www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

ហេតុអ្វីបានជាកម្ពុជាជំពាក់បំណុលបរទេសរហូតដល់៣.៣០០ លាន​ដុល្លារ?

ភ្នំពេញ: ​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១២ បាន​ប្រកាស​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​ថា មកដល់ពេលនេះ កម្ពុជា​ជំពាក់​បំណុល​បរទេស ឬ​ក៏​ខ្ចី​ប្រាក់​ពី​បរទេស​ដើម្បី​អភិវឌ្ឍន៍​ប្រទេស សរុប​ចំនួន​តែ ៣.៣០០ លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​នេះ​ជា​ប្រតិកម្ម​របស់​លោក អ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តប​ទៅ​នឹង​ការលើកឡើង​របស់​សមាជិកសភា​គណបក្ស​សមរង្ស៊ី នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​វិសាមញ្ញ កាល​ព្រឹក​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១២ ចំពោះ​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១០​។​

​សមាជិក​រដ្ឋសភា​គណ​បក្ស​សមរង្ស៊ី បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ជំពាក់​ប​ណុល​ប្រទេស​ចិន​តែមួយ មាន​ចំនួន ៤.០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ហើយ មកដល់ពេលនេះ ហើយ​រាជរដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន​និង​ការរុករក​រ៉ែ ដោយ​គ្មាន​ការដេញថ្លៃ​អ្វី​ទាំងអស់​ដល់​ក្រុមហ៊ុន​មកពី​ប្រទេស​ចិន គឺ​សម្រេច​ប្រគល់ឲ្យ​តែម្តង​។​
​ ​
នៅក្នុង​កិច្ចប្រជុំ​សភាវិសាមញ្ញ លោក សុន ឆ័យ សមាជិក​សភា​មណ្ឌល​ភ្នំពេញ​
​នៃ​គណបក្ស​សមរង្ស៊ី បាន​លើកឡើង​ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​កម្ពុជា ជំពាក់​បំណុល​ប្រទេស​ចិន ចំនួន ៤.០០០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ទៅហើយ​។​ជាមួយគ្នា​នោះ រាជរដ្ឋាភិបាល​បាន​ចាយវាយ​ប្រាក់កម្ចី​ខ្ជះខ្ជាយ​ថែមទៀត គ្មាន​តម្លាភាព​។​

​ចំណែក​លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នៃ​គណបក្ស​សមរង្ស៊ី ក៏បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ប្រគល់​ដី​សម្បទាន ឲ្យទៅ​ក្រុមហ៊ុម​បរទេស​មានទំ​ហំជាង ២ លាន​ហិច​តា និង​បាន​ប្រគល់​ដី​រ៉ែ​សម្បទាន ឲ្យទៅ​ក្រុមហ៊ុន​បរទេស ( ក្នុងនោះ មាន​ក្រុមហ៊ុន​ចិន​ដែរ ) មាន​ទំហំ​ជាង ២ លាន​ហិច​តា ដែល​ស្មើ​ចំនួន ២៦% នៃ​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស​។​

​លោក សុវណ្ណ បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​ទទួល​ថវិការ​ពី​ការផ្តល់​ដី​សម្បទាន​នោះ មិន​បាន​ចំនួន ២៦ លាន​ដុល្លា​អាមេរិក​ផង ដែល​គិត​ជា​មធ្យម​រាជរដ្ឋាភិបាល​ជួល​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន គឺ​ក្នុង ១ ហិច​តា ថ្លៃ​តែ ១០ ដុល្លារ​ប៉ុណ្ណោះ​។​

​លោក យឹម សុវណ្ណ បាន​លើកឡើង​ទៀត​ថា ប្រជា​កសិករ​នៅ​ខេត្ត​បាត់ដំបង ដែល​បាន​ជួល​ដី​ឯកជន មក​ធ្វើ​កសិកម្ម​វិញ ក្នុង ១​ហិច​តា ថ្លៃ ១៨០ ដុល្លារ ក្នុង ១ ឆ្នាំ មិនទាន់​គិតដល់​ការចំណាយ​ថ្លៃ​ជី និង​បង់លុយ​ឲ្យ​មន្ត្រី​ច្រកព្រំដែន ១ តោន ថ្លៃ​ពី ៤០០ ទៅ ៥០០ បាត​នោះ​ទេ​។ ដូច្នេះ​លោក​សុំឲ្យ​រាជរដ្ឋាភិបាល ជួយ​គិត​មើល​ផង​។​
​ ​លោក យឹម សុវណ្ណ បានទាមទារ​ឲ្យ​រាជរដ្ឋាភិបាល ត្រូវ​ពិនត្យ​ដាក់​ឲ្យមាន​ការដេញថ្លៃ មាន​តម្លាភាព​នូវ​រាល់​អ្វីៗ​ទាំងអស់​ឡើង​វិញ​។ ជាមួយគ្នា​នោះ លោក​បាន​លើក​ពី​ការលក់​អចលនទ្រព្យ ដែល​ជា​សម្បត្តិ​រដ្ឋ នៅ​ខេត្ត​បាត់ដំបង​ជាង ២០ កន្លែង ដែល​គេ​អះអាងថា យក​ទៅ​អភិវឌ្ឍន៍ ប៉ុន្តែ​ការអភិវឌ្ឍ​គ្មាន​តម្លាភាព​ទេ ពីព្រោះ​បើ​តាម​លោក​គិត ការលក់​អចលនទ្រព្យ​នោះ មាន​ទឹកប្រាក់​ដល់​ទៅ ៤០០ លាន​ដុល្លារ​អាមេរិក​។​

​លោក ក៏បាន​លើកឡើង​ពី​ការលក់​អចលនទ្រព្យ នៅ​ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ និង​រាប់ពាន់​កន្លែង​ទៀត នៅ​ទូទាំង​ប្រទេស បាន​ក្លាយទៅជា​សម្បត្តិ​ឯកជន​អស់ហើយ មិនដឹង​ជា បាន​លុយ​ប៉ុន្មាន​ពាន់​លាន​ដុល្លារ​ទេ​។ លោក​សុំឲ្យ​មាន​ការដាក់​លក់​ដេញថ្លៃ​ជា​សាធារណៈ​។​

​ជា​ការឆ្លើយតប លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើង​ថា មកដល់ពេលនេះ រាជរដ្ឋាភិបាល​បាន​ខ្ចី​ថវិកា​ពី​បរទេស និង​និង​ខ្ចី​ពី​អង្គការ​អន្តរជាតិ មាន​ចំនួន​តែ ៣.៣០០ លាន​ដុល្លារ​អាមេរិក​ទេ គឺ​មិន​ដូច​ការលើកឡើង​របស់​សមាជិកសភា​គណបក្ស​ប្រឆាំង​លើកឡើង​ទេ​។​

​លោក​រដ្ឋលេខាធិការ បាន​ពន្យល់ថា ថវិកា​ដែល​ខ្ចី​ពិ​បរទេស​មក​នោះ គឺ​សម្រាបើ​យកមក​ធ្វើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ធារាសាស្ត្រ​ផ្លូវថ្នល់​។ បើ​អត់​មាន​ប្រព័ន្ធ​ហេដ្ឋរចនាសម្ព័ន្ធ ក៏​ពុំ​អាច​ធ្វើឲ្យ​កម្ពុជា មាន​កំនើន​សេដ្ឋកិច្ច​បែប​នេះដែរ​។​

​ជាមួយ​នោះ លោក អ៊ុក រ៉ាប៊ុន ក៏​បាន​បញ្ជក់​តប​ទៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទៀតថា មុន​នឹង​យល់ព្រម​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ចី​លុយ​ពី​បរទេស មក​ធ្វើ​ការអភិវឌ្ឍ​នោះ គឺ​មាន​ការវាយតម្លៃ​ពី​សន្ទុះ​កំនើន​សេដ្ឋកិច្ច​កម្ពុជា​បច្ចុប្បន្ន និង​អនាគត​ដែរ​។​

​ជាមួយគ្នា​នោះ លោក ឈាង វុន សមាជិក​សភា​មណ្ឌល​បាត់ដំបង មកពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រតិកម្ម​តប​ថា ការ​ខ្ចីប្រាក់​ពី​ប្រទេស​ចិន គឺ​សម្រាប់​យកមក​ធ្វើ​ការអភិវឌ្ឍ​ជាតិ និង​មាន​ការប្រាក់​ទាប​៕​

0 មតិ:

Post a Comment