www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, January 19, 2012

វិធី​​​ការ​​ពារ​​ដើម្បី​​កុំ​​ឱ្យ​មាន​​​​​ភាព​​ច្រ​ណែន​​​​ដែល​អាច​​​​ឈាន​​​​ទៅ​ដល់​​ជំងឺ​​ផ្លូ​វ​​ចិត្ត​​




ច្រ​ណែន​​គឺ​ជា​អារម្មណ៍​​​របស់​បុគ្គ​​ល​ម្នាក់ៗ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​​គ្រប់​វ័យ​​ ។ ភាព​ច្រ​ណែន​​នេះអាច​សម្គាល់​តាម​រយៈ​ទឹក​មុខ​​ កាយ​វិ​ការ​ និង​ពាក្យ​សម្តី ។​​
លោក​វេជ្ជ​បណ្ឌិត​​​​យឹម សុបុត្រា​ អ្នក​ឯក​ទេស​​វិ​កល​​វិទ្យា​នៃ​គ្លី​និក​​សាន់​រា៉យ​ បាន​មាន​ប្រ​សាសន៍​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា ​ភាព​ច្រ​ណែន​កើត​មាន​​ច្រើន​ចំពោះ​​កុមារ​​ដែល​មិន​ទាន់​ពេញ​វ័យ ។​ សម្រាប់​មនុស្ស​ចាស់​​ មនុស្ស​វ័យ​ចំណាស់ និង​​វ័យ​ជំទង់​ក៏​មាន​ភាព​ច្រ​ណែន​​នេះ​ដែរ ។

១.​ភា​ព​ច្រ​ណែន​របស់​កុមារ៖ ជា​ទូ​ទៅ​​កត្តា​​ចិត្ត​សាស្ត្រ​របស់​​កុមារ​​មិន​ទាន់​បាន​លូត​លាស់​ពេញ​លេញ មិនទាន់​​មាន​​បទ​ពិ​សោធន៍​គ្រប់​គ្រាន់​ដូច​ជា​មនុស្ស​ពេញ​វ័យទេ​​​ ។ កា​រ​បញ្ចេញ​អារម្មណ៍​នៃ​ភាព​ច្រ​ណែន​របស់​​គេ គឺ​អាច​​​ឱ្យ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​​មើល​​​ដឹង ។ អារម្មណ៍​ដែល​​កុមារ​បញ្ចេញ​មក​​ខាង​ក្រៅ ស្តែង​ឱ្យ​កុមារ និង​​ក្មេងៗ​ដទៃ​​​​​​ទៀត​បាន​ឃើញ​ភ្លាម​​ៗ ដោយ​សារ​តែ​​កត្តា​ចិត្ត​សាស្ត្រ​​​ ​ឬ​ក៏​ការ​លូត​លាស់​អារម្មណ៍​មិនទាន់​ពេញ​​វ័យ ។ ដូច​ជា​ករណី​នៅ​ក្នុង​ក្រុម​គ្រួ​សារ​​​កូន​ៗ​ទាំង​ឡាយ​នៅ​ពេល​ដែល​ឪពុក​ឬ​ម្តាយ​ទិញ​​របស់​របរ​​​​ចែក​​ឱ្យ​​​មិន​ស្មើ​គ្នា ​មានក្មេង​ខ្លះ​សម្តែង​​​ចេញ​នូវ​ឥរិយា​បទ​មិន​ល្អ ដូច​ជា​ទឹក​មុខ​មិន​សម​រម្យ ​អ្នក​ខ្លះ​មិន​​ទទួល​ទាន​អា​ហារ​​ដោយ​សារ​ភាព​ច្រ​ណែន​​​ នឹង​ឪពុក​ម្តាយ ដែល​ផ្តល់​សម្ភារ​​​​មិន​ស្មើ​គ្នា ។ នេះ​គឺ​ជា​ប្រ​តិ​កម្ម​ធម្ម​តា​របស់​កុមារ​ ​ដែល​ស្តែង​​​ឱ្យ​ឃើញ​​នៅ​ក្នុង​ក្រុម​គ្រួ​សារ ដោយ​សារ​តែ​កុមារ​មិន​ទាន់​ចម្រើន​វ័យ​​​បាន​ល្អ​ដូច​ជា​មនុស្ស​ពេញ​វ័យ ។ ​​ដូច្នេះ​គ្រាន់​តែភាព​ច្រ​ណែន​ធម្ម​តា​យើង​​មិន​អាច​និយាយ​​ថា ​វា​​ជា​បញ្ហា​ផ្លូវ​ចិត្ត​​ ឬ​ក៏មាន​ជំងឺ​​​ផ្លូវ​ចិត្ត​​​នោះទេ យើង​​អាច​និយាយ​​​​ថា ប្រ​តិ​កម្ម​​កុមារ​ទៅ​​នឹង​​សេច​ក្តី​ត្រូវ​ការ​របស់​គេ ។
២. ភាព​ច្រ​ណែន​មនុស្ស​ពេញ​វ័យ ៖ ចាប់​ពី​​អាយុ​១៨​ឆ្នាំ​ ឡើង​ទៅ​​​ ។ ភាព​ច្រ​ណែន​​គឺ​មានទៅ​តាម​ចិត្ត​របស់​បុគ្គ​ល​នីមួយ​ៗដែរ​ ។ ភាព​ច្រ​ណែន​​នេះ​មិន​មែន​ជា​​ជំងឺ​​នោះ​ទេ ​វា​គឺ​ជា​អារម្មណ៍ ​ប៉ុន្តែ​ភាព​ច្រ​ណែន​នេះ​​វា​អា​ស្រ័យ​ទៅ​លើ​បុគ្គល​នី​មួយៗ ។ ​ហើយ​អ្នក​​​ខ្លះ​ក៏​មានភាព​ច្រ​ណែន​ដែរ ប៉ុន្តែ​ដោយសារ​គេ​ពេញ​វ័យ​​ ចរិត​​​លក្ខណៈ​​លូត​លាស់​​​តាម​ប្រ​​ក្រ​តី​បាន​គ្រប់គ្រាន់ ភាព​ច្រ​ណែន​​នេះ​មិន​បាន​បង្ហាញ​​ឱ្យ​ឃើញ​ច្បាស់​​​មក​ខាង​ក្រៅ​​នោះ​ទេ ។ ជួនកាល​បុគ្គល​​ប្រ​ភេទ​នេះ​បាន​បញ្ជាក់​តាម​​ទឹក​មុខ​ខ្លះ​ៗ ដែរ​ហើយ​បើ​អ្នក​​​នៅ​ជុំ​វិញ​មិន​បាន​សង្កេត​​មិន​បាន​សួរ​នាំ​​​​ ឬ​​តាម​​ដាន​​ឱ្យ​បាន​ត្រឹម​ត្រូវ​​ នោះ​មិន​អាច​​ដឹង​ថា បុគ្គល​​នេះ​កំពុង​តែ​មាន​អារម្មណ៍​ច្រ​ណែន​នោះ​​​ទេ ។ ​អារម្មណ៍​​របស់​មនុស្ស​ធម្ម​តា ឆ្លើយ​តប​ទៅ​នឹង​សេច​ក្តី​ត្រូវ​​ការ​​របស់​ខ្លួន ។ ភាព​ច្រ​ណែន​របស់​មនុស្ស​ពេញ​វ័យ​​មិន​សូវ​​បង្ហាញ​អា​កប្ប​ករិយា​​ ឬ​ក៏​មិន​សូវ​សម្តែង​នូវ​ទឹក​មុខ​​ ឬ​ក៏​ពាក្យ​សម្តី​ឱ្យ​ឃើញ​ជាក់​ស្តែង​​​ដូច​កាល​ពី​កុមារ​​នោះ​​ទេ ។

ភាព​ច្រ​ណែន​​ខ្លះ​​គឺ​ស្តែង​​ឱ្យ​ឃើញ​​តាម​រយៈ​ការ​បញ្ចេញ​​​អា​កប្ប​ករិយា​​មិន​ល្អ អាច​ឈាន​ទៅ​ដល់​​​​ការ​មាន​អារម្មណ៍​​ឆេ​វ​ឆាវ​​ មួ​ម៉ៅ​​ ខឹង គេង​មិន​លក់ ​ទទួល​ទាន​មិន​បាន​​ជា​ដើម ។ មិន​ត្រឹម​តែ​​ភាព​ច្រ​ណែន​នោះ​ទេ វា​នឹង​​អាច​​ឈាន​ទៅ​ដល់​បញ្ហា​​ផ្សេងៗ​ទៀត​ ដូច​​​ជា​ធ្វើ​​ឱ្យ​បុគ្គ​ល​ដែល​ច្រ​ណែន​​​នេះ​ដក​ខ្លួន​​​ចេញ​ពី​ក្រុម​គ្រួ​សារ​​ មិន​ចង់​ទំនាក់​ទំនង​ជា​​​មួយ​ក្រុម​គ្រួ​សារ ​​អាច​ទៅ​ជួប​មិត្ត​ភក្តិ​ផ្សេងៗ​ទៀត​អាច​​ឈាន​​ទៅ​ដល់​​តូច​​ចិត្ត អ្នក​ខ្លះ​ឈាន​ទៅ​ដល់​ការ​សេព​​គ្រឿង​ញៀន​​​​​ឬ​​គ្រឿង​ស្រ​វឹង​​​ផង​ដែរ ។ ​វា​​​អា​ច​កើត​មាន​ជំងឺ​​ធ្លាក់​ទឹក​ចិត្ត ដែលកើត​ឡើង​ដោយ​​ភាព​ច្រ​ណែន​​ចំពោះ​ឪពុក​ម្តាយ​​ស្រឡាញ់​​កូន​មិន​ស្មើ ។ យើង​មិន​អាច​និយាយ​​ថា​ បុគ្គ​ល​ដែល​ច្រ​ណែ​ន​មាន​បញ្ហា​ផ្លូវ​ចិត្ត​​​ទាំង​អស់​នោះទេ ។ មាន​បុគ្គ​ល​​ខ្លះ​​តូច​ចិត្ត​​​​រហូត​ដល់​អស់​សង្ឃឹម​​​ស្តី​បន្ទោស​ខ្លួន​ឯង ក៏​អាច​គិត​​ទៅ​រក​សេច​ក្តី​ស្លាប់​បាន​ដែរ ។ ភាព​ច្រ​ណែន​​ខ្លះ​ក៏​អាច​ឈាន​ទៅ​​បញ្ហា​​​ផ្លូវ​ចិត្ត​ ​។ ​​ជំងឺ​​ផ្លូវ​ចិត្ត​​ភាគ​ច្រើន​សង្កេត​ឃើញ​ថា ​​បណ្តាល​មក​ពី​ការ​ធ្លាក់​ទឹក​ចិត្ត​​ដោយ​ច្រ​ណែន​​ ដោយ​អន់​​ចិត្ត និង​ខក​ចិត្ត​​ ។ ​​ជួន​កាល​បុគ្គ​​ល​ម្នាក់​​​​មាន​គំនិត​ច្រ​ណែន​ដែរ​ តែ​ដោយ​សារ​បុគ្គល​ប្រភេទ​នេះ​មាន​គំនិត​​គិត​វែ​ង​ឆ្ងាយ​​ ដោយ​សារ​​កត្តា​ចិត្ត​​​​សាស្ត្រ​​​ចម្រើន​ពេញ​វ័យ ​និង​ដោយ​ចេះ​ពិ​ចារណា​ចេះ​បែង​ចែក​​បាន​ត្រឹម​ត្រូវ ភាព​ច្រ​ណែន​មិន​រី​ក​លូត​លាស់ ហើយ​មិន​បង្ក​ឱ្យ​​កើត​មានបញ្ហា​​​​ផ្លូវ​ចិត្ត​​ទេ​ ។

លោក​វេជ្ជ​បណ្ឌិត​បាន​បន្ថែម​ទៀត​ថា ​​ភាព​ច្រ​ណែន​​​​ខ្លះ​​​កើត​មាន​ការ​​ឈ្នា​នីស ​​ដែល​ឈាន​ទៅ​ដល់​​បញ្ហា​​ផ្លូវ​ចិត្ត គឺ​បណ្តាល​ឱ្យ​កើត​មាន​​ផល​ប៉ះ​ពាល់​​​​ធ្ងន់ធ្ងរ​ដូច​ជា​​៖
-​​​ប៉ះ​ពាល់​ទៅ​ដល់​បុគ្គល​ខ្លួ​នឯង ​៖ អាច​កើត​មានជំងឺ​​​ផ្លូវ​ចិត្ត​​​ធ្វើឱ្យ​ក្តៅ​ក្រ​ហាយ​​​ទទួល​ទាន​អាហារ​​​មិន​បាន​​គេង​មិនលក់ កើត​ចំពោះ​បុគ្គ​ល​​ដែល​កំពុង​​រៀន​សូត្រ ​កំពុង​តែ​​ធ្វើ​ការ​ងារ​ ​បែរ​​ជា​លែង​ចង់​ធ្វើ​ការ​ងារ ឬ​ក៏​លែង​ចង់​សិក្សា​​​ ជា​ហេតុ​​​​ដែល​បណ្តាល​ឱ្យ​បុគ្គល​ប្រ​ភេទ​នេះ​កើត​ទៅ​​ជា​​អស់​សង្ឃឹម ​តូច​ចិត្ត​​​​​​ ​អាច​បង្ក​ឱ្យ​បាត់​បង់​ការ​ងារ​ ដែល​ធ្វើ​ឱ្យ​សេដ្ឋ​កិច្ច​​​​គ្រួ​សារ​ថយ​ចុះ បាត់​បង់​ចំណូល ។ ភាព​ច្រ​ណែន​​ធ្វើ​ឱ្យ​សម្តី ឬ​អា​កប្ប​ករិយា​​បុគ្គល​ប្រ​ភេទ​នេះ​​​មិន​បាន​ល្អ និ​យាយ​គ្មាន​សីល​ធម៌ ​​ទៅ​លើ​​មនុស្ស​​ដែលគេ​ច្រ​ណែន ។

-​ប៉ះ​ពាល់​​ទៅ​ដល់​ក្រុម​គ្រួ​សារ​ ៈ ភាព​ច្រ​ណែន​​នេះ​​បើ​ជា​រូប​​​ភាព​តូច​តាច​​ ជួនកាល​​​​​ការ​ទំនាក់​ទំនង​​នៅ​ក្នុង​ក្រុម​គ្រួ​សារ​​​​​ក៏មិន​សូវ​ល្អ​ដែរ ។ តែ​បើ​ច្រ​ណែន​​ជា​រូប​ភាព​ធំ ដោយ​សារ​​តែ​​​​ការ​​​​បែង​ចែក​ទ្រព្យ​សម្បត្តិ​​មិន​បាន​ត្រឹម​ត្រូវ​​ បែង​​ចែក​​សេច​ក្តី​ស្រ​ឡាញ់​​មិន​​ស្មើ​​គ្នា​ វាឈាន​​ទៅ​ដល់​​ការ​​​ប្រើ​ប្រាស់​អំពើ​ហិង្សា​ឃាត​កម្ម​ផ្សេងៗ​​ទៀត​ជា​ដើម ។
-​ប៉ះ​ពាល់​ទៅ​ដល់​​​សង្គម ៖ ​បើ​សិន​ជា​មាន​បញ្ហា​​​​​​ហិង្សា​​​ ឬ​ក៏​មនុស្ស​ឃាត​​ ដែល​ប៉ះ​ពាល់​​​ទៅ​ដល់​ក្រុម​គ្រួ​សារ​​ និង​សង្គម ធ្វើ​ឱ្យ​សង្គម​​មើល​ទៅ​ហាក់​បី​ដូច​​​ជា​អាប់អួ បង្ក​ឱ្យ​មាន​ភាព​រញ៉េ​រញ៉ៃ គ្មាន​សី​ល​ធម៌ ​ឪពុក​សម្លាប់​កូន ​កូន​សម្លាប់​ឪពុក ​សម្លាប់​​ជី​ដ​ូន​ជីតា មា​មីង បង​ប្អូន នេះ​ជា​រូប​ភាព​មួយ​ដែល​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​ទៅ​ដល់​សង្គម ។

ប្រ​សិន​បើ​មាន​លក្ខណៈ​បែប​នេះ​​​កើត​ឡើង​ដោយ​ច្រ​ណែន​​នោះ​វាបាន​បង្ហាញ​ឱ្យ​ឃើញ​ ​តាម​រយៈ​ទឹក​មុខ ​ពាក្យ​សម្តី ​កាយ​វិការ​ ។ កាល​ណា​​លោក​អ្នក​ដែល​ជា​ឪពុក​ម្តាយ​ បង​ប្អូន​​ មិត្ត​ភក្តិ​​​ ឃើញ​​ស​ភាព​បែប​នេះ​​លោក​អ្នក​ត្រូវ​ពន្យល់​ណែនាំ​​​​ផ្តល់​​ហេតុ​ដល់​អ្នក​ដែល​កើត​មាន​ភាព​ច្រ​ណែន​នេះ ដើម្បី​ឱ្យ​​គេ​បាន​​យល់​​ច្បាស់​​ ​​​។ បើ​សិន​ជា​លោក​​អ្នក​មិន​​អាច​ជួយ​បុគ្គល​នេះ​បាន​ទេ លោក​អ្នកគួរ​តែ​​ទៅ​ជួប​គ្រូ​ពេទ្យ​ដើម្បី​ផ្តល់​ប្រឹក្សា​ ​ហើយ​ការ​ពារ​កុំ​ឱ្យ​កើត​មាន​បញ្ហា​​​​ទាំង​បុគ្គ​ល​​​ខ្លួន​ឯង ​គ្រួ​សារ និង​សង្គម​​ផង​ដែរ ៕ 19.Jan.2012/03:09PM By:D3U

0 មតិ:

Post a Comment