www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, March 1, 2012

តំបន់សក្តានុពលទេសចរណ៍ខេត្តបាត់ដំបង

បាត់ដំបង​មាន​ចម្ងាយ​ប្រមាណ២៩១​គីឡូម៉ែត្រពី​ទីក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​លេខ។ ទឹកដី​ធម្មជាតិ​នៃខេត្តនេះមាន​លក្ខណៈ​ពិសេស​អំណោយផល​គ្រប់​បែបយ៉ាង​ដល់​ដំណាំ​ដាំដុះនានាជាពិសេសផ្លែក្រូចពោធិ៍សាត់ដែលនាំឱ្យខេត្តនេះកាន់តែខ្ទរខ្ទារ។ការ​ស្គាល់​ទឹក​ដី​ខេត្ត​នេះ ប្រជាជនខ្មែរភាគច្រើនដែលជា​អ្នក​មិនមែន​រស់នៅ​ខេត្តបាត់ដំបង បានដឹងតាមរយៈ​បទចម្រៀង​ក្នុងកំឡុង​ទស្សវត្ស​ទី៦០ ដែល​អ្នក​ចម្រៀងនិងកវីនិពន្ធយើងតែងសរសើរឥតដាច់នូវ សម្រស់ ទេសភាព ធម្មជាតិ ដងភ្នំ ដងស្ទឹងព្រឹក្សព្រៃ​ជាដើម​នោះ។ តាម​រយៈ​ការលើក​សរសើរពីទីតាំងនានាដោយពិពណ៌នាជាចង្វាក់ភ្លេងរណ្ដំណែងណងនេះហើយដែលជំរុញ​ទឹកចិត្ត​ប្រជាជន​ខ្មែរ​កាន់តែ​ចង់​ស្គាល់ចង់​ទៅ​កំសាន្តខ្លាំងឡើង។ តើខេត្តបាត់ដំបងមានអ្វីខ្លះពិតជាស្រស់ស្អាតដូចការរៀបរាប់របស់កវីយើងដែរឬទេ? ខាងក្រោមនេះជាទីតាំងមួយចំនួន ដែល​លេចធ្លោ​របស់​ខេត្តបាត់ដំបង៖

-ភ្នំសំពៅ




ជារមណីយដ្ឋានធម្មជាតិ មានភ្នំរាងដូចសំពៅអមដោយទេសភាពវាលស្រែព័ទ្ធជុំវិញតំបន់នោះ។ ភ្នំសំពៅមានកម្ពស់ប្រមាណ១០០ម៉ែត្រ​ឋិត​ក្នុង​ឃុំ​សំពៅ ស្រុកបាត់ដំបងចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តាមផ្លូវ ជាតិលេខ៥៧ ។ល្អាង​ប្រវត្តិសាស្រ្ត​របស់​ប្រជាពលរដ្ឋ​ដែល​​នៅ​តំបន់​នោះ​មាន៣សំខាន់ៗដូចជា ល្អាងផ្កាស្លា ល្អាង ល្ខោន និងល្អាងអសុភដែល​ល្អាង​នីមួយៗ​មានជាប់​ទាក់ទង​ទៅនឹង​រឿងរ៉ាវ​ផ្សេងៗនៃតំបន់នោះ។

-ភ្នំបាណន់



ភ្នំបាណន់ឋិតនៅស្របនឹងដងស្ទឹងសង្កែចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង ក្នុងឃុំកន្ទី២ ស្រុកបាណន់។នៅលើ​កំពូលភ្នំ​កំពស់​៤០០​ម៉ែត្រនេះមាន​ប្រាសាទ​បុរាណ​មួយដែល​យក​ឈ្មោះតាម​តំបន់ភ្នំនោះ ហើយមាន​ជាប់​ទាក់ទង​ទៅនឹង​រឿង​ព្រេង​របស់​ខ្មែរ​យើង​ផងដែរ។ប្រាសាទ​បុរាណ​នេះ​កសាង​ឡើង​ក្នុង​កំឡុង​ពាក់កណ្តាល សតវត្សទី១១និងចុងសតវត្សទី១២ ពោលគឺក្នុងរាជស្ដេចពីរព្រះអង្គ ព្រះបាទឧទយាទិត្យវរ្ម័នទី២និងព្រះបាទ ជ័យវរ្ម័ន ទី៧។

-វត្តឯកភ្នំ


វត្តឯកភ្នំ​មាន​ចម្ងាយ​១៤គីឡូម៉ែត្រ​ពីទីរួមខេត្តបាត់ដំបងឋិតក្នុងទីតាំងឃុំពាមឯក ស្រុកឯកភ្នំ។ ឋិតនៅចំ បរិវេណវត្តដែល​មាន​ដើមពោធិ៍​ដុះ​ព័ទ្ធ​ជុំវិញ​​ចំនួន១៨ដើមប្រាសាទ​ឯកភ្នំ​មាន​ម្លប់​ត្រជាក់​ស្រឹប ជាទីមនោរម្យក្រៃលែងចំពោះទេសចរដែលទៅកំសាន្ត។ ប្រាសាទ​នេះ​កសាង​ឡើង​នៅ​ក្នុង​សតវត្សទី១១ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ ឆ្នាំ១០២៧ នៃគ្រិស្តសករាជ។

-អាងកំពីងពួយ


អាង​នេះ​អាច​ផ្ទុក​ទឹកបាន​ប្រមាណ១១០លានម៉ែត្រគូបនៅរដូវវស្សាមានបណ្តោយប្រមាណ៦​គីឡូម៉ែត្រ និង​ទទឹង​ជាង១៩០០ម៉ែត្រជា​ប្រភព​ទឹក​​ដ៏​សំខាន់​​សម្រាប់​ប្រជាពលរដ្ឋ​ប្រកប​របរ​កសិកម្ម។រមណីយដ្ឋាននេះឋិតនៅក្នុង ភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ចម្ងាយ​៣៥​គីឡូម៉ែត្រ ពី​ទីរួមខេត្ត​បាត់ដំបង។ទេសចរ​ចូលចិត្ត​ទៅ​កំសាន្ត​នៅ តំបន់នេះដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធនឹងស្ទូចត្រីកំសាន្ត ព្រោះ​ទីនោះ​សម្បូរ​ត្រី​ណាស់ ជា​ពិសេស​ត្រី​ដំរី។

-សេកសក

រមណីយដ្ឋាន​សេកសក​ឋិត​ក្នុង​ឃុំ​ត្រែង ស្រុក​រតនមណ្ឌលចម្ងាយ​ពី​ទី​រួមខេត្ត​បាត់ដំបង៥០គីឡូម៉ែត្រ តាម បណ្តោយផ្លូវ​ជាតិ​លេខ​៥៧ឆ្ពោះ​ទៅ​កាន់​ស្រុក​សំឡូត។ ស្ទឹង​សេកសក​មាន​បណ្តោយ​ប្រមាណ៥០០ម៉ែត្រ អមដោយរុក្ខជាតិពណ៌បៃតងស្រងាត់ ជាប្រភេទព្រៃឬស្សី្ និង​រុក្ខជាតិ​តូច​ធំ​នានាដែល​ផ្ដល់​ម្លប់​​ត្រជាក់​ដល់​អ្នក​ទៅ​កំសាន្ត ធ្វើឱ្យតំបន់នេះកាន់តែមានប្រជាប្រិយភាព មាន​អ្នក​ទេសចរ​កាន់តែ​ច្រើន​ឡើងៗ។អ្នក​ដែល​ទៅ​កំសាន្ត​ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​បាត់ដំបង។

លើសពីនេះ ​ខេត្ត​បាត់ដំបង​ក៏សម្បូរប្រាសាទបុរាណផងដែរហើយតំបន់ប្រាសាទខ្លះត្រូវបានប្រែក្លាយទៅជា តំបន់កំសាន្តរីឯ​ប្រាសាទ​ខ្លះ​ទៀត​​ត្រូវ​បាន​​គេ​បោះបង់ចោល​ពុំសូវ​យក​ចិត្ត​ទុក​ដាក់ជា​ហេតុ​នាំឱ្យប្រាសាទដែលបាក់បែក ស្រាប់ កាន់តែទ្រុឌទ្រោមដោយសារ​ខ្វះ​ការ​យកចិត្ត​ទុកដាក់ ថែទាំ និងធម្មជាតិបំផ្លិចបំផ្លាញ។អ្នក​ភូមិ​ខ្លះ​បាន​រើស​យក ថ្មប្រាសាទទៅធ្វើជើងក្រានកំណល់ផ្សេងៗ​ដែល​ជា​ទង្វើ​ខ្វះ​ការ​ពិចារណានិង​គួរ​យក​ចិត្ត​ទុក​ដាក់​ស្វែងយល់​ឡើងវិញ៕

0 មតិ:

Post a Comment