www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

ថៃ​គ្រោង​សង់​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម​នៅ​កោះកុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​យល់​ព្រម​ឲ្យ​ក្រុមហ៊ុន​ផលិត​អគ្គិសនី​របស់​ថៃ ដ៏​ធំ​
មួយ សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ដោយ​ធ្យូង​ថ្ម​នៅ​ខេត្ត​កោះកុង នៅ​ពេល​ខាង​មុខ។


រោងចក្រ​ផលិត​អគ្គិសនី​ថ្មី​នោះ នឹង​អាច​ផលិត​ថាមពល​ចំនួន ១.៨០០​មេហ្គាវ៉ាត់ (MW)។ ក្រុមហ៊ុន​ផលិត​អគ្គិសនី​របស់​ថៃ​នោះ មាន​ឈ្មោះ​ថា រាច្ឆាបុរី អេឡិចត្រិចស៊ីធី ជិនណឺរ៉េតធីង ហូលឌីង ផាប់ប្លីក (Rachaburi Electricity Generating Holding Public)។

ការ​ឯកភាព​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​រវាង​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយ​ប្រធាន​ក្រុមហ៊ុន​ថៃ គឺ​លោក នុពល មីលីនថានហ្គូន (Nopol Milinthanggoon) នៅ​ឯ​វិមាន​សន្តិភាព នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ​លោក អៀង សុផល្លែត បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា ក្រុមហ៊ុន​ថៃ​នេះ មាន​បទពិសោធន៍​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​នៅ​ប្រទេស​ឡាវ និង​ប្រទេស​ដទៃ​ទៀត ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប។ ក្រុមហ៊ុន​នេះ​គ្រោង​លក់​អគ្គិសនី​មក​ឲ្យ​កម្ពុជា ក្នុង​តំលៃ​ថោក។

លោក អៀង សុផល្លែត៖ «សង្ឃឹម​ថា គំរោង​នេះ​នឹង​ទទួល​ការ​ជោគជ័យ ព្រោះ​ថា គំរោង​នេះ​នឹង​ផ្តល់​នូវ​ផលប្រយោជន៍​រួម ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​ដូច​ជា​ព្រះរាជាណាចក្រ​ថៃ​ដែរ កំពុង​តែ​ត្រូវការ និង​ខ្វះខាត​ថាមពល»។

ការ​សិក្សា​ស្រាវជ្រាវ​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​ជំហាន​ដំបូង​បាន​ចប់​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​នៅ​បន្ត​ការ​សិក្សា​ទៀត ដើម្បី​ដាក់​ជូន​ឯកសារ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ឲ្យ​ក្រសួង​ឧស្សហកម្ម រ៉ែ និង​ថាមពល និង​ក្រសួង​បរិស្ថាន នៃ​ប្រទេស​កម្ពុជា ពិនិត្យ និង​សម្រេច​ជា​ក្រោយ។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា ការ​វិនិយោគ​ទុន​ក្នុង​វិស័យ​ផលិត​អគ្គិសនី គឺ​ជា​ការ​ចាំបាច់​នៅ​កម្ពុជា នៅ​ពេល​នេះ៖ «ក៏​ប៉ុន្តែ​អ្វី​ដែល​ជា​កំហុស​ឆ្គង គឺ​ការ​តម្រូវ​ឲ្យ​រដ្ឋ​សភា​ធានា​ចេញ ធានា​សង ដែល​ជា​លក្ខណៈ​មួយ​ផ្ទុយ​អំពី​ការ​រក​ស៊ី​ប្រណាំង​ប្រជែង ដែល​គេ​មិន​ដែល​អនុវត្ត​នៅ​លើ​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក គឺ​ការងារ​មួយ​ដែល​យើង​ជា​សមាជិក​សភា មិន​អាច​ទទួល​បាន… ហើយ​ភាព​មិន​តម្លាភាព ភាព​តែងតែ​ផ្ដល់​ឲ្យ​ទៅ​លើ​ក្រុម​វិនិយោគ​ដោយ​អាថ៌កំបាំង​ហ្នឹង ក៏​ជា​បញ្ហា​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​របៀប​ផ្ដល់​សិទ្ធិ​នោះ​ផង​ដែរ»។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ប្រទេស​កម្ពុជា កាល​ពី​ខែ​មីនា ឆ្នាំ​២០០៨ កន្លង​ទៅ បាន​អនុញ្ញាត​លើ​គំរោង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​លើក​ដំបូង ប្រើ​ដោយ​ថាមពល​ធ្យូង​ថ្ម​នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ។ រោងចក្រ​នោះ គឺ​អាច​ផលិត​ថាមពល​អគ្គិសនី​ចំនួន ២០០​មេហ្គាវ៉ាត់ ដែល​ត្រូវ​ចំណាយ​ថវិកា​ជិត ៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​សាងសង់​រោងចក្រ​អគ្គិសនី​នេះ៕

ប្រភព: វិទ្យុអាស៊ីសេរី

0 មតិ:

Post a Comment