www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, April 17, 2012

​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំ

៤៨នាក់ ស្លាប់ និង​របួស ៣៤៤នាក់ បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ ១៦៥លើក នៅ​ទូទាំង​ប្រទេស ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១២ មេសា ដល់​ថ្ងៃ​ទី​១៦​មេសា​។ បុណ្យចូលឆ្នាំ​ខ្មែរ កាលពី​ឆ្នាំមុន គ្រោះថ្នាក់​ចរាចរណ៍ នៅ​កម្ពុជា បាន​សម្លាប់​មនុស្ស ៥៨ នាក់ និង​របួស ៤៨៤ នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ២១១ លើក។​
​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ពេល​បុណ្យចូលឆ្នាំ ដែល​ទើបតែ​កន្លងផុតទៅ នៅ​ទូទាំង​ប្រទេស មាន​ចំនួន ១៦៥ ករណី បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤៨ នាក់ និង​របួស​ចំនួន ៣៤៤ នាក់​។
នៅ​ខេត្ត​តាកែវ មាន​អត្រា​ខ្ពស់​ជាងគេ រហូតដល់ ២០ លើក ខេត្ត​កំពង់ចាម មាន​ចំនួន ១៨ លើក និង​ខេត្ត​បាត់ដំបង មាន ១៤ លើក​។ នេះ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​
​លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន បាន​បន្ថែមថា គ្រោះថ្នាក់​ចរាចរណ៍ ពេល​បុណ្យចូលឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦​មេសា កើតឡើង មកពី​ការបើកបរ​លើស​ល្បឿន​កំណត់ មាន​រហូត​ដល់ ៥០%​។ បើក​បរ​ក្នុង​ភាពស្រវឹង​មាន ១៣%​។ បើក​ជែង​បង្ក​គ្រោះថ្នាក់ មាន ១០%​។ ការ​មិន​គោរព​សិទ្ធិ​ជា​អាទិភាព និង​មិន​ប្រកាន់​ស្តាំ​មាន ១០%​។
​ទោះជា​យ៉ាងណា​ក៏ដោយ លោក​ឧត្តមសេនីយ៍ទោ ហ៊ឹម យ៉ាន បាន​បន្ថែមថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ពេល​បុណ្យចូលឆ្នាំ នៅ​ឆ្នាំ​នេះ បាន​ថយចុះ ២២ % បើ​ធៀប​នឹង​រយៈពេល​បុណ្យចូលឆ្នាំ កាលពី​ឆ្នាំមុន​។ នោះ​គឺ​ថយ​ពី ២១១ លើក មក​នៅត្រឹម ១៦៥ លើក​។ រី​ឯ​អ្នកស្លាប់ កាល​ឆ្នាំមុន មាន ៥៨ នាក់ តែ​នៅ​ឆ្នាំនេះ មានតែ ៤៨ នាក់​ប៉ុណ្ណោះ​។ ចំ​ណែក​អ្នករបួស ឆ្នាំមុន មាន ៤៨៤ នាក់ នៅ​ឆ្នាំ​នេះ មាន​ចំនួន ៣៤៤ នាក់​។​
​ការថយចុះ​នៃ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ត្រូវបាន​លោក​ឧត្តមសេនីយ៍ ឲ្យដឹងថា មក​ពី​ប្រសិទ្ធភាព​នៃ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ការ​រឹតបន្តឹង​លើ​ការដឹកជញ្ជូន​លើស​ចំណុះ ការត្រួតពិនិត្យ​ជាតិ​ស្រវឹង ការអប់រំ និង​ការកើនឡើង​នូវ​ការយល់ដឹង​របស់​ប្រជាជន ជាដើម៕ ​​ RFI

0 មតិ:

Post a Comment