www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 13, 2012

កិច្ចប្រជុំ JBC នៅ​ថ្ងៃ​ទី​១៣-១៤​កុម្ភៈ មិន​និយាយ ​ពី​ការ​ដកទ័ព និង​ បញ្ហា​ព្រំ ដែន​ប្រាសាទ​ព្រះ វិហារ​ទេ​

ភ្នំពេញ: ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ប្រទេស​ថៃ​។ លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន និង​លោក ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​ក្នុង​កិច្ចប្រជុំ JBC នៅ​ប្រទេស​ថៃ​។
​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC នឹង​គណៈប្រតិភូ​ដែល​មាន​សមាសភាព​ជា​ង ២០ រូប មាន​តាំងពី​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ មេបញ្ជាការ​យោធភូមិ​ភាគ​ជាប់​ព្រំដែន​ថៃ ក្រសួង​ការបរទេស ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ ដោយ​ចេញដំណើរ​ពី​កម្ពុជា នៅ​ល្ងាច​ថ្ងៃអាទិត្យ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១២​។​
​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​លើកឡើង​ថា កិច្ចប្រជុំ JBC នឹង​ពិភាក្សា​ការងារ វាស់វែង​ព្រំដែន និង​រក​បង្គោល​ព្រំដែន ដែល​នៅសល់ នៅ​តំបន់​ក្រៅ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ដោយសារ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ទុកឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ សិន ដែល​កម្ពុជា​បាន​ស្នើ​។​
​ ​
​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធាន​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC បាន​មានប្រសាសន៍ថា “​នេះ​ជា​លើក​ទី​១​ហើយ ចាប់តាំងពី​ឆ្នាំ​២០០៨ ដែល​ថៃ​បាន​លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ពេលនេះ ខ្ញុំ​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​ប្រជុំ​ពេញអង្គ​នៃ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​ កម្ពុជា​-​ថៃ JBC លើក​ទី​៥​។ ចំណែក​របៀបវារៈ​នៃ​កិច្ចប្រជុំ​គណៈកម្មការ JBC ពេលនេះ រួមមាន​៖ ទី​១-​ការរុករក​បង្គោល​ពី​បង្គោល​លេខ ៧១ ដល់​លេខ ២៣ នៅ​ច្រក​ជាំ​ស្រ​ងាំ អន្លង់វែង ដល់​ជិត​ប្រាសាទ​តា​មាន់​។ ទី​២-​ការធ្វើ​ផែនទី ពី​លំហ​អាកាស តែ​មិនមែន​ទៅ​ជំនួស​ផែនទី​របស់​គណៈកម្មកា​រ​ចម្រុះ​ព្រំដែន​បារាំង​-​សៀម ឆ្នាំ​១៩០៤- ឆ្នាំ​១៩៧០ ទេ​។ គ្រាន់តែ​យើង​វាស់វែង​បោះបង្គោល​ថ្មី ដាក់​និយាម​ការ​ឲ្យបាន​ច្បាស់លាស់​នៅ​លើ​ផែនទី ដែល​យើង​បម្រុង​ធ្វើ ហៅថា ផែនទី​តាម​រូបថត​ពីលើ​អាកាស​។ ទី​៣-​យើង​នឹង​ជជែក​គ្នា​ពី​បែបបទ​ច្បាប់ ឬក៏​បច្ចេកទេស ដែល​ត្រូវ​វាស់វែង​នៅ​តំបន់​៦ ជា​តំបន់​ដែល​មាន​ប្រាសាទ​ព្រះវិហារ តែ​កន្លែង​នេះ យើង​មិន​ទាន់​បង្ខំ​ទេ ព្រោះ​នៅ​តុលាការ​ឡាអេ កំពុង​ពិចារណា​រឿងនេះ តែ​យើង​គ្រាន់តែ​រៀបចំ​បែបបទ​ត្រៀម​អ្វីខ្លះ លើ​ផ្លូវ​ច្បាប់ និង​មើល​បច្ចេកទេស ដើម្បី​ត្រៀម​ដោះស្រាយ​លើ​បញ្ហា​ទាំងអស់​នេះ​”​។ ​
​ ​
​លោក វ៉ា គីម​ហុង បាន​បន្ថែមថា “​ចំណុច​មួយទៀត កម្ពុជា​ស្នើ​បើក​ច្រក​អន្តរជាតិ​១​ទៀត នៅ​ស្ទឹង​បត់ ជិត​ច្រកព្រំដែន​ប៉ោយ​ប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ​។ យើង​ចុះ​ទៅ​រៀបចំ បែបបទ​បច្ចេកទេស លើ​ការចុះទៅ​វាស់វែង ដើម្បី​អនុញ្ញាត​ឲ្យ​ក្រសួងសាធា​រណកា​រ និង​ដឹកជញ្ជូន ធ្វើការ​សាងសង់​។ ចំណុច​មួយទៀត ដែល​យើង​ត្រូវ​ជជែក​គ្នា​ដែរ លើ​ឯកសារ​ទាំងឡាយ​លើ​បង្គោល ដែល​យើង​បាន​រកឃើញ ៤៨ បង្គោល ក្នុងចំណោម ៧៣ បង្គោល ( បង្គោល​ព្រំដែន​ពី​សម័យ​បារាំង ) ដោយ​ក្នុង ៤៨ បង្គោល មាន​ខ្លះ យើង​ឯកភាពគ្នា និង​ខ្លះ​យើង​មិន​ទាន់​ឯកភាពគ្នា​។ ដូច្នេះ​យើង​ត្រូវ​ធ្វើ​ឯកសារ​ជា ៣ ភាសា ខ្មែរ ថៃ និង​អង់គ្លេស​។ នេះ​ជា​ចំណុច​ធំ​មួយ​ដែរ ព្រោះ ៤៨ បង្គោល ដែល​យើង​ត្រូវ​ចុះហត្ថលេខា មាន​តាំងពី​ប្លង់ និង​ទីតាំង​បង្គោល​និមួយៗ​”​។​
​លោក វ៉ា គីម​ហុង បាន​គូសបញ្ជាក់ថា “​កម្ពុជា​សុខចិត្ត​ទៅ​ប្រជុំ JBC លើក​ទី​៥​នេះ គឺ​កម្ពុជា​មាន​សុ​ឆន្ទៈ​ដោយ​ស្មោះត្រង់ ក្នុង​ការជំរុញ​កិច្ចការ​ដោះស្រាយ​បញ្ហា​ព្រំដែន​របស់​យើង​ឲ្យទៅ​មុខ​។ ដូច្នេះ​យើង​សង្ឃឹមថា កិច្ចប្រជុំ​នោះ នឹង​បាន​លទ្ធផល​វិជ្ជមាន មិន​ដូច​វាសនា​នៃ​កិច្ចប្រជុំ​ទាំង​បី​របស់ JBC ចាប់តាំងពី​ឆ្នាំ​២០០៨​នោះឡើយ​។ អីចឹង​យើង​សុំឲ្យ​បាន​លទ្ធផល​វិជ្ជមាន ដើម្បី​នឹង​យកទៅអនុវត្ត ហើយ​បើ​ប្រទេស​ទាំង​ពីរ​មាន​សុ​ឆន្ទៈ​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន ត្រូវតែ​ជួយ​ជំរុញ​ទាំងអស់គ្នា មិនមែន​តែ​កម្ពុជា​ជំរុញ​តែម្នាក់ឯង​ទេ ព្រោះ​បញ្ហា​ព្រំដែន​ជា​បញ្ហា​រួមគ្នា​”​។​
​ ​
​លោក វ៉ា គីម​ហុង បាន​បន្តថា បើ​ឯកភាពគ្នា ហើយ​បើ​មិន​មាន​ឧបសគ្គ តាម​មាត្រា ១៩០ នៃ​រដ្ឋធម្មនុញ្ញ​របស់​ថៃ​ទេ នោះ​យើង​អាច​ចុះ​អនុវត្តបាន​។ តែបើ​ថៃ​នៅតែ​ទាមទារ​ដាក់​ឯកសារ​នោះ យកទៅ​ឆ្លង​តាម​បែបបទ​នីតិវិធី​ច្បាប់​របស់​គេ នោះ​វា​អត់​បាន​ការ​ទៀតហើយ​។ ជាប់គាំង​ដូច​កន្លងមក​។ ចាប់តាំងពី​ឆ្នាំ​២០០៨ យើង​ចុះ​ហត្ថលេខា ៣ លើក​ហើយ​លើ​កំណត់ហេតុ​។ តែ​ថៃ​ថា ចាំ​យក​ទៅ​ឆ្លង​រដ្ឋសភា ដូច្នេះ​រហូតដល់​ពេល​នេះ មិន​មាន​ចេញ​ទេ​។​
​យ៉ាងណាក៏ដោយ លោក វ៉ា គីម​ហុង បាន​បន្ថែមថា “​កិច្ចប្រជុំ JBC នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ យើង​មិន​និយាយ​ពី​ការ​ដកទ័ព និង​បញ្ហា​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ទេ ព្រោះ​យើង​បានដាក់​បញ្ហា​នេះ នៅក្នុង​កណ្តាប់ដៃ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​រួចហើយ​”​។ ​ ​
​ ​
​ចាប់តាំងពី​កងទ័ព​ថៃ លើកទ័ព​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០០៨ គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC បាន​ជួបប្រជុំ​គ្នា ៣ លើក​មក​ហើយ​។ កិច្ចព្រមព្រៀង​នៃ​ដំណើរការ​ចរចា រវាង​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC លើក​ទី​១ បាន​ធ្វើឡើង​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៨​។ លើក​ទី​២ ធ្វើ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី​៣ និង​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ទី​៣ ធ្វើ​នៅ​ភ្នំពេញ នា​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មេសា ឆ្នាំ​២០០៩​។
​ក៏​ប៉ុន្តែ​កិច្ចព្រមព្រៀង​ក្នុង​ដំណើរការ​ចរចា​ដោះស្រាយ​ជម្លោះ​ ព្រំដែន​ទាំង​បី​លើក​នោះ នៅ​រង់ចាំ​ឆ្លង​រដ្ឋសភា​ថៃ​អនុម័ត​សិន ទើប​អាច​មាន​ប្រសិទ្ធិភាព យក​ទៅ​ប្រើ​ការ​បាន​។ រហូតមកដល់​ពេលនេះ រដ្ឋសភា​ថៃ មិនទាន់​បាន​អនុម័ត​នៅឡើយ​ទេ​ ៕

0 មតិ:

Post a Comment