www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

មន្ត្រី​កិច្ចការ​សាធារណៈ ដើរចេញពី​តុលាការ​ខ្មែរក្រហម

ភ្នំពេញ​: មន្ត្រី​ផ្នែក​កិច្ចការ​សាធារណៈ របស់​តុលាការ​ខ្មែរក្រហម លោក ហ៊ុយ វណ្ណៈ បាន​សម្រេចចិត្ត ចាកចេញ​ពី​ការងារ​នៅ​សាលាក្តី​ចម្រុះ នៅបំណាច់​ខែ​កុម្ភៈ ឆ្នាំ​២០១២​។ នេះ​បើ​តាម​ការប្រកាស​ក្នុង​សារ​អ៊ី​មែល​របស់លោក ហ៊ុយ វណ្ណៈ នា​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​​

​ក្នុង​សារ​អ៊ី​មែល​នោះ លោក ហ៊ុយ វណ្ណៈ បានសរសេរថា បន្ទាប់​ពី​បម្រើ​ការងារ​អស់​រយៈពេល ៨ ខែ នៅ​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម ដែល​មានឈ្មោះ​ជា​ផ្លូវការ​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អ​.​វ​.​ត​.​ក​. គឺ​មកដល់​ពេលនេះ លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​ការងារ​នៅ​តុលាការ​ខ្មែរក្រហម​។ នៅ​ថ្ងៃស្អែក ថ្ងៃទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ជា​ថ្ងៃ​ចុងក្រោយ​របស់​លោក នៅ​តុលាការ​ខ្មែរក្រហម​។​

​លោក ហ៊ុយ វណ្ណៈ បាន​លើកឡើង​ថា ជា​កិត្តិយស​ណាស់​សម្រាប់​រូបលោក ដែល​បាន​បម្រើការ​នៅ​តុលាការ​ចម្រុះ​កាត់ទោស​មេ​ខ្មែរក្រហម ហើយ​ការសម្រេចចិត្ត​របស់​លោក ដើរចេញ​ពី​សាលាក្តី ជា​ការលំបាក​មួយ​សម្រាប់​លោក ដែល​បាន​ធ្វើ​ការងារ ពាក់ព័ន្ធ​នឹង​របប​ខ្មែរក្រហម អស់​រយៈពេល​ជាង ១០ ឆ្នាំកន្លងមក​។​

​ លោក ហ៊ុយ វណ្ណៈ ក៏​បាន​សរសេរ​ក្នុង​អ៊ី​មែល​ថា លោក​នឹង​ផ្តើម​ការងារ​ថ្មី ជាមួយ​នឹង​ស្ថានីយ​ទូរទស្សន៍​ថ្មី​មួយ ឈ្មោះថា CNC ( Cambodia News Channel ) ដែល​បង្កើតឡើង​ដោយ​ទូរទស្សន៍ CTN សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ ២៤ ម៉ោងក្នុង​មួយ​ថ្ងៃ​។​

​កាលពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១១ លោក ហ៊ុយ វណ្ណៈ ត្រូវបាន​តែងតាំង​ឲ្យ​កាន់តំណែង​ថ្មី ជា​មន្ត្រី​កិច្ចការ​សាធារណៈ នៅ​តុលាការ​ខ្មែរក្រហម ក្រោយពី​មរណភាព​របស់​លោក រាជ សម្បត្តិ អតីត​ប្រធាន​កិច្ចការ​សាធារណៈ​។​

​ លោក ហ៊ុយ វណ្ណៈ ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។ លោក ហ៊ុយ វណ្ណៈ បាននិពន្ធសៀវភៅពីរក្បាល ទី១. "កងទ័ពខ្មែរក្រហម កងពល ៧០៣ ដែលមានចំណងជើងថា ពីជ័យជម្នះ ទៅការ​បំផ្លាញ​ខ្លួនឯង" បោះពុម្ពនៅឆ្នាំ២០០៣ និងសៀវភៅទី២. "យុត្តិធម៌នាពេលអនាគត មិនមែន​សម្រាប់ជនរងគ្រោះ" ដែលនិយាយពីខ្សែជីវិតរបស់លោក ប៊ូ ម៉េង អតីតអ្នក​ទោសនៅគុកទួលស្លែង បោះពុម្ពនៅឆ្នាំ២០១០។

នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៩ ​លោក ហ៊ុយ វណ្ណៈ ធ្វើការជាអ្នកយកព័ត៌មាន នៅវិទ្យុអាស៊ីសេរី RFA។ រហូតដល់ខែកញ្ញា ឆ្នាំ២០០៩ លោក ហ៊ុយ វណ្ណៈ ចាកចេញពីវិទ្យុអាស៊ីសេរី ហើយនៅដើមឆ្នាំ២០១០ លោក ហ៊ុយ វណ្ណៈ ចូលធ្វើ​ជា​និពន្ធ​នាយក​ព័ត៌មាន នៃ​បណ្តាញ​ស្ថានីយ​ទូរទស្សន៍​កម្ពុ​ជា ( CTN )។

​ដោយ​ធ្លាប់​បម្រើ​ការងារ​ជា​អ្នកស្រាវជ្រាវ និង​និពន្ធ​សៀវភៅ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ហ៊ុយ វណ្ណៈ មាន​ការយល់ដឹង​ជ្រៅជ្រះ​អំពី​ប្រវត្តិសាស្ត្រ​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ លោក ហ៊ុយ វណ្ណៈ មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​លើ​មុខវិជ្ជា​ទំនាក់ទំនង​សកល ​ពី​សាកលវិទ្យាល័យ រ៉ាត់​ហ្កឺត នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី សហរដ្ឋអាមេរិក​។​

សូមរម្លឹកថា ​ការចាកចេញ​របស់លោក ហ៊ុយ វណ្ណៈ ពី​តុលាការ​ខ្មែរក្រហម នៅពេល​នេះ ស្របពេល​ដែល​តុលាការ​ចម្រុះ ពិសេស​ខាង​ភាគី​កម្ពុជា មិន​បាន​បើក​ប្រាក់ខែ ចាប់តាំងពី​ខែ​តុលា ឆ្នាំ​២០១១​។ ក៏​ប៉ុន្តែ​ក្នុង​សេចក្តីប្រកាស​របស់​លោក ហ៊ុយ វណ្ណៈ មិន​បាន​លើកឡើង​ពី​បញ្ហា​កង្វះ​ថវិកា​នោះ​ឡើយ​។​

​ យ៉ាងណាក៏ដោយ កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ លោក នេត្រ ភ​ក្ត្រា អ្នកនាំ​ពាក្យ​​សាលាក្តី​ខ្មែរក្រហម បានប្រកាសថា ប្រទេស​ម្ចាស់​ជំនួយ បាន​យល់ព្រម​លើ​សំណើ​របស់​ភាគី​រដ្ឋបាល​សាលាក្តី​ខ្មែរក្រហម​ជាតិ និង​អន្តរជាតិ នៅក្នុង​កិច្ចប្រជុំ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ កាល​ពី​អាទិត្យ​មុន​ថា នឹង​ផ្តល់​ជំនួយ​ប្រមាណ ៨៩ លាន​ដុល្លារ​អាមេរិក ដើម្បី​ដំណើរការ​សាលាក្តី រយៈ​ពីរ​ឆ្នាំ នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣៕​



ប្រភព៖​ CEN

0 មតិ:

Post a Comment