www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

និស្សិត​ឆ្នាំទី​៤​ម្នាក់​ ត្រូវ​ស្ត្រី​​ ២​នាក់​ដាក់​ថ្នាំ​សណ្តំ

ខេត្ត​បន្ទាយ​មានជ័យ​៖ សកម្មភាព​ប្រើ​វិធី​ដាក់​ថ្នាំ​សណ្តំ​ បាន​មក​ធ្វើ​សកម្មភាព​នៅ ​ខេត្ត​បន្ទាយ​មានជ័យ​ទៀត​ហើយ​ បន្ទាប់​ពី​មាន​សភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​មក​។ ជាក់​ស្តែង​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៧​ ខែកុម្ភៈ​ ឆ្នាំ​២០១២​ នៅ​ចំណុច​ផ្សារ​ចំការគ​ ហៅ​ផ្រាថ្មី​ ស្ថិត​ក្នុង​ភូមិ២​ (ខ្លា​កូន​ចាស់​) សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ មាន​នារីម្នាក់​ជា​និស្សិត​ បាន​ត្រូវ​ស្ត្រី​២​នាក់​ ដាក់​ថ្នាំ​សណ្តំ​យក​គ្រឿង​អល័ង្លការ​ និង​លុយ​មួយ​ចំនួន​ រួច​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។
តាម​បណ្តឹង​នារី​រង​គ្រោះ​ បាន​ប្រាប់​សមត្ថកិច្ច​ថា​ នាង​ឈ្មោះ​ ដឿន​ ចាន់​លៀស​ អាយុ​២៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិគំរូ​ ឃុំគំរូ​ ស្រុក​ថ្មពួក​ ខេត្ត​បន្ទាយ​មានជ័យ​ បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំទី៤​ រៀន​នៅ​សាកល​វិទ្យាល័យ​គ្រប់​គ្រង​ និង​សេដ្ឋកិច្ច​ (UME) ​ជួល​ផ្ទះ​គេ​ស្នាក់​នៅ​ភូមិ​កំពង់ស្វាយ​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​។
នារី​រង​គ្រោះ​រូប​នោះ​ បាន​បន្ត​ថា​ មុន​ពេល​កើត​ហេតុ​ នាង​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ​នឹង​ស្តង់​អ្នក​ឥវ៉ាន់​ចាប់​ហួយ​ ដែល​លក់​ក្នុង​ផ្សារ​ ពេល​នោះ​មាន​ស្ត្រី​ចំនួន​ ២​នាក់​ ដែល​រូប​នាង​ពុំ​ដែល​ស្គាល់​ទាល់​តែ​សោះ​ បាន​មក​សួរ​នាង​ថា​ តើ​ទិញ​អ្វី​ខ្លះ​ នាង​ក៏​បាន​ឆ្លើយ​ថា​ ទិញ​ល្មុត​ និង​ខោ​អាវ​ក្មេង​មួយ​ចំនួន​ បន្ទាប់​មក​នាង​បំរ៉ុង​នឹង​ដើរ​ទៅ​ញ៉ាំ​បបរ​ ស្រាប់​តែ​មាន​ស្ត្រី​ម្នាក់​មក​កាន់​ដៃ​នាង​ ពេល​នោះ​នាង​ហាក់​ដូច​ជា​មាន​ស្មារតី​មិន​ប្រក្រតី​ ហើយ​ស្ត្រី​២​នាក់​នោះ​ហៅ​នាង​ឲ្យ​ជិះ​ម៉ូតូ​ទៅ​ជាមួយ​គេ​ ដោយ​និយាយ​ថា​ទៅ​ផ្ទះ​របស់​គេ​ នាង​ក៏​ឡើង​ជិះ​ម៉ូតូ​ទៅ​ដោយ​មិន​ដឹង​ខ្លួន​ ពេល​ដល់​ចំណុច​ហួស​ស្ពាន​ទី១​បន្តិច​ (​ផ្លូវ​ទៅ​សៀមរាប)​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ពួក​គេ​បាន​ឈប់​ម៉ូតូ​ រួច​ដោះ​យក​ខ្សែក​មាស​សុទ្ធ​១​ខ្សែ​ ទំងន់​៥ជី​ កាបូប​១​ ដែល​មាន​លុយ​ថៃ​ចំនួន​៥០០​បាត​, លុយ​ដុល្លា​១០​$ ​, លុយ​ខ្មែរ​២​ម៉ឺន​រៀល​ កាត​គ្រី​ម៉ូតូ​មាន​ស្លាក​ ប​.មានជួ័យ​ ១សេ.​២១៤០​ ចំនួន​១​សន្លឹក​ និង​អត្តសញ្ញាណ​ប័ណ្ណ១​សន្លឹក​ បន្ទាប់​ពួក​គេ​ធ្វើ​សកម្មភាព​រួច​ បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់​។
លោក​អធិការ​នគរបាល​ក្រុង​សិរីសោភ័ណ​ បាន​ឲ្យ​ដឹង​ថា​ ចំ​ពោះ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​នេះ​ បាន​ស្ងប់​ស្ងាត់​មួយ​រយៈ​ហើយ​ ស្រាប់​តែ​ពេល​នេះ​ លេច​មុខ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​នេះ​ម្តង​ទៀត​ ដូច្នេះ​ក្នុង​នាម​អធិការ​នគរបាល​ក្រុង​ សូម​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​ ប្រសិន​បើ​មាន​ការ​សង្ស័យ​ទៅ​លើ​ជន​ណា​ម្នាក់​ត្រូវ​រាយ​ការណ៍​មក​ សមត្ថកិច្ច​ ដើម្បី​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវ​ជ្រាវ​ និង​សួរ​នាំ​ជន​នោះ​ ហើយ​ជាង​នេះ​ទៀត​ គឺ​ត្រូវ​ចេះ​ប្រុង​ប្រយ័ត្ន​ថែ​រក្សា​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​ផង​៕




ប្រភព

0 មតិ:

Post a Comment