សាលាក្តីខ្មែរក្រហមបានប្រកាស ផ្សព្វផ្សាយជាសាធារណៈនៅចុងសប្តាហ៍នេះ នូវគម្រោងថវិកាសម្រាប់ឆ្នាំ ២០១២និង២០១៣ ដែលមានចំនួន ៨៩,៦លានដុល្លារ។ គម្រោងថវិកានេះត្រូវបានអនុម័តដោយប្រទេសម្ចាស់ជំនួយរួចហើយ កាលពី សប្តាហ៍មុន ប៉ុន្តែ ក្រុមម្ចាស់ជំនួយបានដាក់លក្ខខណ្ឌឲ្យសាលាក្តីទុកមួយអន្លើសិននូវ គម្រោងទាក់ទងនឹងកេរដំណែលរបស់សាលាក្តី និងគម្រោងបន្តការងារសេសសល់នៅពេលសាលាក្តីនេះបិទបញ្ចប់។ មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានអះអាងថា វិបត្តិថវិការបស់តុលាការនេះនឹងបញ្ចប់នៅដំណាច់ខែមីនានេះ។
មន្ត្រីនិងបុគ្គលិករបស់សាលាក្តីខ្មែរក្រហមទាំងអស់ត្រូវបានគេជូន ដំណឹងរួចរាល់ហើយថាពួកគេនឹងទទួលបានប្រាក់ខែឡើងវិញទាំងអស់នា ដំណាច់ខែមីនានេះ។ ដំណឹងល្អនេះបានកើតឡើងក្រោយពីប្រទេសម្ចាស់ជំនួយបានអនុម័តរួច ហើយកាលពីសប្តាហ៍មុននូវគម្រោងថវិកាសម្រាប់ចំណាយក្នុងឆ្នាំ២០១២ និង២០១៣។ ការចំណាយដែលមានថវិកាសរុបទាំងអស់៨៩,៦ លានដុល្លារ (គិតទាំងសម្រាប់ភាគីជាតិ និងអន្តរជាតិ)។
ប្រហែលជាមកពីដំណឹងល្អនេះហើយបានជាសាលាក្តីខ្មែរក្រហមបានសម្រេច ផ្សព្វផ្សាយជាសាធារណៈនូវគម្រោងថវិការបស់ខ្លួន។ បើយោងតាមសេចក្តីប្រកាសជូនកាលពីល្ងាចថ្ងៃសុក្រ ប្រទេសម្ចាស់ជំនួយបានយល់ព្រមអនុម័តគម្រោងថវិកាសម្រាប់បន្ត ដំណើរការរបស់សាលាក្តីរយៈពេល២ឆ្នាំខាងមុខរួចហើយ ប៉ុន្តែ ម្ចាស់ជំនួយបានភ្ជាប់លក្ខខណ្ឌឲ្យសាលាក្តីត្រូវទុកមួយអន្លើសិន នូវគម្រោងចំណាយទៅលើកេរដំណែលរបស់សាលាក្តី និងគម្រោងចំណាយទៅលើការងារសេសសល់របស់សាលាក្តីនៅពេលដែលដំណើរការ សវនាការបិទបញ្ចប់។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានពន្យល់បន្ថែមថា នៅក្នុងគម្រោងថវិកាឆ្នាំ២០១២និង២០១៣ សាលាក្តីក៏មានខ្ទង់ចំណាយទៅលើការរៀបចំតុលាការខ្មែរក្រហមឲ្យទៅជា កេរដំណែលទុកធ្វើជាគំរូសម្រាប់តុលាការជាតិ និង ខ្ទង់ចំណាយទៅលើកិច្ចការមួយចំនួនដែលនៅសេសសល់ក្រោយពីបិទបញ្ចប់ សំណុំរឿងផងដែរ។ ប៉ុន្តែ ខ្ទង់ទាំងពីរនេះត្រូវបានប្រទេសម្ចាស់ជំនួយសុំផ្អាកទុកមួយអន្លើ សិនដោយពួកគេចង់ឲ្យសាលាក្តីផ្តោតតែទៅលើដំណើរការដែលកំពុងតែ ប្រតិបត្តិការសព្វថ្ងៃតែប៉ុណ្ណោះ។
មន្ត្រីអ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រកាសថា វិបត្តិថវិកានៅក្នុងសាលាក្តីនេះបានបញ្ចប់ហើយ ពោលគឺមន្ត្រី និងបុគ្គលិកសាលាក្តីទាំងអស់នឹងទទួលបានប្រាក់ខែឡើងវិញជាធម្មតា ចាប់ពីដំណាច់ខែមីនានេះតទៅ។ សូមបញ្ជាក់ថា ចៅក្រម និងសហព្រះរាជអាជ្ញា ព្រមទាំងមន្ត្រីអ្នកច្បាប់នៃភាគីជាតិទាំងអស់មិនបានបើកប្រាក់ខែ តាំងពីខែតុលាឆ្នាំ២០១១មក រីឯបុគ្គលិករដ្ឋាភិបាល និងបុគ្គលិកផ្សេងទៀតក៏មិនបានបើកប្រាក់ខែចាប់ពីខែមករាឆ្នាំ២០១២ មកដែរ។ ប៉ុន្តែ ប្រាក់ខែទាំងនោះនឹងត្រូវគេសងវិញនៅដំណាច់ខែមីនានេះ៕ RFI
0 មតិ:
Post a Comment