www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, April 11, 2012

ADB៖ កំណើនសេដ្ឋកិច្ច កម្ពុជា ឆ្នាំ​២០១១ កើន ៦,៨%, ឆ្នាំ​២០១២ ៦,៥% និង​ឆ្នាំ​២០១៣ កើន​ដល់ ៧%



ភ្នំពេញ: ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB បានប្រកាស​នូវ​លទ្ធផល​នៃ​ការ​ព្យាករណ៍​សេដ្ឋកិច្ច ឬ​ភាសា​បច្ចេកទេស​ហៅថា ផលិតផល​ក្នុងស្រុក​សរុប GDP សម្រាប់​ប្រទេស​កម្ពុជា គឺ​កំណើន​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ​២០១១ កើន​ឡើងដល់ ៦,៨%​។ ចំណែក​ឆ្នាំ​២០១២ កំណើន​សេដ្ឋកិច្ច​កម្ពុជា បាន​ថយ​ចុះ​មក​នៅត្រឹមតែ ៦,៥%​។ ក៏ប៉ុន្តែ ADB បាន​មើលឃើញ​ថា នៅ​ឆ្នាំ​២០១៣ សេដ្ឋកិច្ច​កម្ពុជានឹង​កើនឡើង​ដល់ ៧%​។​

​លទ្ធផល​ព្យាករណ៍​សេដ្ឋកិច្ច​ ដែលជារបាយការណ៍ប្រចាំឆ្នាំ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានឈ្មោះថា “ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១២ ( ADO 2012 )” ត្រូវបាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃទី​១១​មេសា ឆ្នាំ​២០១២ នៅ​ទីស្នាក់ការ ADB ជិត​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រាជធានី​ភ្នំពេញ ជិត​វិមានឯករាជ្យ។

របាយការណ៍បង្ហាញថា ការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជាយ៉ាងដូច្នេះ ដោយផ្អែកលើ​កំណើន​នៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើង កំណើននៃវិស័យសេវាកម្ម និងទស្សន​វិស័យសេដ្ឋកិច្ចជាសកល ដែលមានស្ថិរភាពជាងមុន។

ចំពោះការព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា នឹងថយចុះមកនៅត្រឹម ៦,៥% នៅ​ឆ្នាំ២០១២ ត្រូវបាន ADB សន្មតថា បណ្តាលមកពីការថយចុះនូវការនាំចេញ​នៃវិស័យឧស្សាហកម្ម និងការកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ នៃកំណើនក្នុងវិស័យ​សេវាកម្ម និងកសិកម្ម។ កំណើនក្នុងវិស័យឧស្សាហកម្ម ដោយមានការជំរុញ​ពីការនាំ​ចេញ​សម្លៀកបំពាក់ និងស្បែកជើង ទៅកាន់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងថយចុះមកនៅ ១១,៤% ពី ១៣,៩% កាលពីឆ្នាំ២០១១។

តាម ADB ការថយចុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា បន្តិចបន្តួច នៅឆ្នាំ២០១២ ក៏មកពី​សេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលជា​ទីផ្សារនាំចេញដ៏​សំខាន់​របស់​ប្រទេសកម្ពុជា។

លោក Peter Brimble អនុប្រធានប្រចាំប្រទេស និងជាសេដ្ឋកិច្ចវិទូជាន់ខ្ពស់​របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “បើទោះបីជា​មាន​គ្រោះទឹកជំនន់អាក្រក់បំផុត ដែលមិនធ្លាប់មានក្នុងរយៈពេលជាង​មួយទស្សវត្សរ៍កន្លង​មកនេះ កើតមានឡើង កាលពីឆ្នាំមុន និងបើទោះបីជាមានភាពមិនប្រាកដប្រជា​ក្នុង​កម្រិតខ្ពស់ និងកលយុគសេដ្ឋកិច្ច ក្នុងសកលលោកក៏ដោយ ប្រទេសកម្ពុជា ត្រូវ​បាន​គេរំពឹងទុកថា នឹងបង្ហាញពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំ នៅក្នុងរយៈពេលពីរឆ្នាំខាងមុខ។ ប៉ុន្តែភាពមិនសមាមាត្រនៃធនធានមនុស្ស និងទីផ្សារជំនាញ ដែលកាន់តែរីកធំ នៅក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រំលេចឲ្យឃើញពីភាពចាំបាច់ ដើម្បីធ្វើឲ្យសាលា​រៀន និងស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ ឲ្យមកនៅកៀកសហគមន៍ធុរកិច្ច សំដៅ​បង្កើន​គុណភាព និងភាពពាក់ព័ន្ធទៅនឹងតម្រូវការទីផ្សារ”។

យ៉ាងណាក៏ដោយ ADB បានលើកឡើងពីអតិផរណា ទំនិញឡើងថ្លៃ នៅក្នុង​ឆ្នាំ២០១២ និងឆ្នាំ២០១៣ នឹងថយចុះមកនៅត្រឹមប្រមាណ ៥% គិតជាមធ្យមប្រចាំឆ្នាំ ពី ៥,៥% នៅឆ្នាំ២០១១ ដោយសន្មតថា នឹងមានការប្រើប្រាស់ប្រភពក្នុងស្រុកក្នុង​កម្រិតទាប ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ឱនភាពថវិកា។ ប៉ុន្តែការឡើងថ្លៃប្រេងជា​សកល នៅឆ្នាំ២០១២ អាចធ្វើឲ្យការព្យាករនេះ ប្រឈមនឹងភាពមិនប្រាកដ​ប្រជា​ផងដែរ៕
ថ្ងៃទី១១ខែមេសា/09:50PM

0 មតិ:

Post a Comment