www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 17, 2012

ការបណ្តុះផ្សិតចំបើង

ការរៀបចំដី
ការរៀបចំដីជាមុនមានសារះសំខាន់ណាស់ ដើម្បីការដាំផ្សិតបានទទួលផលល្អ។

ការជ្រើសរើសទីកន្លែង
នៅរដូវប្រាំង
ចាប់ពីខែធ្នូ ដល់ខែឧសភា ត្រូវរកដីរាបស្មើ ហើយទាប និងមានទឹកស្អាតនៅជិត។

នៅរដូវវស្សា
ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ត្រូវការដីទួលមិនលិចទឹក។

ការធ្វើរង
ទាំងរដូវប្រាំង ទាំងរដូវវស្សា ការត្រៀមរងមុនបណ្តុះជាកត្តាសំខាន់បំផុត។
1. ជំរះស្មៅឲស្អាតពង្រាបដី ឲស្មើល្អ ដើម្បីកុំឲទឹកដក់ ។
2. បាចកំបោរស៣០ក្រាមលើដី១ម៉ែត្រការេ ដើម្បីឲដីនោះមានសារជាតិគ្រប់គ្រាន់ ឆ្លើយតបទៅនឹងតំរូវការរបស់ ផ្សិត។
3. ការត្រលប់ដីដែលបាចកំបោរសរួចហើយនោះឲបានជំរៅ១តឹក(១០សង់ទីម៉ែត្រ) ដោយទុកហាលថ្ងៃចោលពី២ ទៅ៣ថ្ងៃ។ ធ្វើបែបនេះដើម្បីសម្លាប់មេរោគក្នុងដី។ បើមេរោគស្លាប់អស់ ដំណាំផ្សិតក៏ពុំងាយជួបនឹងការ រលួយដែរ។
4. ពង្រាបដី ឬបំបែកដីដែលហាលនោះឲស្មើល្អដើម្បីងាយស្រួលក្នុងការដាក់ពុម្ព ឬមូរចំបើង នៅពេលយើងធ្វើ ការបណ្តុះផ្សិតចំបើង។

ការបណ្តុះផ្សិតចំបើង
របៀបបណ្តុះផ្សិតចំបើងមានពីរបែប គឺបែបបូរចំបើងជារង និងបែបជាន់ពុម្ព។

វត្ថុធាតុដើមចំបាច់
ក្នុងចំណោមរុក្ខជាតិស្ងួតខាងក្រោមដែលគេប្រើសំរាប់បណ្តុះផ្សិតចំបើង យើងយករុក្ខជាតិមួយណាក៏បាន។ យើងត្រូវ ហាលវត្ថុទាំងនេះឲស្ងួតល្អ មុននឹងចាប់ផ្តើមយកមកធ្វើការបណ្តុះផ្សិត។
ការត្រាំ
គេត្រូវត្រាំវត្ថុធាតុដើម មុនពេលបណ្តុះ។ ក្នុងពេលនេះ យើងសូមលើកយកតែការបណ្តុះផ្សិតដោយប្រើចំបើងមក បង្ហាញ ព្រោះការបណ្តុះផ្សិតដោយប្រើរុក្ខជាតិស្ងួតដទៃទៀត គឺធ្វើឡើងដូចគ្នានឹងការបណ្តុះផ្សិតដោយប្រើចំបើង ដែរ។

បើត្រាំក្នុងអាង
ត្រូវរោយកំបោរសទៅក្នុងទឹកជាមុនសិន គឺត្រូវប្រើកំបោរស១គីឡូក្រាមសំរាប់ទឹក១ម៉ែត្រគូប (ស្មើនឹង១ ០០០លីត្រ) ដើម្បីឲទឹកមានសារធាតុចិញ្ចឹមផ្សិត។

បើត្រាំទឹកស្ទឹង ឬត្រពាំង បឹងបួរវិញ
យើងពុំចាំបាច់ប្រើកំបោរសឡើយ។

នៅវដូវប្រាំង
គេត្រូវត្រាំចំបើងពី៦ទៅ១២ម៉ោង ដោយពុំមានការផ្អាប់ឡើយ គឺយើងជញ្ជូនយកទៅដាក់ក្បែររងសំរាប់ធ្វើការមូរជារង ឬការជាន់ជាពុម្ពតែម្តង។

នៅរដូវវស្សា
គេត្រូវត្រាំចំបើងរយៈពេល១ម៉ោង ហើយលើកស្រង់ចេញយកមកដាក់ផ្អាប់១យប់មុនយកទៅបណ្តុះ។

របៀបបណ្តុះ
ក-របៀបបណ្តុះដោយមូរចំបើងជារង
ដើម្បីបណ្តុះ គេត្រូវមូរចំបើងជាដុំៗ ហើយតំរៀបវាជា៣ ឬ៤ជាន់ ទៅតាមការនិយមរបស់អ្នកបណ្តុះតាមតំបន់ ផ្សេងៗ។

1. ពង្រាយកំទេចចំបើងស្ងួតលើរង។
2. ដុតដើម្បីសម្លាប់សត្វល្អិត និងមេរោគដែលមាននៅក្នុងដី។
3. បោះបង្គោលចងខ្សែលើរងដើម្បីងាយរមូរធ្វើរងចំបើងខឲបានត្រង់។
4. ជញ្ជូនចំបើងសើមដាក់ពង្រាយតាមបណ្តោយរង ព្រោះវាធ្វើឲយើងចំណេញពេលមិនពិបាកដើរទៅមកយកចំបើងច្រើនដង។
5. ចាប់សង្កត់ចំបើង មូរឲណែនបន្តិច មូរទំហំប្រហែល១តឹក(ប៉ុនកំភួនដៃ) ប្រវែងពី៧ ទៅ៨តឹក(ដោយបត់ចុង ឬកួចចុង)។
6. រៀបរមូរចំបើងជាន់ទី១ ដោយដាក់ដុំចំបើងបន្តបន្ទាប់គ្នា នៅលើផ្ទៃរង រហូតដល់ពេញរង។
7. រោយជីបំប៉នពីខ្សែ លើរងចំបើងដែលរមូរហើយ(រោយតាមបណ្តោយរង) ដោយខិតចូលក្នុងប្រវែង១តឹក ពីគែមរងចំបើងទាំងសងខាង។
8. ហែកកញ្ចប់មេផ្សិតចំបើងចាក់ដាក់ចាន ឬឡាំងដែលស្ងួតល្អ។
9. ច្របល់មេផ្សិតឲចូលគ្នាសព្វ។
10. រោយមេផ្សិតចំបើងពីលើជីបំប៉នដែលទើបនឹងរោយតាមបណ្តោយរងរួច (គឺរោយជាន់ពីលើជីបំប៉ន)។
11. រៀបរមូរចំបើងជាន់ទី២ ដែលត្រូវធ្វើដូចគ្ននឹងការរៀបជាន់ទី១ដែរ។
12. ត្រូវរោយជីបំប៉ន និងមេផ្សិតចំបើងសើៗម្តងទៀត។ ការរោយជីបំប៉ន និងមេផ្សិតលើកទី២នេះត្រូវធ្វើដូច លើកទី១ដែរ។
ខ-របៀបបណ្តុះជាន់ជាពុម្ព
1. យកពុម្ពទៅដាក់នៅលើចុងរង ដែលបានត្រៀមដីរួចជាស្រេច ដោយដាក់ទទឹងរងរួចយកចំបើងសើមដាក់ក្នុង ពុម្ពតាមបណ្តោយពុម្ព។
2. យកដៃសង្កត់ ឬឡើងចាន់ឲណែន ឲមានកំរាស់ ពី១តឹក ទៅ១តឹក២ហ៊ុន(១០ទៅ១២មីលីម៉ែត្រ)។
3. យកជីបុំប៉នមករោយតាមបរិវេណកៀនៗពុម្ព ចម្ងាយពីក្តារពុម្ពប្រហែល១តឹក។
4. រោយមេផ្សិតចំបើងពីលើជីបំប៉ន។
5. រួចហើយយកចំបើង មកដាក់១ជាន់ក្នុងពុម្ពបន្ថែមទៀត ឲបានកម្រាស់ពី១តឹក ទៅ១តឹក២ហ៊ុន (១០ទៅ១២មីលីម៉ែត្រ)។
6. រោយជីបំប៉ន និងមេផ្សិត ដូចតាមរបៀបបណ្តុះដោយមូរចំបើងជារង។
7. ធ្វើរបៀបនេះជាបន្តបន្ទប់ទៀត ទាល់តែពេញក្នុងពុម្ព។
8. ដកក្តារពុម្ពដែលដាក់ចំបើងពេញនោះចេញ។ ដាក់ពុម្ពឲឃ្លាត១តឹកកន្លះទៅ ២តឹកពីដុំចំបើងមុនរួចបំពេញ ចំបើងក្នុងពុម្ពនោះជាថ្មី ដោយធ្វើដូចមុនជាបន្តបន្ទាប់។
9. បន្ទាប់ពីធ្វើការបណ្តុះរួចរាល់ហើយ ត្រូវយកចំបើងស្ងួតមកដាក់គ្របលើរងទុក១ថ្ងៃមុននឹងដុត។
10. ការដុតរងចំបើង និងការស្រោចទឹកក្រោយពេលដុត ត្រូវធ្វើដូចគ្នានឹងការដុតរងចំបើងតាមរបៀបបណ្តុះផ្សិត មិនប្រើពុម្ពដែរ។

ដើម្បីឲទទួលបានផលល្អ អ្អកដាំត្រូរក្សាកំដៅ និងសំណើមឲស្របទៅនឹងតំរូវការរបស់ផ្សិត ហើយក៏ត្រូវទប់ទល់ និង ការយាយីរបស់សត្វល្អិតផងដែរ។

រក្សាកំដៅ និងសំណើមក្នុងរងផ្សិត
1. បន្ទាប់ពីដុតសំអាត និងស្រោចទឹកពន្លត់ភ្លើងលើរងផ្សិតបានត្រឹមត្រូវហើយ យើងត្រូវរៀបចំគ្របរងដោយប្រើ ប្លាស្ទិកថ្លានៅលើរងនោះភ្លាម ដើម្បីរក្សាកំដៅ និងសំណើមនៅក្នុងរងផ្សិត។
2. ឯផ្នែកខាងលើនៃប្លាស្ទិក ត្រូវគ្របដោយប្រើថែបចំបើងដើម្បីការពារកំដៅថ្ងៃ។
3. ត្រូវរក្សាកំដៅនៅក្នុងរងផ្សិតឲនៅចន្លោះពី៣៥ ទៅ៣៨អង្សាសេ រយៈពេល៣ថ្ងៃ ក្រោយពីពេលគ្របរួច ដើម្បីឲមេផ្សិតលូតលាស់ចេញជាសរសៃពីងពាង។
4. ត្រូវរក្សាកំដៅឲនៅចន្លោះពី៣៣ ទៅ៣៥អង្សាសេ ក្នុងដំណាក់កាលដែលផ្សិតចេញជាពន្លកតូចៗពាសពេញ ផ្ទៃរង។
5. ត្រូវរក្សាកំដៅឲនៅចន្លោះពី៣០ ទៅ៣៣អង្សាសេ ក្នុងដំណាក់កាលនៃការដុះលូតលាស់របស់ពន្លកកូនផ្សិត រហូតដល់ពេលល្មកដកបាន។
6. ត្រូវរក្សាសំណើមឲមាននៅក្នុងរងផ្សិតជាប់ជានិច្ច ដោយធ្វើការស្រោចទឹក នៅជុំវិញរងផ្សិត ដោយបើកថែប ចេញ(គេអាចស្រោចទឹកនីលើរងផ្សិតបាន មុនពេលដកផ្សិតលើកទី១ ប៉ុន្តែត្រូវប្រើធុងផ្កាឈូកដែលមានរន្ធ តូចៗ)។

ទប់ស្កាត់ការបំផ្លាញរបស់ជំងឺ
ជំងឺបណ្តាលឲពន្លកកូនផ្សិតនិងផ្សិត ត្រូវទទួលរងការស្វិតស្រពោននិងរលួយ។
ដើម្បីទប់ស្កាត់នឹងជំងឺ យើងត្រូវជៀសវាង :
• កុំឲកំដៅក្នុងរងផ្សិតហួសពីការកំណត់។
• កុំយកមេផ្សិតដែលមានពណ៌លឿង ខ្មៅ ហើយខ្សោយមកប្រើប្រាស់សំរាប់បណ្តុះ។
• កុំបណ្តុះផ្សិតនៅលើផ្ទៃដីដែលមិនបានរៀបចំ។
• ពេលដកផ្សិតម្តងៗ ត្រូវជៀសវាងកុំឲប៉ះទង្គិចកូនផ្សិតដែលមិនទាន់ត្រូវដក។
• កុំគ្របប្លាស្ទិកនិងថែបចំបើង ដោយប៉ះផ្ទាល់លើផ្ទៃរង។
• កុំបណ្តុះផ្សិតនៅលើដីដដែលៗ។
• កុំស្រោចទឹកដោយប្រើផ្កាឈូកដែលមានរន្ធធំៗ។

ទប់ស្កាត់ការបំផ្លាញរបស់សត្វល្អិត
សត្វល្អិតចង្រៃដែលតែងតែបំផ្លាញការលូតលាស់របស់ផ្សិត មានស្រមោច កណ្តៀរ ចង្រិត មេខ្មុល ជន្លេន ស្រមើល និងចៃក្នុងដី។
 ដើម្បីកំចាត់នូវសត្វល្អិតចង្រៃទាំងនេះ យើងត្រូវកាប់ដីហាលឲបានស្ងួតល្អមុនបណ្តុះ។
 បាចកំបោរសចំនួន១គីឡូក្រាមលើផ្ទៃដី ១០ម៉ែត្រក្រឡា និងថ្នាំហ្វ៊ុយរ៉ាដាន ចំនួន២០០ក្រាម(២ខាំ) លើផ្ទៃដី ១០ម៉ែត្រក្រឡា។

ក្រោយពីបណ្តុះផ្សិតចំបើង អស់រយៈពេលពី១០ទៅ១៥ថ្ងៃ យើងអាចចាប់ផ្តើមប្រមូលផលបានហើយ។

តើផ្សិតណាអាចដកបាន?
ផ្សិតចំបើងជាប្រភេទដំណាំរយៈពេលខ្លី តែមានការលូតលាស់លឿន ដូច្នេះយើងត្រូវសង្កេតមើលការលូតលាស់របស់ ផ្សិតជាប្រចាំ ដើម្បីប្រមូលផល។

 ផ្សិតចំបើងដែលអាចដកបាន មានទ្រង់ទ្រាយដូចរូបខាងក្រោមនេះ :
 ចាប់ពី២៤ម៉ោងក្រោយពីប្រមូលផលលើកទី១ ផ្សិតក៏ផ្តើមឲផលជាលើកទី២ ទៀតរីឯផលលើកទី២នេះ ក៏ទទួលបានប្រហាក់ប្រហែលគ្នានឹងលើកទី១ដែរ។
 ការប្រមូលផលផ្សិតចំបើង គឺត្រូវប្រព្រឹត្តទៅរៀងរាល់២៤ម៉ោងម្តង។

របៀបដកផ្សិតចំបើងនៅពេលដែលយើងសង្កេតឃើញថាផ្សិតល្មមដកបានហើយ យើងត្រូវពិនិត្យទៀតថាតើវាដុះជា គុម្ព ឬជាទោល។



បើផ្សិតដុះទោល
ប្រសិនជាទោល យើងចាប់មួលវាទៅមុខទៅក្រោយ ហើយមួលទៅមុខម្តងទៀតឲដាច់ ប៉ុន្តែធ្វើយ៉ាងណាកុំឲប៉ះពាល់ ដល់ផ្សិតឯទៀតដែលមិនទាន់ត្រូវដក។

បើផ្សិតដុះជាគុម្ព
ប្រសិនជាគុម្ព ត្រូវពិនិត្យថា ផ្សិតដែលត្រូវដកនោះមានចំនួនច្រើន ឬចំនួនតិច។

 បើចំនួនច្រើន ត្រូវយកកាំបិតធំមកចូកទាំងអស់
 បើតិចតួច យើងត្រូវយកកូនកាំបិតចិតផ្តាច់ចេញពីគុម្ព គឺយកតែផ្សិតណាធំៗ ប៉ុន្តែកុំឲប៉ះទង្គិច ឬបង្កស្នាម របួសដល់កូនផ្សិតតូចៗ ដែលនៅក្បែរព្រោះវាអាចបណ្តាលឲរលួយបាន។

ម្ហូបម្ហាពីផ្សិតចំបើង
យើងអាចយកផ្សិតចំបើង ទៅធ្វើជាម្ហូបដ៏មានឳជារសឆ្ងាញ់ពិសាជាច្រើនមុខ ដោយមិនបាច់ប្រើប៊ីចេងឡើយ។

0 មតិ:

Post a Comment