www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 8, 2012

ប្រសាទតាមាន់និងតាក្របីជាដួងព្រលឹងខ្មែរ

ប្រាសាទ​ចំនួន​២ នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ស្ថិត​នៅ​តាម​ព្រំដែន​ខ្មែរ និង​ថៃ កំពុង​ក្លាយ​ជា​កន្លែង​មាន​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មួយ​ចំនួន។ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់ ស្ថិត​នៅ​លើ​ជួរ​ភ្នំ​ដងរែក។ កេរ្តិ៍​ឈ្មោះ​ប្រាសាទ​ទាំង​២ នេះ ចាប់​ផ្ដើម​ល្បីល្បាញ​ក្រោយ​ពេល​មាន​ការ​ចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ក្នុង​ពេល​កន្លងមក​ថា កង​ទាហាន​កម្ពុជា និង​ថៃ មាន​ការ​វាយ​ប្រយុទ្ធ​គ្នា ដើម្បី​គ្រប់គ្រង​ប្រាសាទ​ទាំង​២ នោះ។



ប្រាសាទ​តា​ក្របី មាន​ចម្ងាយ​ប្រមាណ ៨៥​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ឧត្តរមានជ័យ។ ដើម្បី​ទៅ​ដល់​ប្រាសាទ​តា​ក្របី គេ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវ​ក្រួស​ក្រហម ចេញ​ពី​ទី​ប្រជុំជន​សំរោង តាម​ទិស​ខាង​លិច។ នៅ​តាម​ផ្លូវ​មាន​ព្រៃ​ឈើ ដែល​កន្លែង​ខ្លះ​នៅ​ក្រាស់ កន្លែង​ខ្លះ​ឡើង​ស្ដើង ដោយសារ​មាន​ការ​កាប់​ដើម្បី​ធ្វើ​ផ្លូវ​កន្លង​មក។

នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ និង​ទាហាន​ខ្មែរ យាម​ល្បាត​ការពារ​នៅ​តំបន់​នោះ ពីព្រោះ​ប្រាសាទ​នោះ នៅ​កៀក​ព្រំដែន​កម្ពុជា-​ថៃ។ នៅ​លើ​ប្រាសាទ​តា​ក្របី មាន​ទាហាន​ថៃ ចំនួន ២​នាក់ អង្គុយ​នៅ​ក្បែរ​ប្រាសាទ។ ចំណែក​នៅ​ក្បែរ​នោះ​ដែរ មាន​ទាហាន​ខ្មែរ​ចំនួន ៣​នាក់ ក៏​ដើរ​ល្បាត​ជុំវិញ​ប្រាសាទ​តា​ក្របី​ដែរ។ ទាហាន​ខ្មែរ និង​ថៃ​ទាំង ៥​នាក់​នោះ មិន​មាន​អាវុធ​ឡើយ។ ទាហាន​ខ្មែរ​មួយ​រូប​ដែល​សុំ​មិន​ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​យាមល្បាត​នៅ​ក្បែរ​គ្នា​របស់​កងទ័ព​ទាំង ២​ប្រទេស​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​សម្រួល​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា និង​មាន​ភាព​តានតឹង​ដាក់​គ្នា។

ប្រភព​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ អាច​ចូល​ទៅ​មើល​ប្រាសាទ​តា​ក្របី​នោះ​បាន ដោយ​មាន​ទាហាន​ជូន​ដំណើរ។ បើ​សិន​ជា​អ្នក​ចង់​មើល​ប្រាសាទ​ជា​ជន​ជាតិ​ខ្មែរ ហើយ​ចូល​ទៅ​តាម​ច្រក​ផ្លូវ​ពី​ប្រទេស​ខ្មែរ ពេល​ទៅ​ដល់ គឺ​ទាហាន​ខ្មែរ​ជា​អ្នក​ជូន​ដំណើរ​មើល​ប្រាសាទ និង​ដើម្បី​ប្រាប់​ដំណឹង​អំពី​កន្លែង​ណា​ដែល​អាច​ទៅ​បាន និង​កន្លែង​ណា​ដែល​មិន​អាច​ទៅ​បាន ពីព្រោះ​ទីនោះ​ជា​តំបន់​ទាហាន​គ្រប់គ្រង។ប្រាសាទ​តា​ក្របី មាន​ទីតាំង​នៅ​លើ​ជួរភ្នំ​ដងរែក។ ប្រាសាទ​នេះ នៅ​ជាប់​ព្រំដែន កម្ពុជា-​ថៃ។ ប្រភព​ឯកសារ​ជា​ច្រើន​បាន​អះអាង​ថា ប្រាសាទ​នេះ​ជា​របស់​ខ្មែរ។

លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា តាម​ប្រវត្តិសាស្ត្រ ប្រាសាទ​តា​ក្របី​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ និង ១២ ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ។

លោក សំបូរ មាណ្ណារ៉ា៖ «ចំពោះ​ទស្សនៈ​នៃ​ការ​កសាង​ប្រាសាទ ជា​ទូទៅ​ប្រាសាទ​ទាំង​អស់​កសាង​ឡើង ដើម្បី​គោរព​ចំពោះ​អាទិទេព។ បើ​អាទិទេព​ជា​ព្រះឥសូរ គឺ​គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះឥសូរ បើ​គេ​គោរព​ព្រះវិស្ណុ គេ​ឲ្យ​តម្លៃ​ទៅ​លើ​ព្រះវិស្ណុ។ ក៏​ប៉ុន្តែ​ចំពោះ​ទស្សនៈ​ខ្ញុំ ប្រាសាទ​ទាំង​២ នេះ តាម​ការ​សិក្សា​ខ្លះ​នោះ គឺ​ប្រាសាទ​នេះ​ឧទ្ទិស​ចំពោះ​ព្រះឥសូរ​ច្រើន​ជាង។ ប្រាសាទ​តា​ក្របី​មាន​ឈ្មោះ​ពិត តាម​ទស្សនៈ​ខ្មែរ ឈ្មោះ​ប្រាសាទ​ព្រះ​ដង្វាយ»។

ក្រោយ​ពី​បាន​ទស្សនា​ប្រាសាទ​តា​ក្របី​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ចង់​ទៅ​មើល​ប្រាសាទ​តាមាន់ ជា​បន្ត​ទៀត។ ប្រាសាទ​តា​មាន់​មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ​ពី​ប្រាសាទ​តា​ក្របី។

ប្រាសាទ​តា​មាន់​ជា​ប្រាសាទ​ដែល​សាងសង់​ឡើង​នៅ​លើ​ទី​ទួល​ភ្នំ​ខ្ពស់។ បើ​ចង់​ឡើង​ទស្សនា​ប្រាសាទ​តា​មាន់ ត្រូវ​សុំ​អនុញ្ញាត​ទាហាន​ខ្មែរ ដែល​នៅ​យាម​ការពារ​នៅ​តំបន់​នោះ។ ប្រាសាទ​តា​មាន់ ជា​ប្រាសាទ​ដែល​មាន​ទីធ្លា​ធំ​ទូលាយ និង​មាន​កំពែង​ជញ្ជាំង​ថ្ម​ព័ទ្ធ​ជុំវិញ។ នៅ​លើ​ប្រាសាទ​តា​មាន់​នោះ ក៏​មានការ​យាមល្បាត​ក្បែរ​គ្នា ដោយ​ទាហាន​ខ្មែរ និង​ទាហាន​ថៃ​ដែរ។

តាម​ប្រភព​ទាហាន​ខ្មែរ ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ទាហាន​ថៃ ដែល​យាម ល្បាត​នៅ​តំបន់​ប្រាសាទ​តា​មាន់ មាន​ពីរ​ក្រុម មួយ​ក្រុម​ស្លៀក​ពាក់​ខោអាវ​បារ៉ា និង​មួយ​ក្រុម​ទៀត ស្លៀក​ពាក់​ពណ៌​ខ្មៅ។

តាម​ប្រភព​ទាហាន​ដែល​យាម​ការពារ​នៅ​ប្រាសាទ​តា​មាន់ បាន​ឲ្យ​ដឹង​ថា ការ​ជូន​ភ្ញៀវ​ដើរ​មើល​ប្រាសាទ​មាន​លក្ខណៈ ដូច​ប្រាសាទ​តា​ក្របី​ដែរ គឺ​កាលណា​មាន​ភ្ញៀវ​ទេសចរ ឬ​អ្នក​ស្រុក​ជា​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ទាហាន​ខ្មែរ ជា​អ្នក​ជូន​ដើរ​មើល​ប្រាសាទ។ បើសិន​ជា​មាន​ភ្ញៀវ ឬ​ទេសចរ​ជា​ ជនជាតិ​ថៃ ឬ​បរទេស​ចូល​ពី​ខាង​ទឹកដី​ថៃ​មក គឺ​ទាហាន​ថៃ ជា​អ្នក​ដើរ​ជូន​មើល​ប្រាសាទ។

ប្រភព​ទាហាន​ខ្មែរ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចង់​ទៅ​មើល​ប្រាសាទ​តា​មាន់ មាន​ភាព​ងាយស្រួល​ជាង​មុន​ហើយ ដោយសារ​ទាហាន​ថៃ បាន​រើ​យក​ខ្សែ​លួស​បន្លា​ចេញ​ពី​ផ្លូវ​ចូល​ទៅ​បរិវេណ​ប្រាសាទ។ ពី​មុន​ចង់​ចូល​មើល​ប្រាសាទ​តា​មាន់ ត្រូវ​ទិញ​សំបុត្រ​លក់​ដោយ​ទាហាន​ថៃ តែ​ឥឡូវ​មិន​មាន​ទិញ​សំបុត្រ​ទៀត​ឡើយ។

ចំពោះ​ប្រវត្តិ​ប្រាសាទ​តា​មាន់​នេះ លោក សំបូរ មាណ្ណារ៉ា ជា​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​នៅ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​សកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​មាន​ប្រសាសន៍​ថា បាន​កសាង​ឡើង ឧទ្ទិស​ចំពោះ​ព្រះឥសូរ ដូច​ប្រាសាទ​ព្រះវិហារ ប្រាសាទ​តា​ក្របី​ដែរ។ ចំពោះ​ប្រាសាទ​តា​មាន់ មាន​ឈ្មោះ​មួយ​ទៀត ពី​ដើម​គេ​ហៅ​ថា ប្រាសាទ​វេទមន្ត។ តែ​ពាក្យ​ថា វេទមន្ត​នោះ បាន​និយាយ​តៗ​គ្នា រហូត​ក្លាយ​ទៅ​ជា​តាមាន់​ទៅ​វិញ។

លោក សំបូរ មាណ្ណារ៉ា៖ «ក្នុង​លក្ខខណ្ឌ​ហ្នឹង មាន​ឯកសារ​ជា​ច្រើន​បាន​លើក​ឡើង​ថា ប្រាសាទ​នោះ​កសាង​ក្នុង​រជ្ជកាល​ព្រះសុរិយវរ្ម័ន។ កំឡុង​សតវត្ស​ទី​១១ និង​១២ នេះ។ ក៏​ប៉ុន្តែ​មាន​ឯកសារ​មួយ​ទៀត បាន​លើកឡើង​ថា មាន​ការ​តាំង​ទី​នៅ​ទី​នោះ នៅ​ក្នុង​អំឡុង​សតវត្ស​ទី​៩ និង​ទី​១០»។

លោក ឈុំ សុជាត ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ។ លោក​បាន​មាន​ប្រសាសន៍​ថា មិន​មាន​គោលការណ៍​យាម​ល្បាត​រួមគ្នា​រវាង​ទាហាន​ខ្មែរ ជាមួយ​ទាហាន​ថៃ នៅ​តំបន់​ប្រាសាទ​តា​ក្របី និង​តា​មាន់​នោះ​ឡើយ។

លោក ឈុំ សុជាត៖ «នៅ​ប្រាសាទ​តា​ក្របី​នោះ វា​នៅ​កៀក​ព្រំដែន។ ប្រាសាទ​នោះ​មាន​ចម្ងាយ ១៤ ឬ ១៥​ម៉ែត្រ​ពី​ព្រំដែន​ប៉ុណ្ណោះ ហើយ​ថៃ​គេ​មក​ត្រឹម​ព្រំដែន​គេ ហើយ​យើង​នៅ​ត្រឹម​ព្រំដែន​យើង​ហ្នឹង។ ការ​ជួបជុំ​នោះ ជួនកាល​ជា​មនោសញ្ចេតនា ទៅ​ហូប​បាយ​ហូប​ទឹក​អី​ជាមួយ​គ្នា​ហ្នឹង​ណា។ អត់​មាន​យាមកាម​អី​ជុំ​គ្នា​ទេ»។

លោក ហុក សុវិទ្យា ជា​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ឧត្តរមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តា​មាន់​នេះ អាច​មាន​លទ្ធភាព​រៀបចំ ជា​តំបន់​ទេសចរណ៍​បាន។ ប៉ុន្តែ​ដោយសារ​នៅ​មាន​ទាហាន​ខ្មែរ និង​ថៃ​យាម​ក្បែរ​ប្រាសាទ​នោះ ហើយ​ប្រាសាទ​នោះ នៅ​ក្នុង​តំបន់ ដែល​អាច​មាន​ការ​ប្រយុទ្ធ​គ្នា​នោះ ទើប​មន្ទីរ​ទេសចរណ៍​ខេត្ត មិនទាន់​អាច​រៀបចំ​ធ្វើអ្វី ដើម្បី ទាក់ទាញ​ភ្ញៀវ​ទេសចរ ឲ្យ​ទៅលេង​បាន​នៅឡើយ​ទេ​បច្ចុប្បន្ន​នេះ។

លោក ហុក សុវិទ្យា៖ «ឥឡូវនេះ​វា​នៅ​ក្នុង​ការ​ការពារ​របស់​កម្លាំង​ខេមរភូមិន្ទ​យើង។ ថ្ងៃ​ក្រោយ ក្រោយ​ពី​យើង​ចរចា​ត្រូវ​គ្នា​រឿង​ព្រំដែន​ចប់​សព្វគ្រប់​ហើយ​អស់។ អា​នោះ​កន្លែង​នោះ​ក្លាយ​ជា​រមណីយដ្ឋាន​ទេសចរណ៍​ហើយ»។

ប៉ុន្តែ​លោក​បាន​ឲ្យ​ដឹង​ថា រៀងរាល់​ថ្ងៃបុណ្យ​ធំៗ ដូចជា​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំ តែងតែ​មាន​មនុស្ស​ច្រើន​កុះករ​ទៅ​លេង​ប្រាសាទ​ទាំង​២​នោះ។ ក្រៅ​ពី​ថ្ងៃ​បុណ្យ​ក៏​មាន​មនុស្ស​ទៅ​ទស្សនា​ប្រាសាទ​ទាំង​២​នោះ​ដែរ គ្រាន់​តែ​មាន​ចំនួន​តិចតួច ជាពិសេស​លោក​យាយ​ចាស់ៗ តែងតែ​ម៉ៅ​ឡាន​ឈ្នួល ដើម្បី​ជិះ​ឡើង​ទៅ​ធ្វើបុណ្យ បន់ស្រន់​នៅ​ប្រាសាទ​លើ​ជួរភ្នំ​ដងរែក​នោះ។

សូម​ជម្រាប​ថា បច្ចុប្បន្ន​មាន​ផ្លូវ​ងាយស្រួល​ទៅ​កាន់​ប្រាសាទ​តា​ក្របី និង​ប្រាសាទ​តាមាន់។ ផ្លូវ​នោះ​ជា​ផ្លូវ​សង់​ថ្មី ហើយ​មាន​ក្រាល​ដី​ក្រួស​ក្រហម។ ចំពោះ​ចម្ងាយ​ផ្លូវ គឺ​ពី​ក្រុង​សំរោង ទី​រួម​ខេត្ត​ឧត្តរមានជ័យ ទៅ​កាន់​ប្រាសាទ​តា​ក្របី មាន​ចម្ងាយ ៨៥​គីឡូម៉ែត្រ។ ចំណែក​ចម្ងាយ​ផ្លូវ​ពី​ប្រាសាទ​តា​ក្របី ទៅ​ប្រាសាទ​តា​មាន់ មាន​ចម្ងាយ​ប្រមាណ ១៣​គីឡូម៉ែត្រ៕


ប្រភព៖​ វិទ្យុអាស៊ីសេរី

0 មតិ:

Post a Comment