www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 2, 2012

ម៉ា វីរ៉ូ ចេញ​ទៅ​ប្រកួត​រត់​ម៉ារ៉ាតុង​នៅ​ទីក្រុង​ហុងកុង​ជំនួស​គ្រូ​បង្វឹក​ដ៏​ខ្លាំង​ពូកែ​របស់​ខ្លួន ហែម ប៊ុនទីង



ភ្នំពេញ: កីឡាករ ម៉ា វីរ៉ូ ដែល​ជា​សិស្ស​តែ​ម្នាក់​គត់​របស់​អ្នក​រត់​ម៉ារ៉ាតុង​លំដាប់​កំពូល​កម្ពុជា ហែម ប៊ុនទីង នោះនឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហុងកុង ជា​មួយ​លោក ពៅ ស៊ីថា នៅ​ថ្ងៃ​សុក្រ​ ទី​២ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដើម្បី​ទៅ​ចូល​រួម​ការ​ប្រកួត​រត់​ម៉ារ៉ាតុង​មួយ​ដែល​មាន​ឈ្មោះ​ថា Standard Chartered Hong Kong Marathon 2012 ដែល​ការ​ប្រកួត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ ឆ្នាំ​២០១២​ ខាង​មុខ​។

ម៉ា វីរ៉ូ មាន​ស្រុក​កំណើត​នៅ​ភូមិ​កាំង​មេម៉ាយ ឃុំ​ព្រះបាទ ស្រុក​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង ដោយ​រូប​គេ​ជា​កូន​ទី​១១​នៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន​១១​នាក់ នៅ​ក្នុង​គ្រួសារ​កសិករ ដែល​មាន​ឪពុក​ឈ្មោះ ម៉ា ស៊ន និង​អ្នក​ម្តាយ​ឈ្មោះ ពុធ ឆេម​។ បើ​គិត​មក​ដល់​ពេល​នេះ វីរ៉ូ បាន​ទទួល​ការ​បណ្តុះ​បណ្តាល​ផ្នែក​កីឡា​អត្តពលកម្ម​ពី​លោក ហែម ប៊ុនទីង មិន​ទាន់​បាន​១​ឆ្នាំ​ស្រួល​បួល​ផង។

ប៉ុន្តែ​ដោយ​មាន​ឧបនិស្ស័យ រួម​ទាំង​ការ​ព្យាយាម​ហ្វឹក​ហាត់​យ៉ាង​សស្រោក​សស្រាំ​នោះ បាន​ជំរុញ​ឲ្យ​កំលោះ​ដែល​បាន​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត ដើម្បី​បន្ត​ការ​សិក្សា​គ្រូ​កម្រិត​មធ្យម​(គណិត​វិទ្យា និង រូបវិទ្យា)​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិ​ភាគ​រាជ​ធានី​ភ្នំពេញ​ ម្នាក់​នេះ​បាន ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​រត់​ចម្ងាយ​ផ្សេងៗ​នៅ​ក្នុង​ស្រុក។

ម៉ា វីរ៉ូ បាន​និយាយ​ថា​៖«ខ្ញុំ​ស្រឡាញ់​កីឡា​អត្តពលកម្ម​នេះ តាំង​ពី​នៅ​តូច ហើយ​កាល​ពី​ពេល​ខ្ញុំ​នៅ​ស្រុក​កំណើត ខ្ញុំ​តែង​តាម​ដាន​រាល់​ការ​ប្រកួត​កីឡា​មួយ​នេះ តាម​ទូរទស្សន៍ និង​អាន​កាសែត​ផ្សេងៗ ប៉ុន្តែ​ខ្ញុំ​គ្មាន​ឱកាស​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​មួយ​នេះ​ឡើយ​។ តែ​ជា​សំណាង​ល្អ នៅ​ពេល​ខ្ញុំ​មក​សិក្សា​នៅ​ភ្នំ​ពេញ ខ្ញុំ​បាន​ជួប​បង ហែម ប៊ុនទីង ហើយ​គាត់​ក៏​បាន​បង្ហាត់​ខ្ញុំ​ពី​របៀប​រត់ និង​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ បាន​ចូល​រួម​ប្រកួត​ជា​បន្ត​បន្ទាប់»។

ក្នុង​ការ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង នៅ​ក្នុង​កម្ម​វិធី​រត់​ប្រណាំង​អបអរ​ទិវា​អូឡាំពិក​នៅ​រាជធានី​ភ្នំពេញ ម៉ា វីរ៉ូ ដែល​មិន​ធ្លាប់​មាន​អ្នក​ណា​ស្គាល់​ឈ្មោះ​នោះ បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​រត់​ចម្ងាយ​៨​គីឡូ​ម៉ែត្រ ជាមួយ​ថិរវេលា​២៨:២៥​នាទី គឺ​មុន​ពេល​រូប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ នាកា​ប្រកួត​ជ្រើស​រើស​ជើង​ឯក​សិស្ស​និស្សិត​មធ្យម​សិក្សា ចម្ងាយ​៥​គីឡូ​ម៉ែត្រ ដោយ​ប្រើ​ថិរវេលា​១៧:១០​នាទី​។

តែ​ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើង​ឯក​ភូមិ​ភាគ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ កាល​ពីខែ​កញ្ញា​ឆ្នាំ​២០១១ វីរ៉ូ ដែល​ចូល​ប្រកួត​តំណាង​ឲ្យ​សាកល​វិទ្យាល័យ​ធនធាន​មនុស្ស​បាន​កា្លយ​ជា​ ម្ចាស់​ជើង​ឯក​ក្នុង​ការ​រត់​ចម្ងាយ​១០​គីឡូ​ម៉ែត្រ ដោយ​គេ​ធ្វើ​បាន​៣៨:០០​នាទី​ ហើយ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស នៅ​ខេត្ត​កំពង់ចាម វីរ៉ូ បាន​ធ្វើ​ការ​ប្រកួត​នៅ​លើ​៣​វិញ្ញាសា​តែ​ម្តង។

ការ​រត់​ចម្ងាយ​១០​គីឡូ​ម៉ែត្រ វីរ៉ូ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ថិរវេលា ៣៩:០០នាទី រីឯ​ការ​ប្រកួត​រត់​ប្រណាំង​ពាក់​កណ្តាល​ម៉ារ៉ាតុង និង​ម៉ារ៉ាតុង គេ​បាន​ជាប់​លេខ​២ ទាំង​២​វិញ្ញាសា ជា​មួយ​ថិរវេលា​១:​២១:១៥​ម៉ោង និង ៣:១០:០០​ម៉ោង​ បន្ទាប់​ពី​គ្រូ​របស់​គេ ហែម ប៊ុនទីង។ ចំណែក​ឯ​ការ​ប្រកួត​រត់​ប្រណាំង​ដង​ស្ទឹង​ពោធិ៍សាត់ នា​ខែ​វិច្ឆិកា​កន្លង​មក វីរ៉ូ បាន​លេខ​២ ក្នុង​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​ជាមួយ​ថិរវេលា​៣៧​នាទី។

ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ធ្វើ​តេស្ត ដើម្បី​ដណ្តើម​សិទិ្ធ​ចេញ​ទៅ​ប្រកួត Standard Chartered Hong Kong Marathon 2012 កាល​ពី​ដើម​ខែ​មករា ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​អត្តពលកម្ម លើ​វិញ្ញាសា​ពាក់​កណ្តាល​ម៉ារ៉ាតុង ម៉ា វីរ៉ូ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ជា​មួយ​ថិរវេលា១:២៥:​៤២​ម៉ោង​។ លទ្ធផល​នេះ បាន​ធ្វើ​ឲ្យ​បុរស​វ័យ​២៥​ឆ្នាំ ម៉ា វីរ៉ូ ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​មួយ​នេះ ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ជំនួស​គ្រូ​បង្វឹក ហែម ប៊ុនទីង ដែល​មិន​បាន​មក​ធ្វើ​តេស្ត ដោយ​សារ​រូប​គេ​ត្រូវ​ចេញ​ទៅ​ហ្វឹក​ហាត់ នៅ​ប្រទេស​កេនយ៉ា ជា​មួយ​កីឡា​ការិនី លី ណារី​។​

ឆ្លើយ​តប​នឹង​ការ​ទទួល​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​លើក​នេះ វីរ៉ូ បាន​ប្រាប់​ថា​៖«ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ រក​អ្វី​ថ្លែង​មិន​បាន​ទេ ព្រោះ​ការ​ចេញ​ទៅ​ប្រកួត​លក្ខណៈ​អន្តរ​ជាតិ​ធំ​ដុំ​បែប​នេះ មិនមែន​ចេះ​តែ​ទទួល​បាន​ឱកាស​ចូល​រួម​ងាយៗ​ទេ ហេតុ​នេះ វា​ជា​មោទនភាព​ដ៏​ធំ​បំផុត នៅ​ក្នុង​ឆាក​ជីវិត​របស់​ខ្ញុំ»។

តាម​ពិត​អ្នក​ដែល​មាន​សិទិ្ធ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី Standard Chartered Hong Kong Marathon 2012 លុះ​ត្រា​តែ​រក​បាន​ថិរវេលា​តាម​ការ​កំណត់ ទើប​អាច​មាន​សិទ្ធិ​ទៅ​ប្រកួត​បាន ដោយ​ក្នុង​នោះ​កីឡាករ ត្រូវ​មាន​កំណត់​ត្រា ២​ម៉ោង និង​២៥​នាទី ខណៈ​កីឡា​ការិនី ត្រូវ​មាន​ថិរវេលា៣​ម៉ោង ហេតុ​នេះ​ការ​បញ្ជូន​ ម៉ា វីរ៉ូ ចេញ​ទៅ​ប្រកួត​តំណាង​ឲ្យ​សហព័ន្ធ​លើក​នេះ គឺ​ធ្វើ​ឡើង​ក្នុង​នាម​យើង​ជា​សមាជិក​សហព័ន្ធ​កីឡា​អត្ត​ពលកម្ម​ពិភពលោក​តែ​ប៉ុណ្ណោះ ព្រោះ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កីឡាករ​កីឡាការិនី​កម្ពុជា រូប​​ណា​អាច​បំបែក​ថិរវេលា តាម​ការ​កំណត់​ខាង​លើ​ឡើយ​។

ម៉ា វីរ៉ូ បាន​បញ្ជាក់​ថា​៖​«​ការ​ហ្វឹក​ហាត់​របស់​ខ្ញុំ​មក​ដល់​ពេល​នេះ នៅ​ខ្ចី​ណាស់ ហើយ​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ពី​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​កន្លង​មក គឺ​វា​ខុស​គ្នា​ជា​មួយ​កីឡាករ​បរទេស​ឆ្ងាយ​ណាស់ ក៏​ប៉ុន្តែ​នេះ​ជា​ពេល​វេលា​ដ៏​សំខាន់ ដែល​ខ្ញុំ​អាច​ទទួល​បាន​បទ​ពិសោធ និង​បាន​ឃើញ​ពី​របៀប​រត់​របស់​កីឡាករ​លំដាប់​ពិភពលោក នៅ​ក្នុង​ការ​ប្រកួត​នោះ។ បើ​ទោះ​បី​ជា​ខ្ញុំ មិន​អាច​ប្រជែង​ជាមួយ​ពួក​គេ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​ថា ខ្ញុំ​នឹង​រក្សា​ល្បឿន​រត់​ឲ្យ​ដល់​គោលដៅ មិន​ឲ្យ​គេ​និយាយ​ថា កីឡាករ​កម្ពុជា​រត់​បែក​កង់​នៅ​ពាក់​កណ្តាល​ទី​នោះ​ទេ។ ខ្ញុំ​ក៏​សង្ឃឹម​ដែរ​ថា ខ្ញុំ​នឹង​អាច​បំបែក​ឯតទគ្គកម្ម​ចាស់​ខ្លួន​ឯង ហើយ​ខ្ញុំ​ជឿ​ថា​ ខ្ញុំ​អាច​នឹង​ធ្វើ​បាន​ក្នុង​ថិរវេលា​ក្រោម​៣​ម៉ោង»។

លោក ពៅ ស៊ីថា ដែល​ទទួល​ភារកិច្ច​មើល​ថែ​និង​បង្វឹក ម៉ា វីរ៉ូ មុន​ពេល​នាំ​រូប​គេ​ចេញ​ទៅ​ប្រកួត​ម៉ារ៉ាតុង​នៅ​ហុងកុង​នោះ បាន​ប្រាប់​ថា​៖​«​ខ្ញុំ​មិន​អាច​ឲ្យ វីរ៉ូ ធ្វើ​ការ​ហ្វឹកហាត់​ខ្លាំង​បាន​នោះ​ទេ ព្រោះ​គេ​ឈឺ​ជើង ហើយ​សរសៃ​និង​សាច់​ដុំ​របស់​គេ ក៏​មាន​បញ្ហា​ផង​ដែរ។ នេះ​ដោយ​សារ​តែ​គេ​ធ្វើ​ការ​ធ្ងន់​នៅ​លើ​ទី​លាន ដោយ​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ ម្ល៉េះ​ហើយ​វា​ជា​ពេល​វេលា​ដែល​ឲ្យ​គេ​ហ្វឹក​ហាត់​តាម​បច្ចេក​ទេស រួម​ផ្សំ​ទាំង​ការ​ធ្វើ​សរសៃ ដើម្បី​ព្យាបាល​របួស​របស់​គេ។ ​ការ​ធ្វើ​បែប​នេះ បាន​ធ្វើ​ឲ្យ​របួស​របស់​គេ មាន​ភាព​ធូរ​ស្រាល​ប្រមាណ​៨០​ភាគ​រយ​វិញ​ហើយ​មក​ដល់​ពេល​នេះ»។

គ្រូ​បង្វឹក​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា​៖​«​ម៉ា វីរ៉ូ មាន​កាយ​សម្បទា​អំណោយ​ផល ហើយ​រូប​គេ​អាច​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​របស់​កម្ពុជា​បន្ទាប់​ពី ហែម ប៊ុនទីង នា​ពេល​អនាគត ប៉ុន្តែ​ចំពោះ​ការ​ប្រកួត Standard Chartered Hong Kong Marathon 2012 នៅ​ថ្ងៃ​ទី​៥​ ខែ​កុម្ភៈ ដែល​មាន​កីឡាករ​រាប់​ម៉ឺន​នាក់​នៅ​ជុំវិញ​ពិភព​លោក​ចូល​រួម​នោះ ម៉ា វីរ៉ូ មិន​អាច​ទៅ​ជាមួយ​គេ​រួច​នោះ​ទេ ព្រោះ​ការ​ហ្វឹកហាត់​របស់​គេ​នៅ​ខ្លី​ពេក​។ និយាយ​រួម​ឲ្យ​តែ​គេ​ធ្វើ​បាន​នៅ​ក្នុង​ថិរវេលា​ក្រោម​៣​ម៉ោង យើង​ចាត់​ទុក​ថា​ គេ​ល្អ​ពេក​ទៅ​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​វា​ជា​ពេល​វេលា​ដ៏​សំខាន់​បំផុត​ដែល ម៉ា វីរ៉ូ ទទួល​បាន​បទពិសោធ នា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ ជា​លើក​ដំបូង​»។

សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នេះ សហព័ន្ធ​ខ្មែរ​អត្ត​ពលកម្ម ជា​អ្នក​ឧបត្ថម្ភ​លើ​ការ​ហ្វឹក​ហាត់​ត្រៀម​រយៈ​ពេល​ពេញ​១​ខែ ព្រម​ទាំង​ចេញ​ថ្លៃ​សំបុត្រ​យន្ត​ហោះ ធ្វើ​ដំណើរ​ដល់​គ្រូ​បង្វឹក និង​កីឡាករ​ទាំង​២ រីឯ ក្រសួង​អប់រំ យុវជន និង​កីឡា ជា​អ្នក​ផ្តល់​ថវិកា​ដាក់​ហោប៉ាវ នៅ​ពេល​ពួក​គេ​ចេញ​ទៅ​ប្រកួត៕

0 មតិ:

Post a Comment