www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, April 30, 2012

ល្បែងសម្រាប់ក្មេងៗ កម្សាន្តតាមភូមិសូកកូឡា បុងបុង​​



ល្បែងនេះ​គេលេងគ្នា​ច្រើន​នាក់ជា​ការល្អ ហើយ​មិនរើស​មាឌតូច​ធំ​ឡើយ គឺ​សំរាប់​បែងចែក​គ្នា​ទាញ​យក​ឈ្នះចាញ់​នៅពេល​សំរាប់ចេញ​ជា​លទ្ធផល។ ន័យនេះ​បាន​សេចក្តី​ថា ជា​ដំបូង​មាន​កុមារ​មាឌ​ធំៗ​ពីរនាក់​ជាអ្នក​នាំ​អាទិ ដោយ​លើកដៃ​ជ្រោង​ខ្ពស់​កាន់ភ្ជាប់គ្នា ហើយគេ​សន្មត​រៀងៗ​ខ្លួនថា អ្នក​ណា​ជាអ្នក​យក​ឈ្មោះ​សូកកូឡា និង ម្នាក់ទៀត​យក​ឈ្មោះ​បុងបុង។

អ្នកនៅ​សល់​ទាំង​ប៉ុន្មាន​ត្រូវ​ឈរ​តោង​កន្ទុយគ្នា ហើយ​ដើររុល​ចូល​ក្រោម​ដៃអ្នក​ទាំងពីរ ដោយ​ស្រែក​ច្រៀង​ជាបណ្តើរៗ​ថា: "សូកកូឡា បុងបុង ៗៗៗ​..."។ នៅពេល​អ្នក​ទាំងពីរ គឺ​អ្នក​លើក​ដៃជ្រោង​ខ្ពស់​ឯកភាព​គ្នាទំលាក់​ដៃចុះ ស្ទាក់មិន​អោយរុល​ក្រោមដៃគេ គេទាំងពីរ​ត្រូវ​សួរថា​​"សូកកូឡា-​បុងបុង?" បាន​សេចក្តីថា​តើយក​សូកកូឡា ឬ យក​បុងបុង?។ បើអ្នក​​ត្រូវគេ​ស្ទាក់ស្រែកថា សូកកូឡា អ្នក​នោះត្រូវ ទៅ​ឈរ​ផ្នែកខាង​សូកកូឡា តែបើ​ស្រែកថា​បុងបុង ត្រូវ​ទៅឈរ​ផ្នែក​ខាង​បុងបុង។ ប៉ុន្តែ​នៅពេល​បញ្ជាក់​ការ​ស្ទាក់​ដើម្បី​សួរ​មនុស្ស​បានម្នាក់ៗ​ហើយ អ្នក​ទាំងពីរ​នោះ​តែង​ខ្សឹបគ្នា សន្មត​ដូរឈ្មោះ ឬ មិន​ដូរ​ដោយ​ទុក​ដដែល តែ​មិនអោយ​អ្នកដើរ​រុល​ក្រោម​ដៃដឹង​ខ្លួនទេ។ គេស្ទាក់​និង​សួរ​​របៀបនេះ លុះ​ត្រា​តែអស់​អ្នក​តោង​កន្ទុយ។ បន្ទាប់​មកបាន​គេប្រមូល​បក្សពួក​គេរៀងៗ​ខ្លួន ដើម្បី​ប្រទាញ​យក​ឈ្នះ​យក​ចាញ់​រហូត​ដល់​ដួល​រកេតរកូត។ ពួក​ដែលចាញ់គេ គឺពួកដែល​គេបាន​អូសទាញ យក​អស់មនុស្ស​ពីពួកខាង​ខ្លួន។
ចាស់ៗ​បានដំណាល​ថា

ល្បែងនេះ​កើតឡើង​ដោយសារ មានមនុស្ស​ពីរ​អ្នកក្តី​ដណ្តើម​ដីគ្នា។ ម្នាក់ៗ​ខំប្រមែ​ប្រមូល​កៀរគរ​គ្នា ដើម្បី​អោយបាន​សំលេង​ច្រើន​តែរៀងៗ​ខ្លួន។ ប៉ុន្តែ​នៅទី​បញ្ចប់ អ្នកដែល​ដួលនោះ​ជាអ្នកក្តី និង អ្នក​តូចតាច ឯអ្នក​មានកំលាំង​នៅតែឈរ​បានរឹងមាំ ព្រោះ​ដូចពាក្យ​សូកកូឡា គឺសូក​ក្រឡាបញ្ជី ឬ បុងបុង ព្រោះ​ពាក្យ បងៗ គឺបងៗដែល​មានតួនាទី​ធំ៕
(អត្ថបទដកស្រង់ចេញពីសៀវភៅ តន្រ្តីនិងជីវិតខ្មែរ របស់អ្នកស្រី កែវ ណារុំ)
ថ្ងៃទី៣០ ខែមេសា២០១២

0 មតិ:

Post a Comment