www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

ស្ពានអាកាសទី៣នឹងមានវត្តមានឆាប់ៗនៅតំបន់ស្តុបស្ទឹងមានជ័យ

ជារៀងរាល់ថ្ងៃនេះបញ្ហាចរាចរឆ្លងកាត់ ស្ពានស្ទឹងមានជ័យគឺមានសភាព ស្មុគស្មាញ យ៉ាងខ្លាំង ធ្វើឱ្យ ប្រជាពលរដ្ឋ ដែលធ្វើដំណើរ ឆ្លងកាត់ទីនោះមានការ រអ៊ូរទាំគ្រប់ៗគ្នា ដោយសារតែបញ្ហាកកស្ទះ ចរាចរនេះ ប៉ុន្តែនៅពេលឮថា សាលាក្រុងភ្នំពេញមានគម្រោងសាងសង់ស្ពានអាកាសទីបីនៅស្ទឹងមានជ័យដូច្នេះ ប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ទីនោះមានការត្រេកអរ ហើយសង្ឃឹមថានៅពេលស្ពានអាកាសនេះ សាងសង់ហើយ បញ្ហាចរាចរនៅទីនេះ ប្រាកដជាលែងពិបាកដូចកាលពីពេលមុនទៀតហើយ ។
ស្ពានអាកាសទីបីនេះនឹងត្រូវស្ថាបនានៅ ប៉ែកខាងកើតក្បាលស្ពានស្ទឹងមានជ័យបច្ចុប្បន្ន ។ គំរូប្លង់ស្ពានអាកាស ទីបីនេះមានរូបរាងដូចជា មេអំបៅ និង មានស្ពានពង្វាងចរាចរឡើងពីស្តុប ស្ទឹងមានជ័យចាប់ពីផ្លូវ ២៧១ ទិសខាងជើង ហោះ ពីលើផ្លូវមុនីរ៉េតឆ្ពោះទៅធ្លាក់ត្រង់ចំណុចផ្លូវ ២៧១ ប៉ែកខាងត្បូង ។ ឯកឧត្តម កែប ជុតិមា អភិបាល រាជធានីភ្នំពេញបានមានប្រសាសន៍នៅក្នុងថ្ងៃ សម្ពោធស្ពានអាកាសទីពីរ (ស្ពានអាកាស ៧ មករា ស្តុបពេទ្យលោក សង្ឃ)ថា ស្ពានអាកាសទីបី នៅ ស្ទឹងមានជ័យដែលគ្រោងស្ថាបនានាពេលខាង មុខនេះគឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់ ការអនុញ្ញាតឱ្យធ្វើការសិក្សាកាលពីថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១០ មកម៉្លេះ ។ មកដល់ពេលនេះមន្ត្រី ជំនាញរបស់សាលារាជធានីភ្នំពេញបានធ្វើការ សិក្សារួចរាល់ជាស្ថាពរនូវគម្រោងសាងសង់ស្ពាន អាកាសស្ទឹងមានជ័យនេះ ដែលនឹងត្រូវចំណាយ ថវិកាសរុបប្រមាណជាង ១៧ លានដុល្លារ ។ ក្នុង នោះថវិកាចំណាយក្នុងការសាងសង់ស្ពានមេមាន ចំនួនជាង ១២ លានដុល្លារ និង ចំណាយក្នុងការ សាងសង់ប្រព័ន្ធសាធារណៈ និង ហេដ្ឋារចនា សម្ព័ន្ធក្រោមស្ពានអស់ទឹកប្រាក់ជាង ៥ លាន ដុល្លារ ។ នេះជាមោទកភាពថ្មីមួយទៀតរបស់រាជ ធានីភ្នំពេញ ដែលនឹងមានស្ពានអាកាសថ្មីមួយ ទៀតនាពេលខាងមុខ ។



គម្រោងនៃការសាងសង់ស្ពានអាកាសទីបី ស្ទឹងមានជ័យនេះនឹងមានការប៉ះពាល់ដល់លំនៅ ស្ថានរបស់ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមកដល់ ពេលនេះគេមិនទាន់ដឹងថាមានការប៉ះញល់ដល់លំនៅស្ថានប្រជាពលរដ្ឋទីនោះប៉ុន្មាននោះទេ ហើយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរដែនដីកំពុង តែចុះស្រាវជ្រាវអំពីផលប៉ះញល់នេះ ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការរាជធានី បានមានប្រសាសន៍ថា តាមគម្រោងសាងសង់ ស្ពានអាកាសទីបីនេះគឺយើងនឹងសាងសង់ស្ពាន ទាំងអស់ចំនួនប្រាំ និង ផ្លូវរូងក្រោមដីមួយ ។ ក្នុង ចំណោមស្ពានទាំងប្រាំនោះមានស្ពានមេចំនួនពីរ ស្ពានបែកខ្នែងចំនួនមួយ និង ស្ពានឆ្លងកាត់ប្រ-ឡាយស្ទឹងមានជ័យចំនួនពីរ ។ ស្ពានដែលយើង គ្រោងនឹងធ្វើនេះគឺអាចដោះស្រាយការកកស្ទះ ចរាចរបានមួយរយភាគរយតែម្តង ពីព្រោះប្រព័ន្ធ ផ្លូវ ឬ ស្ពានដែលយើងគ្រោងនឹងធ្វើនេះ វាមិនរត់ ប្រទាក់ក្រឡាគ្នានោះទេ គឺវារត់ស្របគ្នា ។ ការ កសាងនេះមានពីរដំណាក់កាល ដំណាក់កាលទី មួយ សាងសង់ស្ពានមេចំនួនពីរ និង ផ្លូវរូងក្រោម ដីមួយដែលប្រើរយៈពេលសាងសង់ចំនួនដប់ប្រាំ- បីខែ ។ ដំណាក់កាលទីពីរ សាងសង់ស្ពានតូចៗ ចំនួនបី ក្នុងនោះស្ពានបែកខ្នែងចេញពីស្ពានធំមួយ និង ស្ពានឆ្លងកាត់ប្រឡាយស្ទឹងមានជ័យចំនួនពីរ ធ្វើសួនច្បារ ធ្វើច្រាំងជើងទេរប្រឡាយ ដែលនឹង ត្រូវប្រើរយៈពេលប្រាំបីខែ ។ ឥឡូវនេះយើងកំពុង សិក្សាលម្អិតបន្ថែមទៀតបន្ទាប់ពីមានការយល់ ព្រមជាគោលការពីប្រមុខរាជរដ្ឋាភិបាល ។

មកដល់ពេលនេះគេពុំទាន់ដឹងថា ការបើក ការដ្ឋានស្ថាបនាស្ពានអាកាសទីបីនឹងប្រព្រឹត្តទៅ នៅពេលណានោះទេ បើតាមប្រភពព័ត៌មានពី មន្ត្រីជំនាញបានឱ្យដឹងថា នៅរង់ចាំការដោះស្រាយ អំពីផលប៉ះពាល់ឱ្យបានរួចរាល់ជាស្ថាពរសិន ។ ស្ពានអាកាសទីមួយ ទីពីរ និង ស្ពានអាកាសទីបី ដែលគ្រោងស្ថាបនានាពេលដ៏ខ្លីខាងមុខនេះជា ថវិកាបានមកពី ការអភិវឌ្ឍនៅតំបន់កោះពេជ្រ ។ ស្ពានអាកាសទីមួយនៅរង្វង់មូលក្បាលថ្នល់ដែល បានបើកការដ្ឋាននៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០០៩ ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅ ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១០ ដែលចំណាយ ថវិកាអស់ចំនួន ៦.០៤៨.៤២៤ ដុល្លារ ។ ស្ពាន អាកាសទីពីរ (ស្ពានអាកាស ៧ មករា ឬ ស្ពាន អាកាសស្តុបពេទ្យលោកសង្ឃ)នេះ ត្រូវបានបើក ការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១០ ហើយបានសាងសង់បញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១១ ហើយបានសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០១២ ។ ស្ពានអាកាស ៧ មករា នេះត្រូវបានកសាងបញ្ចប់ ក្នុងរយៈពេល ១២ ខែ ដែលបានបញ្ចប់មុនកិច្ចសន្យា មួយខែ ចំណាយថវិកាអស់ចំនួន ៨.៧០៥.៨០៨ ដុល្លារ និង ស្ពានអាកាសទីបី ស្ទឹងមានជ័យ ដែល គ្រោងស្ថាបនានាពេលខាងមុខនេះ គឺសាងសង់ ជាពីរដំណាក់កាល ដោយដំណាក់កាលទីមួយ សង់ស្ពានអាកាសមេចំនួនពីរ និង ស្ពានរូងក្រោម ដីមួយ ប្រើរយៈពេលដប់ប្រាំបីខែ និង ត្រូវចំណាយ ថវិកាអស់ចំនួន ១៧.៧៧០.០០០ ដុល្លារ ។ ដំណាក់កាលទីពីរ សាងសង់ស្ពានបែកខ្នែងមួយ ស្ពានឆ្លងកាត់ប្រឡាយចំនួនពីរ ដោយប្រើពេល វេលាប្រាំបីខែ និង ត្រូវចំណាយថវិកាអស់ចំនួន ៤.៩៧៥.០០០ ដុល្លារ ៕

0 មតិ:

Post a Comment