កាលពីថ្ងៃទី៧ កុម្ភៈ មេដឹកនាំគណបក្សប្រឆាំងប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រីអ៊ុង សានស៊ូជី បានចាប់ផ្ដើមឃោសនាស្វែងរកសម្លេងគាំទ្រជាលើកទី១នៅក្រៅទីក្រុងរ៉ង់ងហ្គូន ក្នុងនាមជាបេក្ខភាពសម្រាប់ការបោះឆ្នោតបំពេញបន្ថែមនៅក្នុងប្រទេសនេះ ។
លោកស្រីអ៊ុង សានស៊ូជី បានទៅសួរសុខទុក្ខពលរដ្ឋនៅតំបន់វាលទំនាបដងទន្លេអៃរ៉ាវ៉ាឌី ជាតំបន់ដែលលោកស្រីបានទៅទីនោះជាលើកចុងក្រោយកាលពី២ទសវត្សមុន ។
ពលរដ្ឋជាច្រើនប្រមូលផ្ដុំគ្នាស្វាគមន៍លោកស្រីអ៊ុង សានស៊ូជី ពេលដែលលោកស្រីចូលរួមឃោសនាបោះឆ្នោតនៅតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយខ្យល់ព្យុះណាជី កាលពីពាក់កណ្ដាលឆ្នាំ២០០៨ ។
នៅក្នុងសុន្ទរកថាឃោសនាបោះឆ្នោតលោកស្រីអ៊ុង សានស៊ូជី បានបញ្ជាក់ជាមួយពលរដ្ឋយ៉ាងច្រើនកុះករដែលប្រមូលផ្ដុំគ្នានៅពហុកីឡដ្ឋាននាទីក្រុងថា លោកស្រីជឿជាក់ថា ប្រទេសជាតិនឹងឆ្ពោះទៅមុខ ។ តាមប្រសាសន៍លោកស្រីឱ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោតលើកនេះរបស់គណបក្សសម្ពន្ធមិត្ដជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់លោកស្រីផ្ដោតទៅលើការអភិវឌ្ឍ និងផ្សះផ្សាប្រជាជន ។
គណបក្ស NLD ត្រូវបានគេលុបឈ្មោះចេញមិនឱ្យចូលរួមបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០១០ ។ ប៉ុន្ដែក្រោយមកលោកស្រីបានមើលឃើញយ៉ាងច្បាស់ពីការផ្លាស់ប្ដូររបបដឹកនាំពីរបបយោធាទៅជារបបលទ្ធិប្រជាធិបតេយ្យដឹកនាំដោយប្រធានាធិបតីធានសៀន ។ ចាប់តាំងពីពេលនោះមកប្រធានាធិបតីបានចាប់ដៃកែប្រែប្រព័ន្ធដឹកនាំហើយអនុញ្ញាតឱ្យគណបក្ស ណឡឌ ចូលរួមកែទម្រង់នយោបាយនៅក្នុងប្រទេសនេះ ។
កន្លងមកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានបញ្ជាក់ថា លោកស្រីអ៊ុង សានសូជី មានសិទ្ធិគ្រប់គ្រាន់ក្នុងការឈរឈ្មោះបោះឆ្នោតរដ្ឋសភាតាមការជ្រើសរើសរបស់គណបក្ស NLD ក្នុងការបោះឆ្នោតបំពេញបន្ថែមក្នុងសភានាថ្ងៃទី១ មេសា ខាងមុខ ។
តាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យដឹងថា នៅក្នុងការបោះឆ្នោតបំពេញបន្ថែមមានគណបក្សនយោបាយចំនួន១៩ ចូលរួមក្នុងនោះមានគណបក្សចាស់ចំនួន១១ និងគណបក្សថ្មីចំនួន៨ ៕
0 មតិ:
Post a Comment