www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 8, 2012

កម្ពុជា​នឹង​ចាប់​ផ្ដើម​បូម​ប្រេង​នៅ​ចុង​ឆ្នាំ​​ ​២០១២

មន្ត្រី​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ បាន​អះអាង​ថា កម្ពុជា​នឹង​ចាប់​ផ្ដើម​បូម​ប្រេង​​ នៅ​ឈូង​សមុទ្រ​ក្នុង​ប្លុក​អេ (A) នៅ​ចុង​ឆ្នាំ ​២០១២ នេះ។​ មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ឯក ថា បាន​បញ្ជាក់​ថា កម្ពុជា​នឹង​អាច​ទទួល​បាន​ ដំណក់​ប្រេងកាត​ដំបូង បង្អស់​ក្នុង​ ប្រវត្តិសាស្ត្រ​កម្ពុជា នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ ខាង​មុខ​នេះ ដូច​ដែល​បាន​គ្រោង​ទុក ដោយ​គ្មាន​អ្វី​ប្រែប្រួល​នៅ​ឡើយ​ទេ។
ការ​អះអាង​របស់​លោក ឯក ថា ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន Bloomberg បាន​ដក​ស្រង់​សម្ដី​លោក សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​បាន​ប្រាប់​សន្និសីទ​ឋាមពល​នៅ​ទីក្រុង​បាងកក ថា ក្រុមហ៊ុន​អាមេរិក ឆៀវរ៉ុន (Chevron) នឹង​ចាប់​ផ្ដើម​បូម​ប្រេង​នៅ​ប្លុក​អេ នៅ​ឆ្នាំ​២០១២​នេះ។

លោក ឯក ថា៖ “កាល​ដែល​យើង​មាន​សុទិដ្ឋិនិយម​យ៉ាង​ម៉ឺងម៉ាត់ ក្រោយ​ពី​ក្រុមហ៊ុន ឆៀវរ៉ុន បាន​ខួង​អណ្ដូង​ប្រេងកាត​នៅ​ឈូង​សមុទ្រ​នៅ​កម្ពុជា ក្រុមហ៊ុន​បាន​ធ្វើការ​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ផលប្រយោជន៍​ទាំង​អស់​គ្នា។ ប្រសិន​បើ​អ្វីៗ​ប្រកប​ដោយ​គ្មាន​ភាព​រអាក់រអួល ការងារ​បច្ចេកទេស​ដូច​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បញ្ជាក់ ការ​បូម​ប្រេង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១២”

ព័ត៌មាន​ចុង​ក្រោយ​ ស្ដីពី​ការ​រុក​រក​ប្រេង​នៅ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​​ពី​ អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ ក្រុមហ៊ុន​ជប៉ុន ចកម៉ិក (JOGMEC) សិក្សា​រាវ​រក​ធនធាន​ ប្រេង​កាត​នៅ​ក្រោម​ដី នៅ​ខេត្ត​ចំនួន ៣ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ និង​​សៀមរាប។
គំរោង​ការ​សិក្សា​រាវ​នោះ ​ឋិត​នៅ​ប្លុក ១៧ (Bloc 17) ដែល​មាន​ទំហំ​ប្រមាណ ៦.៥០០​គីឡូម៉ែត្រ​ក្រទ្បា ស្ថិត​នៅ​ឆ្ងាយ ​ពី​តំបន់​អភិរក្ស​ប្រាសាទ​បុរាណ​ ដូចជា​ប្រាសាទ​ព្រះវិហារ និង​ប្រាសាទ​ដទៃ​ទៀត។ កាល​ពី​ចុង​ឆ្នាំ​២០១១ កម្ពុជា​ក៏​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ចិន រុករក​ប្រេង​កាត​នៅ​ប្លុក​អេហ្វ (F) ផង​ដែរ។
ក្រៅ​ពី​ការ​ផ្ដល់​សិទ្ធិ​សិក្សា​រក​រ៉ែ​ប្រេងកាត រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​បរទេស​ ស្វែង​រក​រ៉ែ​ដទៃ​ទៀត​ ផង​ដែរ។ ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​រក​ឃើញ​ថា រដ្ឋាភិបាល​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ចំនួន ១២៣ ឲ្យ​ក្រុមហ៊ុន​ឯកជន​បរទេស​មក​ធ្វើ​អាជីវកម្ម​រាវ​រក​រ៉ែ​មាស ​ដែក និង​ត្បូង នៅ​ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ព្រះវិហារ និង​ខេត្ត​មួយ​ចំនួន​ទៀត ដែល​មាន​ផ្ទៃដី​សរុប​ចំនួន ២៤.០០០​គីឡូម៉ែត្រ​ក្រឡា។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ ទី​៧ កុម្ភៈ បាន​ស្វាគមន៍​ព័ត៌មាន​នៃ​ការ​បូម​ប្រេង ប៉ុន្តែ​សំដែង​ក្ដី​បារម្ភ​ថា កម្ពុជា​នឹង​បាត់បង់​ប្រាក់​ចំណូល​ពី​វិស័យ​ប្រេងកាត ដោយសារ​កម្ពុជា​នៅ​ខ្វះ​ច្បាប់​គ្រប់គ្រង​វិស័យ​ប្រេងកាត និង​ចំណូល​ជាច្រើន៖ "ប្រសិន​បើ​ថវិកា​ដែល​បាន​មក​ពី​ការ​រុក​រក​ប្រេង និង​ប្រាក់​ចំណូល មិន​បាន​ដាក់​ចូល​ក្នុង​ថវិកា​ជាតិ​ឲ្យ​មាន​តម្លាភាព និង​ទទួល​ខុស​ត្រូវ​នោះ​ទេ វា​នឹង​ក្លាយ​ជា​ទុក្ខសោក​ទៅ​វិញ។ សព្វ​ថ្ងៃ​នេះ​យើង​នៅ​ខ្វះ​ខាត​ច្បាប់​ជា​ច្រើន”

លោក សុខ អាន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា ក្រុម​អ្នក​ច្បាប់ និង​​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ ប្រេងកាត និង​ឧស្ម័ន។ ​បច្ចុប្បន្ន​នេះ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ប្រេងកាត និង​ឧស្ម័ន និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ ការ​យកពន្ធ​លើ​ប្រាក់​ចំណូល​ប្រេង​កាត និង​ឧស្ម័ន កំពុង​ឋិត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​នៅ​ឡើយ៕


ប្រភព៖​​  Radio Free Asia

0 មតិ:

Post a Comment