www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

លទ្ធផល​កិច្ចប្រជុំ JBC ថ្ងៃទី​១ ទទួល​លទ្ធផល​ល្អ និង​វិជ្ជមាន​ច្រើន​

ភ្នំពេញ: លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC នៅ​ថ្ងៃ​ទី​១ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២ ទទួលបាន​លទ្ធផល​ល្អ និង​វិជ្ជមាន​ច្រើន​។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​
​ ​
​គណៈប្រតិភូ​កម្ពុជា​ប្រមាណ ២០ រូប ដឹកនាំ​ដោយ​លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​កិច្ចការ​ព្រំដែន និង​លោក ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២​។ សមាសភាព​គណៈកម្មកា​រ​នោះ មាន​តាំងពី​អភិបាល​ខេត្ត​ជាប់​ព្រំដែន​ថៃ មេបញ្ជាការ​យោធភូមិ​ភាគ​ជាប់​ព្រំដែន​ថៃ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និង​ក្រសួង​ការពារជាតិ​។​

កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះខ័​ណ្ឌ​សីមា​ព្រំដែន​គោក​កម្ពុជា​-​ថៃ JBC នៅ​ថ្ងៃ​ទី​១៣ និង​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រូវបាន​ក្រសួងការបរទេស​កម្ពុ​ជា ប្រកាសថា នឹង​ពិភាក្សា​ការងារ​វាស់វែង​ព្រំដែន និង​រក​បង្គោល​ព្រំដែន ដែល​នៅសល់ នៅ​តំបន់​ក្រៅ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ដោយសារ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ ទុកឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ សិន ដែល​កម្ពុជា​បាន​ស្នើ​។​

​លោក ផៃ ស៊ីផា​ន បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រលប់ ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១២​ថា លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រាប់​លោក​ថា កិច្ចប្រជុំ JBC នៅ​ថ្ងៃ​ទី​១​នេះ ទទួលបាន​លទ្ធផល​ល្អ និង​វិជ្ជមាន​ច្រើន​។ ប៉ុន្តែ​លទ្ធផល​វិជ្ជមាន​ប៉ុនណា គឺ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង នឹង​ផ្តល់​កិច្ចសម្ភាសន៍​ព័ត៌មាន នៅ​ថ្ងៃស្អែក ( ថ្ងៃទី​១៤​កុម្ភៈ ឆ្នាំ​២០១២ ) វេលា​ម៉ោង ៦ និង ៣០ នាទី នៅ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​។​
​ ​
​ក្នុង​កិច្ចប្រជុំ JBC កាលពី​ឆ្នាំ​២០១១ នៅ​បូក​ហ្គូ ប្រទេស​ឥណ្ឌូនេស៊ី នៅ​ឆ្នាំ​២០១១ កម្ពុជា​-​ថៃ បាន​លើកឡើង​ថា ក្នុងចំណោម​បង្គោល​ព្រំដែន​ទាំង ៧៣ បង្គោល ដែល​បោះ​ដោយ​បារាំង បាន​រកឃើញ ៤៨ បង្គោល តែ​ក្នុង ៤៨ បង្គោល មាន ៣៣ បង្គោល បាន​ឯកភាពគ្នា។ ដូច្នេះភាគី​ទាំងពីរ នឹង​បន្ត​ស្វែងរក​បង្គោល​ព្រំដែន ២៥ បង្គោល​ទៀត និង​រៀបចំ​របាយការណ៍​ជា​ភាសា​អង់គ្លេស​មួយ សម្រាប់​ចែកជូន​រាជរដ្ឋាភិបាល​រៀងៗ​ខ្លួន ហើយ​អាច​បន្ត​ការងារ​នេះ​៕


ប្រភព: camnews

0 មតិ:

Post a Comment