www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 28, 2012

លោក ហ៊ុន តូ បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​រត់ពន្ធ​គ្រឿង​ញៀន

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ពាក់ព័ន្ធ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី។
លោក​ឧកញ៉ា ហ៊ុន តូ បាន​អះអាង​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ឬ​លាង​លុយ​កខ្វក់​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ មួយ​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​ប្រហែល​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា រួច​ទៅ​ហើយ។
ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​លោក ហ៊ុន តូ នៅ​ថ្ងៃ​អង្គារ  លោក​បន្ត​អះអាង​ថា លោក​គ្មាន​កំហុស​នោះ​ទេ៖ «លោក​ចង់​ដឹង​ខ្លាំង លោក​ទាក់ទង​ទៅ​ស្ថានទូត​អូស្ត្រាលី ខ្ញុំ​គ្មាន​ពាក្យ​អី​នឹង​និយាយ​ជាមួយ​លោក​ទេ។ លោក​ត្រូវ​ដឹង​ថា បើ​សិន​ជា​ស្ថានទូត​អូស្ត្រាលីនៅ​ស្រុក​ខ្មែរ​​បដិសេធ រឿង​ស្អី​ខ្ញុំ​ចេញ​ចូល​​អូស្ត្រាលី​រាល់​ថ្ងៃ​គ្មាន​នរណា​​ឃាត់ខ្ញុំ​ទេ។ រឿង​ជាមួយ​ខ្ញុំ ជា​​រឿង​​ធម្មតា​ទេ ខ្ញុំ​មិន​ឈឺ​ក្បាល​អី​​ទាំង​អស់។ បើ​សិន​​លោក​ឯង​គិត​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន តើ​ខ្ញុំ​អង្គុយ​​នៅ​កៅអី​នៅ​ស្រុក​ខ្មែរ​​បាន​ទេ?»។
អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គំរោង​ចាប់​ឃាត់​ខ្លួន​លោក ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ើន (Melbourne) ប៉ុន្តែ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី។ ការ​បដិសេធ​នេះ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។
អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។
កាសែត The Sydney Morning Herald ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី បាន​តាម​ដាន​ការ​ផ្ទេរ​លុយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន ​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ើន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។
ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ ហ៊ុន តូ បាន​ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អូស្ត្រាលី ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​គត់ ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​លោក ហ៊ុន តូ។
អាជ្ញាធរ​អូស្ត្រាលី ក៏​បាន​រក​ឃើញ​ទៀត​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​អូស្ត្រាលី បាន​ដាក់​ទុន​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន។ ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី រក​ឃើញ​ថា ហ៊ុន តូ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ក្នុង​រយៈពេល​នៃ​ការ​តាម​ដាន​ស៊ើប​អង្កេត​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ។ លោក គិត ម៉េង ជា​ថៅកែ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែល​មាន​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ធនាគារ អេអិនហ្ស៊ី (ANZ) និង​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ដ៏​ធំ​មួយ​ផង​ដែរ៕  RFA

0 មតិ:

Post a Comment