អតីតនាយករដ្ឋមន្ត្រីថៃ លោកថាក់ស៊ីន ដែលជាមិត្តជិតស្និទ្ធរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមកកាន់ទីរួមខេត្តសៀមរាប នាថ្ងៃសៅរ៍ ទី១៤មេសា ឆ្នាំ២០១២។ លោកថាក់ស៊ីនក៏នឹងជួបជាមួយសកម្មជនអាវក្រហមថៃប្រមាណ ៣៥.០០០ នាក់ ទៅ ៥៥.០០០ នាក់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី បន្ទាប់ពីលោកថាក់ស៊ីន បានជួបជុំក្រុមអាវក្រហមថៃ នៅក្នុងប្រទេសឡាវ។
វេទិកានិងទីតាំងបោះជំរុំសម្រាប់ក្រុមអាវក្រហមថៃ ត្រូវបានរៀបចំឡើង លើផ្ទៃដីទំហំប្រមាណ ៣០ ហិកតានៅអតីតកន្លែងតាំងពិព័រណ៍អង្គរ-ឃ្យុងយូ នៅទីរួមខេត្តសៀមរាប។ សន្តិសុខ សុវត្ថិភាព ត្រូវបានការពារយ៉ាងម៉ត់ចត់ ពិសេសក៏មានកងកម្លាំងប្រដាប់អាវុធ ដែលជាក្រុមកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ឈរការពារជំរុំ តង់ធំៗ និងដំណើររបស់ក្រុមថៃអាវក្រហម ដែលបានឆ្លងដែន ចូលមកខេត្តសៀមរាប ជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃ១២មេសា។
លោក ស៊ូ ភីរិន្ទ អភិបាលខេត្តសៀមរាប បានប្រាប់វិទ្យុបារាំង នៅថ្ងៃទី១៣មេសា ឆ្នាំ២០១២ ថា ក្រៅពីជួបជុំជាមួយអ្នកគាំទ្រ ជាសកម្មជនគណបក្សភឿថៃ ប្រហែលពី ៣៥.០០០ នាក់ ទៅ ៥៥.០០០ នាក់ ក្នុងឱកាសចូលឆ្នាំនេះ លោកថាក់ស៊ីន ក៏មកខេត្តសៀមរាប ដើម្បីលាបំណន់ និងធ្វើពិធីរាប់បាត្រ នៅមុខអង្គរវត្ត ដោយមានព្រះសង្ឃ ចំនួន ២៦៥ អង្គ តំណាងឲ្យសមាជិករដ្ឋសភារបស់គណបក្សភឿថៃ ចំនួន ២៦៥ នាក់។ ពិធីរាប់បាត្រមុខប្រាសាទអង្គរវត្តនឹងធ្វើឡើងនៅព្រឹកថ្ងៃទី១៥មេសា ឆ្នាំ២០១២។
លោក ស៊ូ ភីរិន្ទ បានបន្ថែមថា ក្រុមសកម្មជនបក្សភឿថៃនឹងជួបជាមួយលោកថាក់ស៊ីន ដោយមានទាំងវេទិកាថ្លែងការណ៍ផងនៅរសៀលថ្ងៃទី១៤មេសាឆ្នាំ២០១២។ តាមលោកអភិបាលខេត្តសៀមរាប កម្ពុជាបង្កលក្ខណៈឲ្យលោកថាក់ស៊ីន ជួបជុំជាគ្រួសាររបស់គាត់ គឺក្នុងនាមជាមិត្តភ័ក្តិ ជាពិសេសដោយសារទំនាក់ទំនងល្អរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ជាមួយលោកថាក់ស៊ីន ដោយមិនមានន័យអ្វី កខ្វក់ ដើម្បីឲ្យប្រេះឆា ដោយប្រការណាមួយរវាងកម្ពុជា និងប្រទេសថៃទេ។ ផ្ទុយទៅវិញ វត្តមានរបស់ពលរដ្ឋថៃ ជាសកម្មជនអាវក្រហមថៃ ក្នុងបក្សភឿថៃ បានបង្កើនចំនួនភ្ញៀវទេសចរ មកកាន់ខេត្តសៀមរាប ត្បិតនៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងខេត្តសៀមរាប មិនមានសល់បន្ទប់ទំនេរឡើយ។
យ៉ាងណាក៏ដោយ លោកស៊ូ ភីរិន្ទ បន្ថែមថា ដំណើរទេសចរណ៍ មកកាន់ខេត្តសៀមរាប ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ គឺមានដំណើរការជាធម្មតា៕
0 មតិ:
Post a Comment