www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 29, 2012

ផ្នូរ​បុរាណ​ចំនួន ២ អាយុ​ជាង ៣ ពាន់​ឆ្នាំ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន​ត្រូវបានក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​-​បារាំងរកឃើញបន្ថែម




បាត់ដំបង: ក្រុម​អ្នកស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​-​បារាំង​មួយក្រុម បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ២ និង​មាន​វត្ថុ​បុរាណ​ជាច្រើន​ទៀត​មាន​អាយុកាល​ជាង ៣ ពាន់​ឆ្នាំ ខណៈដែល​ក្រុម​អ្នក​បុរាណវិទ្យា​ស្រាវជ្រាវ​នេះ​ចុះ​ធ្វើ​កំណាយ​កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។

​បេសកកម្ម​ស្រាវជ្រាវ​នេះ ដឹកនាំ​ដោយ​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​
​ ​
​លោក​ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានមានប្រសាសន៍ថា ក្រុម​ស្រាវជ្រាវ​បាន​រកឃើញ​ផ្នូរ​បុរាណ​ចំនួន ២ នៅ​ជិតៗ​គ្នា ហើយ​និង​យក​ឆ្អឹង​សព​បុរាណ​នេះ​​ទៅពិនិត្យ​ក្នុង​មន្ទីរពិសោធន៍​ឯ​ប្រទេស​បារាំង​។ ផ្នូរខ្មោច​បុរាណ​នេះ មាន​អាយុកាល​ជាង ៣.៣០០ ឆ្នាំ​មកហើយ។ តាមរយៈ​ការធ្វើ​កំណាយ​នៅ​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​នេះ គេ​បាន​ប្រទះឃើញ​មាន​វត្ថុ​បុរាណ​ជាច្រើន​មុខ​ទៀត​ដែល​នៅ​ជិត​ផ្នូរ​សព​បុរាណ​នេះ មាន ផ្តិល ប្រដាប់​ប្រើប្រាស់​ប្រចាំថ្ងៃ មានកាំបិត ពូថៅ​ធ្វើ​ពី​ថ្ម​រំលីង និង​ថ្ម​រឹង​។​

​លោក​ជុច ភឿង បាន​ប្រាប់ថា ក្រៅពីនេះ​នៅមាន​កំទេចកំទី​ឆ្អឹង​សត្វ​រមាស ជ្រូក ពពែ ក្តាន់ និង​ប្រើស ដែល​មនុស្ស​ជំនាន់​មុន​នោះ បរបាញ់​សត្វ​សម្រាប់​យកមក​ធ្វើជា​អាហារ​ប្រចាំថ្ងៃ​។​

​លោក​ជុច ភឿន បាន​បញ្ជាក់ថា តាមច្បាប់​កំណត់​តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ល្អាង​ស្ពាន​នេះ ហាម​មិន​ឲ្យ​មនុស្ស​ចូលទៅ​ធ្វើ​ការជីក​បំផ្លិច​បំផ្លាញ​កាប់​គាស់​ចាប់ពី​ចម្ងាយ ៣០០ ម៉ែត្រ​ទៅ ១.៣០០ ម៉ែត្រ។​
​ ​
​ចុងក្រោយ​លោក​ជុច ភឿន សង្ឃឹមថា តំបន់​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​នេះ នឹង​ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយនាថ្ងៃអនាគត ពីព្រោះ​ទីនេះ​មាន​ព្រៃភ្នំ ល្អាង​ធំ​ទូលាយ មាន​ផ្ទាំង​ថ្ម​តូច ធំ​បែប​ធម្ម​ជាតិ​សុទ្ធសាធ​តែម្តង​៕

0 មតិ:

Post a Comment