www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, April 14, 2012

រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​ទាំង ១០ កន្លែង នៅ​រតនគិរី



រតនគិរី​: ​គេ​អាចធ្វើ​ដំណើរ​ទៅកាន់​ខេត្តរតនគិរី ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​ល្អ​ប្រណីត នៅ​ភូមិភាគ​ឦសាន នៃ​ប្រទេស​កម្ពុជា ដែលជា​គោលដៅ​សំខាន់បំផុត សម្រាប់​ភ្ញៀវទេសចរ គឺត្រូវធ្វើ​ដំណើរ​ចេញពី​រាជធានី​ភ្នំពេញ តាមផ្លូវ​ជាតិ​លេខ​៦ កាត់​ខេត្តកំពង់ចាម ផ្លូវជាតិ​លេខ​៧ និង​លេខ​១៣ ខេត្តក្រចេះ ស្ទឹងត្រែង ដល់​ចំណុច​ផ្លូវបំបែក​អូរ​ពងមាន់ បែក​ចូល​ផ្លូវ​ខាងស្តាំ​ដៃ តាមផ្លូវ​តាមផ្លូវ​ជាតិ​លេខ​៧៨​អា ឆ្ពោះ​ត្រង់​ទៅ​កើត​ជិត ១០០ គីឡូម៉ែត្រ នឹង​ដល់ទី​រូ​ម​ខេត្តរតនគិរី ដែលមាន​រយៈ​ចំងាយ​សរុប ៥៨៨ គីឡូម៉ែត្រ គិតពី​រាជធានី​ភ្នំពេញ​។​

​រមណីយដ្ឋាន​ដ៏​ស្រស់ស្អាត​បែប​ធម្មជាតិ​ពិតៗ​ទាំង ១០ កន្លែង នៅ​រតនគិរី រួមមាន​៖
១-​រមណីយដ្ឋាន​បឹង​យក្ស​ឡោម
២-​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង
៣-​ទឹកធ្លាក់​កាចា​ញ
៤-​ទឹកធ្លាក់​កា​ទៀង
៥-​ទឹកធ្លាក់​អូរ​ស៊ិន​លែ​រ៍
៦-​រមណីយដ្ឋាន​ឥសី​ប​តមៈ
៧-​រមណីយ​ដ្ឋា​បឹង​លំ​កុ​ដ
៨-​រមណីយ​ដ្ឋា​ទឹក​ជួរ​តាត​តាំ
៩-​រមណី​ដ្ឋា​វាល​ថ្ម​រំ​ប្លង់
១០-​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​វីរ​ជ័យ​។​

១-​រមណីយដ្ឋាន​ធម្មជាតិ​បឹង​យក្ស​ឡោម​៖
​បឹង​យក្ស​ឡោម ជា​រមណីយដ្ឋាន​ធម្មជាតិ​ជាទី​គួរឱ្យ​ចាប់អារម្មណ៍​បំផុត ស្ថិតនៅលើ​តំបន់​ខ្ពង់រាប ចំ​កណ្តាល​ភ្នំ នៃ​ខេត្តរតនគិរី ដែល​កើតឡើង ដោយ​ប​ន្ទុះ​ភ្នំភ្លើង​ជាច្រើន​សតវត្សរ៍​មកហើយ ស្ថិតនៅក្នុង​ឃុំ​យក្ស​ឡោម ស្រុក​បាន​លុង មាន​ចំងាយ ៥ គីឡូម៉ែត្រ ពី​ទីក្រុង​បាន​លុង​។ បឹង​នេះ មាន​សណ្ឋាន​រាង​មូល ដោយមាន​បន្ទាត់កាត់​ផ្ចិត​ប្រមាណ​ជាង ៨០០ ម៉ែត្រ ជំរៅ ៤៨ ម៉ែត្រ​។​
​នៅទីនេះ បាន​ផែ​ពីរ ដែល​សង់​លយ​ទៅលើ​ផ្ទៃ​ទឹក សំរាប់អ្នកទេសចរ​អ​ង្គុ​យ​លំហែរ គយគន់​ត្រី​កំពុង​ហែល​ទឹក មើល​បក្សាបក្សី តាម​ដងព្រៃ​នៅ​ជំវិញ​មាត់បឹង​។
​បឹង​យក្ស​ឡោម​ក៏​ជា​កន្លែង​សំរាប់​ងូតទឹក ឬ​ហែល​ទឹក​លេង​កំសាន្ត​ផងដែរ​។ នៅ​មាត់បឹង​ពី​ខាងលិច​មាន​មជ្ឈមណ្ឌល ដែល​សាងសង់ឡើង សំរាប់​ផ្តល់ព័ត៌មាន​ផ្សេងៗ​ពី​បឹង​យក្ស​ឡោម និង​ជា​កន្លែង​ដាក់តាំង​សិប្បកម្ម​របស់​ជនជាតិ​ភាគតិច និង​លក់​វត្ថុ​អនុស្សាវរីយ៍​។
​អ្នកទេសចរ​និយម​ចូលចិត្ត​ទៅ​ហែល​ទឹក​លេង និង​ដើរ​កំសាន្ត​តាម​ព្រៃភ្នំ​ជំវិញ​បឹង ដោយមាន​អាហារ​យកទៅ​ជាមួយ​ផង​។ បឹង​យក្ស​ឡោម គឺ​កន្លែង​មួយ ដែល​បងប្អូន​ជនជាតិភាគតិច​នៅក្បែរនោះ គោរពបូជា​ដោយ​គេ​ជឿថា អារក្ស ជា​ម្ចាស់​ទឹកដី​ព្រៃ​ប្រឹក្សា ស​ន្ថិ​ត​នៅ​ទីនោះ​។​

​បច្ចុប្បន្ន​ទីនោះ មាន​សភាព​ស្ងប់ស្ងាត់​នៅ​កណ្តាល​ទ្រូងព្រៃ ប្រៀប​បានជា​ទីឋាន​ដ៏​សុខសាន្ត​សំរាប់​ពពួកសត្វ​ព្រៃ និង​អ្នកទេសចរ​ទាំងឡាយ ដែល​ស្វែងរក​ភាពស្ងប់ស្ងាត់ ឬក៏​និយម​រក​រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​បំផុត​។ បឹង​នេះ​ប្រៀបបាន​នឹង​មេដែក​ឆក់​សំរាប់​ស្រូប​ទាញ​អង្រួន​បេះដូង​ភ្ញៀវទេសចរ ចាប់អារម្មណ៍​កាន់តែខ្លាំង ដោយ​ខាន​ពុំបាន ខណៈដែល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បានធ្វើ​ដំណើរ​កំសាន្ត​ទៅដល់​ខេត្តរតនគិរី​នេះ​។

​ទឹក​បឹង ដែលជា​និច្ចកាល​ត្រជាក់ ថ្លាយុង ឆ្លុះ​ពណ៌​ជាមួយ​ព្រៃឈើ​ខៀវស្រងាត់​ដែល​ព័ទ្ធជុំវិញ​មាត់បឹង​នោះ ហើយ​អមដោយ​សំឡេង​បក្សាបក្សី​ស្រែក​យ៉ាង​គ្រលួច​។ បឹង​យក្ស​ឡោម​បាន​ក្លាយជា​គោលដៅ​សំរាប់​ភ្ញៀវទេសចរ មុជទឹក​ហែល​កំសាន្ត អារម្មណ៍​បំបាត់​ក្តីកង្វល់​។

​នៅពេល​ដើរ ឬ​ជិះ​កង់ ទស្សនា​កំសាន្ត​នូវ​ទេសភាព​ស្រស់ត្រកាល ព័ទ្ធជុំវិញ​មាត់បឹង ដែល​ពេលខ្លះ អាច​ឱ្យគេ​ពើបប្រទះ​សត្វ​បក្សាបក្សី ឬ​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ជនជាតិដើម​ភាគតិច​មានជំនឿថា ទឹក​បឹង​ជា​ព្រលឹង​វិញ្ញាណ ដែល​ពួកគេ​ទាំងអស់គ្នា​តែងតែ​គោរពបូជា និង​ធ្វើការ​បន់ស្រន់​សុំឱ្យ​វត្ថុ​ស័ក្តិសិទ្ធិ​នោះ​ការពារ​ដល់​ពួកគេ និង​ទឹកដី​បព្វ​បុរស​ផង​ខ្លួន​ឱ្យនៅ​គង់វង្ស​ជានិច្ច​។ ប្រជាជន​ខ្លះ បាន​ផ្តល់ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​នូវ​ការលក់ដូរ​វត្ថុ​អនុស្សាវរីយ៍ ផលិតផល​សិប្បកម្ម កសិកម្ម​ជាច្រើន​មុខ ដែល​ផលិត​ដោយ​ជនជាតិដើម ភាគតិច​នៅ​មូលដ្ឋាន​នោះ​តែម្តង​។​

២-​រមណីយដ្ឋាន​ទឹកធ្លាក់​ចា​អ៊ុង​៖
​ទឹកធ្លាក់​ចា​អ៊ុង មាន​ចំងាយ​ប្រមាណ ២​គីឡូម៉ែត្រ ពី​ទីក្រុង​បាន​លុង តាមផ្លូវ​ទៅ​ស្ទឹងត្រែង រួច​បត់​ស្តាំ ទៅតាម​ផ្លូវលំ​ប្រមាណ ៦ គីឡូម៉ែត្រ​។ ទឹកធ្លាក់​ចា​អ៊ុង ស្ថិតនៅ​កណ្តាល​ព្រៃ ក្នុង​ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ​។
​យើង​ហៅ​ទឹកធ្លាក់​នេះ តាម​ជនជាតិ​គ្រឹ​ង ដែល​រស់នៅ​ក្នុងភូមិ​ចា​អ៊ុង នៅ​ជិត​ទឹកធ្លាក់​នេះ​។​
​ប្រភពទឹក​ធ្លាក់​នេះ ចេញពី​ភ្នំ​ឥសី​ប​តមៈ ឬ​ភ្នំ​ស្វាយ នៅ​ជិត​ទីក្រុង​បាន​លុង​។
​មាន​សណ្ឋាន​ភាព​ពី​ខាងលើ ជា​អូរ​តូច​មួយ ទឹក​ហូរ មិន​ដាច់​តាម​ល្បាក់​ថ្ម​តូចៗ ហើយ​ធ្លាក់​ទៅក្នុង​ជ្រោះ​ខាងក្រោម មាន​កំពស់ ២៥ ម៉ែត្រ​។ ដើម្បី​មើល​ទឹកធ្លាក់ យើង​ត្រូវ​ចុះ​ជំរាលភ្នំ​ទៅ​ជ្រោះ​ខាងក្រោម យើង​នឹង​ឃើញ​រូង​ថ្ម​មួយ​យ៉ាង​ធំ ដែល​នៅ​ពី​ខាងលើ​រូង​នេះ​មាន​ផ្ទាំង​ថ្ម​រាបស្មើ​ជា​ដំបូល​។
​នៅ​មាត់ជ្រោះ មាន​ដុំថ្ម​ធំៗ ជា​កន្លែង​សំរាប់​អង្គុយ ឬ​ឈរ​មើល​ទឹកធ្លាក់​ពីលើ​កំពូល​ភ្មំ​ដ៏​អស្ចារ្យ គួរ​ឲ្យ​ចាប់អារម្មណ៍​។​

​នៅ​ជុំវិញ​មាន​ដើមឈើ​តូចធំ និង​វ​ល្លិ៍​ដុះ​ជុំវិញ​ជាច្រើន​ស្អេក​ស្អះ​ជាមួយនឹង ទឹក​ដែល​កំពុង​ហូរ​ធ្លាក់​។ ទស្សនីយភាព​ដ៏​អស្ចារ្យ គឺ​ស្រស់ស្អាត ដូច​នៅក្នុង​គំនូរ​ចំហាយ​ទឹក​ចេញពី​ខ្សែទឹក​ធ្លាក់ បង្កើតបានជា​ខ្យល់​សំនើម មាន​ពណ៌​ដូច​អ័ព្ទ​នៃ​ទឹកសន្សើម ដែលជា​ប្រភព​ផ្គត់ផ្គង់​ដល់​ការ​ដុះ​រីកលូតលាស់ នៃ​រុក្ខជាតិ​គ្រប់​ប្រភេទ​នៅទីនេះ​។

​នៅពេល​ខ្លះ​ដោយ​សារបាន​ចំណាំង​កាំរស្មីព្រះអាទិត្យ ចាំង​កាត់​ខ្សែទឹក និង​ចំហាយ​ទឹក​នោះ ក៏​បង្កើតបាន​ឆ​ពណ្ណ​រង្សី ដូច​ឥ​ន្ធ​នូ​។ សហគមន៍​ទើប​សាងសង់​ជណ្តើរថ្ម​ធំ​មួយ ដើម្បី​សំរួល​ដល់​ការចុះ​ឡើង​របស់​ភ្ញៀវទេសចរ ដែលមាន​បំណង​ចុះទៅ​ដល់​បាត​ជ្រោះ​ដែល​ទឹក​ហូរ​ធ្លាក់​ចុះទៅ​ដ៏​ជ្រៅ​សន្លឹម​នោះ​។ នៅឯ​បរិវេណ​ខាងលើ នៃ​ទឹកធ្លាក់​ចា​អ៊ុង​នេះ​ក៏មាន​អ្នកស្រុក​លក់ដូរ​ចំណីអាហារ ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ជាច្រើន​សំរាប់​ភ្ញៀវទេសចរ​ដែរ​។​

៣-​រមណីយដ្ឋាន​ឥសី​ប​តមៈ ឬ​ភ្នំ​ស្វាយ​៖
​ទីកន្លែង​ស័ក្តិសិទ្ធិ​ឥសី​ប​តមៈ តាំង​នៅលើ​កំពូលភ្នំ​ស្វាយ មាន​ចំងាយ​ពីរ​គីឡូម៉ែត្រ ខាងលិច​ក្រុង​បាន​លុង​។ នៅ​ជើងភ្នំ​ពី​ខាងកើត មាន​វត្ត​មួយ ឈ្មោះថា វត្ត​ឥសាន​រតនា​រាម ដែលជា​ទីសក្ការៈ​បូជារ​បស់​ពុទ្ធសាសនិកជន ដែល​នៅក្នុង​ទីក្រុង​បាន​លុង ក៏ដូចជា​ពលរដ្ឋ​ក្នុង​ខេត្តរតនគិរី និង​ភ្ញៀវទេសចរ ដែល​ទៅ​កំសាន្ត​ផងដែរ​។
​នៅលើ​កំពូលភ្នំ មាន​ចំលាក់​ព្រះពុទ្ធ​រូប​ចូល​និ​ពា​ន្វ​មួយ​ព្រះអង្គ​យ៉ាង​ធំ សឹង​នៅលើ​ប​ល្ល័​ង ក្រោម​ម្លប់​ដំបូល​ធ្វើ​អំពី​បេតុង​។
​ព្រះពុទ្ធ​រូបនេះ កសាងឡើង​ក្នុង​ឆ្នាំ​១៩៩៤ ដើម្បី​ជាទី​សក្ការៈបូជា​របស់​ពុ​ទ្ធ​សាសនិកជន​។ ពីលើ​កំពូល យើង​អាច​មើលឃើញ​ទេសភាព​ជិត​ឆ្ងាយ​ដ៏​អស្ចារ្យ នៅ​ជុំវិញ​ភ្នំ ជាពិសេស​ទីក្រុង​បាន​លុង​តែម្តង​។ ខ្យល់អាកាស​បរិសុទ្ធ​ត្រជាក់​នា​រដូវប្រាំង ធ្វើ​ឲ្យ​អ្នកទេសចរ មិន​ចង់​ចាកចេញ​ពីលើ​កំពូលភ្នំ​ឡើយ​។

​ភ្នំ​នេះ លំអ​ដោយ​ទេសភាព​ពណ៌​បៃតង​ជានិច្ច នៅតាម​ទីវាល​ជំរាល​ជ្រលង​ភ្នំ រួច​បន្ត​ដោយ​ជួរ​ភ្នំ​នៅឯ​នាយ​ជាប់​នឹង​ជើងមេឃ​។

​សព្វថ្ងៃនេះ ទីកន្លែង​ដ៏​ស័ក្តិសិទ្ធិ​នេះ ប្រជាជន​ទៅ​គោរពបូជា​ដើម្បី​សុំ​លាភ​សំណាង ជោគជតារាសី និង​សុំ​ក្តី​សុខ​សប្បាយ​។

៤-​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ទៀង​៖
​ទឹកធ្លាក់​កា​ទៀង ស្ថិតនៅក្នុង​ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ មាន​ចំងាយ​ប្រមាណ ៧ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។ ទឹកធ្លាក់​កា​ទៀង ស្ថិតនៅក្រោម​ទឹកធ្លាក់​កា​ចាញ មុននឹង​ធ្វើដំណើរ​ទៅដល់​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ចាញ មាន​ផ្លូវលំ​បែក​ទៅ​ស្តាំ​ដៃ តាម​របង​រោងចក្រ​កៅស៊ូ​ក្រែប ឆាយ​សេង ទៅខាង​ត្បូង គឺជា​ផ្លូវ​ទៅកាន់​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ទៀង ដែលមាន​ចំងាយ​ប្រមាណ​ជា ៣ គីឡូម៉ែត្រ​ប៉ុណ្ណោះ នឹង​ទៅដល់​រមណីយដ្ឋាន​នេះ​។

​ទឹកជ្រោះ​កា​ទៀង ស្ថិតនៅ​កណ្តាល​ព្រៃភ្នំ មាន​ដើមឈើ​ធំៗ ដែល​អាច​ផ្តល់​ជា​ម្លប់​យ៉ាង​ត្រជាក់ ត្រឈឹងត្រឈៃ​ដល់​អ្នកទេសចរ​ទាំងឡាយ​។ ដើម្បី​គយគន់​ទេសភាព​ដ៏​ស្រស់ត្រកាល នៃ​ទឹកធ្លាក់​នេះ​ឱ្យ​កាន់តែ​ប្លែក គឺ​ត្រូវ​ចុះ​តាម​ជណ្តើរ​ឈើ​ជាច្រើន​កាំ​ទៅ​ក្រោម​។

​នៅ​ខាងក្រោយ​ខ្សែទឹក​ធ្លាក់​នោះ មាន​រូង​ថ្ម​ដ៏​ធំ អាចឱ្យ​ភ្ញៀវ​ចូលទៅក្នុង​បាន ហើយ​អាច​មើលឃើញ​ទេសភាព​ល្អៗ​ប្លែកៗ ពី​ធម្មជាតិ​កាត់​តាម​ខ្សែទឹក ដែល​កំពុង​ធ្លាក់​យ៉ាង​ត្របាញ់​នោះ​។​
ចំណែក​នៅ​ខាងលើ​ក្បែរ​ចំណុច​ទឹកធ្លាក់ មាន​កន្លែង​ជិះ​ដំរី សំរាប់​ការដើរ​កំសាន្ត​តាម​ព្រៃ​ជុំវិញ​ទីនោះ​។ នៅ​ទីនោះ មាន​ផលិតផល ផលិត​ពី​ដៃ​ដោយ​ជនជាតិ​គ្រឹ​ង​ជាច្រើន​មុខ​ដាក់តាំង​លក់ ដូចជា ឃ្លោក ស្នា គង ក្រណាត់​ប៉ឹង សំពត់ តាមបែប​ប្រពៃណី​ជនជាតិដើម​ភាគតិច ជាដើម​។​

៥-​រមណីយដ្ឋាន​បឹង​លំ​កុ​ដ​៖
​បឹង​លំ​កុ​ដ ស្ថិតនៅក្នុង​ភូមិសាស្ត្រ ឃុំ​សេ​ដា ស្រុក​លំផាត់ ដែល​អ្នកទេសចរ អាច​ទៅកាន់​ទីនោះ តាមផ្លូវ​ជាតិ​លេខ​៧៨A មាន​ចំងាយ​ប្រហែល ៥៤ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង​។​

​វា​ជា​បឹង​ធម្មជាតិ ដែល​មាត់បឹង​នេះ មាន​សណ្ឋាន​ដូច​រូប​បេះដូង​មនុស្ស​។ បឹង​នេះ មាន​ទំហំ ២៥ ហិកតា ជំរៅ​ប្រមាណ​ជា ៦០ ម៉ែត្រ ហើយ​មាន​លក្ខណៈ​អេកូ​ឡូ​ហ្ស៊ី ដូច​បឹង​យក្ស​ឡោម​ដែរ​។ បឹង​លំ​កុ​ដ កើតឡើង​ពី​ប​ន្ទុះ​ភ្នំភ្លើង កាលពី​សម័យ​ដើម​ជាច្រើន​សតវត្សរ៍​មកហើយ​។ ស្ថិតនៅលើ​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំ ដែល​គ្របដណ្តប់ ដោយ​ព្រៃ​ត្រូពិច ពណ៌​បៃតង​ជានិច្ច និង​ហ៊ុម​ព័ទ្ធជុំវិញ ដោយ​ដុំថ្ម ក្រោម​ម្លប់​នៃ​ដើមឈើ​ធំៗ បានផ្តល់​ជា​សំបុក​មច្ឆា​ជាតិ​តូចធំ​ជាច្រើន ប្រភេទ​រស់នៅ​បន្ត​ពូជពង្ស ហើយ​វា​ក៏​ជា​ធ្នាក់​ទាក់ទាញ​សត្វ​បក្សាបក្សី​ស៊ី​ត្រី​ជា​អាហារ និង​បក្សាបក្សី​ជាច្រើន​ទៀត រស់នៅ​ជុំវិញ​មាត់បឹង​នេះ ជា​អចិន្ត្រៃយ៍​។

​បឹង​លំ​កុ​ដ មាន​ដើមឈើ​ទ្រេត​ជាច្រើន ហាក់បីដូចជា ចង់​ដួលរលំ​ទៅលើ​ផ្ទៃ​ទឹក​បឹង​ដ៏​ថ្លា​ពណ៌​ខៀវស្រងាត់ ហើយ​ជាធម្មតា ទឹក​មាន​ភាព​ត្រជាក់​ស្រេ​ប ជាង​ទឹក​បឹង​ផ្សេងៗ​។ នៅ​ឆ្ងាយ​បន្តិច​ពី​មាត់បឹង​លំ​កុ​ដ គឺជា​កន្លែង​រស់នៅ​ដ៏​សុខសាន្ត​របស់​ជនជាតិ​ដើម​ភាគតិច​ទំពួន ព្នង និង​ជនជាតិ​ឡាវ​។
​ប្រជាជន​ទាំងនោះ ជា​កសិករ​ដែលមាន​ជីវភាព​រស់នៅ​ពឹងផ្អែក​ទៅលើ​ដំណាំ​ដាំ​ដុះ​ចំការ​ស្រែ និង​អនុផល​ព្រៃឈើ​។ នៅ​រដូវប្រាំង រថយន្ត​ភាគច្រើន អាច​បើកបរ​ទៅកាន់​ទីនោះ​បាន ចំណែក​នៅ​រដូវវស្សា​វិញ មានតែ​រថយន្ត​ប្រភេទ​ខ្ពស់ៗ ( មាន​ខ្លះ​ជា​រថយន្ត​កែច្នៃ ) ទើប​អាច​ទៅមក​បាន​ងាយស្រួល​។

​អ្នកទេសចរ​ទាំងអស់​ត្រូវ​រៀបចំ​ប្រដាប់ប្រដា​ស្បៀងអាហារ​គ្រប់យ៉ាង យកទៅ​តាម ទើប​ជាការ​ប្រសើរ សំរាប់​ដំណើរ​កំសាន្ត ទៅកាន់​បឹង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​មួយ​នេះ​។​

៦-​រមណីយដ្ឋាន​វាល​ថ្ម​រំ​ផ្ល​ង់​៖
​វាល​ថ្ម​រំ​ផ្ល​ង់ ជា​វាល​ថ្ម​លាត់​សន្ធឹង នៅ​កណ្តាល​ព្រៃ​ក្នុង​ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ​។ ចេញពី​ទីក្រុង​បាន​លុង តាមផ្លូវ​ខេត្ត​ឆ្ពោះទៅ​ស្រុក​អូរ​ជុំ ប្រមាណ ១០ គីឡូម៉ែត្រ ដល់​ផ្លូវបំបែក​ជា​បួន រួច​បត់​ស្តាំ តាមផ្លូវ​ទៅ​ស្រុក​តា​វែង​ប្រមាណ ៤ គីឡូម៉ែត្រ យើង​នឹង​ទៅដល់​ទីនោះ​។
​វាល​ថ្ម មាន​សណ្ឋាន​រាបស្មើ​ទ្រវែង ប្រកបដោយ​ព្រៃឈើ​ធំៗ​ព័ទ្ធជុំវិញ​។ វា​ជា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​គួរឱ្យ​ទាក់ទាញ​មួយ ជា​ដែនដី​ប្រពៃណី​នៃ​សហគមន៍​កុលសម្ព័ន្ធ​ភ្នំ​រស់នៅ​ទីនោះ​។ នៅលើ​វាល​នោះ មាន​ស្មៅ និង​មាន​រុក្ខជាតិ​ព្រៃ​ដែលមាន​ផ្កា​រីក​ស្គុសស្គាយ​នា​រដូវវស្សា ចាប់ពី​ខែឧសភា ដល់​ខែមករា​។

​នៅក្បែរនោះ​មាន​អូរ​តូច​មួយ​មានទឹក​ថ្លាឈ្វេង​ជានិច្ច និង​ជួនកាល​ហូរ​ផង ហើយ​បានជា​ដាក់ឈ្មោះថា “​វាល​ថ្ម​រំ​ផ្ល​ង់​” ដោយ​យកតាម​ឈ្មោះ​កូន​មេកន្ទ្រាញ​កុលសម្ព័ន្ធ​ភ្នំ ដែល​រស់នៅ​ជុំវិញ​តំបន់​នោះ​។

​យោងទៅតាម​រឿងព្រេង​របស់​ជន​ជាត​គ្រឹ​ង ដំណាល​ថា កាលពីព្រេងនាយ​មាន​កុមារ​ជនជាតិដើម​ភាគតិច​ម្នាក់​ឈ្មោះ រំ​ផ្ល​ង់ បាន​ទៅ​បង្ហោះ​ខ្លែង​លេង​នៅ​វាល​ថ្ម​នេះ ហើយ​ខ្លែង​ក៏បាន​ធ្លាក់​ទើរ​នៅលើ​ចុងឈើ​។ រំ​ផ្ល​ង់ ក៏បាន​ឡើងលើ​ដឹ​ម​ឈើ​នោះ ដើម្បី​យក​ខ្លែង​របស់ខ្លួន​មកវិញ​។ ដោយ​ចៃដន្យ កុមារ​រំ​ផ្ល​ង់ របូតដៃ​ធ្លាក់​ពីលើ​ដើមឈើ ស្លាប់​នៅ​ទីនោះ​ទៅ​។ សាកសព​កុមារ រំ​ផ្ល​ង់ ត្រូវបាន​គេ​បញ្ចុះ​នៅ​ទី​ព្រៃ​នោះ​។

​តរៀងមក ជនជាតិ​គ្រឹ​ង ដែលមាន​ភូមិដ្ឋាន​នៅ​ជិត​វាល​រំ​ផ្ល​ង់ ជឿថា វិញ្ញាណក្ខន្ធ​របស់​រំ​ផ្ល​ង់ ស​ន្ថិ​ត​នៅ​ការពារ​ថែរក្សា​ទី​ព្រៃ​ជុំវិញ​វាល​រំ​ផ្ល​ង់​នេះ ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​រុករាន​កាប់​ព្រៃ​នេះ ធ្វើជា​ចំការ ព្រោះ​ជា​ព្រៃរបស់​អារក្ស​។ ដូចនេះហើយ ទើប​គេ​ឲ្យ​ឈ្មោះ វាល​រំ​ផ្ល​ង់ តាម​ឈ្មោះ​របស់​កុមារ​រំ​ផ្ល​ង់​តរៀងមក​។

​អ្នកទេសចរ​និយម​នាំគ្នា​ទៅ​កំសាន្ត​នៅ​វាល​ថ្ម​នេះ ដោយមាន​អាហារ​ពិ​កនិក​ទៅជា​មួយ​។

​ទីកន្លែង និង​កាលបរិច្ឆេទ​នៃ​មរណភាព​របស់​រំ​ផ្ល​ង់ ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ នៅ​ជំនាន់​ក្រោយៗ​មកទៀត​។ ពួក​កុលសម្ព័ន្ធ​ភ្នំ​នៃ​តំបន់​នោះ តែង​មកពី​ទី​ជុំវិញ​ជិត​ឆ្ងាយ​ទាំងអស់ ដើម្បី​មក​ប្រារព្ធ​បូជា​ដល់​ដួងព្រលឹង​របស់​រំ​ផ្ល​ង់​។
​ពួកគេ​គ្រប់ៗ​គ្នា តែងតែ​នាំមក​ជាមួយ​នូវ​ម្ហូបអាហារ ផ្លែឈើ​គ្រប់មុខ និង​ជាពិសេស គឺ​ស្រា​ពាង មកកាន់​កម្មវិធី​នេះ​រាល់ៗ​ឆ្នាំ​។ ចំណែក​អង្កាម ដែលជា​វត្ថុធាតុដើម​មួយ​ប្រភេទ សំរាប់​យកមក​ធ្វើ​ស្រា​ពាង តាមបែប​ប្រពៃណី​ជនជាតិដើម​កុលសម្ព័ន្ធ​ភ្នំ ក៏ត្រូវ​បាន​គេ​បាចសាច​ចោល នៅ​បរិវេណ​ប្រារព្ធ​ពិធី​នោះ ដែល​នៅក្បែរ​ផ្នូរ​របស់​រំ​ផ្ល​ង់​។ លុះ​ក្រោយមក​គំនរ​អង្កាម ក៏​កាន់តែ​រីកធំឡើងៗ រហូត​ក្លាយជា​កូនភ្នំ​តូច​មួយ​នៅ​ទីនោះ ដែល​បច្ចុប្បន្ន​ប្រសិនបើ​យើង​ដើរ​ឡើង​ទ​ន្ទ្រាំ​លើ​កូនភ្នំ​នោះ វា​នឹង​ឮសូរ​សំលេង​ខ្ទ័រ​។​

​ដោយ​ការគោរព​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​របស់ខ្លួន ប្រជាជន​កុលសម្ព័ន្ធ​ភ្នំ​ទាំងឡាយ បានដឹង និង​ស្គាល់​ទាំងអស់​អំពី​ពិធីបុណ្យ​រំ​ផ្ល​ង់ ហើយ​និង​ទីកន្លែង​រៀបចំ​ពិធី​។ មូលហេតុ​នោះ​ហើយ ដែល​ប្រជាជន​កុលសម្ព័ន្ធ​ភ្នំ​មូលដ្ឋាន និង​ប្រជាជន​ខ្មែរ​នៅ​ទីនោះ​ហៅថា វាល​រំ​ផ្ល​ង់ រហូតមកដល់​បច្ចុប្បន្ន និង​ជាទី​កំសាន្ត​ទេសចរណ៍ នា​រដូវ​បុណ្យទាន​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

៧-​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ចាញ​៖
​ទឹកធ្លាក់​កាចា​ញ ស្ថិតនៅ​ចំងាយ​ប្រមាណ ៦ គីឡូម៉ែត្រ ពី​ក្រុង​បាន​លុង ក្នុងភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។ ជា​ទឹកធ្លាក់ មិនចេះ​រីងស្ងួត មាន​កំពស់ ១២​ម៉ែត្រ នៅតាម​ដងអូរ​មួយ ឈ្មោះថា អូ​រក​ន្ទឹ​ង ហូរ​កាត់​ទៅ​ទន្លេស្រែពក ក្នុងស្រុក​លំផាត់​។
​យើង​ហៅ​ឈ្មោះ​ទឹកធ្លាក់​នេះ តាម​ជនជាតិ​គ្រឹ​ង នៅ​ភូមិ​កា​ចាញ​។ នៅក្នុង​ចំណោម​ព្រែក និង​ចំការកៅស៊ូ ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ ទឹកធ្លាក់​កាចា​ញ បាន​ផ្តល់នូវ​ទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ ដែល​ទាក់ទាញ​ទេសចរ ទៅ​កំសាន្ត​អង្គុយ​មើល​ចរន្តទឹក​ធ្លាក់​ពី​ល្បាក់​ឥតឈប់ឈរ បែក​ផ្កាត្រែង ពេញ​ផ្ទៃ​អាង ក្នុង​ជ្រោះ​ខាងក្រោម​។

​ដើម្បី​គយគន់​សំរស់​ដ៏​ត្រកាល​នៃ​ទឹកធ្លាក់​នេះ ឱ្យ​កាន់តែ​ប្លែក​ចំឡែក​អារម្មណ៍​នោះ ទេសចរ​ទាំងអស់​ត្រូវ​ចុះ​តាម​ជណ្តើរ​សង់​អំពី​ឈើ​១ ប្រមាណ​ជា ៧២ កាំ​។

​ផ្នែ​ង​ខាងលើ​ទឹកជ្រោះ​ម្ខាង ជាទី​កន្លែង ដែល​អ្នកទេសចរ​ចូលចិត្ត​នាំគ្នា​បរិភោគ​អាហារ​ពិ​កនិក ក្រោម​ម្លប់ឈើ​នៅ​ទីនោះ​។ ជណ្តើរ​សំរាប់​ឡើង​ជិះ​ដំរី​មួយកន្លែង ធ្វើឡើង កាលពី​ឆ្នាំ​១៩៩៨ សំរាប់អ្នកទេសចរ​ជិះ​ដំរី​កំសាន្ត​លេង​។​

​វា​គឺជា​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ស្រស់ត្រកាល​មួយ តែងតែ​ទាក់ទាញ​ភ្នែក​ភ្ញៀវទេសចរ​គ្រប់ៗ​រូប ឱ្យទៅ​ទស្សនា​ទីនោះ​។ ដើរ​កំសាន្ត​លេង​តាម​ស្ពាន​យោល ដែល​លាតសន្ធឹង​នៅ​ពីមុខ​ចរន្ត​ទឹកធ្លាក់​។ នៅ​ចំណុច​ខាងក្រោម​នេះ មាន​ដើមឈើ​ធំៗ​ដែល​អាច​ផ្តល់​ជា​ម្លប់​ដល់​ការ​សំរាក​លេង ឬ​ហូបចុក​ចំណីអាហារ​។​

៨-​រមណីយដ្ឋាន​ទឹក​ជួរ​តាត​តៃ​៖
​ជួរ​តាត​តៃ ស្ថិតនៅតាម​បណ្តោយ​ទន្លេស្រែពក ក្នុង​ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ មាន​ចំងាយ​ប្រហែល ៣៤ គីឡូម៉ែត្រ ខាងត្បូង​ក្រុង​បាន​លុង​។ ជាទី​កន្លែង ដែលមាន​ល្បាក់ទឹក​ជួរ​ហូរ​ជ្រែក តាម​ចន្លោះ​ថ្មដា ស្រស់ត្រកាល​។​

​ទឹក​ជួរ​តា​តៃ តែងតែ​បង្ហាញ​ភាព​ទាក់ទាញ​របស់ខ្លួន នៅ​រដូវប្រាំង​ចាប់ពី​ខែកុម្ភៈ ដល់​ខែមេសា​។ នា​អំឡុង​ពេលនេះ គេ​អាច​លេង​កំសាន្ត​ជាមួយនឹង​ទឹក​ដ៏​ថ្លាឈ្វេង ហូរ​កាត់​តាម​ចន្លោះ​ផ្ទាំង​ថ្ម​តូចធំ និង​ឆ្នេរ​ខ្សាច់ ហើយ​នៅតាម​វាល ដែលមាន​ល្បាក់ទឹក​ជួរ​ហូរ​កាត់​នោះ ក៏​សំបូរ​ទៅដោយ​កូន​ព្រៃ​រុក្ខជាតិ​លិច​ទឹក​ដែរ​។

​ដោយមាន​បណ្តោយ ២ ទៅ ៣ គីឡូម៉ែត្រ ល្បាក់ទឹក​ជួរ​តា​តៃ ក៏​ផ្តល់​ជា​កន្លែង​ដ៏​ប្រសើរ​មួយ​សំរាប់​ការ​ស្ទូចត្រី​លេង​កំសាន្ត នៅត្រង់ចំណុច​ស្ងាត់ៗ​ខ្លះ​។ ក្នុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ល្បាក់ទឹក​នេះ ជា​កន្លែង​ដ៏​ល្អ​ពិសេស​មួយ សំរាប់អ្នកទេសចរ​ក្នុងស្រុក ដែល​និយម​ធ្វើដំណើរ​កំសាន្ត​វិល​ល្ងាច ពី​ទី​រួម​ខេត្ត​ទៅកាន់​ទីនោះ ដើម្បី​ទទួលទាន​អាហារ​ពិ​កនិក រួច​ចុះ​មុជទឹក និង​ហែល​ទឹក​លេង​កំសាន្ត​យ៉ាង​ត្រជាក់ចិត្ត​។

៩-​រមណីយដ្ឋាន​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ឬ​ទឹកជ្រោះ​៧​ជាន់​៖
​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ត្រូវបាន​រកឃើញ​នៅ​ស្រុក​លំផាត់ មាន​ចំងាយ​ត្រឹមតែ ៣០ គីឡូម៉ែត្រ ភាគ​និរតី​ទី​រួម​ខេត្ត​បាន​លុង​។ ភ្ញៀវ​អាច​ទៅដល់​ទីនោះ​បាន ដោយ​រថយន្ដ ឬ​រថយន្ដ​ម៉ាស៊ីន​កង់​បួន និង​អ្នកបើកបរ ដែលមាន​បទពិសោធន៍​។

​ល្បឿន​បើកបរ​យឺត​បំផុត តាម​បណ្ដោយ​ផ្លូវ​តូច​ដែល​ឆ្លងកាត់​ព្រៃ និង​កាត់​ស្ទឹងតូចៗ​មួយចំនួន ដែល​ត្រូវ​បត់បែន​ដូច​ពស់​លូន​ច្រើន​អន្លើ​។ ការធ្វើដំណើរ​ទាមទារ​មួយថ្ងៃ​ពេញ ហើយ​អ្នកធ្វើដំណើរ​ត្រូវតែ​រៀបចំ​កញ្ចប់​អាហារ និង​ភេសជ្ជៈ ព្រោះថា គ្មាន​លក់​របស់​ទាំងនោះ នៅតាម​ផ្លូវ ឬ​នៅ​ទឹកជ្រោះ​ឡើយ​។​

​ទឹកធ្លាក់​មាន​ចំនួន​៧​ជាន់ មាន​ទេសភាព​ស្រស់ស្អាត ដែលមាន​ទីតាំងនៅ​ក​ណ្ដ​ល​ព្រៃ​ត្រូ​ពិ​ក ដែល​អភិរក្ស កម្រ​មាន​ពន្លឺ​ថ្ងៃ​ចាំង​ចូល​ផ្នែក​ខ្លះ នៃ​តំបន់​នេះ​។ គ្រាន់តែ​ធ្វើដំណើរ​ទៅដល់​ទីនោះ​ភ្លាម ភ្ញៀវទេសចរ​ទាំងអស់ សុទ្ធតែ​លាន់មាត់​សរសើរ​ថា ពិតជា​ស្រស់ស្អាត​មែន ធ្វើ​ឲ្យ​ទាក់ចិត្ត​ទាក់ភ្នែក​ណាស់​។​

​មាន​ទឹកជ្រោះ​ចំនួន ៤ សរុប តាមផ្លូវ​ទឹក​នេះ​។ ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ ជា​ចំណុចកណ្ដាល​នៃ​ទឹក​ហូរ ដែលមាន​ទឹកធ្លាក់​ទៅ​អូរ​ចំនួន​មួយ និង​ពីរ​ទៀត មាន​ទីតាំង​ប្រហែល​នឹង​ការដើរ​ឡើង​បណ្ដោយ​អូរ ៣ ម៉ោង​។ នៅ​ចំណុចកណ្ដាល នៃ​ទឹកធ្លាក់ ទឹកធ្លាក់ ៤ ម៉ែត្រ​លើ​ទទឹង ៣០ ម៉ែត្រ​។ ទឹកជ្រោះ​នេះ ហូរ​ទម្លាក់ខ្លួន ចុះ​ពីលើ​ថ្មដា ហើយ​ពត់ពេន​អង្គា​ញ់ៗ​ទៅតាម​ល្បាក់ភ្នំ ជា​ប្រាំពីរ​ផ្នត់ មើល​យូរ​ទៅ​ប្រៀបបាន​នារី​ម្នាក់ កំពុង​ឈរ​រំសាយសក់​យ៉ាង​ស្ងប់ស្ងាត់ នៅ​ចំ​កណ្តាល​ហ្វូង​ធម្មជាតិ​។ នេះ​ជា​ជាន់ ដែលជា​កន្លែង​ងាយស្រួល​សម្រាប់​មុជ និង​ហែល​ទឹក ក្នុង​ទឹកជ្រោះ​ធម្មជាតិ​ថ្លា​ឆ្វង់ និង​ធ្វើ​ឲ្យ​បរិយាកាស​ត្រជាក់​។​

​ទឹក​ហូរ​ល្មម​អំឡុង​រដូវប្រាំង ស័ក្ដិសម​សម្រាប់​ការ​ហែល​លេង​។ អំឡុង​រដូវ​ធ្លាក់​ខ្យល់មូសុង (​រដូវរ​ស្សា​) ទឹក​ហូរ​ខ្លាំង​ទឹក​គួច និង​អូសទាញ​ខ្លាំង​ធ្វើ​ឲ្យ​ការ​ហែល​ទឹក​មាន​គ្រោះថ្នាក់​។​

​ទឹកជ្រោះ​អូរ​ស៊ិន​លែ​រ៍ នៅ​ឆ្ងាយ​ពី​ផ្លូវ ដែល​ធ្វើដំណើរ​ញឹកញាប់ និង​ជា​រង្វាន់ នៃ​ការ​ស្ងប់ស្ងាត់​ចេញពី​ព្រៃ​។ គេ​អាច​ទស្សនា​ទឹកជ្រោះ​ស្រស់ស្អាត​ជាច្រើន​ទៀត ដែល​លាក់ខ្លួន​នៅក្នុង​ព្រៃ​កំពុង​រង់ចាំ​ការស្វែងរក​។​

​រមណីយដ្ឋាន​នេះ​គ្របដណ្តប់​ដោយ​ព្រៃស្រោង​ពណ៌​បៃតង ដែល​ហ៊ុមព័ទ្ធ​ជុំជិត​ដោយ​ជួរ​ភ្នំ និង​ខ្ពង់រាប​ប្រកបដោយ​ភាពសុខដុមរមនា​ពី​ធម្មជាតិ សំរាប់​សត្វព្រៃ គ្រប់​ប្រភេទ និង​ឮ​តែ​សំលេង​ខ្ញៀវខ្ញារ​នៃ​សត្វ​បក្សាបក្សី​។​

​ទឹកជ្រោះ​នេះ បាន​រក្សាទុក​អាថ៌កំបាំង​យ៉ាង​ល្អ លាក់ខ្លួន​ក្នុងព្រៃ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ស្ថានភាព​ផ្លូវ ត្រូវបានធ្វើ​ឲ្យ​ប្រសើរឡើង​យ៉ាង​គ្រប់គ្រាន់ ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្សងព្រេង និង​ពិសោធន៍​ជាមួយ​ទឹកជ្រោះ​ធម្មជាតិ​ដ៏​អស្ចារ្យ​នេះ​អំឡុង​រដូវប្រាំង​។​

១០-​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​វីរ​ជ័យ​៖
​ព្រៃឈើ​ធម្មជាតិ ដែលមាន​ទេសភាព​ស្រស់ស្អាត ភ្នំ ទីទួល ជ្រលង​ភ្នំ និង​ដៃទន្លេ​សហគមន៍​ជនជាតិភាគតិច​ក្នុង​តំបន់ និង​ជីវិត​សត្វព្រៃ​សម្បូរបែប កំពុង​រង់ចាំ​ភ្ញៀវទេសចរ នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ​។​

​ឧទ្យាន​ជាតិ​វីរ​ជ័យ គ្របដណ្ដប់​ផ្ទៃក្រឡា ៣.៣២៥ គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​តា​វែង និង​លាតសន្ធឹង ដល់​ស្រុក​សៀម​ប៉ាង របស់​ខេត្តស្ទឹងត្រែង​។ វា​មាន​ចម្ងាយ​ប្រហែល ៦០ គីឡូម៉ែត្រ ភាគ​ខាងជើង​ក្រុង​បាន​លុង​។ ឧទ្យាន​ជាតិ​វីរ​ជ័យ បម្រើ​ជា​ឧទ្យាន​ធំ​បំផុត នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​តំបន់​អភិរក្ស​ជាប់​គ្នា​នឹង​ប្រទេស​ឡាវ និង​វៀតណាម ដែល​គេ​ហៅថា តំបន់​កន្ទុយ​នាគ បញ្ចូល​គ្នា ដែលជា​តំបន់​ធំ​បំផុត នៃ​តំបន់​អភិរក្ស​ក្នុង​ទ្វីបអាស៊ី​។​

​វា​ជា​តំបន់ជីវ​ធម្មជាតិ​ដំបូង​តែមួយគត់ ដែល​នៅ​សេសសល់​ពី​ការមិន​បំផ្លាញ​ពី​មនុស្ស​ក្នុងប្រទេស​កម្ពុជា ក៏ដូចជា នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ ទីនោះ​មាន​ដើមឈើ ដែលមាន​អាយុ​រាប់ពាន់​ឆ្នាំ វាលស្មៅ​ធំៗ បក្សី​រាប់រយ​ប្រភេទ​បូករួម​ទាំង​សត្វ Create Hornbill និង​សត្វ​ត្រសេះ​ក្រហម (Red-collared Woodpecker) ហើយ​សត្វព្រៃ​រស់នៅ និង​មាន​សុខដុម​នៅ​ទីនោះ​។​

​ព្រៃឈើ​ដ៏​ធំ វាលស្មៅ ភ្នំ និង​ជ្រលង​ភ្នំ នៅមាន​យ៉ាង​ធំធេង ដែល​មិនទាន់​រកឃើញ និង​មិន​រំខាន ដោយ​ការតាំង​ទីលំនៅ​របស់​ម​នុស្ស និង​នៅតែ​ជា​កន្លែង​រស់នៅ​របស់​ស​ត្វ​ព្រៃ ដែល​មិនទាន់​រកឃើញ​។​

​តំបន់​នេះ ផ្ដល់នូវ​ជម្រក​យ៉ាងសំខាន់ សម្រាប់​សត្វ​ខ្លា ដំរី គោព្រៃ និង​មាន​ទេសភាព​ដ៏​ស្រស់ស្អាត​មួយចំនួន ជាពិសេស​ប្រភេទ​សត្វ និង​បក្សី ដែល​ត្រូ​បាន​គំរាមកំហែង​នៅលើ​ពិភពលោក​។

​នៅ​ភាគ​និរតី នៃ​ប្រទេស​កម្ពុជា ឧទ្យាន​ជាតិ​វីរ​ជ័យ ជា​ជម្រក​នៃ​ប្រជាជន​កុលសម្ព័ន្ធ​ក្នុងស្រុក កុលសម្ព័ន្ធ​ភ្នំ​អស់​រយៈពេល​ច្រើន​សតវត្សរ៍​មកហើយ និង​នៅតែ​ជា​មជ្ឈមណ្ឌល​មួយ សម្រាប់​ភាពសម្បូរ​បែប​នៃ​វប្បធម៌​ក្នុង​តំបន់​។​

​ជនជាតិភាគតិច​ក្នុងស្រុក ប្រាវ កា​វិត បន្ដ​ពឹង​ផ្អែកលើ​ធនធានធម្មជាតិ​នៃ​ឧទ្យាន​ជាតិ​វីរ​ជ័យ​នេះ សម្រាប់​ការរស់នៅ ហើយ​សហគមន៍​មួយចំនួនទៀត​ពេលនេះ កំពុងតែ​ចូលរួម​ក្នុង​កម្មវិធី​ទេសចរណ៍ធម្មជាតិ​រប​ស់​ឧទ្យាន​។

​ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏មាន​មរ​ត​ប្រវត្តិសាស្ត្រ​ដ៏​ទារុណ តាមរយៈ​សង្គ្រាម​រវាង​អាមេរិក និង​វៀតណាម ដែលជា​កេរ្ដិ៍ដំណែល​ដែល​ត្រូវបាន​ឈ្លប​មើល​រួចរាល់​ជាមួយ​ដ៏​ទុរយស​របស់ ហូជីមិញ (Ho Chi Minh Trail) ដែល​ឆ្លងកាត់​តាម​ឧទ្យាន​នេះ​។​

​នៅ​ឧទ្យាន​ជាតិ​វីរ​ជ័យ អ្នកនឹង​ឃើញ​សត្វ​ជាច្រើន​ប្រភេទ​បូករួម​ទាំង​ដំរី ខ្លា និង​ទន្សោង​។ ជាងនេះទៅទៀត ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏​ជា​ជម្រក នៃ​អំបូរ​ជនជាតិ​ក្នុងស្រុក​ចំនួន ១.៥០០​។
​ភ្ញៀវទេសចរ​ក៏​អាច​ទស្សនា​ប្រពៃណី ទំនាមទម្លាប់ ជំនឿ និង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ក្រុម​ជនជាតិភាគតិច​ទាំងនេះ ផងដែរ​។ គេ​ក៏​អាច​ឃើញ​ស្នាម​ប្រវត្តិសាស្ត្រ ដែល​ធ្វើ​ឲ្យ​នឹកឃើញ​ដល់​សង្គ្រាម​រវាង​វៀតណាម និង​សហរដ្ឋអាមេរិក​។​

​ឧទ្យាន​ជាតិ​វីរ​ជ័យ ក៏ត្រូវ​បានចាត់ទុក​ជា​សួន​បេតិកភណ្ឌ​របស់​អាស៊ាន​ក្នុង​ឆ្នាំ​២០០៣ ដែល​ទទួលស្គាល់ ដោយ​ការចូលរួមចំណែក​ដល់​ការអភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់ និង​អន្ដរជាតិ​។ តម្លៃ​ដែល​ត្រូវ​បង់​ឲ្យ​ចូល​ទស្សនា គឺ ១០ ដុល្លារ សម្រាប់អ្នកទេសចរ​ម្នាក់ តម្លៃ​នេះ បូក​បញ្ចូល​ទាំង​មគ្គុទ្ទេសក៍​ផងដែរ​។

​ផ្ទះសំណាក់​របស់​សហគម​ន៍​ក៏មាន​ជួល​ដែរ ដែលមាន​តម្លៃ ៥ ដុល្លារ ក្នុង​មួយ​យប់​៕​

0 មតិ:

Post a Comment