www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, January 25, 2012

ទូត​ខ្មែរ​ប្រចាំ​នៅ​បរទេស ទទួលការ​ណែនាំពីលោក​ ហោ ណាំហុង​

ភ្នំពេញៈ លោក ហោ ណាំហុង រដ្ឋ​មន្រ្តី​ការ​បរ​ទេស កាល​ពី​ថ្ងៃ២៤ ខែមករា​ ម្សិលមិញ ​បាន​ផ្តល់​ដំបូន្មាន​ពី​​គោល​នយោបាយ​​ការ​បរទេស​​កម្ពុជា​ សម្រាប់​ឆ្នាំ​២០១២ ​​​និង​បញ្ហា​ប្រឈម ដល់​​ក្រុម​​ឯក​អគ្គ​រាជ​ទូត និង​​អគ្គ​កុង​ស៊ុល​ខ្មែរ​ចំនួន​៣០​រូប​ ​ប្រ​ចាំ​នៅបណ្តាប្រទេស​នានា ហើយ​​បានជម្រាប​ទុកជា​មុ​ន​ថា ពួកគេ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ខ្លាំង​​ក្លា​លើ​តួនាទី ​និង​កាតព្វ​កិច្ច​របស់​ខ្លួន​ ​ក្នុង​ការ​រៀប​ចំ​គោល​នយោ​បាយ​ការ​បរ​ទេស​ជាតិ​ និង​អន្តរ​ជាតិ​។


លោក ឧ​បនាយ​រដ្ឋ​មន្ត្រី ហោ ណាំ​ហុង បាន​ប្រាប់​ឯក​អគ្គ​រាជ​ទូត​និង​អគ្គកុងស៊ុល​ថា ​​បញ្ហា​ប្រឈម​បី​ដែល​ចាំ​បាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ខ្លាំងបំផុត​ គឺ​ការ​បក​ស្រាយ​​​របស់​តុលាការ​យុតិ្ត​ធម៌​អន្តរ​ជាតិទៅ​លើ​សាល​ក្រម​​ឆ្នាំ​១៩៦២ ​ទាក់ទង​នឹង​ប្រាសាទ​ព្រះ​វិហារ ​​​និង​តំបន់​ជុំ​វិញ​ប្រាសា​ទ​ព្រះ​វិហារ ​និង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ​នៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ​សម្រាប់​បេក្ខ​ភាព​កម្ពុជា​ ជា​សមាជិកមិន​អចិន្រៃ្តយ៍ ​សម្រាប់​ឆ្នាំ ២០១៣​- ២០១៤ ​ ក៏ដូច​ជា​​​តួនាទី​កម្ពុជា ក្នុង​ឋានៈ​​ជា​​ប្រធាន​សមាគម​ប្រ​ជា​​ជាតិ​អាស៊ី​អាគ្នេយ៍​​(អាស៊ាន)របស់​​កម្ពុជា​។ នេះ​​បើ​យោង​តាម​លោក កុយ គួង អ្នក​នាំពាក្យក្រ​សួ​ង​​ការ​បរ​ទេស​និង​សហប្រតិ​បតិ្ត​ការ​អន្តរ​ជាតិ​​ បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ បន្ទាប់​ពី​កិច្ច​ប្រជុំ​បានបញ្ចប់។

លោក កុយ គួង បាន​បន្ត​ថា៖ ​«ឯក​ឧត្តម​ឧប​នាយ​ក​រដ្ឋ​មន្រ្តី​បាន​ណែ​នាំ​ការ​ងារ​ជាក់​ស្តែង​ដល់​ឯក​អគ្គ​រាជ​ទូត និង​អគ្គកុង​ស៊ុល​កម្ពុជា​យើង​ ឲ្យ​ធ្វើ​ការ​តាម​ដាន​​សភាព​ការ​ណ៍ក្នុង​ប្រទេស​ដែល ខ្លួន​នៅ​ប្រចាំ​នោះ ហើយ​ក៏​តាម​ដាន​​អំពី​ការ​រីក​ចម្រើនគ្រប់​វិស័យ​នៃ​ប្រទេស​កម្ពុជា ​និងឲ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ​​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា​ ឲ្យ​បាន​ទាន់​ពេល​វេលា​​ និង​ឲ្យ​បាន​សម​​ស្រប​»។

លោក​បន្ថែម​ថា​លោកឧបនាយក​រដ្ឋ​មន្រ្តី​ ក៏​បាន​លើក​ទឹក​ចិត្ត​ដល់​ឯក​អគ្គ​រាជ​ទូត និង​អគ្គ​កុង​ស៊ុលឲ្យ​ឃ្លាំ​មើល​​ឲ្យ​បាន​ច្បាស់លាស់​ទៅលើ​ក្រុម​​ពល​ករ​កម្ពុជា ​​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ ម៉ាឡេស៊ី ​ជប៉ុន និង​កូរ៉េ ហើយ​នៅ​ថ្ងៃ​អនា​គត កម្ពុជា​នឹង​បញ្ជូន​ពល​ករ​ថែម​ទៀត​ទៅ​ប្រទេស​ កូវ៉ែត និង​ហ្កាតា។

លោក ​កុយ គួង បាន​បន្ត​ទៀត​ថា ៖ «​ឯក​ឧត្តម​ឧប​នាយក​រដ្ឋ​មន្រ្តីបាន​ជំរុ​ញ​ផង​ដែរ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​​បន្ថែ​ម​​ទៀត​ទៅ​លើ​ពល​ករ​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ក្នុង​គោល​បំណ​ង​ដើម្បីការ​ពារ​សិទិ្ធ​ និង​សេរីភាព​របស់​ពល​ករ​​របស់​យើង​។ ប្រសិន​បើ​ពល​ករ​កម្ពុជា​ទាំង​នោះ​ ជួប​បញ្ហា​​ (ឯក​អគ្គ​រាជ​ទូត និង​អគ្គ​កុង​ស៊ុល​) ត្រូវ​រាយការណ៍​ប្រាប់​មករាជ​រដ្ឋា​ភិបាល​ភ្លាមៗ»។

លោក​បាន​លើក​ឡើង​ទៀត​ថា ​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​អំពាវ​នាវ​ដល់​ឯក​អគ្គ​រាជ​ទូត​​​ទាំង​អស់ត្រូវ​តែ​ធានា​​ថា ប្រាក់​ចំណូល​ពី​ទិដ្ឋាការ​នៅ​ឯ​ក្រៅ​ប្រទេស ត្រូវ​បាន​បង់​ចូល​ថវិកាជាតិ​ជា​ប្រចាំ​ផងដែរ​៕ 25,Jan,2012/02:44PM By: Neak Toch

0 មតិ:

Post a Comment