www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

អង្គការ​មក​ពី ស.រ.អា. ផ្ដល់​ជំនួយ​១​លាន​ដុល្លារ​សម្រាប់​អភិវឌ្ឍ​ភូមិ​អណ្ដូង

គណៈប្រតិភូ​សហ​រដ្ឋ​អាមេរិក​របស់​អង្គការ​ថែ​រក្សា​កម្ពុជា (People for Care & Learning) ផ្ដល់​ប្រាក់​១​លាន​ដុល្លារ ដល់​សាលា​រាជ​ធានី​ភ្នំពេញ ដើម្បី​អភិវឌ្ឍន៍​កសាង​ទីក្រុង​នៅ​ភូមិ​អណ្ដូង សង្កាត់​គោក​រការ ខណ្ឌ​ពោធិ៍​សែន​ជ័យ។
គណៈប្រតិភូ​សហ​រដ្ឋ​អាមេរិក​ក្នុង​ពិធី​ជួប​ជុំ នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ (RFA/Ouk Savborey)

គណៈប្រតិភូ សហ រដ្ឋ អាមេរិក ក្នុង ពិធី ជួប ជុំ នៅ ព្រឹក ថ្ងៃ ច័ន្ទ ទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១២ នៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជ ធានី ភ្នំពេញ (RFA/Ouk Savborey)


ប្រជា​ពល​រដ្ឋ​ភូមិ​អណ្ដូង មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ និង​គណៈប្រតិភូ​សហ​រដ្ឋ​អាមេរិក​ជិត ១០០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដើម្បី​ពិភាក្សា​ការ​អភិវឌ្ឍ​គម្រោង​កសាង​ទីក្រុង​នៅ​ភូមិ​អណ្ដូង​ថ្មី សង្កាត់​គោករកា ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អភិបាល​រង​រាជ​ធានី​ភ្នំពេញ លោក នួន សុមេធ ថ្លែង​ថា ទឹក​ប្រាក់ ១​លាន​ដុល្លារ ដែល​អង្គការ​ថែ​រក្សា​កម្ពុជា (People for Care & learning) បាន​ផ្ដល់​ឲ្យ​សាលា​រាជ​ធានី​ភ្នំពេញ សម្រាប់​អភិវឌ្ឍ​ភូមិ​អណ្ដូង ក្នុង​រយៈ​ពេល ៣​ឆ្នាំ។ នៅ​ឆ្នាំ​ដំបូង អង្គការ​បាន​ផ្ដល់​មូលប្បទានប័ត្រ​ចំនួន ៣៥​ម៉ឺន​ដុល្លារ ឲ្យ​អនុវត្ត​គម្រោង។ ប្រាក់​នេះ សាលា​រាជ​ធានី​ភ្នំពេញ​នឹង​ចាក់​ដី​នៅ​ភូមិ​អណ្ដូង មិន​ឲ្យ​ទឹក​លិច​នៅ​រដូវ​វស្សា កសាង​ផ្លូវ ទឹក​ស្អាត ភ្លើង​អគ្គិសនី ជា​ដើម គឺ​ត្រូវ​អនុវត្ត​គម្រោង​មួយ​ជំហាន​ម្ដងៗ ៖ “សំខាន់​បំផុត​គឺ​កសាង​នូវ​អគារ​មួយ សម្រាប់​បណ្ដុះ​បណ្ដាល​មុខ​របរ​ខ្នាត​តូច​របស់​បង​ប្អូន​ទៅ​អនាគត”។

ប្រតិភូ​អង្គការ​ថែ​រក្សា​កម្ពុជា បណ្ឌិត ហ្វ្រីត ការមូន (Fred Garmon) ថ្លែង​ថា ការ​ស្រឡាញ់​ពល​រដ្ឋ​កម្ពុជា បាន​ធ្វើ​ឲ្យ​លោក​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា ៥៤​លើក​ហើយ ដើម្បី​យក​ថវិកា​មក​ជួយ​ដល់​ពល​រដ្ឋ​ក្រីក្រ រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ឲ្យ​គេ​ទទួល​បាន​ការ​រស់​នៅ​សមរម្យ។ ពល​រដ្ឋ​រស់​នៅ​សហ​រដ្ឋ​អាមេរិក រួម​ទាំង​តារា​ភាពយន្ត​ហូលីវូឌ (Hollywood) ផង បាន​ប្រមូល​ថវិកា​មក​ជួយ​អភិវឌ្ឍ​ជន​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា ដោយ​សហការ​ជា​មួយ​សាលា​រាជ​ធានី​ភ្នំពេញ ៖ “ដូច្នេះ​ខ្ញុំ​បាន​សួរ​នាយក​តំណាង​ប្រទេស​នឹង អ៊ីចឹង​យើង​នឹង​សង់​ផ្ទះ​នឹង ជូន​ប្រជា​ជន​នៅ​ក្នុង​ភូមិ​នឹង ឲ្យ​បាន​គ្រប់​គ្នា​នៅ​ក្នុង​ភូមិ​តែ​ម្ដង”។

បណ្ឌិត ចន គ្រីហ្គរី (John Gregory) ប្រតិភូ​អង្គការ​ថែ​រក្សា​កម្ពុជា​ថ្លែង​ថា ដោយ​សារ​តែ​មាន​ក្ដី​ស្រឡាញ់​ដល់​ពល​រដ្ឋ​កម្ពុជា មូលនិធិ​លោក​បាន​ជួយ​ដល់​អង្គការ​ថែ​រក្សា​កម្ពុជា​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ ដើម្បី​ឲ្យ​ពល​រដ្ឋ​កម្ពុជា​ក្រីក្រ បាន​រស់​នៅ​ប្រកប​ដោយ​សុភមង្គល និង​ផ្ដល់​នូវ​គំនិត​ថែ​រក្សា​ពល​រដ្ឋ និង​ធ្វើ​ជា​ដៃ​គូ​ល្អ​អភិវឌ្ឍ​គំនិត។

ប្រជា​ពល​រដ្ឋ​រស់​នៅ​ភូមិ​អណ្ដូង​ច្រើន​ពាន់​គ្រួសារ ដែល​បាន​ប្ដូរ​ទី​លំនៅ​ពី​សហគមន៍​សំបុក​ចាប កាល​ពី​ថ្ងៃ​១ ខែ​មិថុនា ឆ្នាំ​២០០៦ មក​រស់​នៅ​ក្នុង​ភូមិ​អណ្ដូង​ថ្មី បាន​ផ្ដល់​យោបល់​ថា ការ​អភិវឌ្ឍ​នេះ ពួក​គេ​រីក​រាយ​ជា​ខ្លាំង។ ប៉ុន្តែ​ពួក​គេ​ខ្លះ​បារម្ភ​ខ្លាច​ក្រោយ​ការ​អភិវឌ្ឍ​រួច ពួក​គេ​មិន​អាច​រស់​នៅ​ក្នុង​ភូមិ​អណ្ដូង​ទៀត​បាន។

ស្ត្រី​ផ្ទុក​មេរោគ​អេដស៍​រស់​នៅ​ភូមិ​អណ្ដូង​ថ្មី ដែល​ប្ដូរ​លំនៅ​ពី​សហគមន៍​សំបុក​ចាប ថ្លែង​ថា គាត់​បារម្ភ​ប្រសិន​បើ​យក​ដី​ពួក​គាត់​កំពុង​រស់​នៅ ទៅ​សង់​ផ្ទះ​ថ្ម ហើយ​ឲ្យ​គាត់​បង់​ប្រាក់​ទិញ​ផ្ទះ​នោះ​គាត់​មិន​មាន​លទ្ធភាព​ទេ ៖ “សង់​ផ្ទះ​ថ្ម​ហើយ ឲ្យ​បង់​លុយ​រាប់​ពាន់​ទៀត តើ​ខ្ញុំ​មាន​លទ្ធភាព​ឯណា​រក​លុយ​បង់”។

លោក ឌៀប ណារ៉េត ថ្លែង​ថា ៖ “ធ្វើ​ហើយ ឲ្យ​បង​ប្អូន​នឹង​បាន​នៅ​កន្លែង​នឹង​វិញ​ផង កុំ​ឲ្យ​អត់”។

យុវសិស្ស​វិទ្យាល័យ​ជាស៊ីម​ឈូក​វ៉ា ឈ្មោះ សន សុភ័ក្រ បន្ថែម​ថា ការ​អភិវឌ្ឍ​ពួក​គេ​ខ្លាច​ព្រោះ​គេ​ធ្លាប់​រង​នូវ​ការ​បណ្ដេញ​ពី​ផ្ទះ​នៅ​សំបុក​ចាប មក​រស់​នៅ​ភូមិ​អណ្ដូង​ថ្មី។ ច្រើន​ឆ្នាំ​ក្រោយ​មក​គ្រួសារ​គេ​ទើប​មាន​លទ្ធភាព​សង់​ផ្ទះ​រស់​នៅ​បាន​ស្រួល ស្រាប់​តែ​សាលា​ក្រុង​មាន​គម្រោង​មក​សង់​ផ្ទះ​ជា​ថ្មី គេ​ខ្លាច​ក្រោយ​ការ​សង់​លំនៅ​ថ្មី​ហើយ គ្រួសារ​គេ និង​ក្រុម​មិត្ត​ដទៃ​ទៀត ដែល​ប្ដូរ​ពី​សំបុក​ចាប មិន​អាច​រស់​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ថ្មី​នេះ ៖ “ការ​បារម្ភ​របស់​ខ្ញុំ គឺ​ខ្លាច​មាន​ការ​បណ្ដេញ​ចេញ​ដូច​ថ្ងៃ​ទី​៦ ខែ​៦ ឆ្នាំ​២០០៦ នោះ​ដែរ”។

មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​បាន​ថ្លែង​ថា គម្រោង​នេះ​កំពុង​សិក្សា​នៅ​ឡើយ មិន​ទាន់​មាន​ផែនការ​ជាក់​លាក់​អនុវត្ត​នៅ​ខែ​ណា​ទេ។ ការ​អភិវឌ្ឍ​នេះ គឺ​អង្គការ​ជា​អ្នក​ចេញ​ប្រាក់​អភិវឌ្ឍ ចំណែក​សាលា​រាជ​ធានី​ភ្នំពេញ ជា​អ្នក​ទទួល​ខុស​ត្រូវ​អនុវត្ត​គម្រោង​នេះ៕



ប្រភព:វិទ្យុអាស៊ីសេរី

0 មតិ:

Post a Comment