www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 26, 2012

ថៃ​ធ្វើ​សម​យុទ្ធ​យោធា​ជិត​ព្រំដែន​ខ្មែរ

នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា។ កងទ័ព​ប្រទេស​ទាំងពីរ​ក៏​មាន​ការ​ប្រាស្រ័យ​រាប់​អាន​រក​គ្នា​ជា​ធម្មតា។


ប្រទេស​ថៃ​នឹង​ធ្វើ​សម​យុទ្ធ​យោធា​បាញ់​គ្រាប់​កាំភ្លើង​ធន់​តូច ធន់​ធំ បាញ់​គ្រាប់​ពិត​ពេញ​មួយ​ថ្ងៃ នា​ថ្ងៃ​អាទិត្យ ទី​២៦ កុម្ភៈ ឆ្នាំ​២០១២ នៅ​ក្នុង​ខេត្ត​សុរិន្ទ ដែល​មាន​ចម្ងាយ​ប្រហែល ១០​គីឡូ​ម៉ែត្រ ពី​ព្រំដែន​ខេត្ត​ឧត្តរ​មាន​ជ័យ​ប្រទេស​កម្ពុជា។

លោក ពេជ្រ វណ្ណា ប្រធាន​ការិយាល័យ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ និង​ជា​នាយក​រង​ទី​ចាត់​ការ​ការងារ​ព្រំដែន​នៃ​អគ្គ​បញ្ជា​ការ​នៃ​ក្រសួង​ ការ​ពារ​ជាតិ។ លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១២ ថា ភាគី​ថៃ​បាន​ជូន​ដំណឹង​មក​កម្ពុជា​ថា សម​យុទ្ធ​ទាហាន​ហ្វឹក​ហាត់​ទ័ព​ថ្មី​របស់​ថៃ​នេះ និង​ចាប់​ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៤​ល្ងាច នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ ៖ «ការងារ ​ព្រំដែន​យើង​គឺ​យើង​បាន​ផ្សព្វ​ផ្សាយ​ទៅ​គ្រប់​តាម​អង្គភាព​ដែល​នៅ​តាម​ជួរ ​មុខ​អស់​ហើយ។ នេះ​ជា​ការ​ហ្វឹក​របស់​ថៃ ប៉ុន្តែ​យើង​អាច​ដឹង​ហើយ​តាំង​ពី​មុន​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន ទោះបី​វា​ហ្វឹកហាត់​មែន​ពិត​ក៏​ដោយ យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ខាង​យើង ការ​ប្រុងប្រយ័ត្ន​របស់​យើង បូរណភាព​ទឹក​ដី ទោះបី​ថៃ​មិន​ធ្វើ​សម​យុទ្ធ​ក៏​យើង​នៅ​តែ​ប្រុងប្រយ័ត្ន ព្រោះ​វា​ដូច​កាល​មួយ​ជំនាន់​កើត​មាន​ព្រឹត្តិការណ៍ ថៃ​មិន​ដែល​ប្រាប់​យើង​ទេ ជួន​កាល​វា​សម​យុទ្ធ​ចុះ​ឡើង​ៗ វា​អាច​បាញ់​មក​ធ្លាក់​លើ​ទឹក​ដី​យើង សម​យុទ្ធ​ប៉ុន្មាន​លើក​ថៃ​បាញ់​ធ្លាក់​មក​លើ​ទឹក​ដី​កម្ពុជា អ៊ីចឹង​យើង​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ដែរ​បញ្ហា​ហ្នឹង»។

កាល​ពី​ដើម​ឆ្នាំ​២០០៨ កន្លង​ទៅ កង​ទាហាន​ថៃ​បាន​ធ្វើ​សម​យុទ្ធ​នៅ​ក្នុង​ទឹក​ដី​នៃ​ខេត្ត​សុរិន្ទ​នេះ​ដែល ប៉ុន្តែ​ការ​ធ្វើ​សម​យុទ្ធ​បាញ់​គ្រាប់​ពិត​របស់​ប្រទេស​ថៃ នៅ​ពេល​នោះ បាន​បណ្ដាល​ឲ្យ​គ្រាប់​ផ្លោង​ធន់​ធំ ផ្លោង​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​ក្នុង​ខេត្ត​ឧត្តរ​មានជ័យ។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទើប​ថៃ ​ធ្វើ​ការ​សុំ​ទោស​កម្ពុជា។

លោក ពេជ្រ វណ្ណា បាន​អះអាង​ថា ថ្វីត្បិត​តែ​ស្ថានភាព​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ មាន​ភាព​ស្ងប់​ស្ងាត់ ក៏​ប៉ុន្តែ​កង​ទ័ព​កម្ពុជា​នៅ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​នៅ​គ្រប់​ចំណុច​គោល ​ដៅ​ទាំង​អស់ ៖ «អត់​មាន​អី​ទេ ស្ថាន​ភាព​កង​ទ័ព គឺ​ស្ងាត់​ស្ងៀម រក្សា​កម្លាំង​នៅ​មុខ​តិច​តូច​និង គឺ​សាមគ្គី​គ្នា ចេញ​ចូល​រាប់​អាន​ចាប់​ដៃ​គ្នា​ធម្មតា អត់​មាន​បញ្ហា​អី​កើត​ឡើង​ទេ ទំនាក់​ទំនង​គ្នា​បាន​ល្អ ឥឡូវ​សហការ​តាម​អនុសាសន៍​របស់​សម្ដេច គឺ ទាហាន​យើង​នៅ​ម្ដុំ​ណា គឺ​យើង​សហការ​ទំនាក់ទំនង​នៅ​ម្តុំ​ហ្នឹង យើង​មិន​អាច​បង្ក​ហេតុ​បង្ក​រឿង​ដល់​គេ​ទេ ប៉ុន្តែ​បើ​គេ​មក​លើ​យើង​ត្រូវ​តែ​ទប់​ស្កាត់»។

ថ្មីៗនេះ កម្ពុជា-ថៃ បាន​ជួប​ប្រជុំ​គ្នា​ពិភាក្សា​លើ​កិច្ច​ការងារ​ព្រំដែន​រវាង​ប្រទេស​ទាំង​ ពីរ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ នៅ​ក្នុង​ជំនួប​រយៈ​ពេល​ពីរ​ថ្ងៃ ភាគី​ទាំង​ពីរ​កម្ពុជា-ថៃ និង​មាន​ការ​ជជែក​គ្នា​លើ​កិច្ច​ការ​ងារ​ព្រំដែន ដែល​បាន​ជាប់​គាំង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លេង​មក​នេះ។

កម្ពុជា-ថៃ ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ ក្រោយ​ពី​ជម្លោះ​រឿង​ប្រាសាទ​ព្រះវិហារ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​អាវុធ​ ជា​ច្រើន​លើក​ច្រើន​សារ​នៅ​តំបន់​ព្រំដែន បណ្ដាល​ឲ្យ​កង​ទ័ព​ប្រទេស​ទាំង​ពីរ​ស្លាប់ និង​របួស​រៀង​ៗ​ខ្លួន។ អង្គការ​យូនីស្គូ​បាន​សម្របសម្រួល​ដាក់​ប្រាសាទ​ព្រះវិហារ​ចូល​ជា​សម្បត្តិ​ បេតិកភណ្ឌ​ពិភពលោក កាល​ពី​ចុង​ឆ្នាំ​២០០៨។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​ថៃ កើត​មាន​សភាព​ការ​តាន​តឹង​ខាង​ផ្នែក​យោធា​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​ដូច​ជា​ការ​ដាក់​ពង្រាយ​កងទ័ព​ការ​ពារ​នៅ​តាម​ព្រំដែន រហូត​មាន​ការ​ផ្ទុះ​អាវុធ​តូច​ធំ​ជា​ច្រើន​លើក​ច្រើន​សារ។ ក្រោយ​មក​ប្រទេស​ទាំង​ពីរ​បាន​ចាប់​ផ្ដើម​បង្ហាញ​គ្រឿង​សព្វាវុធ​ទំនើប​ដាក់ ​គ្នា​រៀងៗ​ខ្លួន តាម​រយៈ​ការ​ធ្វើ​សម​យុទ្ធ​យោធា៕


កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

ប្រភពពី៖ RFA

0 មតិ:

Post a Comment