www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

រាត្រី​ចម្រៀង ដើម្បី​សប្បុរសធម៌​ ដ៏មានន័យរបស់បុស្បា​ប៉ាន់



ភ្នំពេញ: កាលពី​រាត្រី​ថ្ងៃ​សៅរ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១២កន្លងទៅនេះនៅក្នុង​សាលប្រជុំ​នៃ​សាកលវិទ្យាល័យ​បញ្ញា​
សាស្ដ្រ បុស្បា ប៉ាន់ បានចាប់ផ្ដើម​បង្ហើរ​សំនៀង​របស់ខ្លួន​ចំនួន​បី​បទ ដែល​បទ​ទីមួយ​គឺ ជីវិត​កូនស្រី​អ្នកនេសាទ, បទ​នឹកឃើញ​ទាំងអស់ និង​បទ My Ship ដែល​ច្រៀង​ជា​ភាសា​អង់គ្លេស និង​ប្រគំព្យា​ណូ ដោយ​ឧត្ដម​ភរិយា​លោក តឺ​រ៉ូ ជីន​ណៃ ( Teruo Jinnai ) អតីត​ប្រធាន​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា និង​បច្ចុប្បន្ន​ជាទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។

​ចម្រៀង​ចំនួន​បី​បទ​របស់​នាង បុស្បា​ប៉ាន់ នា​រាត្រី​នោះ មិន​គ្រប់គ្រាន់​ដើម្បី​លើក​ទឹក​ចិ​ត្ដ​ឱ្យ​អ្នក​ស្ដាប់​អស់​ចិ​ត្ដ​ទ្បើ​យ ប៉ុន្ដែ​អ្វីដែល​នាង​ច្រៀង​មាន​គោលបំណង​ជាក់លាក់​មួយ គឺ​ការ​ច្រៀងដើម្បី​រៃអង្គាសប្រាក់​ជួយ​កុមារ​ក្រីក្រ​នៅ​ទន្លេសាប និង​ដង​ទន្លេមេគង្គ មានឱកាស​ដើរទៅ​កាន់​សាលារៀន​នឹង​គេ​។​

​មុន​ការចាប់ផ្ដើម​កា​ប្រគំតន្ដ្រី ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក ប៉ាន់ ម៉េង​ហ៊ាង ជាឪពុក​របស់​នាង បុស្បា ប៉ាន់ និង​លោកស្រី​បណ្ឌិត លី​លី ស៊ី​សម្បត្ដិ អ្នក​ម្ដាយ​របស់​នាង បាន​ចាក់​បញ្ចាំង​នូវ​ខ្សែ​រឿង និយាយ​អំពី​ខន​សឺត​ព្រះ​គុណគ្រូ ដែល​បានធ្វើ​នៅ​ប្រាសាទបាយ័ន កាលពីដើមឆ្នាំ​២០១១ កន្លងមកនេះ ​។

​អ្នកអង្គម្ចាស់​ស៊ីសុវត្ថិ ពង្ស​នារី មុនី​ពង្ស ដែល​បាន​យាង​ទត​ខ្សែ​រឿង​នៃ ខ​នសឺត​ ព្រះគុណគ្រូ នា​រាត្រី​នោះ​ផងដែរ បាន​មានបន្ទូលថា បុស្បា ប៉ាន់ ជា​កុមារី​មាន​ទេពកោសល្យ​ខ្ពស់ នាពេលខាងមុខ នាង​នឹងមាន​អនាគត​យ៉ាង​ត្រចះត្រចង់ ហើយ​ជា​មោទនភាព​សម្រាប់​ប្រទេស​របស់​យើង ព្រោះ​ពី​ដើម​មក មិន​ដែលមាន​កុមារី​មាន​ទេពកោសល្យ​បែបនេះ​ទ្បើ​យ​។ ​អ្នកអង្គម្ចាស់​បាន​មានបន្ទូល​បន្ដថា តាមរយៈ​ទេពកោសល្យ និង​ការខិតខំ​ប្រឹងប្រែង​រប​ស់​នាង និង​ក្រុម​គ្រួសារ នឹងធ្វើ​ឱ្យ​នាង​ទទួលបាន​នូវ​ជោគជ័យ​។​

​រីឯ​លោក កុល ផេង ទេសរដ្ឋមន្ដ្រី និង​ជា​ស្ថាបនិក​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ បាន​មានប្រសាសន៍ថា ថ្ងៃនេះ​យើង​ប្រគំតន្ដ្រី​ប្រមូលប្រាក់ដើម្បី​ជួយ​កុមារ​ក្រីក្រ​នៅ​ទន្លេសាប និង​តាម​ដង​ទន្លេមេគង្គបាន​ទៅកាន់​សាលារៀន គឺជា​ទាន​ដ៏​មាន​សារសំខាន់ ហើយ​នេះ​ជា​សិ​ង្គ​ហៈ​ទាន ដ៏​មាន​ប្រយោជន៍ ជា​ទាន​ជួយសង្គ្រោះ​ដែល​យើង​អាចធ្វើ​នៅពេលណា​ក៏បាន ​។

​លោក​បន្ដថា ជីវិត​មនុស្ស​តែងតែ​ជួប​រឿង​ពីរ​ក្នុង​ជីវិត គឺ​សេចក្ដីសុខ និង​សេចក្ដី​ទុក្ខ ហើយ​បើ​យើង​ម្នាក់ៗ​ចង់​សុខ និង​គិតថា​ជួយ​អ្នក​កើតទុក្ខ​ម្ដេច​បាន គឺ​ជួយ​បាន ​ព្រោះ​ការជួយ​អ្នកមាន​ទុក្ខ ធ្វើឱ្យ​យើង​បាន​សុខ​៕​

0 មតិ:

Post a Comment