www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, April 27, 2012

Global Witness ប្រតិកម្ម​នឹង​ការ ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី



ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កំពុង​ធ្វើ​ឲ្យ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​ថ្កោល​ទោស​អំពើ​និទ្ទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។អង្គការ​ឃ្លាំ​មើល​ពិភព​លោក Global Witness ធ្លាប់​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ពាក់​កណ្ដាល​នៃ​ចុង​ទសវត្សរ៍​១៩៩០។ អង្គការ Global Witness ទទួល​ស្គាល់​ថា​លោក ឈុត វុទ្ធី ជា​សកម្ម​ជន​មួយ​រូប​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក ដែល​មាន​សេចក្ដី​ក្លាហាន សកម្ម ចេញ​មុខ​ការពារ​ព្រៃ​ឈើ​នៅ​ក្នុង​ប្រទេស។

លោក​ស្រី មេហ្កិន ណាស៊ីនិស (Megan Nacinness) មន្ត្រី​ផ្នែក​ឃោសនា​នៃ​អង្គការ Global Witness ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡុងដុង នៃ​ប្រទេស​អង់គ្លេស មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​មក​ថា ពួក​គាត់​មាន​ក្ដី​សោក​ស្ដាយ​យ៉ាង​ខ្លាំង ចំពោះ​មរណភាព​របស់​លោក ឈុត វុទ្ធី ៖ «ជា​ការ​ពិត​ណាស់ គឺ​យើង​មាន​ក្ដី​តក់ស្លុត និង​សោក​ស្ដាយ​ខ្លាំង ចំពោះ​ដំណឹង​ដែល​ថា​គាត់​ស្លាប់​ដូច្នេះ។ តាម​ការ​យល់​ដឹង​របស់​យើង​ខ្ញុំ គឺ​ថា​លោក ឈុត វុទ្ធី ជា​ពល​រដ្ឋ​ម្នាក់ ឋិត​ក្នុង​ចំណោម​សកម្ម​ជន​មួយ​ចំនួន ដែល​ហ៊ាន​និយាយ​ប្រឆាំង​នឹង​បញ្ហា​ពី​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រឹបអូស​ដីធ្លី​នៅ​កម្ពុជា។ យើង​ខ្ញុំ​បាន​ដឹង​ថា លោក ឈុត វុទ្ធី និង​សកម្ម​ជន​មួយ​ចំនួន​ទៀត​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ដល់​អាយុ​ជីវិត​តាំង​ពី​យូរ​មក​ហើយ។ យើង​ខ្ញុំ​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ឮ​ថា​គាត់​ស្លាប់។ យើង​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ផ្ដន្ទា​ទោស​ជា​បន្ទាន់​ជា​សាធារណៈ ចំពោះ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី និង​ត្រូវ​ចាត់​វិធានការ​លើ​ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់»។

ទំព័រ Website របស់​អង្គការ Global Witness បាន​អះអាង​ថា តាំង​ពី​ឆ្នាំ​១៩៩៥ មក អង្គការ​នេះ​បាន​ចេញ​របាយការណ៍​ជា​ច្រើន​ផ្ដោត​អំពី​រចនាសម្ព័ន្ធ​នៃ​អង្គការ​ចាត់​តាំង​ការ​កាប់​ព្រៃ​ឈើ​ដ៏​មាន​អំណាច​ឥទ្ធិពល​បំផុត​នៅ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​ញាតិសន្ដាន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​នៃ​រដ្ឋាភិបាល​បច្ចុប្បន្ន។ តែ​ក្នុង​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា នេះ គឺ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​នៅ​មិន​ទាន់​មាន​ប្រតិកម្ម​តប​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ទោះ​ជា​យ៉ាង​ណា​ក្តី ជន​ជាតិ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ភាគ​ច្រើន​នៅ​តែ​មើល​ឃើញ​ថា អំពើ​និទ្ទណ្ឌភាព​នៅ​កម្ពុជា​កំពុង​កើត​មាន​បន្ត ទើប​បណ្ដាល​ឲ្យ​ក្រុម​ប្រដាប់​អាវុធ​បាញ់​ប្រហារ​លើ​ប្រជា​ពល​រដ្ឋ​ដូច​ជា​កម្មការិនី ៣​នាក់ នៅ​ខេត្ត​ស្វាយរៀង ឲ្យ​រង​របួស និង​ម្សិល​មិញ ឈាន​ដល់​ការ​បាញ់​សម្លាប់​សកម្ម​ជន​ការ​ពារ​ព្រៃ​ឈើ​ម្នាក់​នេះ​ទៀត។ អនុ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង លោក​បណ្ឌិត ឌី ការ៉េត មាន​ប្រសាសន៍​ថា អំពើ​និទ្ទណ្ឌភាព​បែប​នេះ​មិន​អាច​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​គេ​គោរព​ច្បាប់​ជា​ធំ​នោះ​ទេ ៖ «រឿង​គេ​បាញ់​លោក ឈុត វុទ្ធី គឺ​ខ្ញុំ​មិន​ភ្ញាក់​ផ្អើល​អី​ទេ ព្រោះ​ថា ជា​ទម្លាប់​មួយ​របស់​របប​គេ​ហ្នឹង ឲ្យ​តែ​មាន​ពល​រដ្ឋ​ចេញ​ធ្វើ​ការ​តវ៉ា​អំពី​សិទ្ធិ​សេរីភាព ការពារ​ទី​កន្លែង​រស់​នៅ ឬ​ការ​ពារ​ទ្រព្យ​សម្បត្តិ​សាធារណៈ គឺ​គេ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​គេ​មក​គំរាម មក​បាញ់ ដូច​ករណី​នៅ​ខេត្ត​ស្វាយរៀង នៅ​បាវិត ដោយ​គ្រាន់​តែ​គ្នា​ធ្វើ​បាតុកម្ម​សន្តិវិធី គឺ​គេ​យក​កាំភ្លើង​ទៅ​បង្ក្រាប​តែ​ម្ដង។ យើង​មិន​ដែល​ឃើញ​អំពើ​បែប​នេះ​កើត​មាន​នៅ​ក្នុង​ប្រទេស​ដែល​មាន​អារ្យធម៌​ត្រឹម​ត្រូវ គឺ​មិន​ដែល​ឃើញ​ៗ​តែ​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ ក្រោម​របប​លោក ហ៊ុន សែន ដែល​ធ្វើ​បែប​ហ្នឹង»។

ចំណែក​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​រូប​ទៀត គឺ​លោក គុជ ចាន់លី នៅ​រដ្ឋ Maryland នៃ​តំបន់​រដ្ឋធានី​វ៉ាស៊ីនតោន សហ​រដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ថ្វីបើ​លោក​បាន​ភៀស​ខ្លួន​មក​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ មក​នេះ​ក្ដី ក៏​លោក​នៅ​តែ​បន្ត​ជាប់​ជា​និច្ច តាម​ដាន​អំពី​សុខ​ទុក្ខ​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ក្នុង​ស្រុក ៖ «ខ្ញុំ​បាទ​តែង​ចំណាយ​ពេល​វេលា​គ្រប់​ដង្ហើម​ចេញ​ចូល ដើម្បី​តាម​ដាន​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​មាតុ​ភូមិ​កំណើត​របស់​ខ្ញុំ និង​របស់​ខ្មែរ​យើង​រាប់​លាន​នាក់​ទៀត។ សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ គឺ​យើង​បាន​ដឹង​បាន​ឮ​ជា​រៀង​រាល់​ថ្ងៃ។ ចំពោះ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការ​ពារ​ធនធាន​ធម្មជាតិ​នេះ គឺ​ជា​សោកនាដកម្ម​មួយ​គួរ​ឲ្យ​សោក​ស្ដាយ។ លោក ឈុត វុទ្ធី ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា ជា​វីរជន​ដែល​លះ​បង់​កម្លាំង​កាយ​បញ្ញា​ស្មារតី ដើម្បី​ការ​ពារ​ធន​ធាន​ធម្មជាតិ​ខ្មែរ​យើង ការពារ​ព្រៃ​ឈើ មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​ណា​មួយ​មក​រំលោភ​មក​ឈ្លាន​ពាន​បាន។ ព្រោះ​ថា ធន​ធាន​ធម្មជាតិ​នានា​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង មាន​រ៉ែ ត្រី ព្រៃ​ប្រឹក្សា ជា​ដើម គឺ​ជា​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង»។

លោក គុជ ចាន់លី អំពាវនាវ​ក៏​ដូច​ជា​រំលឹក​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ឲ្យ​គោរព​ច្បាប់​ជា​ធំ ក្នុង​ការ​លុប​បំបាត់​និទ្ទណ្ឌភាព​នៅ​កម្ពុជា ៖ «រដ្ឋាភិបាល​គឺ​ជា​ស្ថាប័ន​រដ្ឋ​មួយ ដែល​ប្រជា​ពល​រដ្ឋ​ប្រគល់​ការ​ទុក​ចិត្ត ប្រគល់​ការ​អនុវត្ត​ច្បាប់​ផ្សេងៗ ដូច្នេះ​ត្រូវ​តែ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ហ្នឹង​ឲ្យ​បាន​ហ្មត់ចត់​នៅ​ក្នុង​សង្គម គឺ​ថា​គ្មាន​បុគ្គល​ណា​ម្នាក់​ឈរ​លើ​ច្បាប់ អនុវត្ត​កិច្ច​ការ​អី​មួយ​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ ដោយ​សារ​តែ​ខ្លួន​សំអាង​លើ​អំណាច និង​ឥទ្ធិពល​របស់​អ្នក​មាន​អំណាច​នោះ​ទេ។ បុគ្គល​ទាំង​អស់​ដែល​ធ្វើ​ការ​ឲ្យ​រដ្ឋាភិបាល គឺ​គ្រាន់​តែ​ប្រជា​ពល​រដ្ឋ​ប្រគល់​នាទី​ឲ្យ​ខ្លួន​បម្រើ។ ពាក្យ​ថា បម្រើ​គឺ​មាន​ន័យ​ថា បម្រើ​ស្វែង​រក និង​ការ​ពារ​សន្តិសុខ​ដល់​ប្រជា​ពល​រដ្ឋ មិន​មែន​ជា​អ្នក​ជិះ​ជាន់ មិន​មែន​ជា​អ្នក​មាន​អំណាច​ប្រើប្រាស់​ដើម្បី​បាញ់​សម្លាប់​គេ​ឯង ប្លន់​យក​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ។ ហ្នឹង​មិន​មែន​អ្នក​ធ្វើ​ការ​បម្រើ​ប្រជា​ពល​រដ្ឋ​នោះ​ទេ»។

អង្គការ Global Witness គ្រោង​នឹង​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​សាធារណៈ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ អំពី​ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ឯ​ខេត្ត​កោះកុង​នោះ៕

ភ្នំពេញៈ២៧មេសា២០១២

0 មតិ:

Post a Comment