www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, January 29, 2012

និស្សិត​កម្ពុជា​ចាប់​ដៃ​និស្សិត​កូរ៉េ​ បង្កើត​រ៉ូបូត​ទី១

 
 ​​  នេះ​ជា​លើក​ដំបូង​បំផុត​ហើយ ដែល​និស្សិត​កម្ពុជា រៀន​នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស ​​កម្ពុជា ដែល​មាន​ទីតាំ​ស្ថិត​នៅ​ប្រហែល​ជា ​១០​គីឡូម៉ែត្រ​ពី ​រាជធានី​ភ្នំពេញ​អាចផលិត ​រ៉ូបូត​បាន​។ ​
និស្សិត​ខ្មែរ​ចំនួន​ ២០​រូប បាន​សហការ​ជាមួយ​នឹង​និស្សិត ​កូរ៉េ​ខាង​ត្បូង​ ​មក​ពី​សាកល​វិទ្យាល័យ​​បច្ចេកវិទ្យា និង អប់រំ​របស់​កូរ៉េ (KUT) ដើម្បី​ផលិត​រ៉ូបូត​តូច​ៗ ដែល​មាន​ដូចជា​ រ៉ូបូត​ដែល​មាន​រាង​ដូច​មនុស្ស កន្ទុំ​រុយ ឡាន​ប្រើ​ពន្លឺ​ព្រះអាទិត្យ រ៉ូបូត​ទាត់​បាល់ និង Tuk Tuk ដោយ​ប្រើ​គ្រឿង​បរិក្ខារ​ពី​ប្រទេស​កូរ៉េ។
លោក ប៊ុន ភារិន នាយក​វិទ្យាស្ថាន​ជាតិ​ ពហុបច្ចេកទេស​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​ សហប្រតិបត្តិការ​ជាមួយ​នឹង សាកល​វិទ្យាល័យ​បច្ចេកវិទ្យា និង​អប់រំ​កូរ៉េ ដូច្នេះ​និស្សិត​សាលា​ទាំង​ពីរ​ អាច​ចែក​រំលែក​នូវ​ចំណេះ​ដឹង​គ្នា​ទៅ​វិញ ទៅ​មក​។
លោក​ប្រាប់​ថា ៖​« នេះ​ជា​សញ្ញា​នៃ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា។ បន្ទាប់​ពី​បាន​ឃើញ​នូវ​ស្នាដៃ​ទាំង​នេះ ទាំង​សិស្ស​ និង​គ្រូ​បង្រៀន​នឹង​បាន​ស្វែង​យល់​។ ខ្ញុំ​សង្ឃឹម​ថា នូវ​ថ្ងៃ​ណា​មួយ​សិស្ស​យើង​នឹង​មាន​គំនិត​ផលិត​អ្វី​ថ្មី​បែប​ហ្នឹង​ដូច គេ​ដែរ» ។
ក្រុម​បច្ចេកទេស​វ័យ​ក្មេង​ ទាំង​នោះ​បាន​បង្ហាញ​រ៉ូបូត​ដែល​គេ​ផលិត​ មាន​ដូចជា ​រ៉ូបូត​រាង​ដូច​មនុស្ស​ ដែល​ចេះ​ជំរាប​សួរ ធ្វើ​លំហាត់​ប្រាណ ទាត់​បាល់ ឬ ចលនា​ផ្សេង​ៗ។ រ៉ូបូត​នេះ​អាច​ធ្វើ​ត្រាប់​តាម​មនុស្ស​បាន។ រ៉ូបូត​ទីពីរ គឺ​កន្ទុំ​រុយ ដែល​អាច​ហោះ​បាន​ ប៉ុន្តែ​ត្រូវ​ការ​អ្នក​បញ្ជា​ម្នាក់​នៅ​ក្បែរ​នោះ​ដែរ។ រ៉ូបូត​ទី​បី គឺ​រថយន្ត​ដែល​ប្រើប្រាស់​ ពន្លឺ​ព្រះ​អាទិត្យ។ រ៉ូបូត​ទី​បួន គឺ Tuk Tuk ដែល​ត្រូវ​បាន​រចនា​ដូច​ Tuk Tuk ខ្មែរ​បេះបិទ។ ឯ​រ៉ូបូត​ចុង​ក្រោយ គឺ​អាច​លេង​បាល់​បាន។
ប្រធាន​មជ្ឈមណ្ឌល​ទំនាក់​ទំនង​ និង សហ​ប្រតិបត្តិការ​នៃ​វិទ្យាស្ថាន​ជាតិ ​ពហុបច្ចេកទេស​កម្ពុជា លោក ​​ម៉ី​​ គឹម​សាន្ត ជឿថា​បន្ទាប់​ពីឮ​ថា​ប្រជាជន​ខ្មែរ​ អាច​ផលិត​ រ៉ូបូតបាន ប្រជា​ជន​ខ្មែរ​នឹង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ឡើង​ទៅ​លើ​បច្ចេក​វិទ្យា។ បច្ចុប្បន្ន​លោក​ដឹង​ថា​ ប្រជាជន​ខ្មែរ​ពុំ​សូវ​ចាប់​អារម្មណ៍​លើ​បច្ចេកវិទ្យា​ប៉ុន្មាន​ទេ។ ភាគ​ច្រើន​ចូលចិត្ត​ជំនាញ​ ដែល​មិន​សូវ​ផ្តល់​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍ​ ប្រទេស​​​ខ្លាំង​ដូច​បច្ចេកទេស ឬ មេកានិក។
លោក​ថ្លែង​ថា ៖​« កាល​ឆ្នាំ​មុន តាម​ដែល​ខ្ញុំ​នៅ​ចាំ​ មាន​សិស្ស​ប្រមាណ​ជា​១១០ ០០០នាក់​បាន​បញ្ចប់​នូវ​ថ្នាក់​វិទ្យាល័យ ប៉ុន្តែ​មាន​ប្រហែល​ជា​មួយ​ពាន់​នាក់​ប៉ុណ្ណោះ​ ចុះ​ឈ្មោះ​ចូល​រៀន​ផ្នែក​ បច្ចេកវិទ្យា។ ក្រុម​ហ៊ុន​ដំឡើង​រថយន្ត​ Hyundai នៅ​កោះកុង ស្នើ​សុំ​អ្នក​មេកានិក​ពី​យើង​ ប៉ុន្តែ​យើង​មិន​ដែល​បញ្ជូន​ទៅ​គ្រប់​ឲ្យ​ពួក​គេ​ទេ មូលហេតុ​យើង​ខ្វះ​សិស្ស​ផ្នែក​នេះ ​»។ លោក​បន្ត​ថា នៅ​ឆ្នាំ​ក្រោយ​ពួក​គេ​ផលិត​កន្ទុំ​រុយ​មួយ​ដែល​អាច​លើក​ទំងន់​បាន​ ៦០​គីឡូ​ ក្រាម។
កញ្ញា គិន បូភួង អាយុ​១៨ និស្សិត​ឆ្នាំ​ទី​១​ផ្នែក​អគ្គិសនី​និយាយ​ថា គាត់​មាន​ការ​ភ្ញាក់​ផ្អើល​ណាស់​នៅ​ពេល​ឮ​ថា និស្សិត​ខ្មែរ​អាច​ដំឡើង​រ៉ូបូត​បាន​។
កញ្ញា​ថ្លែងថា៖​« ខ្ញុំ​ចង់​ផលិត​អ្វី​ស្រដៀង​ហ្នឹង​ដែរ។ រ៉ូបូត​ពួក​គេ​ពិត​ជា​ជំរុញ​ឲ្យ​ខ្ញុំ​សិក្សា​ផ្នែក​អគ្គិសនី​កាន់​តែ​ ខ្លាំង ឡើង​»។
លោក​ហៀក ហិម អាយុ​២៥​ឆ្នាំ និស្សិត​ឆ្នាំ​ទី​៤​ ផ្នែក​មេកានិក ដែល​បាន​ចូល​រួម​ជាមួយ​និស្សិត​កូរ៉េ​ក្នុង​ការ​ផលិត​រ៉ូបូត​នេះ​ មាន​ការ​រំភើប​ចិត្ត​នៅ​ពេល​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​គេ​អបអរ។ ប៉ុន្តែ​គាត់​បាន​ឲ្យ​គុណ​សម្បត្តិ​នេះ​ទៅ​សមភាគី ​ជន​ជាតិ​កូរ៉េ​របស់​គាត់​ ដែល​ថ្នឹក​នឹង​បច្ចេកវិទ្យា​ថ្មី​នេះ​ជាង​គាត់។ សមត្ថភាព​ដែល​គាត់​បាន​បញ្ចេញ​ចូលរួម​ក្នុង​ការងារ​នេះ​ គឺ​គំនិត​រចនា​រូប​រាង និង បញ្ចូល​កម្មវិធី។
លោក​បន្ថែម​ថា៖​« ខ្ញុំ​យល់​ច្រើន​អំពី​ការ​ផលិត​រ៉ូបូត ជា​ពិសេស​ការ​ដំឡើង។ វាជា​រ៉ូបូត​ដ៏​តូច​មែន ប៉ុន្តែ​ការ​សិក្សាពី​ម៉ាស៊ីន​តូច​នេះ​អាច​ជា​គំរូ​ឲ្យ​ យើង​ឈាន​ទៅ​ផលិត រ៉ូបូត​ធំ​ៗ​បាន។ សម្រាប់​កិច្ច​សហការ​នេះ ខ្ញុំ​ចាប់​អារម្មណ៍​លើ​ឡាន ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​»៕


ប្រភព៖​ ភ្នំពេញបុស្តិ៍

0 មតិ:

Post a Comment