www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 25, 2012

កាត់​ទោស​អតីត​មេបញ្ជាការ​អង្គរក្ស​ លោក ជា ស៊ីម ឲ្យ​ជាប់​គុក​២៦​ឆ្នាំ

តុលាការ​យោធា នៅ​ថ្ងៃ​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ប្រកាស​សាលក្រម​ ផ្ដន្ទាទោស​អតីត​មេបញ្ជាការ​កង​អង្គរក្ស​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក ឈឿន ចាន់ថន ឲ្យ​ជាប់​គុក ២៦​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​ប្រាក់​ជា​ច្រើន​ម៉ឺន​ដុល្លារ​អាមេរិក​ ឲ្យ​ទៅ​ភាគី​ដែល​ពាក់ព័ន្ធ។

ការ​ផ្ដន្ទាទោស​នេះ គឺ​ចៅក្រម​នៃ​តុលាការ​យោធា​ លោក ប៉ោក ប៉ន បាន​ផ្អែក​តាម​បទ​ចោទ​ចំនួន ៥​ករណី។ ទី​១ លោក ឈឿន ចាន់ថន ហៅ ម៉ៅ អាយុ ៤១​ឆ្នាំ បាន​រំលោភ​លើ​សេចក្ដី​ទុក​ចិត្ត​ពិសេស តាម​មាត្រា ៣៩៣ នៃ​ក្រមព្រហ្មទណ្ឌ ទី​២ បំផ្លិចបំផ្លាញ​សម្ភារៈ​ ក្រសួង​ការពារ​ជាតិ សម្រាប់​បម្រើ​ការ​ប្រយុទ្ធ​តាម​មាត្រា ៤៤៧ នៃ​ក្រមព្រហ្មទណ្ឌ។ ទី​៣ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្រសួង​ការពារ​ជាតិ និង​កេង​ប្រវ័ញ្ច​តាម​មាត្រា ៦០១ នៃ​ក្រមព្រហ្មទណ្ឌ។ ទី​៤ ចែកចាយ​អាវុធ​ខ្លី​ខុស​ច្បាប់​ចំនួន ៧៣​ដើម តាម​មាត្រា​ទី ២០ នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿង​ផ្ទុះ និង​គ្រាប់​រំសេវ និង​ ទី​៥ ខ្វះ​ស្មារតី​ទទួល​ខុស​ត្រូវ​គ្រប់គ្រង​ អង្គភាព​អង្គរក្ស​ឲ្យ​បាន​ល្អ​ប្រសើរ។
ក្រៅ​ពី​នេះ តុលាការ​យោធា​បាន​បង្គាប់​ឲ្យ​លោក ឈឿន ចាន់ថន សង​ប្រាក់​លោក យឹម លៀង ចំនួន ២​លាន​ដុល្លារ​អាមេរិក។ សង​ប្រាក់​ឲ្យ​លោក មាស គឹមហេង ចំនួន​ជាង ៧៤​ម៉ឺន​ដុល្លារ​អាមេរិក។ បើ​សិន​ណា​គ្មាន​ប្រាក់​សង​ទេ តុលាការ​យោធា​រឹប​អូស​ទ្រព្យ​សម្បត្តិ​ដើម្បី​ទូទាត់​សំណង​នេះ។ 
តុលាការ​យោធា​ក៏​បាន​បង្គាប់​ឲ្យ​លោក ឈឿន ចាន់ថន នោះ សង​ប្រាក់​ចំនួន​ជាង ៨៩​ម៉ឺន​ដុល្លារ​អាមេរិក​ទៀត ជូន​លោក ង៉ែត ណារិន តំណាង​ឲ្យ​ក្រសួង​ការពារ​ជាតិ។ បើ​សិន​ណា​គ្មាន​ប្រាក់​សង​ទេ តុលាការ​យោធា​រឹប​អូស​ដី​ឃ្លាំង​ប្រេង នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​រឹប​អូស​ដី​ជា​អតីត​កន្លែង​បាញ់​ស៊ីប នៅ​កំបូល ឲ្យ​ក្រសួង​ការពារ​ជាតិ​គ្រប់គ្រង​វិញ។
តុលាការ​យោធា​ក៏​បាន​ប្រកាស​រឹប​អូស​ អតីត​បន្ទាយ​អង្គរក្ស​នៅ​ក្រោយ​វត្តបទុមវតី​ នៅ​រាជធានី​ភ្នំពេញ ប្រគល់​ឲ្យ​លោក ជា ស៊ីម វិញ។
ប្រធាន​ចៅក្រម​ប្រឹក្សា​នៃ​តុលាការ​យោធា លោក ប៉ោក ប៉ន បាន​អាន​សាលក្រម​ថា សាលក្រម​នេះ​គឺ​ផ្អែក​តាម​ការ​ស៊ើប​អង្កេត​ចំលើយ​សាក្សី និង​សេចក្ដី​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា មេធាវី​ដើម​ចោទ និង​មេធាវី​ចុង​ចោទ​នៅ​ក្នុង​សវនាការ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។  
លោក​បាន​បញ្ជាក់​ទៀត​ថា តុលាការ​យោធា​បើក​ផ្លូវ​ឲ្យ​ប្ដឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​ក្នុង​រយៈពេល ៣០​ថ្ងៃ កំណត់​ដោយ​ច្បាប់៖ «សម្រេច​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់ ឈឿន ចាន់ថន ហៅ ម៉ៅ ដែល​មាន​ក្នុង​ដីកា​សម្រេច​ឃាត់​របស់​ចៅក្រម​ស៊ើបសួរ​លេខ ១៨៤ (ប.ក.ស.រ.)  ចុះ​ថ្ងៃ​ទី​ ២៣ ខែ​៨ ឆ្នាំ​២០១១ និង​ដីកា​សម្រេច​លេខ ១៨៦ (ប.ក.ស.រ.) ចុះ​ថ្ងៃ​ទី​២ ខែ​១២ ឆ្នាំ​២០១១»
អតីត​មេបញ្ជាការ​កង​អង្គរក្ស​របស់​លោក ជា ស៊ីម គឺ​លោក ឈឿន ចាន់ថន បាន​និយាយ​ប្រាប់​អ្នក​កាសែត​ក្រោយ​ការ​ប្រកាស​សាលក្រម​ថា លោក​នឹង​ប្ដឹង​ទាស់​សាលក្រម​នេះ​ទៅ​សាលាឧទ្ធរណ៍​ទៀត។ 
ចំណែក​ឯ​មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រសួង​ការពារ​ជាតិ និង​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា គឺ​លោក ណាច ទ្រី បាន​មាន​ប្រសាសន៍​ថា លោក​រង់ចាំ​មើល​ឯកសារ​សាលក្រម​នេះ​សិន។ 
ការ​ប្រកាស​សាលក្រម​ដោយ​តុលាការ​យោធា​នេះ គឺ​ជា​សំណុំ​រឿង​ទី​២ ក្រោយ​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សំណុំ​រឿង​ទី​១ នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ បាន​ផ្ដន្ទាទោស​ឲ្យ​លោក ឈឿន ចាន់ថន ជាប់​គុក​ចំនួន ១០​ឆ្នាំ និង​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល ស្មើ​នឹង ១.២៥០​ដុល្លារ​អាមេរិក ក្រោម​បទ​កាន់កាប់​អាវុធ​ខុស​ច្បាប់ និង​ពី​បទ​ចេញ​ប័ណ្ណ​ឲ្យ​កាន់កាប់​អាវុធ​ខ្លី​ខុស​ច្បាប់ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​ការពារ​ជាតិ៕

ប្រភព៖ RFA

0 មតិ:

Post a Comment