www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

តើពេលណារូបិយវត្ថុរៀលមានស្ថេរភាពនៅលើទីផ្សារ?



បើទោះបីជាប្រទេសកម្ពុជាមានរូបិយវត្ថុ របស់ខ្លួនសម្រាប់ចរាចរ នៅលើទីផ្សារ ក្នុងប្រទេសយ៉ាងណាក្តី ប៉ុន្តែចាប់តាំង ពីប្រទេសកម្ពុជាប្រកាន់យកនូវរបប ទីផ្សារសេរីនោះមករូបិយប័ណ្ណបរទេសជាពិសេស ប្រាក់ដុល្លារបានហូរចូលមក ក្នុងប្រទេសកំពុងអភិវឌ្ឍមួយនេះយ៉ាងគំហុកតាមរយៈការហូរចូលនៃការវិនិយោគនិង ការដោះដូរទំនិញ ចេញចូលជាដើម ធ្វើឱ្យរូបិយវត្ថុរបស់ជាតិ (ប្រាក់រៀល) បានខិតខំ ប្រឹងប្រែងទប់ទល់ជាមួយនឹងការហូរចូលនៃរូបិយប័ណ្ណបរទេសនេះ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃប្រាក់រៀលរក្សាបាននូវលំនឹងល្អ ។

នៅពេលនេះយើងបានធ្វើបទសម្ភាសមួយជាមួយលោក ជំទាវ ងួន សុខា ជាអគ្គនាយិកានៃអគ្គនាយកដ្ឋាន បច្ចេកទេស នៃធនាគារជាតិនៃកម្ពុជាដែលខ្លឹមសារនៃបទសម្ភាសមានដូចខាងក្រោមនេះ ៖

* ដូចដែលយើងបានដឹងហើយ ប្រទេសកម្ពុជាមាន រូបិយវត្ថុរបស់ខ្លួនសម្រាប់ធ្វើចរាចរនៅលើទីផ្សារនាពេល បច្ចុប្បន្ននេះប៉ុន្តែនៅពេលរូបិយប័ណ្ណបរទេសហូរចូលឬធ្វើចរាចរច្រើនពេកតើវាជះឥទ្ធិពលអ្វីខ្លះដល់ប្រាក់រៀលខ្មែរ ?

- ជាធម្មតា ប្រទេសនីមួយៗតែងតែចង់ជំរុញនូវការប្រើ ប្រាស់រូបិយវត្ថុជាតិរបស់ខ្លួន ដើម្បីមានលទ្ធភាព និង មាន មធ្យោបាយគ្រប់គ្រាន់ក្នុងការអនុវត្តនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចគោលនយោបាយរូបិយវត្ថុ និង គោល នយោបាយ សារពើពន្ធ ជាដើម ។ ដូច្នេះហើយបានជានៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ គឺយើងមើលឃើញថា មានការប្រើប្រាស់ ប្រាក់ដុល្លារ ច្រើនជាសេដ្ឋកិច្ចមួយដែលគេហៅថាមានកម្រិត ដុល្លារូបនីយកម្មខ្ពស់ ។ ដូច្នេះកាលណាប្រទេសមានកម្រិត ដុល្លារូបនីយកម្មខ្ពស់ គឺវាមានគុណសម្បត្តិ និង គុណវិបត្តិ ហើយធនាគារជាតិ បានធ្វើការងារជាច្រើនទាក់ទងនឹងដុល្លារូបនីយកម្មនេះ ។ គោលដៅ និង ទិសដៅ ទៅអនាគត ដែលបានកំណត់ និង អនុវត្តដោយរាជរដ្ឋាភិបាល ជាពិសេស នៅពេលថ្មីៗនេះគឺរាជរដ្ឋាភិបាល បានអនុម័ត និង ឯកភាព ផែនការយុទ្ធសាស្ត្រមួយមានឈ្មោះថា “ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍវិស័យហិរញវត្ថុនៅឆ្នាំ ២០១១-២០២០” ។ នៅ ក្នុងយុទ្ធសាស្ត្រផែនការរយៈពេលវែងនេះ រាជរដ្ឋាភិបាល បានកំណត់ទិសដៅថា ពង្រឹងការប្រើប្រាស់ប្រាក់រៀលជា ជំហានៗដើម្បីឈានទៅរកការកាត់បន្ថយនូវដុល្លារូបនីយ-កម្មនៅក្នុងសេដ្ឋកិច្ច ដូច្នេះយើងបានខិតខំធ្វើការងារនេះ រួមគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រេចនូវ ភារកិច្ចនេះជាជំហានៗតាមរយៈវិធានការជាបន្តបន្ទាប់ ។

* តើអត្រាប្តូរប្រាក់នៅលើទីផ្សារ មានការឡើង ឬ ចុះ នោះបណ្តាលមកពីអ្វីដែរ ?
-រឿងអត្រាប្តូរប្រាក់នៅលើទីផ្សារមានការឡើង ឬ ចុះ នោះ គឺបណ្តាលមកពីតម្រូវការ និង ការផ្គត់ផ្គង់ បើតម្រូវ ការមិនសូវ មាននោះទេ ឬ ក៏តម្រូវការនោះវាលើសជ្រុល ពេក គឺយើងត្រូវខិតខំផ្គត់ផ្គង់ឱ្យបានសមស្របគ្នា ។ ទន្ទឹមនឹង នេះទៀត យើងតែងតែធ្វើអន្តរាគមន៍ទៅលើទីផ្សារប្តូរប្រាក់ តាមរយៈ ការទិញ ឬ លក់ប្រាក់រៀលក្នុងទីផ្សារប្តូរប្រាក់ ដើម្បី ធ្វើឱ្យអត្រាប្តូរប្រាក់លើទីផ្សារមានលំនឹង ឬ ស្ថិរភាពល្អ ។ វាដូចជាទំនិញមួយ អ៊ីចឹងដែរ ឧទាហរណ៍ថា កៅអីសាឡុង ធ្វើពីឈើបេង ប្រសិនបើប្រទេសហ្នឹងសម្បូរឈើ បេងសម្រាប់ យកមកធ្វើកៅអីសាឡុង ដូច្នេះតម្លៃកៅអីសាឡុងនោះនឹងថោក ។ ផ្ទុយទៅវិញ បើនៅ ក្នុងប្រទេសនោះខ្សត់ឈើបេង យកមកធ្វើកៅអីសាឡុង ហើយអតិថិជននៅតែមានតម្រូវ ការកៅអីសាឡុងធ្វើពីឈើបេង ដូច្នេះកៅអីសាឡុងធ្វើពីឈើបេងនោះប្រាកដជាថ្លៃ ហើយ ។ រូបិយវត្ថុរបស់ជាតិមួយក៏ដូចគ្នាដែរ បើសិនជាគេត្រូវការរូបិយវត្ថុនោះច្រើន ជាស្វ័យប្រវត្តិរូបិយវត្ថុនោះប្រាកដ ជាឡើងថ្លៃ តែបើសិនគេមិនសូវត្រូវការរូបិយវត្ថុនោះ មានន័យថា រូបិយវត្ថុនោះនឹងចុះថ្លៃ ដែលគេច្រើនតែនាំគ្នានិយាយថា លុយហើមៗ ។

* នៅពេលពិភពលោកបានជួបនូវវិបត្តិហិរញវត្ថុ តើវាជះឥទ្ធិពលអ្វីខ្លះដល់អត្រាប្តូរ ប្រាក់ ឬ រូបិយវត្ថុនៅក្នុង ប្រទេសកម្ពុជា ?
- បើទោះបីជាបណ្តាប្រទេសនៅលើពិភពលោកបានជួបនូវវិបត្តិហិរញវត្ថុយ៉ាងណា ក្តី តែជារួមសម្រាប់ ប្រទេស កម្ពុជា គឺយើងបានរក្សានូវស្ថិរភាពប្រាក់រៀលបានយ៉ាងល្អនេះ ដោយសារតែប្រទេសកម្ពុជាយើងមិនបានរងគ្រោះខ្លាំងពីវិបត្តិហិរញវត្ថុនេះនោះទេ ដែល គេបានឱ្យឈ្មោះថា “ផលប៉ះពាល់នៃការហូរចូល និង ការហូរចេញនៃដើមទុន” ដែល ប្រទេសមួយចំនួនទទួលរងផលប៉ះពាល់ពីវិបត្តិនេះ ។ បើដើមទុនហូរចេញពីប្រទេស គំហុកពេក ធ្វើឱ្យខ្វះប្រាក់ ដុល្លារនៅក្នុងទីផ្សារ កាលណាវាខ្វះហើយប្រាកដជាធ្វើឱ្យប្រាក់ ដុល្លារឡើងថ្លៃ ធ្វើឱ្យរូបិយវត្ថុជាតិខ្លួនចុះថោក ។ ដោយឡែកសម្រាប់ ប្រទេសកម្ពុជាយើង ពុំបានជួបប្រទះនូវបញ្ហាខ្លាំងក្លានោះ ទេ ព្រោះអីប្រភេទនៃការហូរចូលនៃដើមទុនមកក្នុង ប្រទេសកម្ពុជានាពេល បច្ចុប្បន្ននេះ គឺជាប្រភេទដើមទុនដែលហូរចូលមកមិនមែនក្នុង រយៈពេលខ្លីនោះទេ តែវា គឺជាទុនវិនិយោគដែលគេយកមកប្រើប្រាស់ក្នុងការវិនិយោគ រយៈពេលយូរ ដូច្នេះគេមិនងាយដកចេញទៅវិញលឿននោះទេ ហើយការហូរ ដើមទុន មួយបែបទៀត គឺបានមកដោយសារជំនួយ ពីបរទេសចូលមកក្នុង រដ្ឋាភិបាល ព្រោះការ កសាងនូវគម្រោង ឬ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មិនមែនជាប្រភេទទុនដែលងាយនឹងហូរ ចេញទៅវិញនោះទេ ហើយវាក៏មិនអាចបង្កើត ទៅជាភាពវឹកវរក្នុងទីផ្សារប្តូរប្រាក់នោះ ដែរ ដូច្នេះវាមិនធ្វើឱ្យប៉ះពាល់ដល់អត្រាប្តូរប្រាក់នៅក្នុងប្រទេសកម្ពុជាខ្លាំងនោះឡើយ ។

* តើត្រូវធ្វើដូចម្តេច ដើម្បីឱ្យរូបិយវត្ថុរបស់ជាតិ (ប្រាក់រៀល) មានតម្លៃស្ថិតនៅ ក្នុងទីតាំងមួយរឹងមាំ មាន ន័យ ថា មានស្ថិរភាពល្អ ?
- ជារួមប្រសិនបើយើងពិនិត្យក្នុងអំឡុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ គឺថា អត្រាប្តូរប្រាក់របស់យើងមាន ស្ថិរភាពយ៉ាងល្អនៅក្នុងរង្វង់ ៤.០០០ រៀលក្នុងមួយដុល្លារ កន្លងមកខាងវិស័យឯកជនបានសិក្សាទៅលើចលនា នៃអត្រាប្តូរប្រាក់របស់ប្រទេសមួយ ចំនួនធំនៅលើពិភពលោក ហើយគេក៏បានកត់សម្គាល់ថា ប្រាក់រៀលគឺជារូបិយវត្ថុមួយ មានស្ថិរភាពច្រើន បើធៀបនឹងរូបិយវត្ថុរបស់ប្រទេសដទៃទៀតដែលមានការប្រែប្រួល យ៉ាងច្រើននៅក្នុងរយៈពេល ប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសនៅក្នុងពេលដែលពិភព លោកបានជួបប្រទះនូវវិបត្តិហិរញវត្ថុនៅក្នុងឆ្នាំ ២០០៨-២០០៩ ដែលធ្វើឱ្យប្រទេស ជាច្រើននៅលើពិភពលោក បានជួបប្រទះនូវការប្រែប្រួល យ៉ាងច្រើននៃ អត្រាប្តូរប្រាក់របស់ខ្លួន ។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាគឺយើងមានសេចក្តីសោមនស្សនឹងភាពជោគជ័យដែល យើងអាចគ្រប់គ្រងនូវអត្រាប្តូរប្រាក់នៅក្នុងកម្រិតមួយ ដែលមានស្ថិរភាពគួរឱ្យកត់សម្គាល់ ។ លទ្ធផលនេះមិនមែនបានមកដោយ ចៃដន្យនោះទេ គឺបានមកដោយសារការខិតខំរួមគ្នារវាងរាជរដ្ឋាភិបាល កម្ពុជា និង អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ និង ក្រសួងពាណិជ្ជកម្ម ដែលមានធនាគារជាតិនៃកម្ពុជាជាអ្នកត្រួតពិនិត្យ គ្រប់គ្រងលើវិស័យធនាគារ និង គ្រប់គ្រងដឹកនាំនូវគោលនយោបាយរូបិយវត្ថុ ។

ធនាគារជាតិតែងតែបានអនុវត្តនូវភារកិច្ចរបស់ខ្លួនក្នុងការខិតខំថែ រក្សាអត្រាប្តូរប្រាក់យ៉ាងខ្ជាប់ខ្ជួន ហើយជាបន្តបន្ទាប់ ។ កន្លងមកយើងបាន ជំរុញឱ្យមានជំនឿទុកចិត្តលើវិស័យធនាគារ នៅលើប្រតិបត្តិការរបស់ធនា-គារ និង ចូលរួមធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រព្រឹត្តទៅដោយរលូន ពីព្រោះ ប្រទេសខ្លះកាលណាសេដ្ឋកិច្ចមានអស្ថិរភាពហើយ វាប្រាកដជាមានផល ប៉ះពាល់ទៅលើអត្រាប្តូរប្រាក់ហើយ ដូច្នេះយើងត្រូវខិតខំថែរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចឱ្យបានល្អ ហើយយើងខំប្រឹង ឬ ជំរុញឱ្យប្រជាពលរដ្ឋប្រើ ប្រាស់ប្រាក់រៀល ហើយធនាគារជាតិក៏ខំបញ្ចោញក្រដាសប្រាក់ថ្មីៗ ហើយក៏ ខំប្រមូលយកមកវិញនូវក្រដាសប្រាក់ចាស់ៗដើម្បីឱ្យប្រជាពលរដ្ឋពេញចិត្ត នូវក្រដាសប្រាក់ថ្មី ហើយឱ្យការសន្សំប្រាក់បរទេសនៅក្រោមខ្នើយ ឬ កន្ទេលរបស់គាត់បែរមកជាការសន្សំប្រាក់រៀលរបស់ខ្មែរវិញ តាមរយៈការ សន្សំជាសាច់ប្រាក់ ឬ នៅតាមធនាគារ ជាពិសេសគឺយើងជំរុញការប្រើ ប្រាស់ប្រាក់រៀលឱ្យកាន់តែច្រើនឡើងៗ ។

កន្លងមកយើងមានកិច្ចប្រតិបត្តិការល្អជាមួយក្រសួងសេដ្ឋកិច្ច និង ក្រសួងពាណិជ្ជកម្ម ដែលបានជំរុញឱ្យមាន ការបង់ពន្ធជាប្រាក់រៀល មាន ន័យថា ជំរុញឱ្យមានតម្រូវការប្រាក់រៀល ។

ទន្ទឹមនឹងនេះក្រសួងពាណិជ្ជ-កម្មនឹងជួយកំណត់ឱ្យទីផ្សារដាក់តម្លៃទំនិញគិតជាប្រាក់រៀល ដើម្បីឱ្យមាន តម្លាភាព ហើយតទៅមុខទៀតគឺយើងខិតខំតាមដានក្នុងការចលនាប្រាក់ រៀល ហើយមានវិធានការយ៉ាងម៉េចដើម្បីរក្សានូវស្ថិរភាពប្រាក់រៀលឱ្យ មានលំនឹងល្អ ។

* បច្ចុប្បន្ននេះយើងមានប្រភេទក្រដាសប្រាក់រៀលដែលមានតម្លៃធំ ឬ ខ្ពស់ជាងគេត្រឹមកម្រិតណាដែរ ?
- បច្ចុប្បន្ននេះ យើងមានប្រភេទក្រដាសប្រាក់រហូតដល់ទៅកម្រិត ១០ ម៉ឺនរៀលឯណោះ ដើម្បីងាយស្រួល ចាយវាយនៅលើប្រតិបត្តិការធំៗ គឺយើងមានក្រដាសប្រាក់ធំៗសម្រាប់ចាយវាយ ឬ ទូទាត់តាមសេចក្តីត្រូវការ របស់ទីផ្សារ ហើយក៏ជាការខិតខំប្រឹងប្រែងគ្រប់គ្រងដើម្បីរក្សានូវស្ថិរភាព អត្រាប្តូរប្រាក់ ដោយរក្សាតម្រូវការ ការផ្គត់ផ្គង់តម្រូវការប្រាក់រៀល និង ការ ផ្គត់ផ្គង់ប្រាក់រៀលដើម្បីឱ្យវាសមមូលគ្នា ។

* តើនៅក្នុងស្ថានភាពដូចម្តេចដែលតម្រូវឱ្យធនាគារជាតិបោះពុម្ព ប្រាក់ថ្មីបន្ថែម ?
-រឿងបោះពុម្ពប្រាក់នេះ យើងមិនអាចបោះពុម្ពដោយស្រេចតែចិត្តនឹក ឃើញនោះទេ គ្រប់ធនាគារកណ្តាល ទាំងអស់មិនអាចមានធនាគារកណ្តាលណាមួយ អាចបោះពុម្ពប្រាក់តាមតែអំពើចិត្តនោះទេ ។ យើងមើល ទៅលើ តម្រូវការ និង ការផ្គត់ផ្គង់ ប្រសិនបើ សេដ្ឋកិច្ចមិនត្រូវការការផ្គត់ផ្គង់ចំនួន ប្រាក់នោះផង ហើយសកម្មភាពសេដ្ឋកិច្ចមានតម្រូវការតែចំនួនប្រាក់មួយ កញ្ចប់ប៉ុណ្ណោះ ដើម្បីយកមក ប្រើប្រាស់ចរាចរនៅក្នុងសេដ្ឋកិច្ច ។ បើសេដ្ឋ-កិច្ចមានតម្រូវការប្រាក់តែមួយកញ្ចប់ប៉ុណ្ណោះ តែយើងបោះពុម្ពបន្ថែមមួយ កញ្ចប់ទៀត ដូច្នេះចំនួនប្រាក់ នោះវានឹងឡើងខ្ពស់ពីលទ្ធភាពដែលយើង មាន បើកាលណាមាន ប្រាក់ចរាចរនៅលើទីផ្សារច្រើនហួសពីតម្រូវការពេក វានឹងធ្វើឱ្យមានអតិផរណា ដែលគេហៅថាទំនិញឡើងថ្លៃ ដូច្នេះរាល់ថ្ងៃ នេះយើងបានខិតខំធ្វើឱ្យវាមាន តុល្យភាពរវាងទំនិញ និង ប្រាក់របស់យើង ។ ប្រសិនបើវាមានអតិផរណាហើយ វានឹងធ្វើឱ្យគ្រោះថ្នាក់ ដល់សេដ្ឋកិច្ចជាតិ ដោយមានប្រទេសខ្លះមានអតិផរណា ខ្លាំងពេក ធ្លាក់ដល់មានវិបត្តិ នយោបាយពាសពេញប្រទេស ដូច្នេះធនាគារកណ្តាលទាំងអស់មានការប្រុង ប្រយ័ត្នណាស់អំពីបញ្ហានេះ ។ និយាយរួមមិនមានធនាគារកណ្តាលណា បោះពុម្ពប្រាក់ដោយពុំមានការពិចារណានោះទេ បើសេដ្ឋកិច្ចយើងខ្លាំង ប្រាក់របស់យើងក៏មានតម្លៃទៅតាមនោះដែរ ។ យើងក្រឡេកមើលប្រទេស ជិតខាងយើងមួយចំនួនដែលសេដ្ឋកិច្ចរបស់គេខ្លាំង ភ្ញៀវទេសចរដែល ចេញចូលស្រុកគេគឺត្រូវតែយកប្រាក់ដុល្លារទៅដោះដូរជារូបិយវត្ថុជាតិរបស់ គេសិនទើបអាចចាយបាន ដូច្នេះវាធ្វើឱ្យមានតម្រូវ ការរូបិយវត្ថុរបស់ជាតិ គេច្រើន ធ្វើឱ្យប្រាក់របស់គេមានតម្លៃ ហើយសេដ្ឋកិច្ចរបស់គេ កាន់តែរីក ចម្រើនថែមទៀត ។ បើសេដ្ឋកិច្ចគេរឹងមាំ កម្លាំងគេរឹងមាំ ធ្វើឱ្យរូបិយវត្ថុ ជាតិរបស់គេក៏រឹងមាំដែរ ។

* ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការប្រាក់រៀលមានការកើនឡើងទេ ?
- ពីមួយឆ្នាំទៅមួយឆ្នាំ តម្រូវការប្រាក់រៀលមានការកើនឡើងជា លំដាប់ បើយើងពិនិត្យមើលនៅ ក្នុងឆ្នាំ ២០១១ ហើយធៀបនឹងឆ្នាំ ២០១០ គឺវាមានកំណើន ២០ ភាគរយ កំណើននៃតម្រូវការនេះក៏បង្ហាញពីការរីក ចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងផងដែរ ។

បើយោងតាមតួលេខដែលទទួលបានពីធនាគារជាតិនៃកម្ពុជាបានឱ្យ ដឹងថា បច្ចុប្បន្ននេះមានប្រាក់រៀល ចំនួន ៣.៧១៩ ពាន់លានរៀល កំពុងធ្វើ ចរាចរនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជា ៕

0 មតិ:

Post a Comment