www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​រក​ដៃ​គូ​ដេញ​ថ្លៃ​ ឲ្យ​ទៅ​សម្អាត​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​ អូឡាំពិក


 ក្នុង​គោល​បំណង​កែប្រែ​មុខ​មាត់ ផ្នែក​សណ្តាប់​ធ្នាប់​អនាម័យ នៅ​ក្នុង​បរិវេណ​ពហុកីឡ​ដ្ឋាន​ជាតិ​ អូឡាំ​ពិក ឲ្យ​កាន់​តែ​មាន​សោភ័ណភាព​ល្អ​ប្រសើរ​ ក្រសួង​អប់រំ យុវជន និង​កីឡា កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣០ ខែ​មករា កន្លង​មក​ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ ស្តី​អំពី​ការ​ធ្វើ​សេវាកម្ម​សម្អាត និង​អនាម័យ នៅ​ក្នុង​បរិវេណ ពហុ​កីឡ​ដ្ឋាន​ជាតិ​មួយ​នេះ។
នៅ​ក្នុង​លិខិត​លេខ ៣៧៨ អ.យ.ក.សជណ ចុះ​ហត្ថលេខា​ដោយ​លោក អ៊ឹម សិទ្ធី រដ្ឋ​មន្រ្តី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ជម្រាប​ជូន​ដំណឹង​ ដល់​ប្រជា​ពលរដ្ឋ​ទាំង​ពីរ​ភេទ​ឲ្យ​បាន​ជ្រាប​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ដាក់​ឲ្យ​ដេញ​ថ្លៃ​ ជា​សាធារណៈ​នូវ​សេវាកម្ម​សម្អាត និង​អនាម័យ ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សម្រាប់​រយៈ​ពេល​៥​ឆ្នាំ គឺ​ចាប់​ពី​ថ្ងៃ​ទី១ ​ខែ​មីនា​ ឆ្នាំ​២០១២ ដល់​ថ្ងៃ​ទី​២៨ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។
សេចក្តី​ប្រកាស​នេះ មាន​ខ្លឹ​សារ​បន្ត​ទៀត​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ឯក​សារ សម្រាប់​ប្រជា​ពល​រដ្ឋ​ទាំង​ពីរ​ភេទ ដែល​មាន​បំណង​ចូល​រួម​ដេញ​ថ្លៃ​ជា​សាធារណៈ មាន​ដាក់​លក់​នៅ​ការិយាល័យ​ហិរញ្ញវត្ថុ ផ្នែក​យុវជន និង​កីឡា នាយក​ដ្ឋាន​ហិរញ្ញវត្ថុ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​អាសយ​ដ្ឋាន ឡូត៍​លេខ​៨០ មហា​វិថី​ព្រះនរោត្តម សង្កាត់​ជ័យជម្នះ ខណ្ឌ​ដូន​ពេញ ចាប់​ពី​ថ្ងៃ​ទី​៣០ ខែ​មករា​ ឆ្នាំ​២០១២​ តទៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ។
ចំណែក ឯកសារ​ដេញ​ថ្លៃ ដែល​បាន​បំពេញ​រួច​ហើយ ត្រូវ​ប្រគល់​ជូន​ការិយាល័យ​ហិរញ្ញវត្ថុ ផ្នែក​យុវជន និង​កីឡា នាយក​ដ្ឋាន​ហិរញ្ញវត្ថុ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា យ៉ាង​យូរ​ត្រឹមថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ឆ្នាំ​២០១២ វេលា​ម៉ោង​១៧:០០ ហើយ​ការ​ដេញ​ថ្លៃ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សាល​ប្រជុំ​អគ្គ​នាយកដ្ឋាន​កីឡា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នា​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ វេលា​ម៉ោង ៨:៣០​ព្រឹក។
លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ កាយ និង​កីឡា បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា នេះ​ជា​លើក​ទី​១ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ នាយកដ្ឋាន​ហិរញ្ញវត្ថុ រៀបចំ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ជា​សាធារណៈ​នេះ​ឡើង។
លោក​បាន​គូស​បង្ហាញ​ថា​៖«ក្រសួង​អប់រំ យុវជន និង​កីឡា មិន​ដែល​មាន​ការ​រៀបចំ​ឲ្យ​ដេញ​ថ្លៃ​បែប​នេះ​ពី​មុន​មក​ទេ​។ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក ក្រុមហ៊ុន ហោយាន ជា​អ្នក​សម្អាត និង​ជា​អ្នក​ប្រមូល​ថវិកា ពី​បង​ប្អូន​ដែល​ចូល​មក​លក់​ដូរ​បន្តិច​បន្តួច​នៅ​ទី​នេះ ហើយ​ថវិកា​ដែល​ប្រមូល​បាន ក្រុមហ៊ុន​បាន​យក​ទៅ​ផ្គត់ផ្គង ដល់​បុគ្គលិក​របស់​ក្រុម​ហ៊ុន រីឯរដ្ឋ​អត់​បាន​ទទួល​ថវិកា​អ្វីពី​ក្រុម​ហ៊ុន​នោះ​ទេ ហេតុ​នេះ កាល​ដែល​ក្រសួង​រៀបចំ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​បែប​នេះ គឺ​ដើម្បី​ប្រមូល​ថវិកា​ចូល​រដ្ឋ​បាន​ខ្លះ ទៅ​តាម​តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​របស់​អ្នក​ចូល​រួម​ដេញ​ថ្លៃ»៕


ប្រភព៖​ ភ្នំពេញបុស្តិ៍

0 មតិ:

Post a Comment