ងន់​ខុសគ្នា ។តែ​ពេលនេះ គង់​សារី នាង​មាន​ទម្ងន់​ធ្ងន់​ឡើងដល់៥៧គ.ក្រ​ស្មើ​សុខ​ស្រី​ទូច​ហើយ ទើប​ត្រូវគេ​ផ្គូផ្គង​អោយ​ជួបគ្នា​នេះ ។ ចំពោះ​ការជួបគ្នា​នេះ មិនទាន់​ហ៊ាន​សន្និដ្ឋាន​ថា​អ្នកណា​ឈ្នះ​នោះទេសូមអ្នកទស្សនាទាំងអស់ចូលរួមតាមដានទាំងអស់គ្នានាថ្ងៃអាទិត្យនេះ៕

0 មតិ:

Post a Comment