www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, February 4, 2012

កម្មការនី១១នាក់និងនារីរងគ្រោះដោយការរំបំពានបានមកដល់ស្រុកខ្មែរវិញហើយ



ភ្នំពេញៈ ស្រ្តី​កម្ពុជា​ម្នាក់​ ដែល​គេ​រាយការណ៍​ថា បាន​សម្រាល​ទារក​ពេល​កំពុង​ជាប់​ពន្ធនាគារ ដែល​នាង​មាន​ផ្ទៃ​ពោះ បន្ទាប់​ពី​គេ​ចាប់​ជំរិត និង​រំលោភ​នៅ​ប្រទេស​ម៉ាឡេស៊ី​នោះ ​បាន​វិល​ត្រឡប់​មក​វិញ​ជាមួយ​នឹង​កូន​របស់​នាង ព្រម​ទាំង​ជន​រងគ្រោះ​ដោយ​សារ​អំពើ​រំលោភ​បំពាន ១១ នាក់​ផ្សេង​ទៀត​ កាល​ពី​ថ្ងៃ​ម្សិលមិញ។

ស្រ្តី​ដែល​យំ និង​មាន​អារម្មណ៍​ស្លុត​ស្មារតី ​បាន​មក​ដល់​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ ​ពី​ម្សិលមិញ ដោយ​ស្រ្តី​រូប​នេះ​ត្រូវ​អង្គុយ​លើ​កៅអី​រុញ​ដោយ​សារ​តែ​នាង​ទន់​ខ្សោយ​ មិន​អាច​ដើរ​រួច​។

យោង​តាម​អង្គការ​សិទិ្ធមនុស្ស លីកា​ដូ និង​មជ្ឈមណ្ឌល​អប់រំ ច្បាប់​សម្រាប់​សហគមន៍ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​យ៉ាង​ហោច​ណាស់​មាន​ស្រ្តី ២ នាក់​ បាន​រត់​គេច​ផុត​ពី​ការ​ប៉ុនប៉ង​រំលោភ​ ​ខណៈ​ស្រ្តី​ដទៃ​ទៀត​ ត្រូវ​បាន​គេ​វាយ​ដំ និង​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​ គ្មាន​ពេល​ឈប់​សម្រាក មុន​ពេល​ពួកគេ​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ ក្នុង​ឋានៈជា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​។

ជន​រងគ្រោះ​អាយុ ១៨ ឆ្នាំ​ បាន​រំឭក​អំពី​របៀប​ដែល​នាង​ត្រូវ​បាន​គេ​រំលោភ ២ ខែ​ម្តង​ហើយ​ ម្តង​ទៀត​ដោយ​បុរស​ម្នាក់ បន្ទាប់​ពី​នាង​បាន​រត់​គេច​ពី​និយោជក​ដែល​រំលោភ​នាង ប្រហែល ១០ ខែ​មុន ហើយ​បន្ទាប់​មក​ នាង​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​នគរបាល​ចុះ​បង្ក្រាប​នៅ​ផ្ទះ​របស់​ជន​ល្មើស។ ​នាង​បាន​ថ្លែង​ថា៖ «​នាង​ត្រូវ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ៧ ខែ ... ប៉ូលិស​ដាក់​នាង​ក្នុង​ពន្ធនាគារ ​រហូត​ទាល់​តែ​នាង​សម្រាល​កូន»។ នាង​បាន​បន្ថែម​ថា នាង​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​សម្រាល​កូន​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​មក​ប៉ូលិស​នាំ​នាង​មក​ពន្ធនាគារ​វិញ។

នាង អ៊ន ស្រីនាង ​អាយុ ២៤ ឆ្នាំ​មក​ពី​ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​ថា វា​ដូច​នរក​អ៊ីចឹង​ ពេល​នាង​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ដែល​គេ​អនុញ្ញាត​ឲ្យ​នាង​ដេក​តែ ៣ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។ នាង​បាន​បន្ថែម​ថា៖ «​គេ​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់​។ ​គ្មាន​ពេល​សម្រាក ឬ​ហូប​បាយ​ទេ។ គេ​ឲ្យ​ខ្ញុំ​ហូប​តែ​អាហារ​ផ្អូម​។ ខ្ញុំ​ក៏​ជា​មនុស្ស​ដែរ ហេតុ​អ្វី​គេ​ធ្វើ​បែប​នេះ។ ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទេ​។ ខ្ញុំ​រត់​គេច​ពីផ្ទះ​នោះ»។

ខណៈ​កំពុង​យំ ចាន់ ធី អាយុ​ ២៣​ ឆ្នាំ បាន​ថ្លែង​អំណរ​គុណ​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដៃ​គូ​ គឺ​អង្គការ​អន្តរជាតិ​ សម្រាប់​ការ​ចំណាក​ស្រុក​(IOM)និងអង្គ​ការ​កាក​បាទ​ក្រហម​អន្តរជាតិ ដែល​បាន​ជួយ​សង្គ្រោះ​នាង​ពី​និយោជក​ម្នាក់ និង​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ​ចិត្ត​ខ្មៅ​ដែល​មិន​បាន​ផ្តល់​ប្រាក់​ខែ​ដល់​ រូប​នាង​សូម្បី​តែ​មួយ​សេន​។

នាង​បាន​ថ្លែង​បន្ត​ថា​៖ «ខ្ញុំ​គ្មាន​សិទ្ធិ​ អ្វី​ទាំង​អស់ ពួក​គេ​ចាត់​ទុក​ខ្ញុំ​ជា​ទាសករ​ដាច់​ថ្លៃ​។ យើង​ជា​ស្រ្តី ​ស្រ្តី​បម្រើ​ការ​ងារ​តាម​ផ្ទះ​មួយ​ចំនួន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ចាប់ រំលោភ​ជា​ប្រចាំ​»។

មាត្រា ២៥ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ឆ្នាំ​២០០៧ ​របស់​ប្រទេស​ម៉ាឡេស៊ី គឺ​ការពារ​ជន​រងគ្រោះ នៃ​ការ​ជួញ​ដូរ ពី​ការ​យក​ទៅ​កាត់​ទោស​ពី​បទ​ល្មើស​អន្តោ​ប្រវេសន៍។

លោក​ Muhammad Sha Ani Bin Abdullah ប្រធាន​គណៈកម្មាការ​សិទ្ធិ​មនុស្ស​ម៉ាឡេស៊ី​ បាន​ថ្លែង​ថា ជន​រងគ្រោះ​នៃ​ការ​ជួញ​ដូរ​«មិន​ស្ថិត​នៅ​ក្នុង​ដែន​សុវត្ថិភាព​» គឺ​ពួក​គេ​ទៅ​រក​នគរបាល​ដែល​ប្រព្រឹត្ត​ទៅ​លើ​ពួក​គេ ដូច​ជា​ឧក្រិដ្ឋជន​។ លោក​បាន​ថ្លែង​បន្ត​ថា​៖ «យើង​ពិត​ណាស់​នឹង​ផ្តល់​អនុសាសន៍​ថា ​នគរបាល​​ត្រូវ​បាន​កាត់​ចេញ​ពី​បញ្ហា​នេះ​។ ​គណៈ​កម្មាការ​សិទ្ធិ​មនុស្ស មិន​ពេញ​ចិត្ត​ចំពោះ​ស្ថានភាព​នៃ​ការ​បដិសេធ​ដដែលៗ​ដោយ​នគរបាល ហើយ​នៅ​តែ​ឃើញ​កើត​មាន​សកម្មភាព​​បទ​ល្មើស​ដដែល​ៗ​បែប​នេះ​នោះ​ទេ​»។

លោក ជីវ ផល្លី អនុប្រធាន​នៃ​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរមនុស្ស​ និង​ការពារ​អនីតិជន​នៅ​ក្រសួង​មហា​ផ្ទៃ​ បាន​ថ្លែង​ថា ជន​រងគ្រោះ​ឥឡូវ​នេះ កំពុង​ត្រូវ​បាន​សម្ភាស​ដោយ​នគរបាល​ដើម្បី​ឲ្យ​ដឹង​ពិត​ប្រាកដ​អំពី ថា​ តើ​អ្វី​បាន​កើត​ឡើង​មុន​ពេល​ពួក​គេ​ត្រឡប់​មក​ស្រុក​វិញ​។

លោក​ថ្លែង​ថា​៖ «​ក្នុង​អំឡុង​បទ​សម្ភាស​ ពួក​គេ​បាន​ថ្លែង​ថា ​ពួក​គេ​បាន​គេច​ខ្លួន​ពី​ផ្ទះ​និយោជក​របស់​ពួក​គេ បន្ទាប់​ពី​មាន​ការ​រំលោភ​បំពាន​»។ ​លោក​បាន​ជំរុញ​មិន​ឲ្យ​ស្រ្តី​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​បរទេស​ដូច​នេះ​ទេ​។

កាល​ពី​ខែ​តុលា​ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចេញ​បម្រាម​បណ្តោះ​អាសន្ន ទៅ​លើ​ការ​បញ្ជូន​ពលករ​ចំណាក​ស្រុក ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​មាន​ការ​រាយការណ៍​ដដែល​ៗ​ជា​ច្រើន​ខែ​អំពី​ករណី​ស្លាប់ ការ​រំលោភ​ផ្លូវ​ភេទ ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​គ្មាន​ពេល​ដេក ដោយ​គ្មាន​អាហារ​ហូប​គ្រប់គ្រាន់​ជា​ដើម​។ល។

ប៉ុន្តែ​បម្រាម​នេះ ត្រូវ​បាន​អង្គ​ការ​សង្គម​ស៊ីវិល​ជា​ច្រើន​អះអាង​ថា មិន​ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ចំនួន​គោរព​​តាម​ឡើយ​ ហើយ​ស្ត្រី​ខ្មែរ​ជា​ច្រើន​ នៅ​តែ​ត្រូវ​បាន​គេ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​ជា​បន្ត​បន្ទាប់ ​​ដដែល​៕

0 មតិ:

Post a Comment