www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 20, 2012

គ្រួសារទេសចរណ៍ប្រកបដោយសុឆន្ទ:


ភ្នំពេញៈ គូ​ស្វាមី​ភរិយា​នៃ​ក្រុម​គ្រួសារ​សញ្ជាតិ​បារាំង ដែល​មាន​កូន​ប្រុស​ស្រី​បួន​នាក់ បាន​សម្រេច​ចិត្ត​ដាក់​ទុន​ជីវិត​នៅ​ក្នុង​ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភព​លោក ​តាម​រយៈ​ការ​យក​រថយន្ត Ford Transit ​មក​ធ្វើ​ជា​ទីជម្រក​នា​ពេល​ធ្វើ​ដំណើរ​។

ក្រុម​គ្រួសារ​នេះ​បាន​ចេញ​ដំណើរ​ពី​ប្រទេស​កំណើត​ខ្លួន​កាល​ពី​ខែ​កក្កដា ហើយ​បាន​ឆ្លង​កាត់​ប្រទេស​មួយ​ចំនួន​ដូច​ជា ស្វ៊ីស អាល្លឺម៉ង់ អូទ្រីស ហុងគ្រី រូម៉ានី ស្លូវ៉ាគី ប៊ុលហ្គារី តួកគី អ៊ីរ៉ង់ ឥណ្ឌា ថៃ និងឡាវ ខណៈ​ពេល​នេះ​ពួក​គេ​កំពុង​តែ​មាន​វត្តមាន​នៅ​លើ​ទឹក​ដី​កម្ពុជា​យើង​។

លោក ហ្សង់ ហ្វីលីព ជា​ស្វាមី មាន​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ថា៖ «​កាល​ពី​នៅ​ឯ​ទីក្រុង​ប៉ារីស​ ខ្ញុំ​តែង​ក្រោក​ពី​ព្រលឹម​ទៅ​ធ្វើ​ការ​រហូត​ដល់​ពេល​យប់​ជ្រៅ ដូច្នេះ​ខ្ញុំ​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ថែទាំ​កូន​ប្រុស​ស្រី ខ្ញុំ​ឡើយ​។ ​ខ្ញុំ​មាន​អារម្មណ៏​ថា ហាក់​ដូច​ជា​ធុញ​ថប់​ជាមួយ​នឹង​ជីវិត​ដែល​រស់​នៅ​ដាច់​ដោយ​ឡែក​បែប​នេះ ណាស់។ យើង​ក៏​មាន​បំណង​ចង់​ជួយ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ណា​មួយ ហើយ​យើង​ក៏​មាន​បំណង​ចង់​ធ្វើ​អ្វី​មួយ​ល្អ​សម្រាប់​ជួយ​ដល់​ពិភពលោក​ដែរ​។ ស្រប​គ្នា​នេះ​ដែរ យើង​ក៏​ចង់​ឃើញ​ពី​ដំណើរ​ជីវិត​សាសនិក​កាតូលិក នៅ​លើ​ពិភពលោក​ទាំង​មូល​រស់​នៅ​ និង​គោរព​ប្រណិប័តន៍​យ៉ាង​ដូច​ម្តេច​? ទាំង​អស់​នេះ​គឺជា​គោល​បំណង​នៃ​ដំណើរ​ផ្សង​ព្រេង​របស់​យើង»។

បច្ចុប្បន្ន​នេះ​លោក និង​ភរិយា អានណា ហ្គាលី វ័យ​៣៧​ឆ្នាំ រួម​ជាមួយ​កូន​ប្រុស​ស្រី​ទាំង​បួន​មាន ម៉ាហ្គូស​(​៩​ឆ្នាំ) វីចទ័រ និង កាពូស៊ីន (៧​ឆ្នាំ​) និង​ម៉ារីន​(៣​ឆ្នាំ) អាច​នៅ​ជួប​ជុំ​គ្នា​រៀង​រាល់​ថ្ងៃ​ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​គេ​បាន​ប៉ង ហើយ​ដែរ។ តែ​បញ្ហា​ដែល​ចោទ​សម្រាប់​គ្រួសារ​គេ​នា​ពេល​នេះ​គឺ កូន​ទាំង​បី​ត្រូវ​ចូល​សាលា​។ ដូច្នេះ​បាន​ជា​ពួក​គេ​ទាំង​បី​នោះ​ត្រូវ​រៀន​នៅ​តាម​ដំណើរ​ផ្សង​ព្រេង​ នេះ ដោយ​លោក ហ្វីលីព និង​ភរិយា​គាត់​ដើរ​តួ​ជា​គ្រូ​បង្រៀន​ផ្ទាល់​តែ​ម្តង។

លោក ហ្វីលីព បន្ត​ថា៖​ «នៅ​បារាំង គេ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀនសូត្រ​នៅ​ឆ្ងាយ​ពី​សាលា​បែប​នេះ​បាន​។ ​ជា​រៀង​រាល់​ព្រឹក​នៅ​ម៉ោង​៩​ដល់​១២ ជា​ពេល​រៀនសូត្រ​របស់​ពួក​គេ។ ពួក​គេ​មាន​មេ​រៀន​ជា​ប្រចាំ និង​កិច្ចការ​សាលា​ដែល​ត្រូវ​ធ្វើ​។ ​ពេល​ពួក​គេ​ធ្វើ​កិច្ច​ទាំង​នោះ​រួច យើង​បាន​បញ្ជូន​វា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​ឲ្យ​គ្រូ​នៅ​ឯ​បារាំង​ដើម្បី ​កែ​កិច្ចការ​ទាំង​នោះ​ ហើយ​គ្រូ​ក៏​ផ្ញើ​វា​ត្រឡប់​មក​វិញ​ទៀត​ផង»។

ក្រុម​គ្រួសារ​របស់​លោក ហ្វីលីព បាន​មក​ដល់​កម្ពុជា​បន្ទាប់​ពី​ឆ្លង​កាត់​ឡាវ​ នៅ​ថ្ងៃ​ទី ​២១ ខែ​មករា ​ឆ្នាំ​២០១២ ហើយ​ពួក​គេ​មាន​គម្រោង​ស្នាក់​នៅ​ទី​នេះ​រយៈ​ពេល​មួយ​ខែ​។ គួរ​បញ្ជាក់​ថា ខណៈ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ព្រំ​ដែន​នោះ ក៏​ត្រូវ​ជួប​ប្រទះ​នឹង​ទង្វើ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​មួយ​ក្រុម​ប៉ូលិស អន្តោ​ប្រវេសន៍​សម្រាប់​ការ​ពិនិត្យ​លិខិត​ទិដ្ឋាការ​ពួក​គេ​ដែរ​។

ហ្វីលីព និយាយ​ថា៖ «​វា​ជា​លើក​ដំបូង​ដែល​ពួក​គេ​ជួប​ហេតុការណ៍​នៅ​កម្ពុជា​។ ក្រុម​ប៉ូលិស​អន្តោ​ប្រវេសន៍​បាន​សួរ​រក​ប្រាក់​បង់​ថ្លៃ​ទិដ្ឋាការ​នៃ សមាជិក​ក្រុម​គ្រួសារ​ទាំង​៦​។ ពួក​គេ​ទារ​ប្រាក់​ពួក​យើង​ជិត​២០០​ដុល្លារ​អាមេរិក។ តែ​យើង​ត្រូវ​ចំណាយ​ត្រឹម​៤០​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​»។

ក្រុម​គ្រួសារ​នេះ​បាន​ធ្វើ​ដំណើរ​ចេញ​ពី​ឡាវ​តាម​ខេត្ត​ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ធំ សៀមរាប ដើម្បី​នាំ​យក​នូវ​សម្ភារ​សិក្សា​មួយ​ចំនួន​ពី​បារាំង​ផ្តល់​ទៅ​ឲ្យ​អង្គការ​មិន​យក​ប្រាក់​ចំណេញ​មួយ​ L'ecole du Bayon នៅ​សៀមរាប​។ បន្ទាប់​មក​ពួក​គេ​បន្ត​ដំណើរ​មក​ភ្នំពេញ​ដោយ​ឆ្លង​កាត់​ខេត្ត​បន្ទាយ​ មានជ័យ​ និង​ខេត្ត​បាត់ដំបង។

ហ្វីលីព បន្ត​ថា៖ «​យើង​បាន​សម្រេច​ចិត្ត​ជ្រើសរើស​ប្រទេស​ជា​ច្រើន​ដែល​ត្រូវ​ឆ្លង​កាត់​។ ដំបូង​យើង​ត្រូវ​គិត​ពី​បញ្ហា​អាកាសធាតុ គឺ​យើង​មិន​ត្រូវ​ចេញ​ដំណើរ​នៅ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់​ខ្លាំង ឬ ក្តៅ​ខ្លាំង​ឡើយ។ ដូច្នេះ​បញ្ហា​អាកាស​ធាតុ​ជា​កត្តា​ចម្បង​សម្រាប់​ដំណើរ​របស់​យើង»។

ហ្វីលីព បន្ថែម​ថា៖ «​ពេល​យើង​ឆ្លង​កាត់​ព្រំដែន​កម្ពុជា យើង​មិន​បាន​ដឹង​ពី​ប្រព័ន្ធ​នៃ​ការ​ធ្វើ​ចរាចរណ៍​ប្រកាន់​ស្តាំ ឬ ឆ្វេង​នោះ​ទេ​។ យើង​គ្រាន់​តែ​បើក​បរ​នៅ​កណ្តាល​ទ្រូង​ថ្នល់​ ឆ្ងាយ​២​គីឡូម៉ែត្រ​ពី​គេ​។ យើង​បាន​ឃើញ​រថយន្ត​មួយ​បើកបរ​នៅ​ខាង​ឆ្វេង​យើង​ទើប​បាន​យើង​យល់​ថា ត្រូវ​ចរាចរ​បែប​ណា»។

ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភព​លោក​របស់​គ្រួសារ​ហ្វីលីព ត្រូវ​ចំណាយ​ប្រាក់​២​ពាន់​អឺរ៉ូ​ក្នុង​មួយ​ខែ​លើ​ការ​ចាយ​វាយ សាំង​រថយន្ត ម្ហូប​អាហារ និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ។ តែ​លោក​ក៏​ត្រូវ​ចំណាយ​ប្រាក់​ទ្វេ​ដង​ដែរ ចំពោះ​ការ​ធ្វើ​ដំណើរ​លើ​ប្រទេស​ណា​មួយ​តាម​ចរាចរណ៍​ផ្លូវ​ទឹក​។ ជាក់ស្តែង​ការ​ធ្វើ​ដំណើរ​ចេញ​ពី​ឥណ្ឌា​ទៅ​កាន់​ថៃ គឺ​លោក​ចំណាយ​ប្រាក់​ជិត​៥​ពាន់​ដុល្លារ​អាមេរិក​ឯ​ណោះ​។ ឥឡូវ​ក្រុម​គ្រួសារ​នេះ​កំពុង​តែ​យក​រថយន្ត​ទៅ​ពិនិត្យ​ប្រព័ន្ធ​ម៉ាស៊ីន នៅ​ឯ​យាន្តដ្ឋាន​ក្រុមហ៊ុន​រថយន្ត​ Ford នៅ​ភ្នំពេញ​។

នៅ​ថ្ងៃ​ទី ២១ ខែ​កុម្ភៈ​នេះ​គ្រួសារ​លោក​ហ្វីលីព នឹង​ចាក​ចេញ​ពី​កម្ពុជា​ឆ្ពោះ​ទៅ​វៀតណាម ហើយ​ត្រឡប់​មក​ឡាវ និង​ថៃ​វិញ មុន​នឹង​បន្ត​ទៅ​ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អូស្រ្តាលី នូវែល​សេឡង់ ប៉េរូ ស៊ីលី អាហ្សង់​ទីន បូលីវី ប្រេស៊ីល កូឡុំប៊ី វេណេស៊ុយអេឡា ម៉ិកស៊ិក កាណាដា កូស្តារីកា នីហ្គារ៉ាហ្គាយ បែលហ្ស៊ិក ទើប​វិល​ទៅ​ទឹក​ដី​កំណើត​បារាំង​វិញ។ លោក​ថ្លែង​ថា៖ «​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ពេល​ត្រូវ​បន្ត​ដំណើរ​ទៅ​វៀតណាម​ព្រោះ​វា​ជា ទឹក​ដី​កំណើត​នៃ​ក្រុម​សាច់​ញាតិ​របស់​គ្រួសារ​ខ្ញុំ»។

ដំណើរ​ផ្សង​ព្រេង​ជុំវិញ​ពិភពលោក​របស់​គ្រួសារ​លោក​ហ្វីលីព ត្រូវ​ប្រើ​ពេល​ប្រហែល​ជា​២​ឆ្នាំ និង​​ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​១៥ ម៉ឺន​អឺរ៉ូ។ រាល់​សកម្មភាព​នៃ​ការ​ធ្វើ​ដំណើរ​លោក​តែង​តែ​បន្សល់​ទុក​នូវ​ព័ត៌​មាន​ទាំង ឡាយ​ក្នុង​គេហទំព័រ​http://www.breakaroundtheworld.com/ ៕

0 មតិ:

Post a Comment