www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

គ្រួសារគំរូប្រកបដោយសុភមង្គលក្នុងស្រទាប់តារាខ្មែរ



ក្នុងចំណោម សិល្បករខ្មែរ លោក យុត្ថារ៉ា ឆាន្នី និង អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេ ចាត់ទុកថាជា គូស្វាមី ភរិយាគំរូ ជាច្រើនឆ្នាំ មកហើយ ដោយអ្នក ទាំងពីរ មិនធ្លាប់មាន រឿងអាស្រូវ នៅ ក្នុង គ្រួសារឡើយ ។ តើនៅថ្ងៃ Valentine’s day ឆ្នាំនេះ គូស្នេហ៍ មួយនេះ មានអ្វីប្លែក? នៅក្នុងថ្ងៃបុណ្យ នៃក្តីស្រឡាញ់ នាប៉ុន្មានថ្ងៃ ខាងមុខ គូស្វាមី មួយគូនេះ បានឱ្យដឹងថា អ្នកទាំងពីរ មិនទាន់ មានគម្រោងថា នឹងធ្វើអ្វី ពិសេសនោះទេ ពីព្រោះម្នាក់ៗ សុទ្ធតែមមាញ្ញឹក នៅក្នុងការងារ រៀងៗខ្លួន ។ ទោះជា យ៉ាងនេះក្តី អ្នកទាំងពីរ នឹង ចំណាយ ពេលវេលា ដើម្បីជួបជុំ ក្រុមគ្រួសារ ទទួលទាន អាហាររួមគ្នា ។ តើលោក យុត្ថារ៉ា ឆាន្នី មានកាដូ ពិសេសអ្វី ជូនភរិយា នាថ្ងៃនោះ?

រំឭកពីឆ្នាំចាស់ និង ឆ្នាំទៅមិញ ក្នុងថ្ងៃបុណ្យ នៃក្តីស្រឡាញ់ អ្នកនាង ចន ច័ន្ទលក្ខិណា តែងតែទទួលបាន បាច់ផ្កាកុលាប ដ៏ស្រស់ ស្អាត មួយបាច់ពី ស្វាមីជាទី ស្រឡាញ់ ។ ថ្វីដ្បិតតែមាន វ័យជ្រេបន្តិចក្តី ប៉ុន្តែអ្នកនាងបាន សម្តែងនូវក្តីរំភើប ចំពោះទិវា នៃក្តីស្រ ឡាញ់ និង ជូនពរដល់ ទស្សនិកជន ទាំងអស់ឱ្យ ជួបតែសេចក្តី សុខសុភមង្គល ។ នៅក្នុងថ្ងៃបុណ្យ នៃក្តីស្រឡាញ់ ក្នុងឆ្នាំ ២០១២ នេះ ហើយ លោក ឆាន្នី ដែលត្រូវជា ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹងថា “ការងារ មមាញ្ញឹកពេក ខ្ញុំស្ទើរតែភ្លេច ថ្ងៃ នោះទៅហើយ តែការស្រឡាញ់ ដែលខ្ញុំផ្តល់ជូន ភរិយា គឺធំធេងណាស់ មិនថាថ្ងៃធម្មតា ឬ ថ្ងៃនៃក្តីស្រឡាញ់នោះទេ ។

ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំនេះពួកខ្ញុំមិនទាន់មាន គម្រោងចេញ ទៅណាក្រៅ ពីនៅទីក្រុងភ្នំពេញ ជួបជុំក្រុមគ្រួសារ ទទួលទាន អាហាររួមគ្នា តែប្រសិនបើ ភរិយាខ្ញុំទំនេរ ហើយគាត់ចង់ ទៅដើរកម្សាន្ត នៅតាម រមណីយដ្ឋាន នានា ខ្ញុំរីករាយ នឹងជូនគាត់ ។ សម្រាប់ ខ្ញុំតែងតែ ផ្តល់កាដូពិសេស ដល់ភរិយា នៅក្នុងថ្ងៃខួប អាពាហ៍ពិពាហ៍ ច្រើនជាងថ្ងៃ បុណ្យនៃក្តីស្រឡាញ់ ដោយសារខ្ញុំគិតថា ថ្ងៃដែលយើង រៀបការ គឺជាថ្ងៃមួយ ដែលមិនអាច បំភ្លេចបាន នៅក្នុងឆាកជីវិត ។ ខ្ញុំមានអារម្មណ៍ថា ខ្លួនចាស់ហើយ មិនចង់ធ្វើអ្វី ដូចក្មេងៗ នោះទេ កាដូ សម្រាប់ភរិយា ក្នុងឆ្នាំនេះ ខ្ញុំមិនទាន់ដឹងថា នឹងទិញអ្វី ជូនគាត់នៅ ឡើយទេ ពីព្រោះថ្ងៃនោះ មិនទាន់ចូល មកដល់ តែទោះ យ៉ាងណា ក៏ត្រូវមាន កាដូបន្តិចបន្តួច ដល់គាត់ ជាមិនខាន” ។

ចំណែកអ្នកនាង ចន ច័ន្ទលក្ខិណា វិញបានឱ្យដឹងថា អ្នកនាងមិនទាន់ ដឹងថា ស្វាមីនឹងទិញអ្វី ជាកាដូដល់ នាងឡើយ ប៉ុន្តែអ្នកនាង គិតថា កាដូដែលស្វាមី ជូនក្នុងឆ្នាំនេះ ក៏មិនខុសពី ឆ្នាំមុនៗដែរ ។

ជាច្រើនឆ្នាំកន្លងមក គូស្វាមីភរិយា មួយគូនេះ ធ្លាប់បាននិយាយថា នឹងយកកូនម្នាក់ ទៀតនៅក្នុងឆ្នាំរោង តែឆ្នាំរោងបាន ចូលមក ដល់ហើយ អ្នកទាំងពីរ នៅតែមិនទាន់ មានកូនទៅតាម គម្រោងឡើយ ៕

0 មតិ:

Post a Comment