www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

ប្រធាន​ធនាគារពិភពលោក ប្រចាំ​កម្ពុជា កោតសរសើរ​ចំពោះ ​ភាព​រីកចំរើន​ផ្នែក ​សេដ្ឋកិច្ច និង​បរិយាកាស ​វិនិយោគ​នៅ​កម្ពុជា​

ភ្នំពេញ: ប្រធាន​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា បាន​កោតសរសើរ​ចំពោះ​ភាព​រីកចំរើន​ផ្នែក​សេដ្ឋកិច្ច និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​។ ប្រធាន​ធនាគារពិភពលោក ក៏បាន​វាយ​តំលៃ​ខ្ពស់ ចំពោះ​កំណើន និង​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ចកម្ពុជា បន្ទាប់​វិបត្តិ​សេដ្ឋកិច្ច​សកល និង​តួនាទី​ដ៏​សំខាន់ នៃ​វិស័យ​ពាណិជ្ជកម្ម សម្រាប់​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​។​
​ការ​ថ្លែង​បែបនេះ​របស់​ប្រធាន​ធនាគារពិភពលោក​លោក Qimiao Fan បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​លោក ចម ប្រសិទ្ធ ដើម្បី​ជម្រាបលា បន្ទាប់ពី​លោក​បានបញ្ចប់​អាណត្តិ​ការងារ​រយៈពេល ៣ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា​។​
​នៅក្នុង​ជំនួប លោក Qimiao Fan បានលើកឡើង​ពី​ទំនាក់ទំនង និង​ការដកស្រង់​នូវ​បទពិសោធន៍​នានា ចំពោះ​ការបំពេញ​បេសកកម្មរ​បស់​លោក​នៅ​កម្ពុជា​។ លោក​ក៏បានផ្តល់​សារៈសំខាន់​ទៅលើ​ការធ្វើ​ពិធី​កម្ម​សេដ្ឋកិច្ច និង​ឧត្តមភាព​ប្រកួតប្រជែង​នៃ​ការនាំចេញ​របស់​កម្ពុជា ដោយហេតុថា កម្ពុជា​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​ទទួលបាន​នូវ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​ពី​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​ដៃគូ​ជាច្រើន​។
​លោក​បានបង្ហាញ​នូវ​ជំនឿ​ថា កម្ពុជា​នឹងមាន​សេដ្ឋកិច្ច​រឹងមាំ​ត​ទៅមុខទៀត​។ ក្នុងនោះ ទោះបី​លោក​បានបញ្ចប់​អាណត្តិ​ការងារ​នៅ​កម្ពុជា​ហើយ​ក្តី តែ​គម្រោង​អភិវឌ្ឍន៍​នានា​នៅតែ​បន្ត​និរន្តរភាព​ឱ្យ​គ្រប់​ជ្រុងជ្រោយ ហើយ​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា ក៏​នឹង​ពិនិត្យមើល​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ថ្មីៗ របស់​កម្ពុជា​ដើម្បី​ត្រៀម​ផ្តល់​ការគាំទ្រ​។
​ចំណែក​លោក​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​បេសកកម្ម​ការងារ​របស់លោក​ប្រធាន​ ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា និង​បាន​ថ្លែងអំណរគុណ​ចំពោះ​សកម្មភាព​ចូលរួម និង​ការគាំទ្រ​របស់​ធនាគារ​ពិភពលោក​ទៅលើ​គម្រោង​អភិវឌ្ឍន៍​នានា​របស់​ កម្ពុជា​។

ជាក់ស្តែង កម្មវិធី​គាំទ្រ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម (TDSP) ដែល​គ្រប់គ្រង​ដោយ​ធនាគារពិភពលោក ត្រូវបាន​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ចាត់ទុកជា​គម្រោង​ដ៏​សំខាន់ ព្រោះ​វា​បាន​បង្កើត ជា​ផ្នែក​មួយ នៃ​អភិក្រម​គ្របដណ្តប់​ទូទាំង​វិស័យ​ពាណិជ្ជកម្ម (Trade SWAP) ដែល​កម្ពុជា​ត្រូវអនុវត្ត​ឱ្យបាន​ជោគជ័យ សំរាប់​ជា​គំរូ ដល់​ប្រទេស​ក្រីក្រ​ដទៃទៀត​៕


ប្រភព: camnews

0 មតិ:

Post a Comment