www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 20, 2012

​អាជ្ញាធរ​ខ្មែរ​គិតយ៉ាងណាចំពោះការសាថវត្ត​លើ​ដី​ទី​សក្ការ​របស់​ព្នង​


ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០​គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី បាន​តវ៉ា​ចំពោះអារាម​ព្រះ​ពុទ្ធ​សាសនា​មួយ​កន្លែង​កំពុង​សាង​សង់​បំពាន​ទៅ​លើ​ទី​សក្ការ​អ្នក​ភូមិ​ច្រើន​ជំនាន់​មក​ហើយ។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ ពូ តាង ឃុំ​ពូជ្រី ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​អំពាវនាវ​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​សកម្មភាព​សាង​សង់​វត្ត​អារាម​ព្រះ​ពុទ្ធ​សាសនា​មួយ​កន្លែង ដែល​បាន​បំពាន​ទៅ​លើ​សិទ្ធិ​រស់​នៅ​ទាក់​ទិន​ជំនឿ​ប្រពៃណី និង​វប្បធម៌​ជន​ជាតិ​ដើម​ភាគ​តិច។

តំណាង​សហគមន៍​ភូមិ​ពូតាង គឺ​លោក ទាវ ក្រាក់។ លោក​បាន​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​ឃុំ​បាន​យក​ដី​តំបន់​អ្នក​ភូមិ​ទុក​ជា​ទី​តាំង​គោរព​បូជា​ច្រើន​ជំនាន់ មាន​ខ្ទម​អ្នក​តា និង​ព្រៃ​ឈើ​ទំហំ​មួយ​ហិកតារ នៅ​ក្នុង​ភូមិ​ប្រគល់​ឲ្យ​សាង​សង់​វត្ត​គ្មាន​ការ​ឯកភាព​ក្នុង​សហគមន៍។ លោក​បន្ត​ថា សហគមន៍​បាន​យល់​ព្រម​ផ្ដល់​ដី​នៅ​ទី​តាំង​ផ្សេង​ក្នុង​ភូមិ ដើម្បី​សាង​សង់​វត្ត​ចៀស​វាង​បំពាន​ទៅ​លើ​ទី​គោរព​បូជា​របស់​អ្នក​ភូមិ ក៏​ប៉ុន្តែ​សំណើ​សុំ​របស់​សហគមន៍​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ឡើយ ៖ “ខ្ញុំ​ចង់​ឲ្យ​ភូមិ​ឲ្យ​ឃុំ​ៗ គេ​មិន​ទទួល​ទេ ក្រដាស​តវ៉ា​របស់​ពួក​ខ្ញុំ​ហ្នឹង។ ពួក​ខ្ញុំ​ថា​ពួក​ហ្នឹង​រំលោភ​បំពាន​ទី​កន្លែង​សាសនា​របស់​ពួក​ខ្ញុំ ធ្វើ​ជាន់​ផ្ទះ​ខ្ទម​សាសនា​របស់​ពួក​ខ្ញុំ​តែ​ម្ដង​ឥឡូវ​ហ្នឹង”។

អារាម​ព្រះ​ពុទ្ធ​សាសនា​ដែល​គេ​កំពុង​សាង​សង់​មាន​ឈ្មោះ​ថា វត្ត​អូរ​ធែល តេជោ​មាន​ជ័យ ចាប់​សាង​សង់​នៅ​ចុង​ឆ្នាំ​២០១១ បច្ចុប្បន្ន​មាន​កុដិ​មួយ​ខ្នង ទំហំ ២០​ម៉ែត្រ​ក្រឡា មាន​ព្រះ​សង្ឃ​បួន​អង្គ និង​កំពុង​ចាប់​ផ្ដើម​សាង​សង់​សាលា​ឆាន់​មួយ​ខ្នង​បន្ថែម​ទៀត។

ប្រធាន​គណៈកម្មការ​អាចារ្យ​វត្ត គឺ​លោក តា ទូច មាន​ប្រសាសន៍​បញ្ជាក់​ថា ដី​ដែល​កំពុង​សាង​សង់​វត្ត​មាន​ទំហំ​ប្រមាណ​ជាង​កន្លះ​ហិកតារ គឺ​ជា​ដី​ដែល​អាជ្ញាធរ​ភូមិ​ឃុំ​បាន​វាស់​វែង​ប្រគល់​ជូន​គណៈកម្មការ​វត្ត​សាង​សង់​វត្ត​នៅ​តំបន់​នោះ និង​ជា​ដី​វាល​នៅ​ជាប់​នឹង​ខ្ទម​អ្នក​តា និង​ព្រៃ​ឈើ​ក្រុម​សហគមន៍​គោរព​បូជា។ ចំណែក​ទីតាំង​ផ្សេង​ដែល​ក្រុម​សហគមន៍​បាន​ឲ្យ​សម្រាប់​សាង​សង់​វត្ត​មិន​អំណោយ​ផល​សម្រាប់​សាង​សង់​វត្ត​អារាម និង​មិន​អាច​ព្រះ​សង្ឃ​គង់​នៅ​បាន។

លោក​បន្ត​ថា ដី​មួយ​ចំណែក​នៃ​ទី​សក្ការ​ប្រពៃណី​របស់​អ្នក​ភូមិ ជា​ពិសេស​ខ្ទម​អ្នក​តា និង​ព្រៃ​ឈើ​នៅ​ជុំវិញ​នោះ បាន​រក្សា​ទុក​សម្រាប់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​គោរព​បូជា មិន​មាន​នរណា​ប៉ះពាល់​ទេ ៖ “គាត់​ហ្នឹង​ប្រកាន់​ថា ចាស់​ទុំ​ហ្នឹង​លក់​ដី​ឲ្យ​មក​ខាង​បង​ប្អូន​ខ្មែរ​ហ្នឹង​កសាង​វត្ត​ហ្នឹង មាន​ចោទ​ប្រកាន់​ថា​អ៊ីចឹង តែ​ចាស់​ទុំ​ហ្នឹង​គាត់​អត់​មាន​លក់​ទេ។ ឃុំ និង​ចាស់​ទុំ​ហ្នឹង​គាត់​ឲ្យ”។

មេ​ឃុំ ពូ ជ្រី លោក កើញ រដ្ឋា។ លោក​មាន​កំណើត​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង បាន​បញ្ជាក់​ថា មុន​នឹង​វាស់វែង​ដី​សម្រាប់​សាង​សង់​វត្ត លោក​បាន​សុំ​ការ​ឯកភាព​ពី​ក្រុម​មេ​កន្ទ្រាញ​ចាស់​ទុំ​ក្នុង​ភូមិ បាន​យល់​ព្រម​រួច​ហើយ ដោយ​យល់​ឃើញ​ថា បើ​មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​មួយ​នៅ​តំបន់​នោះ និង​រួម​ចំណែក​ផ្ដល់​ប្រយោជន៍​មួយ​ផ្នែក​ដល់​សហគមន៍​ជន​ជាតិ​ដើម​នោះ​ដែរ។ លោក​បន្ត​ថា ក្រុម​សហគមន៍​អ្នក​តវ៉ា​ភាគ​ច្រើន​ក្រុម​មាន​វ័យ​តិច មិន​មាន​ការ​យល់​ដឹង និង​អភិរក្ស​ប្រពៃណី​ជ្រុល ៖ “ទុក​ទាំង​អស់​ដើម​ឈើ​គាត់​ក៏​មិន​កាប់​ដែរ ទុក​រក្សា​គាត់​ធ្វើ​តែ​វាល​ខាង​វាល​ស្រែ។ ភាគ​តិច​ទេ ភាគ​ច្រើន​គេ​សប្បាយ​ចិត្ត​នឹង​ធ្វើ ខ្ញុំ​យល់​ថា បង​ប្អូន​ជន​ជាតិ​ទាំង​នេះ​គាត់​ចង់​បាន​វត្ត​អារាម​ហ្នឹង វា​ល្អ​ជាង”។

អ្នក​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​មណ្ឌលគិរី លោក សំ សារិន។ លោក​បាន​បញ្ចេញ​យោបល់​ថា អាជ្ញាធរ​មូលដ្ឋាន​គួរ​ជួប​ប្រជុំ​ដោះ​ស្រាយ​សម្របសម្រួល​ក្នុង​បញ្ហា​នេះ​ធ្វើ​យ៉ាង​ណា​ឲ្យ​ឯកភាព​សាមគ្គី​ភាព​គ្នា​ក្នុង​បញ្ហា​សាសនា និង​ជំនឿ ប្រពៃណី​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច។ លោក​បន្ត​ថា នៅ​សប្ដាហ៍​ក្រោយ​បុគ្គលិក​សមាគម​នឹង​ចុះ​ទៅ​មូលដ្ឋាន​នោះ ដើម្បី​ជួយ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ចប់​ទំនាស់​នេះ ៖ “ធ្វើ​ការ​សម្រុះសម្រួល​រវាង​ពល​រដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច និង​ប្រជា​ពល​រដ្ឋ​ជន​ជាតិ​ខ្មែរ​ហ្នឹង អាច​នៅ​បាន ឬ​ងាក​ដោះ​ដូរ​យ៉ាង​ម៉េច​បាន​អា​ហ្នឹង​សំខាន់​នៅ​លើ​អាជ្ញាធរ ប៉ុន្តែ​គ្រាន់​មិន​ទាន់​មាន​ចម្លើយ​ពី​ភូមិ ហើយ​និង​ឃុំ​យ៉ាង​ម៉េច​នៅ​ឡើយ​ទេ”។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ពូជ្រី​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ​ដែរ លោក​មាន​គម្រោង​អញ្ជើញ​មន្ត្រី​ថ្នាក់​ស្រុក និង​ប្រជា​ពល​រដ្ឋ​សហគមន៍​ជួប​ប្រជុំ​គ្នា​ដោះ​ស្រាយ​បញ្ហា​តវ៉ា​មិន​ឲ្យ​សាង​សង់​វត្ត​នេះ​ឡើង​វិញ៕



ប្រភព:វិទ្យុ​អាស៊ីសេរី

0 មតិ:

Post a Comment