រថយន្ដ​ម៉ាក​អង្គរ​ ដែល​ជា​ប្រភេទ​រថយន្ដ​ប្រើ​អាគុយ​របស់​កម្ពុជា​ជា​លើក​ដំបូង​គ្រោង​នឹង​ឈាន​ ចូល​ក្នុង​ទី​ផ្សារ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​២០១២ ​នេះ។ ហើយ​ក្នុង​ពេលនេះ​មាន​ក្រុមហ៊ុន​បស្ចឹម​ប្រទេស​ចំនួន​បួន​បាន​បង្ហាញ​ការ​ ចាប់​អារម្មណ៍​លើ​រថយន្ដ​របស់​កម្ពុជា​នេះ។
ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា ​ហេង​អភិវឌ្ឍន៍​​ ដែល​ចាប់​ដៃ​គូ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ជូលាងអ៊ីន​ធើប្រាយ​ចំកាត់​ (Chau Leong​ Enterprise (group) Co,Ltd)​មក​ពី​ហុងកុង​សម្រាប់​ផលិត​​រថយន្ដ​ម៉ាក​អង្គរ​នេះ​ បាន​អះអាង​ថា ​ខ្លួន​កំពុង​សាង​សង់​រោងចក្រ​ផលិត ​​និង​​ដំឡើង​រថយន្ត​នៅ​ក្នុង​​ខេត្ត​កណ្ដាល។ ​ហើយ​ការ​សាងសង់​រោងចក្រ​នឹង​ត្រូវ​ចប់​សព្វ​គ្រប់​នៅ​ក្នុង​អំឡុង​ខែ​មិនា​ ឬ​ខែ​មេសា។
លោក​ស្រី​ សៀង​ ចាន់​ហេង​ អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​ អភិវឌ្ឍន៍​មាន​ប្រសាសន៍​ថា​ រថយន្ដ​ម៉ាក​​អង្គរ​ចំនួន​បួន​ប្រភេទ​នឹង​ចេញ​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឆាប់ៗ ​នេះ។
«និយាយ​រួម​រោងចក្រ​ធ្វើ​អស់​ហើយ​ គ្រាន់​តែ​នៅ​ចាប់​ដំឡើង​មក​ផ្សារ​ដំឡើង​ប្រក់​តែ​ប៉ុណ្ណោះ​ទេ។​ ឡាន​គឺ​ថា​ ក្នុង​ខែ​ទី​៦​នៃ​ឆ្នាំ​២០១២​ យើង​ចេញ​៤​ម៉ូ​ឌែល។ ​និយាយ​រួម​ឧបករណ៍​យើង​មាន​ទាំង​អស់។ យើង​មាន​ចាប់​ផ្គុំ​បញ្ចូល។ ​យើង​សព្វ​ថ្ងៃ​កំពុង​តែ​សារ៉េ​គ្រឿង​អាគុយ​និង​កែ​សម្រួល​សំបក​វា​ខាង​ក្រៅ ​បន្តិច»។
ថ្វី​បើ​អ្វីៗ​ភាគ​ច្រើន​កំពុង​ស្ថិត​ក្នុង​គម្រោង​ លោកស្រី​សៀង ​ចាន់​ហេង​បាន​ឲ្យ​ដឹង​បន្ត​ថា​ រហូត​មក​ដល់​ពេល​នេះ​មាន​ក្រុម​ហ៊ុន​ចំនួន​៤​មក​ពី​​សហ​រដ្ឋ​អាមេរិក ​កាណាដា ​អូស្រ្តាលី​ និង​នូវែសឺឡង់​ បាន​មក​ទាក់​ទង​សម្រាប់​នាំ​ចូល​ផ្តាច់​មុខ​ទៅ​ប្រទេស​ទាំង​នោះ។
ក្រុម​ហ៊ុន​ហេង ​អភិវឌ្ឍន៍​ និង​ក្រុមហ៊ុន​​ជូលាង​អ៊ីនធើ​ប្រាយ​ចំកាត់​ (Chau Leong​ Enterprise (group) Co,Ltd)​ បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ខែ​មិនា​ឆ្នាំ​២០១១​កន្លង​ទៅ​សម្រាប់​ធ្វើ​ការ ​វិនិយោគ​រួម​គ្នា ​​ដើម្បី​បង្កើត​​រថយន្ដ​អង្គរ​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​ ឬ​ជា​រថយន្ដ​ប្រើ​អាគុយ។​ ហើយ​ការ​វិនិយោគ​នេះ​គ្រោង​នឹង​បង្កើន​ដើម​ទុន​ពី​ចំនួន​២០​លាន​ដុល្លារ​ អាមេរិក​នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ដល់​ចំនួន​២០០​លាន​ដុល្លារ​ នៅ​ពេល​ដែល​ការ​ផលិត​មាន​ការ​រីក​ចម្រើន។
រថយន្ដ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ញាន ផល្លឹក​ ដែល​ជា​ពលរដ្ឋ​ខ្មែ​រម្នាក់​បាន​ប្រឹងប្រែង​តស៊ូ​ស្រាវ​ជ្រាវដោយ​ខ្លួន​ឯង​ ដើម្បី​ផលិត​រថយន្ត​តាម​ការ​ស្រមៃ​របស់​ខ្លួន។
លោក​ញាន ផល្លឹក​បញ្ជាក់​ថា​ រថយន្ត​ដែល​គ្រោង​នឹង​ផលិត​ចេញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែទៀត​នេះ​មាន​ ប្រភេទ​រថយន្ត​២​កៅអី​ មាន​ទំហំ​បណ្តោយ​ចាប់​ពី៣,៣​ម៉ែត្រ​ទៅ​៣,៥ម៉ែត្រ​ ទទឹង​ប្រហែល​ជា​១,៦​ម៉ែត្រ​និង​កម្ពស់​ប្រមាណ​ជា​១,៤​ ម៉ែត្រ។
«ខ្ញុំធ្វើ​ទ្វារ​គឺ​បើក​ខាង​លើ​ត្រង់​ ហើយ​យើង​ធ្វើ​ឡាន​៤​ម៉ូឌែល​និង​ធ្វើ​ខុស​គ្នា​ទាំងអស់​ អត់​ដូច​គ្នា​ទេ។ ​ហើយ​ទ្វារ​យើង​ប្រើ​ស្គេន​ក្រយៅ​ដៃ​ បញ្ជេះ​កុងតាក់​ ក៏​យើង​ប្រើ​ក្រយៅ​ដៃ​ដែរ»។
លោក​ញាន ​ផល្លឹក​បាន​សារភាព​ថា​ រោងចក្រ​ដំឡើង​រថយន្ដ​ក្នុង​ស្រុក​មួយ​នេះ​មិន​ទាន់​មានការ​បំពាក់​​ ការត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ខ្លួន​ឯង​នៅ​ឡើយ​ទេ ​ដូច្នេះ​ក្រុមហ៊ុន​នឹង​ត្រូវការ​ចាំ​បាច់​ជួល​វិស្វករ​បរទេស។
តាម​គម្រោង​ រោងចក្រ​ផលិត​និង​ដំឡើង​រថយន្ដ​អង្គរ​នេះ​អាច​ស្រូប​យក​កម្លាំង​កម្មករ​ ជំហាន​ដំបូង​ប្រមាណ​ជា​៣០០​នាក់​ និង​អាច​ផលិត​រថយន្ដ​ធុន​ ២​កៅ​អី ​៤​កៅអី​បាន​ចំនួន​ពី​៥០០​ទៅ​១០០០​គ្រឿង​ក្នុង​មួយ​ឆ្នាំ ​ដោយ​មាន​តម្លៃ​ទាប​បំផុត​ ចន្លោះ​ពី​៥០០០​ដុល្លារ​ទៅ​១០០០០​ដុល្លារ​ក្នុង​មួយ​គ្រឿង។​ ជំហាន​ដំបូង​ក្រុមហ៊ុន​ចម្រុះ​នេះ​នឹង​ផលិត​ត្រឹម​តែ​ប្រភេទ​រថយន្ត​ធុន​​ ពីរ​កៅអី​ ដែល​អាច​បើក​បរ​ក្នុង​ល្បឿន​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ប្រភេទ​បួន​កៅអី​ ដែល​អាច​បើកបរ​ក្នុង​ល្បឿន​១២០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
រថយន្ដ​នេះ​អាច​បើក​បរ​បាន​ចម្ងាយ​ប្រមាណ​ជា​៥០០​គីឡូម៉ែត្រ ​ហើយ​ក្នុង​ករណី​ដែល​រថយន្ដ​ចុះ​ខ្សោយ​ថាមពល​ ឬ​អស់​ថាម​ពល​អាគុយ​ គេ​អាច​​បញ្ចូល​ភ្លើង​អាគុយឡើង​វិញ​ដែល​នឹង​ត្រូវ​ប្រើ​រយ:ពេល​ពី​៣ ​ទៅ​៦​ម៉ោង។
ក៏​ប៉ុន្ដែ​លោក​ញាន​ផល្លឹក​ធ្លាប់​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ប្រើ​ប្រាស់​ដោយថាមពល​អាគុយ​នេះនឹង​ផ្ដល់​ផល​ចំណេញ​ផ្នែក​ថវិកា​ ប្រមាណ​ជា​៨០​ភាគ​រយ​បើ​ធៀប​ទៅ​នឹង​រថយន្ត​ប្រើ​ដោយ​ប្រេង​ឥន្ធនៈ​ ក្នុង​ការ​បើកបរ​ចម្ងាយ​១០០​គីឡូ​ម៉ែត្រ​ដូច​គ្នា។
ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បញ្ហា​ប្រឈម​មួយ​សម្រាប់​រថយន្ដ​នេះ​គឺ​​ប្រទេស​កម្ពុជា​មាន​បណ្ដាញ​ អគ្គិសនី​គ្រប​ដណ្ដប់​នៅ​ទូទាំង​ប្រទេស​ ទើប​តែ​បាន​ប្រមាណ​ជាង​២០​ភាគរយ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​ស្វែង​រក​ការ​បញ្ចូល​ភ្លើង​នៅ​ពេល​ដែល​ថាមពល​អាគុយ​រថយន្ដ​ចុះ​ ខ្សោយ​នឹង​ក្លាយ​ជា​កង្វល់​មួយ​សម្រាប់​អ្នក​ប្រើប្រាស់។
ក៏​ប៉ុន្តែ​លោក​ញាន ​ផល្លឹក​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​អនាគត​ក្រុមហ៊ុន​នឹង​បង្កើត​ស្ថានីយ៍​បញ្ចូលភ្លើង​អាគុយ​នៅ​គ្រប់​ទី ​កន្លែង​ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សាក​បញ្ចូល​ភ្លើង។
ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ត្រូវ​គេ​មើល​ឃើញ​ថា​ តម្លៃ​ប្រេង​ឥន្ធន:​ខ្ពស់​ជាង​ប្រទេស​ជិតខាង​ និង​មាន​ការ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស។
នៅ​ប្រទេស​កម្ពុជា​មាន​រថយន្ដ​ចុះ​បញ្ជី​ផ្លូវ​ការ​សរុប​ចំនួន​ជាង​៤០​ ០០០០ ​គ្រឿង។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ព្រាប ​ច័ន្ទ​វិបុល ​ប្រធាន​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវ​គោក​នៃ​ក្រសួង​គមនាគមន៍​និង​ដឹក​ ជញ្ជូន។
លោក​ព្រាប ​ច័ន្ទ​វិបុល​បន្ថែម​ថា​ ក្នុង​ចំណោម​រថយន្ដ​ទាំង​នោះ ​រថយន្ដ​មួយ​ចំនួន​ប្រើ​ថាមពល​​ប្រេង​សាំង​ និង​ថាម​ពល​អាគុយ​ ទើប​នឹង​ចាប់​ផ្ដើម​មាន​ការ​និ​យម ​ក៏ប៉ុន្ដែ​នៅ​មិន​ទាន់​មាន​ប្រភេទ​រថយន្ត​ប្រើប្រាស់​អាគុយ​សុទ្ធ​នៅ​ឡើយ​ ទេ៕