www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 1, 2012

ឱក សុគន្ធកញ្ញា ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​ ដើម្បី​កំចាត់​គ្រឿង​ញៀន​ របស់​យុវជន


បន្ទាប់​ពី​បាន​ទទួល​មុខងារ​ជា ឯក​អគ្គរដ្ឋទូត​សុច្ឆន្ទៈ អាហ្វីស៊ីប កម្ពុជា ដើម្បី​បំបាត់​អំពើ​ជួញ​ដូរ​កុមារ អស់​ជាង​១​ឆ្នាំ​មក តារា​ចម្រៀង​ប្រចាំ​ ផលិតកម្ម​ហង្សមាស ឱក សុគន្ធ​កញ្ញា ក៏​បាន​ទទួល​ការ​គាំទ្រ​ ពី​សំណាក់​យុវជន​ខ្មែរ ឲ្យ​ក្លាយ​ជា​ ឯក​អគ្គ​រដ្ឋទូត​សុច្ឆន្ទៈ ផ្នែក​កំចាត់​គ្រឿង​ញៀន​របស់​យុវជន កាល​ពី​រសៀល​ ថ្ងៃ​អាទិត្យ។
សំឡេង​ស្រែក​ហ៊ោ​គាំទ្រ កង​រំពង​លាន់​ឮ​ចេញ​ពី​ សាល​មហោស្រព​ចតុមុខ ក្នុង​ពេល​ដែល​លេច​ វត្តមាន​របស់​អ្នក​ចម្រៀង ឱក សុគន្ធ​កញ្ញា ឡើង​មក​លើក​ទឹក​ចិត្ត និង​ផ្តល់​អនុសាសន៍​ ដល់​យុវជន​ខ្មែរ​រាប់​រយ​នាក់ នៅ​ក្នុង​វគ្គ​សិក្ខាសាលា «ឱកាស​ថ្ងៃ​ស្អែក» របស់​មូលនិធិ​ឧត្តុង្គ ដើម្បី​ពង្រឹង​សមត្ថភាព និង​ភាព​ជា​អ្នក​ដឹក​នាំ​ យុវជន​ខ្មែរ។
ក្នុង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែ រ​យ៉ាង​សុភាព​រាបសា ​កញ្ញា​​បាន​ថ្លែង​លើក​ទឹក​ចិត្ត​ យុវជន​ខ្មែរ​ថា៖ «បើ​សិន​ជា​យុវវ័យ​ទាំង​អស់​គ្នា​ មាន​គោលដៅ​ថា នឹង​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​សម្រេច សូម​ឲ្យ​ខិតខំ​ប្រឹង​ប្រែង​ទាំង​អស់​គ្នា ជា​ពិសេស​ខ្ញុំ​ចង់​ប្រាប់​ថា គ្មាន​អ្វី​មួយ​ដែល​គ្មាន​ឧបសគ្គ​ទេ ហើយ​អ្វី​ដែល​យើង​កាន់​តែ​ចង់​បាន ឧបសគ្គ​គឺ​កាន់​តែ​ច្រើន ដូច្នេះ​យើង​មិន​ត្រូវ​ចុះ​ចាញ់ ហើយ​បើ​សិន​ជា​យើង​ខុស ​ត្រូវ​ចេះ​ទទួល​កំហុស នឹង​កសាង​ខ្លួន​ឡើង​ឲ្យ​បាន​ល្អ យើង​ត្រូវ​ប្រឹង​ប្រែង​ឈាន​ទៅ​មុខ ក្រោក​ឈរ​ដើម្បី​មាន​ឱកាស​នៅ​ថ្ងៃ​ស្អែក»។
កញ្ញា​បាន​បន្ត​ថា៖ «អ៊ីចឹង​នៅ​ថ្ងៃ​នេះ នាង​ខ្ញុំ​បាន​មក​ឈរ​កន្លែង​នេះ នាង​ខ្ញុំ​មាន​កិត្តិយស​ណាស់ ដែល​យុវវ័យ​ទាំង​អស់​គ្នា​មាន​សម្រាប់​ខ្ញុំ នាង​ខ្ញុំ​ចង់​ប្រាប់​ថា ភាព​ជោគជ័យ​ថ្ងៃ​នេះ ក៏​មាន​ឆ្លង​កាត់​ឧបសគ្គ​ដ៏​ច្រើន ដែល​នាង​ខ្ញុំ​ដួល​ហើយ​ដួល​ទៀត នៅ​តែ​ខំ​ប្រឹង​ក្រោក​ឈរ​ឡើង​ដើម្បី​ថ្ងៃ​មុខ»។
តារា​ចម្រៀង​រូប​នេះ​បាន​បន្ថែម​ថា៖ «បើ​សិន​ជា​គ្មាន​កម្លាំង​ចិត្ត​ពី​អ្នក​ណា​ទាំង​អស់ ក៏​សូម​គិត​ថា​នៅ​មាន ឱក សុគន្ធ​កញ្ញា ម្នាក់​ចាំ​ច្រៀង​លួង​លោម។ នាង​ខ្ញុំ​ចង់​និយាយ​ថា អ្វី​ផ្សេង​នាង​ខ្ញុំ​ប្រហែល​ជា​មិន​សូវ​ដឹង មិន​សូវ​ពូកែ​ទេ ប៉ុន្តែ​បើ​សិន​ជា​រឿង​ច្រៀង លួង​លោម​បំពេរ ប្រហែល​នាង​ខ្ញុំ​ពូកែ»។
សំឡេង​គាំទ្រ​បាន​លាន់​ឮ​សាជា​ថ្មី​ទៀត ខណៈ​ដែល លោក ផៃ​ ស៊ីផាន រដ្ឋ​លេខាធិការ និង​អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ព្រម​ទាំង​ជា​អនុប្រធាន មូលនិធិ​ឧត្តុង្គ ​បាន​បង្ហើប​ថា៖ «កញ្ញា​ បាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ជា​អគ្គ​រដ្ឋទូត​សុច្ឆន្ទៈ ដើម្បី​កំចាត់​គ្រឿង​ញៀន ជាមួយ​យុវជន​កម្ពុជា​ចាប់​ពី​ថ្ងៃ​នេះ​ទៅ»។
​លោក​បាន​ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្ខា​សាលា​ថា៖ «យើង​មិន​ទាន់​បាន​តែង​តាំង​នាង​ឱក សុគន្ធ​កញ្ញា ជា​ផ្លូវ​ការ​ទេ ប៉ុន្តែ​សិស្ស​ទាំង​៦០០​នាក់ បាន​សម្រេច​គ្នា ជា​ឯកច្ឆន្ទៈ ចង់​លើក​ឲ្យ​នាង​ធ្វើ​ជា​ឯកអគ្គ​រដ្ឋ​ទូត​សុច្ឆន្ទៈ​ដើម្បី​កំចាត់​គ្រឿង​ ញៀន របស់​យុវជន​កម្ពុជា ដូច្នេះ​ខ្ញុំ​នឹង​រៀបចំ​ក្រដាស​ស្នាម​ជា​ផ្លូវ​ការមួយ ហើយ​ស្នើ​ទៅ​រដ្ឋាភិបាល​ដើម្បី​តែង​តាំង​នាង ទៅ​តាម​ឆន្ទៈ របស់​យុវជន»។
លោក ផៃ​ ស៊ី​ផាន ក៏​បាន​លើក​ឡើង​ពី​លក្ខណៈ​សម្បត្តិ ដែល​ធ្វើ​ឲ្យ​តារា​ចម្រៀង​ ឱក ​សុគន្ធកញ្ញា ស័ក្តិ​សម នឹង​ទទួល​ការ​តែង​តាំង​នេះ​ផង​ដែរ។
លោក​បាន​លើក​មូលហេតុ​យ៉ាង​ដូច្នេះ​ថា៖ «ទីមួយ​គឺ នាង​គ្មាន​រឿង​អាស្រូវ​ណាមួយ​ក្នុង​ជីវិត​ឯកជន ដែល​តំណាង​ឲ្យ​សីលធម៌​ល្អ សម្រាប់​យុវជន ទី២ គឺ​នាង​បាន​បង្ហាញ​ពី​ការ​ពិសោធន៍​ផ្ទាល់​ខ្លួន ដែល​ទំរាំ​ទទួល​បាន​ជោគជ័យ​មក​ដល់​ថ្ងៃ​នេះ ក៏​មិន​មែន​មិន​ធ្លាប់​បរាជ័យ​នោះ​ដែរ ហើយ​តាម​រយៈ​បទ​ចម្រៀង​«ក្រោក​ឈរ» របស់​នាង ក៏​បាន​បង្ហាញ​នូវ​ឥរិយាបថ​ក្លាហាន ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​យុវជន​ខ្មែរ ហើយ ជា​ពិសេស គឺ​នាង​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​យុវជន​ខ្មែរ​បច្ចុប្បន្ន»។
លោក​បាន​បន្ថែម​ថា៖ «យើង​ឃើញ​មាន​ភាព​វិជ្ជមាន​ច្រើន ចំពោះ​អ្វី​ដែល​ជា​លក្ខណៈ​សម្បត្តិ​របស់​កញ្ញា។ តាម​បទ​ពិសោធ​ខ្ញុំ​ផ្ទាល់ ដែល​ធ្លាប់​រស់​នៅ​អាមេរិក ក្នុង​សង្គម​អាមេរិក គេ​តែង​លើក​អ្នក​សិល្បៈ​មាន​ឆន្ទៈ​ធ្វើ​ជា​គម្រូ​យុវជន ហើយ​ទទួល​បាន​ជោគជ័យ ទើប​យើង​គិត​ថា ការ​តែង​តាំង​សិល្បករ​មាន​លក្ខណៈ​សម្បត្តិ​ល្អ និង​ឆន្ទៈ​អាច​នឹង​អូស​ទាញ​យុវជន ឲ្យ​ដើរ​ផ្លូវ​ល្អ ចៀស​ឆ្ងាយ​ពី​គ្រឿង​ញៀន​បាន»៕

ប្រភព៖​ ភ្នំពេញបុស្តិ៍

0 មតិ:

Post a Comment