«ឱសថ​ក្លែងក្លាយ​អន្ដរាយ​ដល់​ជីវិត ​ឱសថ​ពិត​ជីវិត​រស់រាន» នេះ​គឺ​ជា​សារ​ដ៏​សំខាន់​នៅ​ក្នុង​ប័ណ្ណ​ប្រកាស​ដែល​នឹង​ត្រូវ​ចែកចាយ​នៅ​ ទូទាំង​ប្រទេស​កម្ពុជា​នៅ​ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់ដឹង​ស្ដី​ពី​ គ្រោះថ្នាក់​នៃ​ឱសថ​ខូចគុណភាព ​និង​ឱសថ​ក្លែងក្លាយ។​ យុទ្ធនាការ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​ពី​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
លោក ​ដេវីដ​ រីឆែលសូហ្វ (David Richelsoph) អនុ​ប្រធាន​បេសកម្ម​ស្ដីទី​ស្ថានទូត​អាមេរិក​ក្នុង​ក្រុង​ភ្នំពេញ​ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ​ថា​ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​ភាព​ជា​ដៃគូ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ រួមចំណែក​លើក​កម្ពស់​កម្មវិធី​អប់រំ​សុខភាព​ក្នុង​ប្រទេស​នៃ​តំបន់​មេគង្គ​ ក្រោម​ដូច​ជា​ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​និង​ប្រទេស​ថៃ។
លោក ​រីឆែលសូហ្វ ​មាន​ប្រសាសាន៍​តាមរយៈ​អ្នក​បកប្រែ​ផ្លូវការ​ថា ​ឱសថ​ក្លែងក្លាយ ​និង​ឱសថ​ ដែល​ខូច​គុណភាព​បាន​គំរាម​កំហែង​ដល់​សុខភាព​អ្នក​ប្រើប្រាស់។
«ការ​ក្លែងក្លាយ​ឱសថ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​បាត់បង់​ ជំនឿ​ទុកចិត្ត។ ​ការ​បន្លំ​ផលិតផល​ឱសថ​និង​ការ​លួច​ផលិត​ឱសថ​ក្លែងបន្លំ​ ដើម្បី​ចែកចាយ​ក្នុង​ទីផ្សារ​ងងឹត​គឺ​ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​ សុខភាព​សាធារណៈ។ ​ឱសថ​ក្លែងក្លាយ​ អាច​មាន​សារធាតុ​សកម្ម​មិន​ត្រឹមត្រូវ។ ​សារធាតុ​ទាំង​នោះ​ អាច​មាន​ចំនួន​ច្រើន​ជ្រុល ​តិច​ជ្រុល ​និង​អាច​មាន​សារធាតុ​ពុល​ផង​ដែរ។ ​ឱសថ​ទាំង​នោះ​ក៏​អាច​បង្កើន​នូវ​ភាព​ស៊ាំ។ ​សហរដ្ឋ​អាមេរិក​មាន​ការប្ដេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​ក្នុង​ការ​លើក​ កម្ពស់​សុវត្ថិភាព​ក្នុង​ការ​ផ្គត់ផ្គង់​ឱសថ​នៅ​កម្ពុជា។ ​យុទ្ធនាការ​សាធារណៈ​លើក​នេះ​ នឹង​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជារួម​ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ឱសថ ​ដែល​មាន​គ្រោះថ្នាក់ ​និង​គ្មាន​សុវត្ថិភាព ​ព្រមទាំង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ និង​ភាព​ស័ក្ដិសិទ្ធិ​ នៃ​គ្រប់​ផលិតផល​ទាំង​ឡាយ​ដែល​នឹង​ប្រើប្រាស់​ដោយ​មិត្ត​ភក្ដិ​គ្រួសារ ​និង​អ្នក​ជិត​ខាង​របស់​យើង»។
លោក ​ជូ ​យិនស៊ីម ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ដែល​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​បើក​យុទ្ធនាការ​នេះ​ក្នុង​ស្ថានទូត​ អាមេរិក​ក្រុង​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ​ប័ណ្ណ​ប្រកាស​ចំនួន ​២០.០០០ ​ដំបូង​ នឹង​ត្រូវ​ចែកចាយ​តាម​មន្ទីរពេទ្យ​សាធារណៈ ​មណ្ឌល​សុខភាព ​និង​តាម​ឱសថស្ថាន​នានា​នៅ​ទូទាំង​ប្រទេស។ ​ហើយ​ការ​ចែកចាយ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ពីរ​សប្តាហ៍។​
លោក​ ជូ ​យិនស៊ីម ​មាន​ប្រសាសន៍​ថា ​នេះ​គឺ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយធំ​មួយ​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
«ប្រជាពលរដ្ឋ​គ្រាន់​តែ​ក្រឡេក​ឃើញ​សារ​នេះ ​យល់​ហើយ​ថា ​ប្រសិន​បើ​គាត់​ប្រើ​ឱសថ​ក្លែងក្លាយ ​គឺ​គាត់​នឹង​មាន​គ្រោះថ្នាក់ ​បើ​គាត់​ប្រើ​ឱសថ​ពិត ​នឹង​ឲ្យ​រស់រាន ​មាន​ជីវិត។ ​ហើយ​នេះ​គឺ​ជា​គឺ​ជា​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ ដែល​យើង​សហការ​ជាមួយ​សហរដ្ឋ​អាមេរិក»។
ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា ​គឺ​ជា​ប្រទេស​ក្រីក្រ​មួយ​ ដែល​ការ​អនុវត្ត​វិធានការ​នានា​រួម​ទាំង​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ ទន់ខ្សោយ​ និង​ធូរ​រលុង។ ​ការ​លក់ដូរ​ថ្នាំពេទ្យ​ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ​ច្រើន​តែ​ធ្វើ​ឡើង​ លាយឡំ​ជាមួយ​នឹង​ការ​លក់​គ្រឿងទេស។ ​ហើយ​ឱសថ​ទាំង​នេះ​ ពុំមាន​ការ​ត្រួត​ពិនិត្យ​ដិតដល់​ពី​ប្រភព​និង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​ ថែទាំ​ និង​ការ​រក្សាទុក​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ។
យ៉ាងណា​ក៏ដោយ​លោក​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ ជូ ​យិនស៊ីម​ បាន​អះអាង​ថា ​ប្រទេស​កម្ពុជា​ បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោសសម្អាត​ការ​ចរាចរណ៍​និង​ការ​លក់ដូរ​ឱសថ​ ក្លែងក្លាយ។​ ជាក់ស្ដែង​អត្រា​នៃ​ឱសថ​ក្លែងក្លាយ​នៅ​លើ​ទីផ្សារ​បាន​ធ្លាក់​ចុះ​ពី​កម្រិត ​ ០,៥​ភាគរយ​នៅ​ឆ្នាំ ​២០១០​ មក​ត្រឹម​កម្រិត​ ០,១៨​ភាគរយ​នៅ​ឆ្នាំ ​២០១១។ ​ប៉ុន្ដែ​លោក​ទទួល​ស្គាល់​ថា ​ឱសថ​ក្លែងក្លាយ​ ដែល​បាន​រក​ឃើញ​មាន​ក្នុង​ចំណោម​ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​របេង ​និង​ជំងឺ​គ្រុនចាញ់។​ ហើយ​ការ​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ​នេះ​ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្ដែ​វា​នឹង​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀត​ផង៕